ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​ពីររូប​ធ្វើ​រូបយន្ត​បញ្ជា​ដោយ​​សញ្ញាណ​ចិត្ត​នៃ​ខួរ​ក្បាល​របស់​មនុស្ស


និស្សិតម្នាក់សាកល្បងប្រើប្រាស់រ៉ូបូតបញ្ជាដោយចិត្តផលិតដោយខ្មែរ។ (អូន ឆេងប៉រ/VOA)

លោក​អ៊ឹម ដារ៉ូ​៖ «សម្រាប់​​ខ្ញុំ ​​ខ្ញុំ​​ចង់​ឱ្យ​តិចណូឡូជី​ប្រទេស​កម្ពុជា​យើង​ហ្នឹង ​ដើរ​ទាន់​ស្រុក​គេ​​ ព្រោះ​បើ​យើង​នៅ​តែ​ចាំ​គ្នា ​មើល​បំណាំ​គ្នា​ មិន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទេ​ យើង​នៅ​តែ​ចាញ់​គេ​រហូត។​ បើ​យើង​ចង់​ឈ្នះ​គេ ​យើង​ត្រូវ​ដើរ​ឱ្យ​ទាន់​គេ​សិន»។

យុវជន​ពីរ​រូប​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ក្នុង​ក្រុង​ភ្នំពេញ​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​ ​ច្នៃ​បង្កើត​នូវ​ឧបករណ៍​ robot ​(រូបយន្ត)ដ៏​តូច​ច្រលឹង។​ លក្ខណៈ​ពិសេសរបស់​ robot​ (រូបយន្ត)​នេះ​ស្ថិត​នៅត្រង់​ថា ​វា​ទទួល​បញ្ជាធ្វើ​ចលនា​ដោយ​ប្រើ​ប្រាស់​រលក​សញ្ញាណ​ចិត្ត​នៃ​ខួរ​ក្បាល​របស់​មនុស្ស។​

កាល​ពី​ដើម​ឆ្នាំ​២០១៦​នេះ ​ដើម្បី​ជា​ការ​ផលិត​គម្រោង​បច្ចេក​វិទ្យាជាកិច្ច​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​របស់ខ្លួននៅដេប៉ាតឺម៉ង់អគ្គិសនី​ ​និងថាមពល​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​លោក​អ៊ឹម ដារ៉ូ ​និង​កញ្ញា​ជាតិ មរកត​បានផ្ដួចផ្ដើមគំនិតចង់ច្នៃប្រឌិតឧបករណ៍ទំនើបណាមួយដែលជាប្រយោជន៍រួម​ចំណែក​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​សហគមន៍។​

ជា​លទ្ធផល ​គំនិត​មួយ​បាន​ផុស​ឡើង​រវាងយុវសិស្ស​ទាំង​ពីរ​រូប​គឺ​ការ​បង្កើត ​robot (រូបយន្ត)​ដែល​បញ្ជា​ដោយ​ចិត្ត ​(Mind​-controlled Robot)​ ដែលអ្នក​ទាំង​ពីរ​រំពឹងថាអាចនឹងវិវឌ្ឍទៅ​បំពាក់លើឧបករណ៍ធំៗ ដូច​ជារទេះរុញរបស់ជន​ពិការ​ជា​ដើម។​

ក្រោយ​ពី​បាន​ចំណាយ​ពេល​បី​ខែ​ធ្វើការ​ស្រាវ​ជ្រាវ​ផ្គុំ​ដំឡើង ​និងសាកល្បង​អស់​ជា​ច្រើន​លើក​ច្រើន​សារ​មក​នោះ​ និស្សិត​ឆ្នាំ​ទី​៥ទាំង​ពីរ​រូប​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រដ៏​វ័យ​ចំណាស់នៅកម្ពុជា​មួយនេះ ​ផលិតបាន​ដោយ​ជោគ​ជ័យនូវ​ឧបករណ៍​សម្រេច​របស់​ពួក​គេ។​

ជាតិ មរកត និងអ៊ឹម ដារ៉ូ រៀបចំសាកល្បងឧបករណ៍រ៉ូបូតបញ្ជាដោយចិត្ត។ (អូន ឆេងប៉រ/VOA)
ជាតិ មរកត និងអ៊ឹម ដារ៉ូ រៀបចំសាកល្បងឧបករណ៍រ៉ូបូតបញ្ជាដោយចិត្ត។ (អូន ឆេងប៉រ/VOA)

