រដ្ឋាភិបាលកម្ពុជាបានគំរាមបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលក្នុងនោះរួមមានទាំងប្រព័ន្ធផ្សព្វផ្សាយ VOA ផងដែរ ដោយបានប្រើប្រាស់ការរិះគន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) លើប្រព័ន្ធផ្សព្វផ្សាយថា ជាហេតុផលសមស្របក្នុងការរិះគន់ប្រព័ន្ធផ្សព្វផ្សាយ។ អ្នកជំនាញលើវិស័យសារព័ត៌មាននៅកម្ពុជាចាត់ទុកចំណាត់ការរបស់រដ្ឋបាលលោក Trump ជា «រឿងសោកស្តាយមួយ» ហើយថា រដ្ឋាភិបាលមិនគួរយកសារមួយនេះមកគំរាមដល់សារព័ត៌មាននៅកម្ពុជានោះទេ។
កាលពីខែកុម្ភៈ សេតវិមានរបស់សហរដ្ឋអាមេរិក បានហាមឃាត់ទីភ្នាក់ងារព័ត៌មានមួយចំនួន ដែលក្នុងនោះមានទាំងកាសែត The New York Times និងបណ្តាញព័ត៌មានCNN មិនឲ្យចូលរួមសន្និសីទក្រៅផ្លូវការជាមួយលោក Sean Spicer ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកទំនាក់ទំនងព័ត៌មានរបស់រដ្ឋបាលលោក Trump។
ទោះជាយ៉ាងណា សេតវិមានបានបញ្ជាក់ថា ខ្លួនបានព្យាយាមបញ្ចូលអ្នកសារព័ត៌មានបន្ថែមទៀតនៅក្នុងសន្និសីទព័ត៌មានក្រៅផ្លូវការនេះ។ ប៉ុន្តែសកម្មភាពនេះត្រូវប្រព័ន្ធផ្សព្វផ្សាយនានារិះគន់យ៉ាងខ្លាំងថា ជាការប្រមាថមាក់ងាយដល់លទ្ធិប្រជាធិបតេយ្យ។
ការរឹតត្បិតនេះជារឿងមួយដែលស្រដៀងគ្នាទៅនឹងរដ្ឋបាលរបស់លោក Richard Nixon ដែលត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីដែលមិនចូលចិត្តអ្នកយកព័ត៌មាននិងជាប្រធានាធិបតីដ៏អាក្រក់មួយរូបក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានហៅការរាយការណ៍ព័ត៌មានដែលលោកមិនចូលចិត្តថា ជា «ព័ត៌មានក្លែងក្លាយ» ដោយបញ្ជាក់ថា ព័ត៌មានទាំងនោះជា «សត្រូវរបស់ប្រជាជន»។
លោក ដូណាល់ ត្រាំ រងការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញដោយសារការហៅសារព័ត៌មានថាជា «សត្រូវរបស់ប្រជាជន»។ អ្នកជំនាញបាននិយាយថា ឃ្លានេះធ្លាប់ត្រូវបានប្រើប្រាស់តាំងពីក្នុងសម័យរ៉ូមបុរាណហើយត្រូវបានគេប្រើជាមួយលទ្ធផលចុងក្រោយដ៏គួរឲ្យខ្លាចក្នុងអំឡុងពេលបដិវត្តន៍កុម្មុយនិស្តនៅប្រទេសរុស្ស៊ីកាលពីមួយសតវត្សរ៍មុន។
បិតាស្ថាបនិកដ៏សំខាន់របស់សហភាពសូវៀតគឺជាជនបដិវត្តន៍កុម្មុយនិស្ត លោក Vladimir Lenin ដែលជាបុគ្គលពេញចិត្តនឹងឃ្លា«សត្រូវរបស់ប្រជាជន» និងយកមកប្រើជានិមិត្តសញ្ញា។ អស់រយៈពេលជាច្រើនទសវត្សរ៍ក្រោយមក មេដឹកនាំផ្តាច់ការរបស់ប្រទេសចិន លោក ម៉ៅ សេទុង បានហៅអ្នកដែលរិះគន់គោលនយោបាយម៉ៅ និងបទបញ្ជារបស់លោកថា ជា«សត្រូវរបស់ប្រជាជន» ដែលនាំឲ្យមានមហាទុរ្ភិក្សដ៏ធ្ងន់ធ្ងរនិងបានបណ្តាលឲ្យប្រជាជនចិនរាប់សិបលាននាក់បានស្លាប់។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគមួយរូបបានថ្លែងប្រាប់ VOA ថាការចំណាត់ការរបស់លោក Donald Trump ធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែធ្លាក់ចុះ និងបាត់បង់តម្លៃនៃភាពជាអ្នកដឹកនាំ និងតម្លៃរបស់អាមេរិកលើឆាកអន្តរជាតិ។
