ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​ថ្លែងពី​បញ្ហា​ប្រឈម​ក្នុង​ការកសាង​សន្តិភាព​នៅ​កម្ពុជា​ក្រោយពី​អំពើ​ប្រល័យ​ពូជសាសន៍


រូបឯកសារ៖ ទេសចរ​ម្នាក់កំពុងមើលរូបភាពជនរងគ្រោះនៅសារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​។
រូបឯកសារ៖ ទេសចរ​ម្នាក់កំពុងមើលរូបភាពជនរងគ្រោះនៅសារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​។

ក្រុមខ្មែរ​ក្រហម​បាន​អស់​ឱកាស​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​ នៅ​ពេល​ដែល​របប​នេះ​ត្រូវ​បាន​ផ្តួល​រំលំ​នៅ​ខែមករា​ឆ្នាំ​ ១៩៧៩​ ប៉ុន្តែការងារ​សម្រាប់​ក្រុម​អ្នកស្រាវ​និង​ចងក្រង​ពី​របប​ដ៏​ប្រល័យ​នេះ​នៅតែ​បន្ត​មិន​ទាន់​ចប់​នៅឡើយ​ទេ។​

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នកស្រាវជ្រាវ​ដែល​មាន​ដូចជា​អ្នកសារព័ត៌មាន​ សង្គម​ស៊ីវិល ​និង​អ្នកជំនាញ​ច្បាប់​ព្រហទណ្ឌ​ជាតិ​និង​អន្តរជាតិ​ បង្ហាញ​ពី​ការប្រឈម​ដែល​កើត​មាន​ឡើង ​ក្នុង​ការសម្រេច​បាន​យុត្តិធម៌​និង​ការដាក់​ឱ្យមាន​ការទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​ធំ​នេះ។​

ទន្ទឹម​នឹង​នេះ ​វា​ក៏​បង្ហាញ​ពីសារៈសំខាន់​នៃ​ការចងក្រង​ឯកសារ ​ដើម្បី​សម្រួល​ឲ្យ​សម្រេច​បាន​ដំណើរការ​នេះ​និង​ការអប់រំ​សាធារណជន​ឱ្យយល់​ដឹង​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​កាលពី​ដើម​ខែ​កក្កដារបស់​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

ក្រុម​ខ្មែរក្រហម​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​បាត់​បង់​ជីវិតពលរដ្ឋ​កម្ពុជា​យ៉ាងហោចណាស់​ចំនួន​ ១,៧​ លាន​នាក់​ដោយសារ​ការកាប់​សម្លាប់​ ការធ្វើការ​បាក់​កម្លាំង​ ការបង្អត់​អាហារ​និង​ជំងឺ​ដម្កាត់ក្នុង​អំឡុង​ការកាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ពី​ខែ​មេសា​ឆ្នាំ​ ១៩៧៥ ​ដល់​ខែ​មករា​ឆ្នាំ​ ១៩៧៩។​

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ជាបន្តបន្ទាប់​របស់​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព​ (USIP)​ សហការ​ជាមួយ​នឹង​មូលនិធិ​ VII ​គឺ​បាន​ពិនិត្យ​មើល​បញ្ហា​ប្រឈម​ក្នុង​ការកសាង​សន្តិភាព​សម្រាប់​ប្រទេស​នានា ​ហើយក៏​មាន​សំណួរ​ដែល​អ្នកជំនាញ​ជាច្រើន​ចោទសួរ​គឺ​ថា ​តើ​ហេតុអ្វី​បាន​ជា​សន្តិភាព​ពិបាក​សម្រេច​បាន?

អ្នកស្រី​ Elizabeth Becker ​អតីតអ្នកសារព័ត៌មាន​ The New York Times​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​សង្គ្រាម​អាមេរិក​នៅ​វៀតណាម​និង​កម្ពុជា​ បាន​ថ្លែង​ថា​ ឧបសគ្គ​ក្នុង​ការស្វែងរក​សន្តិភាព​គឺ​រដ្ឋាភិបាល​ខ្លួនឯង។

អ្នកស្រី​ Elizabeth Becker​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​ដែល​រៀបចំ​នៅវិទ្យាស្ថាន​ USIP ​កាលពី​ថ្ងៃពុធ​ ទី ៦​ ខែកក្កដា​ថា៖​

«ឧបសគ្គ​ចម្បង​គឺ​រដ្ឋាភិបាល​។ ​រដ្ឋាភិបាល​ដែល​បាន​និយាយ​ថា​ពួកគេ​ស្វែងរក​សន្តិភាព​។​ រដ្ឋាភិបាល​ដែល​ចង់បាន​ប្រជាធិបតេយ្យ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្វើការ​សម្រេច​ចិត្ត​ គឺ​បែរ​ជា​ងាក​ទៅ​ទិស​ផ្សេង»។​