ឧបករណ៍​ robot (រូបយន្ត)​ដែល​មាន​ពណ៌​ស្រស់ឆើត ​រាង​តូច​ច្រឡឹង​ ដែល​បង្វិល​ចុះ​បង្វិល​ឡើង​ទៅ​តាម​ចលនា​ដោយ​កង់​ទាំង​បួន​នេះ​ ​មាន​ផ្ទុក​ទៅ​ដោយ​ធាតុ​ល្អិត​ជា​ច្រើន ​និង​ស្មុគ​ស្មាញ ​ដែល​ភ្ជាប់​កម្លាំង​ចលករ​បន្ត​បន្ទាប់​គ្នា។ ​ឧបករណ៍​នេះ​គឺ​ជា​សមិទ្ធផល​របស់​យុវ​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកទេស​ទាំង​ពីរ​រូបខាង​លើ។​

ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​តេឡេ​បញ្ជា​ (ឧបករណ៍​ទូរបញ្ជា​ដោយ​ដៃ) ​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ត្រូវ​ការ​ឧបករណ៍បំពាក់​នឹង​ក្បាល​ ​ជាឧបករណ៍​ដែល​ចាំ​ទទួល​រលក​ហ្វ្រេកង់​នៃ​សញ្ញាណ​ពី​ខួរ​ក្បាល ​និង​ការ​គិត​របស់​អ្នក​ប្រើ​ប្រាស់​បញ្ជាទៅ robot (រូបយន្ត)​ដ៏​វ័យ​ឆ្លាត​នេះ ឲ្យ​ដំណើរ​ការ​ ប្ដូរ​ចលនា​ ទៅឆ្វេង​ ទៅ​ស្ដាំ ​ឬទៅ​មុខ ​ទៅ​ក្រោយ​តាម​តែ​ចិត្ត​គេ​ចង់។​

បន្ទាប់​ពី​បាន​ធ្វើ​ការ​សាក​ល្បង​បង្ហាញ​ពី​របៀបដែល​ robot (រូបយន្ត)​ដំណើរ​ការ​ ក្នុង​សប្ដាហ៍​នេះ​ក្នុង​បរិវេណ​វិទ្យាស្ថាន​របស់​ពួក​គេ ​យុវ​និសិ្សត​ទាំង​ពីរ​រូប​បាន​អង្គុយនិយាយ​រៀប​រាប់​ពីដំណើរការនៃការស្រាវជ្រាវបង្កើត​ថ្មីនៃឧបករណ៍ដ៏​វៃ​ឆ្លាត​មួយ​នេះ។

កញ្ញា​ជាតិ មរកត ​ដែល​បាន​សិក្សា​យ៉ាង​លម្អិត​ទៅ​លើ​សញ្ញាណ​នៃ​ការ​បញ្ជូន​រលក​បញ្ជា​ពី​ខួរ​ក្បាល​មនុស្ស ​និង​ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​ឧបករណ៍​ robot (រូបយន្ត)​នេះ ​បាន​និយាយ​ថា​ ការ​ច្នៃ​បង្កើត​ថ្មី​នៃ ​robot (រូបយន្ត)​បញ្ជា​ដោយ​ចិត្ត​នេះ ​អាច​នឹង​ផ្ដល់​ភាព​កាន់​តែ​ប្រសើរ​ឡើង​ដល់​ជន​ពិការ​ ធ្វើ​ដំណើរ​ផ្លាស់ទី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

«ពួក​ខ្ញុំ​មាន​គំនិត​ថា​ មុន​នឹង​បញ្ចប់​ការ​សិក្សា​ ​គេ​គួរ​តែ​មាន​អ្វី​ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម​បាន ​ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​ទាំង​ពីរ​នាក់​បាន​មាន​គំនិត​ធ្វើ​ជា​រទេះ​រុញ​ដែល​អាច​ឱ្យ​ជន​ពិការ​ធ្វើ​ដំណើរ​បាន​ដោយ​ខ្លួន​ឯង​បាន»។​

យុវតី​វ័យ​២២​ឆ្នាំ ​ដែល​មាន​កំណើតក្នុង​ទីក្រុង​ភ្នំពេញ ​បាន​បន្ថែម​ថា ​ការ​សាក​ល្បង​ដោយ​ជោគ​ជ័យ​នូវ​ការ​បញ្ជាឧបករណ៍​អេឡិចត្រូនិច​ដោយ​ខួរ​ក្បាល​របស់​មនុស្ស​នេះ​គឺជា​ប្រយោជន៍​សម្រាប់ផ្នែក​ផ្សេង​ទៀត​នៃ​ជីវភាព​ប្រចាំថ្ងៃ ​មិន​មែន​សម្រាប់​តែ​រទេះ​រុញ​ជន​ពិការ​ទេ ថែម​ទាំង​អាច​ជា​ជំនួយ​ដល់​ការ​ស៊ើប​អង្កេត​ក្នុង​វិស័យ​យុត្តិធម៌ ​និង​ការ​ប្រើ​ប្រាស់​របស់​របរ​សម្រាប់​ជីវភាពប្រចាំ​ថ្ងៃ​ទៀត​ផង។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​កញ្ញា​ជាតិ មរកត។​

