នៅពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់អាមេរិក Facebook បានបង្កើត មុខងារថ្មី លើបណ្តាញរបស់ខ្លួន គឺ Explore Feed ដើម្បីកាត់ចេញការបង្ហោះសារមួយចំនួនរបស់អ្នកមានទំព័រហ្វេសប៊ុកពី News Feed។ ការសាកល្បងរបស់ Facebook នៅក្នុងប្រទេសតូចៗចំនួន៦ រួមទាំងកម្ពុជាផងនោះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញ និងអ្នកប្រើប្រាស់បណ្តាញនេះ ដោយសារវាធ្វើឱ្យប៉ះពាល់ដល់ការទទួលព័ត៌មានរបស់ក្រុមប្រទេសទំាងនោះ។
ការផ្លាស់ប្តូរសាកល្បងក្នុងការទទួលព័ត៌មាននានាលើ News Feed របស់ បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា និងប្រទេសតូចៗមួយចំនួនផ្សេងទៀត រងការរិះគន់យ៉ាងខ្លាំង ដោយក្រុមហ៊ុន បច្ចេកវិទ្យាយក្ខរបស់សហរដ្ឋអាមេរិក ដែលគេទទួលស្គាល់ថាបានបើកឱ្យមានការភ្ជាប់ទំនាក់ទំនងដ៏ទូលំទូលាយ ត្រូវដើរថយក្រោយទៅវិញ ហើយផលិតផលរបស់ខ្លួនផ្ទាល់ ត្រូវរងការរិះគន់យ៉ាងខ្លាំង ចំពោះការមិនផ្តល់ដំណឹងឱ្យអ្នកប្រើប្រាស់ មុនការសម្រេចចិត្ត និងចែកចាយព័ត៌មានរបស់ខ្លួនធ្វើឡើង។
ប្រទេសដែលស្ថិតក្នុងបញ្ជីសាកល្បងលើNews Feed របស់ហ្វេសប៊ុក រួមមានប្រទេស ស្រីលង្កា ប្រទេសបូលីវី ស្លូវ៉ាគី សែប៊ី ប្រទេសក្វាតេម៉ាឡា និងប្រទេសកម្ពុជា។ ការផ្លាស់ប្តូរ ដែលធ្វើឡើងចាប់ពីពាក់កណ្តាលខែ កញ្ញាមកនោះ គឺមិនបានប្រាប់ឱ្យអ្នកចែកចាយព័ត៌មានឬអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងពីការប្រែប្រួលក្នុងការចែករំលែកព័ត៌មានលើ news feed របស់ខ្លួននោះទេ។
ដំណឹងសំខាន់តែមួយគត់ដែល ក្រុមហ៊ុនហ្វេសប៊ុកបានឱ្យដឹង គឺតាមរយៈ ការបង្ហោះព័ត៌មានលើblog ផ្ទាល់ខ្លួនរបស់ប្រធានគ្រប់គ្រងផ្នែក News Feed គឺ លោក Adam Mosseri ដោយព្យាយាមមិនផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន។
ឆ្លើយតបទៅនឹងការទិតៀនរបស់ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចំពោះផ្លាស់ប្តូររបស់Facebook ដោយមិនបានជូនដំណឹងជាមុន លោក Adam Mosseri បាន សរសេរក្នុង blog ផ្ទាល់ខ្លួនរបស់លោកកាលពីចុងខែកន្លងទៅ ក្នុងន័យដើមថា៖
«ពួកយើងតែងតែស្តាប់យោបល់ពីសហគមន៍របស់យើងអំពីវិធីសាស្ត្រដើម្បីធ្វើឱ្យមានការប្រសើឡើងក្នុង ការទទួលព័ត៌មាន(News Feed)»។
ចម្ងល់ទាក់ទិននឹង ហេតុអ្វីបានជាក្រុមហ៊ុនហ្វេសប៊ុក សម្រេចការផ្តាស់ប្តូររសាកល្បងនេះ ចំពេលដែលមានការបង្ក្រាប លើសារព័ត៌មានឯករាជជាច្រើនក្នុងប្រទេសកម្ពុជា ឬតើការផ្លាស់ប្តូរនេះនឹងបន្តរហូតដល់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយទៀតឬយ៉ាងណា? ចម្ងល់ទាំងនេះនៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។
«វាអត់មានការផ្តល់ព័ត៌មានអី ឱ្យបានស៊ីជម្រៅជាមុន ដល់ពេលមានការផ្លាស់ប្តូរអ៊ីចឹង គឺពួកគាត់វ៉ាក់អ៊ើតែម្តង! ដូចខ្ញុំផ្ទាល់ក៏មានការពិបាកដែរ មុនដំបូងយើងឆ្ងល់ដែរ ទាល់តែដឹងរឿង Explore Feed ហ្នឹង បានយើងដឹងថាអូខេ! វាមានការបែងចែកដាច់ពីគ្នារវាង ហ្វេសប៊ុក Account និងហ្វេសប៊ុក Page»។ នេះបើតាមការលើកឡើងរបស់ លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ(CCIM) ដែលគ្រប់គ្រងលើការផ្សាយរបស់វិទ្យុ VOD។
លោក ណុប វី បានបញ្ជាក់ប្រាប់បន្ថែមVOA ថាក្រុមការងាររបស់លោកកំពុងរិះរកវិធីដើម្បីដោះស្រាយបញ្ហានេះ។
ការផ្លាស់ប្តូរសាកល្បងរបស់ Facebook គឺមិនឱ្យសារដែលបង្ហោះដោយ អ្នកមានទំព័រហ្វេសប៊ុក ឬហ្វេសប៊ុក Page ដូចជាស្ថាប័នព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ឬស្ថាប័នពាណិជ្ជកម្មជាដើម ផ្សព្វផ្សាយដំណឹងរបស់ខ្លួន ទៅក្នុង News Feed ដូចធម្មតានោះទេ ក៏ប៉ុន្តែវាបង្ហាញនៅលើមុខងារថ្មីរបស់ហ្វេសប៊ុកគឺ Explore Feed ទៅវិញ។ វាអាចបង្ហាញលើNews Feed ដូចធម្មតាលុះត្រាតែអ្នកមានទំព័រហ្វេសប៊ុក ឬហ្វេសប៊ុក Page បង់ប្រាក់ឱ្យក្រុមហ៊ុន Facebook។
វាត្រូវបានធ្វើឱ្យមតិសាធារណៈមានការងើយឆ្ងល់ថា ហេតុអ្វីបានបញ្ហាបែបនេះ ត្រូវបានចាប់ផ្តើមអនុវត្តសាកល្បងនៅប្រទេសដូចជាកម្ពុជា ដែលស្ថិតចំពេលដែលមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មុនពេលដែលការបោះឆ្នោតឈានចូលមកដល់នោះ។
កញ្ញា Maya Gilliss-Chapman ស្ថាបនិកនៃ អង្គការ Cambodian in Tech ឬខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យានិងជាអ្នកវិភាគប្រចាំនៅ តំបន់បច្ចេកវិទ្យ អាមេរិក Silicon Valley បានសរសេរក្នុងសារអេឡិចត្រូនិកឬ Email មកកាន់ VOA ថា៖ «នៅត្រង់ចំនុចនេះ ខ្ញុំមិនបានឃើញ ពីការសួរនាំអ្វីពីFacebook ទាល់តែសោះ ដែលអាចទទួលស្គាល់ពី ផលប៉ះពាល់អវិជ្ជមាននៃការពិសោធន៍ដែលបានធ្វើទៅលើក្រុមប្រទេសទាំង៦នេះ»។
លោក ប៊ុន ថារុំ អ្នកសរសេរប្លុកបច្ចេកវិទ្យាមួយរូបក្នុងប្រទេសកម្ពុជា និងជាស្ថាបនិករបស់KokiTree បានលើកឡើងថា សំរាប់Facebook ការព្យាយាមប្រើវិធីសាស្ត្រថ្មីក្នុងការកេងចំណេញ ពីការផ្សាយពាណិជ្ជកម្ម នៅក្នុងទីផ្សាមួយដែលធ្លាក់ចុះនៃការទិញចំនួន Likes គឺសំខាន់ជាងបទពិសោធន៍របស់អ្នកប្រើប្រាស់។
