នៅប្រទេសកម្ពុជាស្ត្រីមានចំនួនរហូតដល់៥២ភាគរយនៃប្រជាជនសរុប ដូចនេះស្រ្តីបានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។ ប្រទេសកម្ពុជាបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីតាំងពីឆ្នាំ ១៩៩២ ដែលកម្ពុជាបានតាំងចិត្តចាប់ផ្តើមដំណើរការនានា ដើម្បីធានាឲ្យមានសមភាពរវាងស្រ្តីនិងបុរស។ ទោះបីជាយ៉ាងណាក៏ដោយ បទល្មើសផ្សេងៗលើស្ត្រី រួមមានអំពើហិង្សាក្នុងគ្រួសារនៅតែកើតមានឡើងគួរឲ្យកត់សម្គាល់ ដោយសារពួកគេនៅមិនទាន់យល់ច្បាស់ពីបញ្ហានេះ។
វេទិកាមួយស្តីអំពីការផ្តល់យុត្តិធម៌ដល់ស្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ចម្រុះ ក្នុងអំពើហិង្សាលើស្រ្តីត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដើម្បីគាំពារសិទ្ធិស្ត្រី និងតាមដានការទទួលបានយុត្តិធម៌របស់ពួកគាត់នៅខេត្តមួយចំនួន ខណៈពេលដែលអំពើហិង្សាលើស្ត្រីនៅកម្ពុជាមានសភាពធ្ងន់ធរ។
វេទិការយៈពេលមួយថ្ងៃនេះត្រូវបានរៀបចំឡើងដោយអង្គការមួយចំនួន រួមមានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ(NGO-CEDAW) សមាគមយុវជនកម្ពុជា (CYN) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងមជ្ឈមណ្ឌលកម្ពុជានៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្រោមការឧបត្ថម្ភពីអង្គការសហប្រជាជាតិដើម្បីស្ត្រី (UNWOMEN)។
អ្នកស្រី ណាប់ សុម៉ាលី អ្នកគ្រប់គ្រងការិយាល័យស្រ្តីនៃអង្គការលីកាដូ បានលើកឡើងនាឱកាសនោះថា ស្រ្តីដែលជាអ្នករងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារតែងយល់ច្រឡំថា ការលែងលះ និងអំពើហិង្សានៅក្នុងគ្រួសារជារឿងតែមួយ ដែលតាមការណ៍ពិត រឿងទាំងពីរនេះគឺជារឿងពីរដាច់ដោយឡែកពីគ្នា។ នៅពេលកើតមានអំពើហិង្សានៅក្នុងគ្រួសារ ស្ត្រីអ្នករងគ្រោះមិនបានដាក់ពាក្យប្តឹងប្តីរបស់គាត់ឡើយ ហើយពួកគេតែងសម្រួលគ្នានៅក្រៅប្រព័ន្ធច្បាប់ និងដាក់ពាក្យលែងលះគ្នាតែប៉ុណ្ណោះ។
លោកស្រីបានបញ្ជាក់ថា អំពើហិង្សានៅក្នុងគ្រួសារគឺជាបទព្រហ្មទណ្ឌ ឯការលែងលះគឺជាបញ្ហាស៊ីវិល។
«នោះគឺជាការសម្រេចចិត្តរបស់គាត់ផ្ទាល់ ក៏ប៉ុន្តែអ្វីដែលគាត់ប្រឈមនឹងបញ្ហាគឺ បុរសជាប្តីមិនបានទទួលការផ្តន្ទាទោសតាមអ្វីដែលគាត់បានប្រព្រឹត្តទេ។ ដូចនេះមានន័យថា ស្ត្រីរងគ្រោះក៏មិនទទួលបានយុត្តិធម៌ដែរ។ ហើយការដែលគាត់សម្រេចចិត្តលែងលះ ពេលខ្លះជនល្មើសមិនបានដឹងថា ប្រពន្ធមានការអធ្យាស្រ័យ ដោយមិនប្តឹងរឿងព្រហ្មទណ្ឌនោះទេ។ ផ្ទុយទៅវិញ គេបែរជាតាមទៅរករឿង គំរាមកំហែងជនរងគ្រោះរហូតដល់ជនរងគ្រោះមួយចំនួនក្រោយការលែងលះ ពួកគេនៅតែមិនអាចរស់នៅបានស្រួលដដែល ដោយសារប្តីរបស់គាត់នៅតែតាមធ្វើបាប»។