អ្នកស្រី​ Elizabeth Becker​ បាន​ផ្តល់ជា​ឧទាហរណ៍​ថា​ ក្រោយ​ការបោះឆ្នោត​ជាតិ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៩៣ មានការបែងចែក​អំណាច​គ្នា​រវាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​និ ង​គណបក្ស​ប្រជាជន​កម្ពុជា ​បើទោះបី​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះឆ្នោត​យ៉ាង​ពិត​ប្រាកដ​ក៏ដោយ។​ បច្ចុប្បន្ន​នេះ​លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​តែងតែ​គំរាម​ពី​ការកើតឡើងសង្គ្រាម​ បើសិន​ជា​មាន​គណបក្ស​ប្រឆាំង​ណា​ ដែល​មាន​សក្តានុពល​អាច​ផ្តួល​គណបក្ស​របស់​លោក​ក្នុង​ការបោះឆ្នោត​ជាដើម។

អ្នកស្រី Becker​ ផ្តល់ឧទាហរណ៍​មួយ​ទៀត​គឺ​ អង្គការ​សហប្រជាជាតិ​ ​សហរដ្ឋ​អាមេរិក​ បារាំង​និង​អង់គ្លេស​ ងាក​មក​គាំទ្រ​ក្រុមខ្មែរ​ក្រហម​នៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ដាក់​ទណ្ឌកម្មវៀតណាម​ក្រោយពី​វៀតណាម​បាន​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ខែ​មករា​ឆ្នាំ​ ១៩៧៩ ​និង​លើក​បន្តុប​រដ្ឋាភិបាលមួយ​ ដែល​មាន​ស្វាមីភក្តិ​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ​។ ទង្វើនេះ​ខុសពី​ពេល​មុននោះ​ដែល​ស្ទើរតែ​គ្មាន​អ្នកគាំទ្រ​ក្រុមខ្មែរ​ក្រហម​ទេ​ក្រៅពី​ចិន។​

អ្នកស្រីបាន​បន្ថែម​ថា៖​ «ទម្លាប់​របៀប​នេះ​បន្ត​បង្កើត​ឲ្យមាន​បញ្ហា​ជា​បន្ត​បន្ទាប់»។

មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​ចោទប្រកាន់​និង​កាត់ទោស​ក្នុង​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ ក្នុងនោះ​មាន​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ និង​ កាំង ហ្កេចអ៊ាវ​ ហៅ​ ឌុច​ ដែល​ជា​អតីត​ប្រធាន​គុកទួលស្លែង។​ មេដឹកនាំ​មួយ​ចំនួន​ទៀត​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​កាត់ទោស​ក្នុង​នោះ​មាន នួន ជា អតីត​មេមនោគម​វិជ្ជា​ខ្មែរ​ក្រហម​ ឈិត ឈឿន ហៅតាម៉ុក អតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និង ​អៀង សារី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ដើរ​តួ​នាទី​ដ៏​សំខាន់​ក្នុង​ការចងក្រង​ឯកសារ ​ដែល​ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ពី​ពេល​ចូល​កាន់​អំណាច​ និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នានា។​ មាន​ឯកសារ​ចំនួន​ជាង​ ២២ ម៉ឺនច្បាប់ ​ដែល​មាន​ជាង​ ១,៧​ លាន​ទំព័រ​ អំពី​ប្រវត្តិ​ថ្នាក់ដឹកនាំ​ខ្មែរ​ក្រហម​ ជនរងគ្រោះ​ កំណត់ហេតុ​ប្រជុំ ​ ​និង​ការសារភាព​ជាដើម​ដែល​មជ្ឈមណ្ឌល​បាន​ចងក្រង។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​ផ្តល់​ឯកសារ​ជាច្រើន​ម៉ឺន​ទំព័រ​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែល​ជា​តុលាការ​កូនកាត់​កម្ពុជា​និង​អន្តរជាតិ​ សម្រាប់​ប្រើប្រាស់​ក្នុង​ការកាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​

រូបថតរបស់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។ (រូបថតដោយ DC-Cam)
រូបថតរបស់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។ (រូបថតដោយ DC-Cam)

លោក​ លី សុខឃាង​ នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​បាន​ថ្លែង​តាម​ប្រព័ន្ធ​អនឡាញ​ ប្រាប់​កិច្ចពិភាក្សា​ពី​ប្រទេស​កម្ពុជាមក​ថា៖ «ដូច្នេះ​ ឯកសារ​ដែល​យើង​មាន​ត្រូវ​បាន​ប្រើការ​ជា​ឯកសារ​ដ៏​សំខាន់​សម្រាប់​ការិយាល័យ​នានា​[នៃ​សាលាក្តី​]​សម្រាប់​បន្ត​ការស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរ​ក្រហម»។

ក្រោយពី​ដំណើរការ​អស់​រយៈពេល​ជិត ​២០ ​ឆ្នាំ​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កំពុងតែ​ឈាន​មកដល់​ដំណាក់កាល​ចុងក្រោយ​និង​ការបិទបញ្ចប់។

អ្នកស្រី​ Susana SáCouto នាយិកា​ការិយាល័យ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​មហាវិទ្យាល័យ​ច្បាប់​វ៉ាស៊ីនតោន​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​បាន​ថ្លែង​ថា ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​គឺ​តុលាការ​ត្រូវផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​ក្នុងនោះ​មាន​ដូចជា​ការបន្ត​ការអប់រំ​ផ្សព្វផ្សាយ​ពី​ការងារ​របស់​សាលាក្តី​នេះ​ដល់​មហាជន​និង​ការផ្តល់​សំណង​ដល់​ជនរងគ្រោះ។

អ្នកស្រី Susana ​បាន​បន្ថែម​ទៀត​ថា៖ «ការធ្វើ​បែបនេះ​បាន​គឺ​មាន​សារៈសំខាន់​ណាស់។ យុវជន​ជាច្រើន​ដែល​យើង​ដឹង​តាម​រយៈ​ការស្ទង់មតិ​ជាច្រើន​នៅតែ​មិនជឿ​អ្វី​ដែល​បានកើតមាន​ឡើង​ក្នុង​អំឡុងពេល​កាន់អំណាច​នៃ​របប​ខ្មែរក្រហម​ទោះបីជា​មាន​កម្មវិធី​អប់រំ​អំពី​របប​នោះ​ក៏ដោយ។ ការបន្ត​ទទួលស្គាល់​ជា​សាធារណៈ​ដោយ​តុលាការ​នោះ​អំពី​សាលក្រម​ដាក់ទោស​ ការសារភាពកំហុសដោយជនល្មើស និង​ការខូចខាត​ដែលបាន​បង្កឡើង​អាចជួយជម្រះចោល​ការមិនជឿនេះ»។

នៅ​លើ​ផ្នែក​នៃ​ក្រុម​អ្នកស្រាវជ្រាវ​វិញ លោក​លី​ សុខឃាង​ថ្លែង​ថា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បើក​ឲ្យ​សាធារណជន​នៅ​ទូទាំង​ប្រទេស​កម្ពុជាអាច​មើល​ឯកសារ​ដែល​មជ្ឈមណ្ឌល​បាន​ស្រាវជ្រាវ​ទាំងអស់​នេះ​បាន ដោយ​បង្កើត​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ចំនួន​៥​ ក្នុងនោះ​មាន​នៅ​ស្រុកអន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​ដែល​លោក​កំពុង​គ្រប់គ្រង។​ តំបន់ អន្លង់វែង​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​អតីត​មូលដ្ឋាន​ដ៏​រឹងមាំ​ចុងក្រោយ​របស់​ក្រុមតស៊ូ​ខ្មែរក្រហម។

លោក​លី សុខឃាង​បាន​បន្ថែម​ថា៖ «ដូច្នេះ​គ្រប់​ឯកសារ​ដែល​យើង​មាន​នៅ​ភ្នំពេញ​ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្ត​ទាំងនោះ​ហើយគ្រូ​បង្រៀន​ សិស្ស​និង​សាធារណជន​អាច​ចូល​មើល​បាន»។

អ្នកស្រី​ Elizabeth Becker​ យល់​ថា​ សាលាក្តី​ខ្មែរ​ក្រហម​បាន​ផ្តល់​ប្រវត្តិសាស្ត្រ​ដល់​ជនរងគ្រោះ​ឡើងវិញ​ព្រោះ​វា​ជា​ប្រវត្តិ​នៃ​ការឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ។​

អ្នកស្រី​បន្ថែម​ថាតួអង្គ​អន្តរជាតិ​នានា​ដែល​មាន​ដូចជា​ចិន​ សហរដ្ឋ​អាមេរិក​ បារាំង​និង​អង្គការ​សហប្រជាជាតិ​សុទ្ធតែ​មាន​ចំណែក​ក្នុង​ការសម្រេច​ជោគវាសនា​របស់​កម្ពុជា​ក្នុង​អតីតកាល។

អ្នកស្រី​ Becker​ បាន​បន្ថែម​ថា៖ «ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ទាញ​ឱ្យ​ចូល​ក្នុង​សង្គ្រាម​វៀតណាម។ រឿង​នេះ​សំខាន់​ណាស់។ ក្រុមខ្មែរក្រហម​កើត​ចេញ​មក​ពី​សង្គ្រាម​វៀតណាម​គឺ​មិនមែន​មក​ពី​សង្គ្រាម​ស៊ីវិល​ទេ»៕

XS
SM
MD
LG