លោក ប៊ុន ថារុំ មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះ៖
«វាគឺជាលើកដំបូងបង្អស់ ដែលបញ្ហានេះកើតឡើង។ Facebook គួរតែធ្វើអ្វីដែលប្រសើរជាងនេះ។ ក៏ប៉ុន្តែចុងក្រោយ វាគឺជា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំក្នុងពិភពលោកដែលអាចធ្វើសម្រេចចិត្តដោយមិនស្តាប់មតិរបស់អតិថិជនខ្លួន»។
ការផ្លាស់ប្តូរ News Feed របស់ខ្លួន ក៏បានធ្វើឡើង ក្រោយពីក្រុមហ៊ុននេះរងការរិះគន់ ចំពោះការចែកចាយព័ត៌មានមិនពិត អំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំទៅមិញ។
លោក ប៊ុន ថារុំ មានប្រសាសន៍បន្ថែមក្នុងន័យដើមយ៉ាងដូច្នេះ៖
«ប្រទេសកម្ពុជាមានអ្នកចូលចិត្ត Facebook ជាច្រើន។ ក៏ប៉ុន្តែពេលវាលានៃការចាប់អាម្មណ៍លើ Facebook Google និង Twitter កំពុងត្រូវបានដុតបំផ្លាញដោយសារតែតួនាទីរបស់វា អំឡុងពេលបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំទៅមិញ»។
ក្រុមហ៊ុនទាំងបីនេះត្រូវបានកោះហៅសាកសួរដោយគណកម្មាធិការស៊ើបការណ៍នៃ ព្រឹទ្ធិសភាអាមេរិក កាលពីសប្តាហ៍មុន ជាទីដែលការគ្រប់គ្រងលើសកម្មភាពរបស់ក្រុមហ៊ុនទាំងបីត្រូវបានធ្វើឡើង។
ក្នុងសប្តាហ៍ដដែលនោះដែរ ក្រុមហ៊ុន Facebook បានបំបែកឯតទគ្គកម្មរបស់ខ្លួន ក្នុងការទទូលបានចំណូលខ្ពស់បំផុតមិនធ្លាប់មាន ដោយក្នុងមួយត្រីមាសចំណេញដល់ទៅជាង៤ពាន់លានដុល្លារអាមេរិក ក្នុងនោះដែរក្រុមហ៊ុន Facebook ក៏បានបំបែកឯតទគ្គកម្មតំលៃភាគហ៊ុនរបស់ខ្លួនផងដែរ។
ជាមួយនឹងការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលនឹងឈានចូលមកដល់នៅឆ្នាំខាងមុខ រដ្ឋាភិបាលកម្ពុជាកាលពីខែសីហាកន្លងទៅ បានបើកយុទ្ធនាការ បិទស្ថានីយវិទ្យុក្នុងស្រុកយ៉ាងហោច ណាស់ចំនួន១០ ដែលផ្តល់ផ្សាយបន្តឱ្យ វិទ្យុអាស៊ីសេរី RFA សំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD។
ភ្លាមៗនោះស្ថាប័នព័ត៌មានទាំងបី បានបង្វែរការផ្សាយរបស់ខ្លួនទៅលើទំព័រហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់ក្នុងស្រុក ជាង១ភាគបីនៃចំនួនពលរដ្ឋកម្ពុជាសរុប១៥លាននាក់។ ជាការពិត ហ្វេសប៊ុកនិងការផ្សាយវីដេអូ តាមហ្វេសប៊ុក គឺជាប្រភពដ៏ពេញនិយមក្នុងការទទួលព័ត៌មានរបស់ប្រជាជនកម្ពុជាក្នុងឆ្នាំ២០១៦។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់ អង្គការ Asia Foundation និងអង្គការ Open society។