លោកមានប្រសាសន៍ថា៖
«អ្វីដែលលោក Donald Trump ធ្វើនេះ គឺធ្វើឲ្យកាន់តែគេស្អប់ ឬមួយកាន់តែឲ្យគេរិះគន់ទេ»។
លោកបន្តថាស្ថាប័នព័ត៌មានចម្រុះជាជម្រើសមួយល្អសម្រាប់កម្ពុជា ខណៈ លោកសង្កេតឃើញថា មានស្ថាប័នព័ត៌មានច្រើនដែលលម្អៀងទាំងស្រុងទៅរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។ លោក អ៊ូ វីរៈ មិនគាំទ្រឲ្យមានចំណាត់ការបិទស្ថាប័នទាំងនោះទេ។
ជាមួយការហាមឃាត់អ្នកកាសែតមិនឲ្យចូលរួមសន្និសីទនៅសេតវិមាននេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានយកករណីនេះមកប្រៀបធៀបនឹងកម្ពុជា ដោយលោកបានផ្ញើសារព្រមានទៅវិទ្យុចំនួន៣ គឺ វិទ្យុអាស៊ីសេរី VOA និង VOD (វីអូឌី) ថា ត្រូវតែពិនិត្យមើលការផ្សាយរបស់ខ្លួនឡើងវិញមុននឹងរដ្ឋាភិបាលមានចំណាត់ការណាមួយ។
បានសរសេរបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក Trump គឺជាអំណាច និងអាណត្តិរបស់រដ្ឋ មិនឡូកឡំជាមួយវិសាលភាពប្រជាធិបតេយ្យ ឬសេរីភាពក្នុងការបញ្ចេញយោបល់នោះទេ។
លោក ផៃ ស៊ីផាន ប្រាប់ VOA កាលពីថ្ងៃច័ន្ទថា កម្មវិធីខ្លះរបស់វិទ្យុទាំងបីនេះមានចរិតលក្ខណៈ «វិទ្ធង្សនា» ប្រឆាំងនឹងរដ្ឋាភិបាល។ ទោះជាយ៉ាងណាលោកបដិសេធមិនពន្យល់បន្ថែមថាតើជាកម្មវិធីអ្វីនោះទេ ដោយទុកឲ្យវិទ្យុទាំងនោះគិតពិចារណាដោយខ្លួនឯងនិងទទួលខុសត្រូវលើកម្មវិធីទាំងនោះ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖
«ចំពោះការជូនព័ត៌មានចង់ខាងវិទ្យុទាំងបីហ្នឹង ថា ជាការព្រមានក៏បាន ចង់ថាអីក៏បាន អាហ្នឹងជាសិទ្ធិសេរីភាព។ ក៏ប៉ុន្តែក្នុងនាមរាជរដ្ឋាភិបាលដែលមានអាណ្ណត្តិកើតចេញពីប្រជាពលរដ្ឋ យើងត្រូវតែការពារផលប្រយោជន៍របស់កម្ពុជាដាច់ខាត ពីព្រោះវិទ្យុទាំងបីហ្នឹង ជាវិទ្យុរបស់បរទេស»។
លោកបន្ថែមថា៖
«ហេតុម៉េចសហរដ្ឋអាមេរិកធ្វើបាន ហេតុម៉េចកាលពីអតីតកាល ដែលកម្ពុជាមានការប្រតិកម្មនឹង VOA RFA ឬក៏ VOD ចោទយើងថា ជាមនុស្សពួកផ្តាច់ការ»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានប្រាប់ VOA ថា លោកTrumpមានប្រភពចេញពីអ្នកជំនួញនិងមិនមាន ប្រវត្តិជាអ្នកនយោបាយ នោះទេ ដូច្នេះលោកមិនសូវឲ្យតម្លៃលើសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖
«អញ្ចឹងយើងដឹងហើយថា អ្នកជំនួញ គាត់តែងមានរបៀបវារៈខុសពីអ្នកនយោបាយ ខុសពីអ្នកសារព័ត៌មាន គាត់ឲ្យតម្លៃតែទៅលើផ្នែកជំនួញខ្លាំងជាងផ្នែកសេរីភាព អញ្ចឹងហើយយើងឃើញគោលនយោបាយរបស់គាត់មានការផ្លាស់ប្តូរ ហើយយើងដឹងថាកាលណាធ្វើជំនួញ គាត់តែងតែមានអ្វីដែលលាក់បាំងច្រើនណាស់»។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា សហរដ្ឋអាមេរិកមានរដ្ឋធម្មនុញ្ញចែងច្បាស់លាស់អំពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ដូច្នេះលោកយល់ថា បញ្ហានេះមិនមែនជាបញ្ហាយូរអង្វែងសម្រាប់អាមេរិកនោះទេ គឺគ្រាន់តែកើតឡើងក្នុងអាណត្តិរបស់លោក Trumpតែប៉ុណ្ណោះ។
លោកចាត់ទុកការប្រៀបធៀបករណីនេះមកកម្ពុជាថា ជារឿងយល់ច្រឡំមួយ។
លោកបន្ថែមថា៖
«ខ្ញុំគិតថា ជាការយល់ច្រឡំទេ ព្រោះអីបរិបទរបស់សហរដ្ឋអាមេរិក ខុសពីប្រទេសកម្ពុជាយើង។ ប្រទេសកម្ពុជាយើងគឺការអនុវត្តសេរីភាពសារព័ត៌មានយើងមានវ័យក្មេងច្រើន។ សារព័ត៌មានយើងមួយចំនួនមានកំហុសវិជ្ជាជីវៈ កំហុសក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឲ្យស្ថាប័នរដ្ឋាភិបាលក៏ដូចជាស្ថាប័នផ្សេងទៀតមិនពេញចិត្ត»។
លោក មឿន ឈានណារិទ្ធ បានឲ្យដឹងទៀតថា សារព័ត៌មានដែលរិះគន់រដ្ឋាភិបាលកាន់តែច្រើនគឺជា សារព័ត៌មានដែលបំពេញវិជ្ជាជីវៈកាន់តែប្រសើរ។ ប៉ុន្តែការរិះគន់នោះមិនមែនជាការវាយប្រហារដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ លោកពន្យល់បន្ថែមថា ការរិះគន់នោះគឺជាការរិះគន់ដើម្បីឲ្យមានការកែតម្រូវនិងផ្តល់អនុសាសន៍ចំពោះការដឹកនាំប្រទេសរបស់រដ្ឋាភិបាល។
លោក មឿន ឈានណារិទ្ធបញ្ជាក់ថា៖
«អញ្ចឹងខ្ញុំឃើញថាការរាយការណ៍ព័ត៌មានរបស់អាស៊ីសេរី VOA វីអូឌីកន្លងមកនេះ គឺហាក់ដូចយើងប្រកាន់វិជ្ជាជីវៈច្បាស់លាស់ ក៏ដូចជាក្រមសីលធម៌ច្បាស់លាស់។ ទោះបីជាមានការរិះគន់ពីភាគីម្ខាង ក៏យើងព្យាយាមស្វែងរកការបំភ្លឺ ក៏ដូចជាការការពារនូវការរិះគន់ពីភាគីម្ខាងទៀត ដូចជាភាគីរដ្ឋាភិបាលជាដើម»។
ទាក់ទងនឹងការគំរាមរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយទាំងនោះ លោក ឈានណារិទ្ធ មានប្រសាសន៍ថា៖
«អញ្ចឹងបើសិនជាមានការរឹតត្បិតណាមួយ វាមិនគ្រាន់តែរំលោភទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទេ តែវាខាតបង់ទៅលើរដ្ឋាភិបាល ក៏ដូចជាសង្គមទាំងមូល ព្រោះអីសង្គមដែលមានការរីកចម្រើន គឺជាសង្គមដែលប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញ»។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងចំអកសហរដ្ឋអាមេរិកចំពោះករណីហាមឃាត់អ្នកកាសែតមិនឲ្យចូលសេតវិមាន។
លោកមានប្រសាសន៍ថា៖
«ដូណាល់ ត្រាំ គាត់មើលឃើញថា អាហ្នឹងវាអនាធិបតេយ្យ អាក្រុមហ្នឹង បានគាត់ឈប់ឲ្យចូល។ តិចទៅថ្កោលទោស Donald Trump ថា ផ្តាច់ការ ត្រឹមត្រូវហើយ ទៅផ្តាច់ទៅឲ្យអាមេរិកផ្តាច់ការមុនគេមុនឯងឲ្យវាស្រួល»។
កាលពីចុងឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងថា សារព័ត៌មាននៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិកដែលលោកសំដៅទៅរកវិទ្យុអាស៊ីសេរី និង VOA ថាលម្អៀងទៅរកបក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖
«បើសូម្បីតែលោក ដូណាល់ ត្រាំ ដែលពេលនោះជាបេក្ខជនប្រធានាធិបតីមិនទាន់ជាប់ឆ្នោត គាត់ហ៊ាននិយាយឲ្យក្បាលម៉ាស៊ីនឃោសនារបស់អាមេរិកមួយចំនួនថាលម្អៀង។ បើប្រព័ន្ធឃោសនានៅអាមេរិកវាលម្អៀងហើយទម្រាំប្រព័ន្ធឃោសនាអាមេរិកនៅកម្ពុជា វាលម្អៀងដល់ណាទៀត»។
នៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍មួយចំនួន អ្នកសារព័ត៌មានមួយចំនួនក៏ត្រូវបានរើសអើងមិនឲ្យចូលយកព័ត៌មានផងដែរជាពិសេសក្នុងកម្មវិធីដែលរដ្ឋាភិបាលចង់លាក់បាំងពីអ្នកសារព័ត៌មាន។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងជាម្ចាស់ស្ថានីយ៍វិទ្យុ VOD ថ្លែងប្រាប់ VOA ថា សាររបស់លោក Trump ជាការសោកស្តាយហើយនេះជារឿងចម្លែកក្នុងប្រវត្តិសាស្រ្តអាមេរិកដែលប្រធានាធិបតីដាក់សម្ពាធទៅលើសារព័ត៌មានធំៗនៅក្នុងប្រទេសមួយនេះ។
លោកមានប្រសាសន៍ថា៖
«វាបង្ហាញអំពីអត្តចរិកនៃប្រធានាធិបតីអាមេរិកបច្ចុប្បន្នទាក់ទងនឹង Media (ប្រព័ន្ធផ្សព្វផ្សាយ) ជាគំរូអាក្រក់សម្រាប់មេដឹកនាំពិភពលោកជាពិសេសមេដឹកនាំផ្តាច់ការ»។
លោកបន្ថែមថា ចំណាត់ការរបស់លោក Trump អាចធ្វើឡើងជាការគុំសងសឹកជាមួយប្រព័ន្ធផ្សព្វផ្សាយដែលនិយាយពីភាពអវិជ្ជមាននៃលក្ខណៈសម្បត្តិនៃភាពជាអ្នកដឹកនាំ និងអត្តចរិតផ្ទាល់ខ្លួនរបស់លោក។
លោក ប៉ា ងួនទៀង បញ្ជាក់ថា៖
«ចំណុចសំខាន់គឺត្រាំបារម្ភអញ្ចឹងបារម្ភអំពីចំណុចអវិជ្ជមានរបស់ខ្លួនហ្នឹង កាន់តែរីកសាយភាយ ដោយសារតែ Media (ប្រព័ន្ធផ្សព្វផ្សាយ)។ ប៉ុនអាហ្នឹងខ្ញុំថា Role of Media (តួនាទីប្រព័ន្ធផ្សព្វផ្សាយ) ព្រោះ Media ត្រូវតែហ៊ានផ្សាយគ្រប់រឿង»។
លោក ងួនទៀង បញ្ជាក់ថា ចំណាត់របស់ Trump នឹងធ្វើឲ្យលោកធ្លាក់ប្រជាប្រិយភាព។ ទោះជាយ៉ាងណា លោកយល់ថាប្រជាធិបតេយ្យអាមេរិកមិនថយក្រោយទេ ដោយសារយន្តការនិងគោលការណ៍ប្រជាធិបតេយ្យរឹងមាំរបស់ប្រទេសនេះ។
ឆ្លើយតបនឹងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ា ងួនទៀង បានអះអាងថា VOD ជា វិទ្យុ ឯករាជ្យប្រកាន់គោលការណ៍វិជ្ជាជីវៈ ដោយលោកទុកឲ្យអ្នកស្តាប់និងអ្នកអានវាយតម្លៃដោយខ្លួនឯង។
លោកមានប្រសាសន៍ថា៖
