អ្នកជំនាញមួយចំនួនលើកឡើងថា សិស្សមួយភាគធំដែលទើបប្រឡងជាប់ថ្នាក់ទី ១២ នៅតែមានការលំបាកក្នុងការជ្រើសរើសមុខជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យ ដើម្បីទទួលបានការងារស្របទៅតាមតម្រូវការទីផ្សារការងារ។ ពួកគេស្នើឱ្យរដ្ឋបង្កើនការផ្សព្វផ្សាយព័ត៌មានបន្ថែមដើម្បីជួយតម្រង់ទិសដល់សិស្សយល់ពីតម្រូវការទីផ្សារការងារ។
លោក ដេត សុខឧត្តម ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Paragon Education ប្រាប់វីអូអេថា សិស្សដែលទើបប្រឡងជាប់ទី ១២ ភាគច្រើនពិបាកក្នុងការជ្រើសរើសមុខជំនាញរៀននៅថ្នាក់សាកលវិទ្យាល័យ ជាពិសេសសិស្សនៅតាមបណ្តាខេត្ត ដោយសារតែពួកគេមិនសូវទទួលបានព័ត៌មានច្រើនជុំវិញតម្រូវការការងារលើទីផ្សារ។ លោកបន្តថា សិស្សភាគច្រើនមិនសូវជ្រើសរើសជំនាញផ្នែកវិស្វកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ ឬហៅថា STEM ដែលជាមុខជំនាញមានទីផ្សារនោះទេ។
លោកថ្លែងថា៖ «សិស្សនិស្សិតដែលបញ្ចប់ការសិក្សាហើយតែបែរជាមិនមានលទ្ធភាពក្នុងការទទួលការងារ។វាអាចមានពីរករណីធំៗ។ ទីមួយជំនាញដែលគាត់រើសមិនមានទីផ្សារ ប៉ុន្តែបើសិនតាមការគិតរបស់ខ្ញុំ ភាគច្រើនប្រហែលជាមកពីកត្តាទីពីរជាង គឺទាក់ទងនឹងការរៀនរបស់គាត់ គឺមិនទាន់ទទួលបានជំនាញជាក់លាក់មានន័យថា គាត់រៀន ប៉ុន្តែគាត់រៀនបានតែទ្រឹស្ដី។ ហើយគាត់រៀនមិនមានលក្ខណៈស៊ីជម្រៅ។ គាត់ខ្វះស្វ័យសិក្សា។ គាត់ខ្វះសមត្ថភាពក្នុងការធ្វើការស្រាវជ្រាវសិក្សាបន្ថែម។ ដូច្នេះពេលគាត់ចប់ពីសាកលវិទ្យាល័យមក គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ដែលអនុញ្ញាតឱ្យក្រុមហ៊ុនគេទទួលគាត់ទៅធ្វើការ»។
លោក ដេត សុខឧត្តម បន្ថែមទៀតថា រដ្ឋាភិបាលរួមទាំងក្រសួងអប់រំ និងក្រសួងការងារគួរតែមានការរៀបចំជាកម្មវិធីឆ្លើយសំណួរ បង្កើតសិក្ខាសាលា ឬថតវីដេអូផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើនជាងមុន ដើម្បីតម្រង់ទិសសិស្សឱ្យយល់ពីតម្រូវការទីផ្សារការងារ។
ចំណែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកអបអរសាទរដល់សិស្សដែលប្រឡងជាប់ និងចូលរួមសោកស្ដាយចំពោះសិស្សប្រឡងមិនជាប់។ ទោះជាយ៉ាងណា លោកនៅតែបន្តលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យអត់ធ្មត់ស្វែងយល់ពីខ្លួនឯងបន្ថែមទៀត ដើម្បីសម្រួលដល់ការជ្រើសរើសជំនាញសិក្សានៅថ្នាក់សាកលវិទ្យាល័យ។
លោកថ្លែងថា៖ «ក្នុងបទពិសោធន៍របស់ខ្ញុំ ខ្ញុំក៏ធ្លាប់ប្រឡងបាក់ឌុបហ្នឹង។ ខ្ញុំក៏ធ្លាប់ធ្លាក់ដូចគ្នាដែរ។ ដូច្នេះជោគជ័យស្ថិតនៅលើការអត់ធ្មត់ ហើយការខិតខំប្រឹងប្រែងបន្តរបស់យើងម្នាក់ៗ ក្ដីសង្ឃឹមរបស់យើងនៅតែមាន ហើយយើងពិនិត្យមើលទៅលើបទពិសោធន៍កន្លងមកថា តើយើងនៅមានចំណុចខ្វះខាតកន្លែងណាខ្លះ ហើយតើយើងគួរតែកែប្រែវាដោយវិធីណា ដើម្បីធ្វើឱ្យអនាគតរបស់យើងមានភាពល្អប្រសើរ»។
លោក សេក សុជាតិ បន្ថែមថា សិស្ស ដែលពិបាកក្នុងការជ្រើសរើសមុខជំនាញសម្រាប់សិក្សាបន្ត ដើម្បីឱ្យស្របទៅនឹងតម្រូវការងារ គួរស្វែងរកអ្នកជំនាញមានបទពិសោធន៍ដែលទុកចិត្តបាន ដើម្បីផ្ដល់យោបល់។ លោកក៏ជំរុញឱ្យរដ្ឋគួរតែពង្រឹងគុណភាពនៃការអប់រំបន្ថែមផងដែរ ទាំងផ្នែករដ្ឋ និងឯកជន។
លោកលើកឡើងថា៖ «រដ្ឋមានកាតព្វកិច្ចគឺពង្រឹងគុណភាពអប់រំឱ្យបានល្អ មិនថា នៅក្នុងវិស័យរដ្ឋ ឬឯកជនទេ គឺត្រូវតែពង្រឹង ពីព្រោះការពង្រឹងគុណភាពអប់រំគឺអាចបង្កើតធនធានមនុស្សដែលមានសមត្ថភាពបាន ហើយទី២គឺបង្កើតឱកាសឱ្យស្មើភាពគ្នាចំពោះអ្នកសិក្សា កុំឱ្យមានតែអ្នកដែលមានកិត្តិយស។ អ្នកដែលមានបក្សពួក មានធនធាន គាត់អាចទទួលបានមុខងារតំណែងតួនាទីធំៗ នៅក្នុងស្ថាប័នរដ្ឋ ហើយជាអ្នកធ្វើការសម្រេចចិត្ត ហើយអ្នកផ្សេងៗទៀតដែលជាកូនកសិករ ឬអ្នកសិក្សាដែលមានជីវភាពមិនល្អ គ្រាន់តែទៅជាបុគ្គលិកដែលគ្មានសិទ្ធិសម្រេចអ្វី»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វីអូអេថា លោកលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យជ្រើសរើសមុខជំនាញដែលខ្លួនពូកែនៅវិទ្យាល័យដើម្បីឱ្យខ្លួនទទួលបានផលសម្រេចដូចក្ដីប្រាថ្នា ដើម្បីចៀសផុតពីការចំណាយពេលយូរមិនទទួលលទ្ធផល។