ស្របគ្នានោះដែរ លោកស្រី សុក្រ បញ្ញា ប្រធានអង្គការបន្ទាយស្រី ក៏បានឲ្យដឹងដែរថា ការដោះស្រាយបញ្ហាអំពើហិង្សានៅក្នុងគ្រួសារអាចធ្វើឡើងតាមរយៈការសម្រុះសម្រួលត្រឹមអាជ្ញាធរភូមិ ឃុំ ឬ មន្ត្រីប៉ូលិសមានសមត្ថកិច្ច ដោយមិនចាំបាច់ឡើងតុលាការ។ ក៏ប៉ុន្តែវាអាស្រ័យលើរបៀបដែលពួកគេដោះស្រាយ ហើយអ្វីដែលសំខាន់ គឺថា ដំណោះស្រាយនោះសមស្រប ឬមិនសមស្រប វាអាស្រ័យលើសុវត្ថិភាពរបស់ស្ត្រី ទាំងផ្លូវកាយ និងផ្លូវចិត្ត។
«ផ្ទុយទៅវិញ ប្រសិនបើការសម្របសម្រួលតម្រូវឲ្យស្រ្តីត្រឡប់ទៅរស់នៅស្ថានភាព មានគំនាបដដែលវិញ ហើយធ្វើឲ្យស្ត្រីនៅតែប្រឈមមុខនឹងការឈឺចាប់ ទាំងផ្លូវកាយនិងផ្លូវចិត្ត ការសម្របសម្រួលមិនគួរឲ្យកើតមានឡើងទេ»។
របាយការណ៍របស់អង្គការសិទិ្ធមនុស្សលីកាដូ ដែលចេញផ្សាយនៅក្នុងវេទិកានោះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែនៃដើមឆ្នាំ២០១៥នេះ ករណីអំពើហិង្សា និងការរំលោភបំពានលើស្រ្តីកម្ពុជា មានដល់ទៅ១០៨ករណី ក្នុងនោះ៦៦ករណីជាករណីអំពើហិង្សានៅក្នុងគ្រួសារ ដែលបណ្តាលឲ្យស្ត្រី៦នាក់ស្លាប់។ ហើយចំនួននេះមានការកើនឡើងពីឆ្នាំ២០១៤ ដែលមានត្រឹមតែ៧៦ករណីប៉ុណ្ណោះ។
លោកស្រី ពុង ឈីវកេក ស្ថាបនិកនៃអង្គការសិទិ្ធមនុស្សលីកាដូ និងជាប្រធានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW) បានបន្ថែមថា អំពើហិង្សានៅក្នុងគ្រួសារមិនមែនជារឿងរបស់គ្រួសារតែមួយនោះទេ តែវាអាចប៉ះពាល់ដល់ក្រុមគ្រួសារទាំងអស់ ប៉ះពាល់ដល់សង្គម និងប្រទេសជាតិទាំងមូល។
លោកស្រីបានបន្តថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សានៅក្នុងគ្រួសារគឺដោយសារស្រ្តីមួយចំនួនជាជនក្រីក្រ មិនមានចំណេះដឹងគ្រប់គ្រាន់ ហើយមិនបានដឹងពីសិទ្ធិរបស់ខ្លួន និងមិនដឹងអំពីយន្តការនានា ដែលអាចការពារខ្លួនពួកគេបាន ហើយពួកគេ សម្រេចចិត្តដោះស្រាយបញ្ហាក្រៅប្រព័ន្ធច្បាប់ ដែលនាំឲ្យអំពើហិង្សានៅតែកើតមានឡើង។
«ខ្ញុំថា មកពីស្ត្រីយើងគាត់មានការលំបាក។ គាត់មិនដឹងថា ប្រព័ន្ធស្របច្បាប់គួរទៅផ្លូវណា? ទៅតុលាការមិនដឹងថាទៅយ៉ាងម៉េច? ទាល់តែដឹងថា មានអង្គការមួយ គេជួយ គេផ្តល់ការប្រឹក្សាយោបល់ ផ្តល់មេធាវី។ ហើយបើមេធាវីហ្នឹងទៀតសុំឲ្យបង់ថវិកា ជួនកាលគាត់ក្រីក្រ អត់មានថវិកាទេ។ ដូច្នេះការលំបាក ការមិនយល់ និងការមិនមានឱកាសនឹងទៅធ្វើតាមផ្លូវច្បាប់ ធ្វើឲ្យស្ត្រីអស់សង្ឃឹម»។
VOA មិនអាចធ្វើការទំនាក់ទំនងសុំយោបល់ពីមន្ត្រីរដ្ឋាភិបាលនៃក្រសួងកិច្ចការនារីនិងក្រសួងមហាផ្ទៃ ដែលជាសាម៉ីក្រសួងទទួលបន្ទុកបញ្ហានេះបានទេ។
វេទិកាថ្នាក់ជាតិស្តីពីការផ្តល់យុត្តិធម៌ដល់ស្ត្រីក្នុងប្រព័ន្ធយុត្តិធម៌ចម្រុះលើករណីអំពើហិង្សាលើស្រ្តីនេះ ក៏បានចែករំលែកបទពិសោធន៍ និងផលវិបាកនានាក្នុងការទទួលបានយុត្តិធម៌ចំពោះអំពើហិង្សាលើស្ត្រីផងដែរ។ បទពិសោធន៍ និងផលវិបាកនេះគឺបានពីជនរងគ្រោះ ដែលមានដូចជា អតីតកម្មករធ្វើការតាមផ្ទះ អាជីករ និងអ្នករើសអេតចាយជាដើម៕