«ពួកយើង យើងនៅប្រកាន់គោលការណ៍ដដែលគោលការណ៍ឯករាជ្យនិងវិជ្ជាជីវៈ ដូច្នេះយើងអត់បារម្ភ គាត់ថាម៉េចថាទៅ ប៉ុន្តែយើងដឹងនិន្នាការរដ្ឋាភិបាល គឺគាត់កំពុងធ្វើដំណើរមួយឈានទៅរកការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានដូចអាស៊ី VOA VOD នេះ»។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Jing Zhang ប្រធានស្ដីទីផ្នែកអាស៊ីប៉ាស៊ីហ្វិករបស់ VOA មានប្រសាសន៍ថា VOA បានគោរពតាមវិជ្ជាជីវៈត្រឹមត្រូវ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
«VOA ជាអង្គការប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ព័ត៌មានត្រឹមត្រូវ និងមិនលម្អៀង។ អ្នកស្ដាប់ VOA និងអ្នកគាំទ្រ VOA តាម Facebook រាប់លាននាក់នៅក្នុងប្រទេសកម្ពុជាអាចបញ្ជាក់ពីសុចរិតភាពរបស់ VOA»។
នាយក VOA លោកស្រី Amanda Bennett បានបង្ហាញការគាំទ្រសម្រាប់ការងាររបស់ VOA នៅក្នុងប្រទេសកម្ពុជានិងទូទាំងពិភពលោក។ លោកស្រីបានសរសេរសារអេឡិចត្រូនិកទៅកាន់កាសែត New York Times ថា៖
«ជាច្រើនទសវត្សរ៍មកហើយវិទ្យុ VOA បានដើរតួនាទីជាគំរូមួយដែលជាគោលការណ៍គ្រឹះនៃតម្លៃរបស់សារព័ត៌មានសេរីនិងឯករាជ្យ»។
លោកស្រីបន្ថែមថា៖
«ទាំងនោះគឺជាគោលការណ៍ដែល យើងប្រកាន់ភ្ជាប់និងធ្វើការពឹងផ្អែកទៅលើ ជាពិសេសនៅតំបន់ជុំវិញពិភពលោកដែលតម្លៃនៃគោលការណ៍គ្រឹះទាំងនេះរងការវាយប្រហារ»។
នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់វិទ្យុអាស៊ីសេរី លោក Rohit Mahajanបាននិយាយតាមរយៈសារអេឡិចត្រូនិកទៅកាសែត New York Times ថា វិទ្យុអាស៊ីសេរី នឹងបន្តការងារនៃសារព័ត៌មានឯករាជ្យទុកចិត្តនិងស្មោះត្រង់នៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖
«ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបំបាក់ស្មារតីវិទ្យុអាស៊ីសេរី និង សហសេវិកប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានគេគោរពសរសើររបស់យើង នឹងគ្រាន់តែបង្ហាញឲ្យកាន់តែច្បាស់ថែមទៀតពីតម្រូវការសារព័ត៌មានសេរីនៅក្នុងប្រទេសកម្ពុជា»។
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុននិងជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាមានប្រសាសន៍ថាមេដឹកនាំខ្លះចូលចិត្តអ្នកសារព័ត៌មាននិងត្រូវការអ្នកសារព័ត៌មានផ្សព្វផ្សាយស្នាដៃរបស់ខ្លួន។
លោកបញ្ជាក់ថា លោកTrump មិនសូវជាថ្នាក់ថ្នមជាមួយអ្នកសារព័ត៌មាននោះទេ។
លោកមានប្រសាសន៍ថា៖
«ជាពិសេសយើងឃើញលោកត្រាំ ដោយសារគាត់ជាអ្នកជំនួញ អ្នករកស៊ី ហើយភាសាវាហោសាស្រ្តរបស់គាត់ហ្នឹង គឺ គាត់តែងនិយាយត្រង់ៗ គាត់មិនសូវជាអ្នកកាទូត ដូចខាងគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី អីចឹង ដែលគាត់ពូកែខាងកាទូត ការប្រើប្រាស់ភាសារបស់គាត់ គាត់តែងតែថ្នាក់ថ្នមជាមួយអ្នកសារព័ត៌មាន»។