លោកថ្លែងថា៖ «អាហ្នឹងដោយសារតែគាត់អត់បានគិតពីមុនថា តើទីផ្សារការងារនោះគេមានអីខ្លះ? អ៊ីចឹងហើយគាត់ចេះតែរៀនតាមគ្នីតាមគ្នា។ គាត់រៀនតាមក្ដីស្រម៉ៃសម្រាប់ជីវភាពដែលថា គាត់ចង់មានលុយ មានកាក់លឿន។ អ៊ីចឹងអ្នកខ្លះគាត់គិតអ៊ីចឹង។ អ៊ីចឹងហើយបានជាធ្វើឱ្យគាត់ជ្រើសរើសជំនាញខុស ដល់ពេលទៅធ្វើការ វាអត់មានការងារហ្នឹងដែលត្រូវធ្វើ។ អ៊ីចឹងគាត់ត្រូវតែ ដើម្បីជីវភាព គាត់ត្រូវតែផ្លាស់ប្ដូរជំនាញធ្វើការរបស់គាត់»។
អ្នកជំនាញមើលឃើញថា យុវជនមួយចំនួនធ្វើការមិនត្រូវជំនាញដែលខ្លួនរៀនឡើយ ក្រោយបញ្ចប់សាកលវិទ្យាល័យ។
យុវជន លី សាមីត អាយុ១៨ឆ្នាំ ដែលទទួលបាននិទ្ទេស C នៅក្នុងការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ ប្រាប់វីអូអេថា ខ្លួននឹងប្រឡងចូលធ្វើជាមន្ដ្រីនគរបាលជាតិ ប៉ុន្តែបើប្រឡងមិនជាប់ ខ្លួននឹងរៀនបន្តជំនាញអគ្គិសនី។ យុវជនខេត្តកំពតរូបនេះបញ្ជាក់ទៀតថា ខ្លួនទើបតែគិតឃើញក្នុងការជ្រើសរើសជំនាញអគ្គិសនីនេះ ដោយសារមានការជំរុញពីឪពុកម្ដាយ ខណៈមិនដឹងថា ត្រូវរៀនអ្វី។
សាមីតប្រាប់វីអូអេថា៖ «ជំនាញហ្នឹងទើបនឹកឃើញឥឡូវៗហ្នឹង មិនមែនយើងចាប់ផ្ដើមស្រឡាញ់តាំងពីតូចទេដោយសារម៉ែឪថាឱ្យរៀនជំនាញហ្នឹងទៅ ដោយសារជំនាញហ្នឹងវាទាក់ទងនឹងទីផ្សារច្រើន។ អ៊ីចឹងទៅអគ្គិសនី»។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វីអូអេថា ក្រសួងអប់រំតែងតែរៀបចំយន្តការក្នុងការតម្រង់ទិសដល់សិស្សានុសិស្ស តាំងពីនៅកម្រិតមធ្យមសិក្សា ដោយរួមមានគ្រូប្រឹក្សាយោបល់ ឯកសារនានា កិច្ចសម្ភាសន៍ជាមួយអ្នកជំនាញតាមបណ្តាញសង្គម និងមាន App របស់ក្រសួងអប់រំ ដែលអ្នកស្រីចាត់ទុកថាជា «ត្រីវិស័យ» ដើម្បីជួយឱ្យសិស្សានុសិស្សទទួលបានព័ត៌មានពីសាកលវិទ្យាល័យ និងជ្រើសរើសជំនាញសិក្សាទៅតាមចំណងចំណូលចិត្ត។
អ្នកស្រីប្រាប់វីអូអេថា៖ «នៅតាមសាលារៀនគឺតែងតែមានគ្រូប្រឹក្សាយោបល់ដើម្បីតម្រង់ទិសប្អូនៗថា តើនៅពេលគាត់ចូលចិត្តឬរៀនពូកែក្នុងមុខវិជ្ជាណាមួយ គាត់អាចចាប់យកអាជីពណាបានខ្លះ ឬមិនដូច្នោះ បើសិនជាគាត់ចង់ចាប់យកអាជីពណាមួយថា តើគាត់ត្រូវខិតខំទៅលើមុខវិជ្ជាណាខ្លះជាដើម»។
ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃសុក្រថា សាធារណជន និងសិស្សដែលទើបប្រឡងជាប់បាក់ឌុប ឬធ្លាក់បាក់ឌុបក៏អាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដែលរៀបចំដោយក្រសួងការងារ៕
វេទិកាបញ្ចេញមតិ