អ្នកនាំពាក្យវិទ្យុអាស៊ីសេរី RFA លោក Rohit Mahajan និយាយថាពេលវាលានៃការធ្វើពិសោធ របស់ហ្វេសប៊ុកគឺ «តិចជាងឧត្តមគតិ»។
លោក Rohit Mahajan សរសរមកកាន់ VOA ក្នុងន័យដើមថា៖
«ខ្ញុំអាចនិយាយបានថាការផ្សព្វផ្សាយរបស់ អាស៊ីសេរី ផ្នែកខេមរភាសា លើទំព័រហ្វេសប៊ុកដោយ មិនបង់លុយគឺរងការប៉ពាល់ ដោយមានការធ្លាក់យ៉ាងគំហុក ចាប់តាំងពីដើមខែបើធៀបទៅនឹងចុងខែ ប្រហែល៥០ភាគរយ»។
លោក Steven Path ប្រធាន សហព័ន្ធ ICTនៃប្រទេសកម្ពុជា និងជា នាយកប្រតិបត្តិនៃក្រុមហ៊ុន បច្ចេកវិទ្យាក្នុងស្រុក Pathmazing និយាយថា សញ្ញាដ៏ធំចេញពីការសាកល្បងក្នុងប្រទេសកម្ពុជាគឺថា វាជាការ «ចាញ់ ចាញ់ ចាញ់» របស់គ្រប់ភាគី ទំាងអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងអ្នកទិញពាណិជកម្ម។
«ខ្ញុំបានតាមដាន ក្រុមហ៊ុនហ្វេសប៊ុក យ៉ាងមុតមាំ ក្នុងអំឡុងពេល១០ឆ្នាំមកនេះ ហើយក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្តើមលោភលន់ខ្លាំងឡើងៗ»។
លោក Steven Path បន្តថាក្រុមហ៊ុនហ្វេសប៊ុកបានប្រថុយដោយការធ្វើឱ្យខកចិត្ត ដែលពេលបច្ចុប្បន្នជាតុល្យភាពរវាងការចង់បានអ្នកប្រើប្រាស់និងអ្នកធ្វើទីផ្សារ។
«ហើយក្រុមហ៊ុនហ្វេសប៊ុកគួតែប្រុងប្រយ័ត្ន ប្រសិនបើពួកគេចង់រក្សាឱ្យបាននូវការបន្តកំនើននៃអ្នកប្រើប្រាស់សកម្មរបស់បណ្តាញនេះប្រចាំថ្ងៃ ជាការពិតវិធីសាស្ត្របែបនេះនឹងអាចធ្វើឱ្យស្ថានភាពនេះកាន់តែពិបាកទៅនោះទេ»។
ទោះយ៉ាងនេះក៏ដោយលោកថាមតិប្រឆំាងនានាទៅនឹងការសាកល្បងនេះ នឹងត្រូវបានរឹតត្បិត ដោយហេតុ ថានាពេលអនាគតដែលអាចមើលឃើញ គឺថាគ្មានគូប្រជែងណាដែលអាចវាយបំបាក់ និងជំនួសក្រុមហ៊ុនហ្វេសប៊ុកនោះទេ។
កញ្ញា Maya Gilliss-Chapman បាននិយាថា៖
«បើយើងមើលវាក្នុងផ្លូវនេះវិញ៖ បើទោះជាក្រុមហ៊ុនហ្វេសប៊ុកត្រូវបានគេដឹងថាចែកចាយព័ត៌មានជាសាធារណៈ និងរងការចោទប្រកាន់ថាបានអនុញ្ញាត្តឱ្យជនជាតិរ៉ុស្ស៊ីផ្សព្វផ្សាយការឃោសនារបស់ខ្លួនតាមរយៈការផ្សាយពាណិជ្ជកម្មពេញបណ្តាញនេះ អំឡុងពេលបោះឆ្នោតនៅអាមេរិកឆ្នាំ២០១៦ ក៏ពួកគេនៅតែរាយការណ៍មកថាបានទទួលផលចំណេញមិនធ្លាប់មានដដែល»។
ស្ថាបនិកនៃអង្គការ Cambodian in Tech រូបនេះបន្តថា៖
«អ្វីដែលបានធ្វើហើយ គឺធ្វើហើយ ប៉ុន្តែវាពិតជាអស្ចារ្យ បើបានឃើញក្រុមហ៊ុនហ្វេសប៊ុក យ៉ាងហោចណាស់ទទួលស្គាល់នូវផលប៉ះពាល់អវិជ្ជមានទៅលើប្រជាពលរដ្ឋ សេដ្ឋកិច្ច និងនយោបាយពីការសាកល្បងផ្នែកទីផ្សាររបស់ខ្លួនលើកនេះ»៕