លោកចាត់ទុកថាចំណាត់ការរបស់លោក Trump ជាការសោកស្តាយមួយ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំមើលទៅមានការសោកស្តាយដែរដែលសហរដ្ឋអាមេរិកគាត់ប្រទេសប្រជាធិបតេយ្យធំនរណាគេក៏ទទួលស្គាល់ដែរ ហើយចុងក្រោយហ្នឹងតាំងពីលោកTrump ឡើងមក ហាក់ដូចជាមានការប្រែប្រួលច្រើន ទាក់ទងនឹងសេរីភាព ការបញ្ចេញមតិសារព័ត៌មាន»។
លោកបញ្ជាក់បន្ថែមថា៖
«ការប្រែប្រួលបែបហ្នឹង វាអាចជះឥទ្ធិពលដល់ប្រទេសមួយចំនួនហ្នឹងដែលគេធ្លាប់គេគោរពសហរដ្ឋអាមេរិក។ គេអាចយកលំនាំខ្លះអីចឹងដែរ។ វាពិបាកហ្នឹងនិយាយ។ ដូចជា អាស៊ីសេរី VOA វាមកពីសហរដ្ឋ អាមេរិក អាហ្នឹងវាជា Impact (ឥទ្ធិពល) មួយដែលមិនល្អប៉ុន្មានទេ»។
លោក ពុយ គា អះអាងថា សាររបស់អ្នកនាំពាក្យរបស់រដ្ឋាភិបាលជារឿងល្អទៅវិញទេ ដែលរដ្ឋាភិបាលបានក្រើនរំឭកអ្នកកាសែតឲ្យប្រុងប្រយ័ត្ននិងគោរពតាមវិជ្ជាជីវៈរបស់ខ្លួន។
លោកបញ្ជាក់ថា៖
«ជាការប្រាប់មុន ល្អ ល្អជាជាងមិនប្រាប់ ហើយបិទឬក៏ប្តឹងតែម្តង»។
ទោះជាយ៉ាងណា លោក ពុយ គា យល់ថា រដ្ឋាភិបាលនឹងមិនប្រើចំណាត់ការបិទវិទ្យុទាំងនេះទេ។
លោកមានប្រសាសន៍ថា៖
«បើតាមការយល់ឃើញរបស់ខ្ញុំ ហើយក៏ចាត់ថា ជាអ្នកសង្កេតការណ៍មួយរូបនៅស្រុកខ្មែរទៅចុះ ផ្នែកសារព័ត៌មាន។ ខ្ញុំមិនជឿថារដ្ឋាភិបាល គាត់នឹងបិទទេ ពីព្រោះគាត់ខំកសាងពាក្យថាប្រជាធិបតេយ្យសេរី ពហុបក្ស សេរីភាពសារព័ត៌មានអីហ្នឹង ខ្ញុំមិនជឿថាគាត់ចង់ឲ្យប្រទេសកម្ពុជាដើរថយក្រោយទេ»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា សារនេះជាការក្រើនរំឭកដល់សារព័ត៌មាន ហើយរដ្ឋាភិបាលនឹងប្រើចំណាត់ការហៅស្ថាប័នព័ត៌មានទាំងនោះមកប្រាប់ ប្រសិនបើស្ថាប័នសារព័ត៌មានទាំងនោះរាយការណ៍ខុស។ លោកបន្តថា ប្រសិនបើមិនធ្វើតាមការណែនាំរបស់រដ្ឋាភិបាលចំណាត់ការបន្ទាប់របស់រដ្ឋាភិបាលគឺបិទវិទ្យុទាំងនោះតែម្តង។
ទោះបីជារដ្ឋធម្មនុញ្ញប្រទេសកម្ពុជាចែងពីសេរីភាពព័ត៌មានក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនត្រូវបានគ្រប់គ្រងដោយប្រយោលដោយរដ្ឋ និងត្រូវបានតាមដានយ៉ាងជិតដិតផងដែរ។ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៣ទសវត្សរ៍មកហើយនោះបានរិះគន់ថា ប្រព័ន្ធផ្សព្វផ្សាយ VOA អាស៊ីសេរី និង VOD បានបង្កឲ្យមានអស្ថិរភាព។
អ្នកនាំពាក្យរងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា លោក David Josar មានប្រសាសន៍ថា៖
«សហរដ្ឋអាមេរិក មានប្រវត្តិសារព័ត៌មាន ដែលសេរី និង មិនមានការ រឹតត្បិតយូរអង្វែងមកហើយ។ សារព័ត៌មាន សេរីគឺសំខាន់ សម្រាប់សង្គម ប្រជាធិបតេយ្យ ណាក៏ដោយ»៕