ការណ៍​ច្នៃ​ប្រឌិត​បង្កើត ​robot ​(រូបយន្ត)​បញ្ជា​ដោយ​ចិត្ត​នេះ ​មិន​មែន​ជា​ការ​រក​ឃើញ​ដំបូង​លើ​សកល​លោក​នោះ​ទេ។ ​ការ​រក​ឃើញ​និង​បង្កើត​ថ្មី​នេះ​ក៏​ធ្លាប់​មាន​ជា​ហូរ​ហែរ​ផង​ដែរ​នៅ​តាម​បណ្ដាប្រទេស​ដទៃទៀត។ ​ក៏​ប៉ុន្តែ​លោក​អ៊ឹម ដារ៉ូ​បាន​និយាយ​ថា ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក និង​ការ​ខិត​ខំ​ប្រឹង​ប្រែងរបស់​សហការី​លោក​នេះ​គ្រាន់​តែ​ជា​ជំហាន​ចាប់​ផ្ដើម​ប៉ុណ្ណោះ។​

យុវជនវ័យ​២៣​ឆ្នាំ​ ដែលមានសម្បុរ​ស្រអែម ​ទឹក​មុខ​ញញឹម​ញញែម​នេះ​ ​បាន​ប្រាប់​ VOA ​ថា ​ការណ៍​ដែល​រូប​គេចាប់​អារម្មណ៍​នឹង​សកម្មភាព​ស្រាវ​ជ្រាវ​ផលិត​ឧបករណ៍​ថ្មីៗ​ទំនើបៗ​នេះ​គឺ​ដោយ​សារ​តែ​រូប​គេ​ឃើញ​ថា ​បច្ចេក​វិទ្យា​លើ​សកល​លោក​ និង​ក្នុង​តំបន់​វិវត្តកាន់​តែ​ទំនើប​ ដែលទាម​ទារ​ឱ្យ​មានការ​ស្រាវ​ជ្រាវ​បង្កើត​ថ្មី​កាន់​តែ​ច្រើន។​

ជាតិ មរកត និង អ៊ឹម ដារ៉ូ ជជែកលេងនឹងមិត្តភក្តិអំពីឧបករណ៍ច្នៃបង្កើតថ្មីរបស់ពួកគេ។ (អូន ឆេងប៉រ/VOA)
ជាតិ មរកត និង អ៊ឹម ដារ៉ូ ជជែកលេងនឹងមិត្តភក្តិអំពីឧបករណ៍ច្នៃបង្កើតថ្មីរបស់ពួកគេ។ (អូន ឆេងប៉រ/VOA)

«សម្រាប់ខ្ញុំ ខ្ញុំចង់​ឱ្យ​តិចណូឡូជី​ប្រទេស​កម្ពុជា​យើង​ហ្នឹង ​ដើរ​ទាន់​ស្រុក​គេ ព្រោះ​បើ​យើង​នៅ​តែ​ចាំ​គ្នា ​មើល​បំណាំ​គ្នា​ មិន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទេ​ យើង​នៅ​តែ​ចាញ់​គេ​រហូត។​ បើ​យើង​ចង់​ឈ្នះ​គេ ​យើង​ត្រូវ​ដើរ​ឱ្យ​ទាន់​គេ​សិន»។​

អ្នក​ស្រាវ​ជ្រាវ​ច្នៃ​បង្កើត​ថ្មី​ដែលមកពី​ខេត្ត​បន្ទាយ​មានជ័​យ​រូប​នេះ​បាន​បន្ថែម​ថា ​រូប​គេ​មាន​មហិច្ឆិតា​ចង់​បង្កើត​ថ្មី​នូវ​ឧបករណ៍​ទំនើបៗ​ដែល​បម្រើ​ជា​ប្រយោជន៍​មនុស្សបន្ថែម​ទៀត ​បើ​សិន​ជាលោក​មាន​កម្លាំង​ធនធាន ​និង​ថវិកា​គ្រប់​គ្រាន់។​

មួយ​រយៈកាល​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​ខ្មែរ ​ដែល​មាន​ក្រសួង​អប់រំ​ជា​សេនាធិការ​ បាន​ដាក់​មុខ​ព្រួញ​លើក​ទឹក​ចិត្ត​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ជំនាញ​វិទ្យាសាស្ត្រ ​និង​ការ​ស្រាវ​ជ្រាវ​បង្កើត​ថ្មី ​តាម​រយៈ​កម្មវិធី​ និង​ការ​លើក​ទឹក​ចិត្ត​ក្នុង​រូប​ភាព​ផ្សេងៗ ស្រប​ពេល​ដែល​វិស័យ​បច្ចេក​វិទ្យា​របស់​ប្រទេស​តតិយ​លោក​មួយ​នេះ​កំពុង​តែវិវត្ត​ឈាន​ឡើង​ក្នុង​ល្បឿន​ដ៏​លឿន​រហ័ស៕

XS
SM
MD
LG