ក្រុមសកម្មជនបរិស្ថាន Extinction Rebellion បាននិយាយកាលពីថ្ងៃទី១ ខែមករាថា ខ្លួននឹងលែងបង្កការបិទបណ្តាញផ្លូវគមនាគម៍នៅចក្រភពអង់គ្លេសតទៅទៀតហើយ តែថានឹងត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំមួយប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលអង់គ្លេស នៅខែមេសា ជំនួសវិញ។
ក្រុមសកម្មជននេះ ដែលត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសកាលពីឆ្នាំ ២០១៨ បានធ្វើការតវ៉ាក្នុងទម្រង់ផ្សេងៗជាប្រចាំ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ភាពអសកម្មរបស់រដ្ឋាភិបាលលើបញ្ហាការប្រែប្រួលអាកាសធាតុ។
ក្រុមសកម្មជននេះទទួលបានភាពល្បីរន្ទឺដ៏អាក្រក់ចំពោះការបិទប្រព័ន្ធផ្លូវរថភ្លើង ព្រលានយន្ត ហោះ និងផ្លូវថ្នល់ ដោយបង្កចលាចលដល់អ្នកធ្វើដំណើរ។ កាលពីចុងខែសីហា ពួកគេបានបិទស្ពានជានិមិត្តរូប Tower Bridge ក្នុងក្រុងឡុងដ៍ផងដែរ។
ក្រុមនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខណៈយើងអបអរសាទរឆ្នាំថ្មី យើងបានធ្វើសេចក្តីសម្រេចដ៏ចម្រូងចម្រាសមួយ ដោយងាកចេញជាបណ្តោះអាសន្នពីការរំខាននៅតាមទីសាធារណៈ ដែលធ្លាប់ត្រូវបានប្រកាន់យកជាយុទ្ធសាស្រ្តចម្បង»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «នាឆ្នាំនេះ យើងផ្តល់អាទិភាពលើការចូលរួមជាជាងការចាប់ខ្លួននិងទំនាក់ទំនងជាជាងការបិទផ្លូវ ស្របពេលយើងឈរជាមួយគ្នា និងក្លាយជាអ្វីមួយដែលមិនអាចត្រូវមើលរំលង»។
ខណៈពេលទទួលស្គាល់នូវ «ឥទ្ធិពលនៃសកម្មភាពរំខានដើម្បីធ្វើឲ្យមានការដឹងឮ» ក្រុមសកម្មជននេះនិយាយថា ឥឡូវនេះ ខ្លួននឹងផ្តោតលើការបង្អាក់ «ការរំលោភបំពានអំណាច និងអតុល្យភាព» តាមរយៈការទាមទារឲ្យអ្នកនយោបាយបញ្ឈប់ការប្រើប្រាស់ឥន្ធនៈផូស៊ីល។
ក្រុមនេះកំពុងកោះហៅមនុស្សចំនួន ១០០.០០០នាក់ ឲ្យចូលរួមធ្វើបាតុកម្មនៅខាងក្រៅសភាអង់គ្លេស ក្នុងក្រុងឡុងដ៍ នៅថ្ងៃទី២១ ខែមេសា។
សកម្មភាពរបស់ក្រុមនេះបានបង្កឲ្យសាធារណជនមួយភាគធំ រដ្ឋាភិបាលដឹកនាំដោយគណបក្សអភិរក្ស និងបណ្តាញផ្សព្វផ្សាយភាគច្រើន មានការខឹងសម្បា។
សកម្មជនមួយចំនួនត្រូវបានចាប់ខ្លួន ហើយរដ្ឋាភិបាលកំពុងស្វែងរកផែនការដើម្បីដាក់ឲ្យខុសច្បាប់ចំពោះយុទ្ធសាស្រ្តតវ៉ារបស់ក្រុមនេះ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់ ក្រុមសកម្មជននេះបានអះអាងថា៖ «ការប៉ុនប៉ងយ៉ាងឃោឃៅចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្នុងការបិទនិងដាក់បាតុកម្មដ៏មានឥទ្ធិពលនេះខុសច្បាប់គឺគ្រាន់តែបង្កើននូវការអាណិតពីសាធារណៈចំពោះក្រុមសកម្មជនដ៏ក្លាហាន ដែលប្រើប្រាស់សំឡេងរបស់ពួកគេដើម្បីទាមទារយុត្តិធម៌ និងការការពារប្រកបដោយក្តីស្រឡាញ់ចំពោះមនុស្សជាតិតែប៉ុណ្ណោះ»។
ក្រៅពីនេះ ក៏មានក្រុមជ្រុលនិយមជាងក្រុមសកម្មជន Extinction Rebellion ផងដែរដូចជា ក្រុម Just Stop Oil និងក្រុម Insulate Britainជាដើម៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា