ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​នៅ​ភ្នំពេញ​រំពឹង​ថា​ ការ​បោះឆ្នោត​នឹង​មាន​សុក្រឹតភាព​ សេរីភាព​និង​គ្មាន​អំពើហិង្សា


ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃ​​យុទ្ធនាការ​ឃោសនា​រក​សំលេង​​ឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រ​​ជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

នៅ​សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤។ ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាពិសេស​យុវជន មាន​យោបល់​ផ្សេង​គ្នា​ទាក់ទិន ​និង​សារ​គំរាម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច និង​គោល​នយោបាយ​គណបក្ស​នានា​ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​នេះ។

យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​ រយៈពេល​១៤​ថ្ងៃ បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ កំពុង​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​គ្មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ បើ​ទោះ​ជា​មាន​សារ​គំរាម​ធ្ងន់ៗ​ពី​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ទាក់ទិន​នឹង​សង្គ្រាម​ស៊ីវិល​ក៏​ដោយ។

ក្នុង​បទសម្ភាសន៍​ជាមួយ VOA​ កាល​ពី​ថ្ងៃ​ចន្ទ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន បង្ហាញ​ការ​យល់​ឃើញ​ខុសគ្នា​ទាក់​ទិន​នឹង​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ក៏ប៉ុន្តែ​ពួក​គេ​រំពឹង​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ​នឹង​ប្រកប​ដោយ​សុក្រឹតភាព​ ​សេរីភាព​ និង​គ្មាន​អំពើ​ហិង្សា។

យុវជន​ឈ្មោះ ស៊ីម តូ ​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​(PUC)​ បាន​ប្រាប់​ ​VOA​ ​ថា​ ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ​ មាន​ភាព​ល្អ​ប្រសើរ​ជាង​អាណត្តិ​មុនៗ ដោយ​សារគ្មាន​ហិង្សា​ណាមួយ​កើត​ឡើង។

យុវជន ស៊ីម តូ បន្ថែម​ថា ជាទូទៅ​រាល់​ការ​ឃោសនា​ ​ឬ​ការ​បោះឆ្នោត​តែង​មាន​ភាព​រកាំរកូស​ផ្សេងៗ​កើត​ឡើង ដោយ​ជៀស​មិន​ផុត។ ទោះជា​យ៉ាង​ណា​ លោក​រំពឹង​ថា​ ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​នឹង​ធ្វើ​ឡើង​ដោយ​តម្លាភាព​ និង​គ្មាន​អំពើ​ហិង្សា។

យុវជន​វ័យ​២៣​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖

«សម្រាប់​ខ្ញុំ​ជា​យុវជន ខ្ញុំ​ចង់​ឃើញ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ហ្នឹង គឺ​សូម​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ ​មាន​ន័យ​ថា ​មិន​រើស​អើង​និន្នាការ​គណបក្ស​ ​ហើយ​សូម​ឲ្យ​សុវត្ថិភាព​ហ្នឹង​ ​មានន័យ​ថា ​មិន​មាន​ការ​គំរាម​កំហែង​ពី​ខាង​គណបក្ស​ណាមួយ»។

ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

ស្រដៀង​គ្នា​នេះ​ដែរ និស្សិត​ ​ប៉ាត់ សាគីរ៉ោះ​ ​ក៏​ចង់​ឃើញ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​និង​គ្មាន​អំពើ​ហិង្សា​ដែល​អាច​គំរាម​កំហែង​ដល់​លទ្ធផល​បោះឆ្នោត​ណាមួយ​កើត​ឡើង។ និស្សិត​ជនជាតិ​ខ្មែរ-ឥស្លាម​វ័យ​១៩ឆ្នាំរូប​នេះ​ បន្ថែម​ថា​ ​ការ​បោះឆ្នោត​ដែល​អាច​ធានា​នូវ​ស្ថិរភាព​សង្គម​បាន លុះ​ត្រា​តែ​ប្រជា​ពលរដ្ឋ​ទាំងអស់​ចេះ​សាមគ្គី​ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ។

កញ្ញា​ ប៉ាត់ សាគីរ៉ោះ លើកឡើង​ថា៖

«ស្ថិតនៅ​លើ​យុវជន​ក៏​ដូចជា​បងប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង​ ​បើ​គាត់​មាន​ភាព​សាមគ្គី​គ្នា ហើយ​គាត់​តាំង​ចិត្ត​ឲ្យ​បាន​ល្អ ហើយ​និង​រៀប​ចំ​ចូលរួម​សាមគ្គី​គ្នា នោះ​ការ​បោះឆ្នោត​ហ្នឹង​ នឹង​មាន​ស្ថិរភាព​នៅ​ពេល​ខាង​មុខ។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់ ខ្ញុំ​សង្ឃឹម​ថា ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ហ្នឹង នឹង​គ្មាន​ភាព​ហិង្សា​កើត​ឡើង ហើយ​និង​មាន​ស្ថិរភាព​បរិបូណ៌​នៅ​ក្នុង​ប្រទេស​របស់​យើង»។

​ក្នុង​ការ​ឃោស​នា​បោះឆ្នោត​កាលពី​អាណត្តិ​មុនៗ​ ​គេ​ឃើញ​មាន​ការ​ជេរប្រមាថ​ដៀមដាម ការ​ប្រើ​ហិង្សា​ដោយ​គប់​ដប​ទឹក​សុទ្ធ​ ​ឬ​គប់​ដុំ​ថ្ម​ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ ​និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ហែ​ក្បួន។ ចំណែក​ភាព​ចម្រូងចម្រាស​នយោបាយ​បាន​កើត​មាន​ឡើង​ភ្លាមៗ​ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៣​កន្លង​ទៅ។

បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​ បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ បើ​ទោះ​ជា​មាន​ការ​សម្រប​សម្រួល​នយោបាយ​ពី​ព្រះមហាក្សត្រ​ក៏ដោយ ដោយ​បាន​ចោទ​ប្រកាន់​ថា​ ​ដំណើរការ​នៃ​ការ​បោះឆ្នោត មិន​សេរី ​និង​មិន​យុត្តិធម៌។

ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ​និង​ពហិការ​របស់​គណបក្ស​ប្រឆាំង ​បាន​បន្ត​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​តាមរយៈ​«វប្បធម៌​សន្ទនា»​ ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ បាន​បង្កើត​ នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤។​

យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​ការ​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ ​ដែល​ជា​ថ្ងៃ​ដំបូង​និង​ថ្ងៃ​បន្តបន្ទាប់​នៃ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ ​គេ​មិន​ឃើញ​កើត​មាន​បាតុភាព​ហិង្សា​ណាមួយ​នោះ​ទេ។​ ​ការណ៍​នេះ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​រំពឹង​ថា​ ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​ស្មើភាព​រវាង​គណបក្ស​នយោបាយ​ ​និង​គ្មាន​អំពើ​ហិង្សា។

ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ទិដ្ឋភាពនៃ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ ក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

​ទាក់ទិន​ទៅ​នឹង​សារ​គំរាម​ថ្មីៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ព្រមាន​ជា​ញយ​ដង​ថា ​នឹង​មាន​សង្គ្រាម​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត​ ​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ បាន​ប្រាប់​ ​VOA​ ​ថា​ ​ពួក​គេ​មិន​ចាប់​អារម្មណ៍​ចំពោះ​សារ​គំរាម​នោះ​ទេ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​ព្រមាន​របស់​លោក​ ​ហ៊ុន សែន​ ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ការពារ​សន្លឹក​ឆ្នោត​របស់​លោក​តែ​ប៉ុណ្ណោះ។

ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ ​ដែល​នឹង​ត្រូវ​ចូល​រួម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​បោះឆ្នោត​លើកដំបូង​ ​កញ្ញា​ ​អ៊ាង ច័ន្ទបូរមី​ ​លើក​ឡើង​ថា​ ​ការ​ប្រកាស​ក្តែងៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ថា​ កម្ពុជា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ ​គឺ​គ្រាន់តែ​ជា​ការ​គំរាម​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ស្ថាន​ការណ៍​នយោបាយ​ ​ឲ្យ​បន្ត​បោះឆ្នោត​ឲ្យ​លោក​តែ​ប៉ុណ្ណោះ។

កញ្ញា​បន្ថែម​ថា ​មាន​មូលហេតុ​ជាច្រើន​ដែល​កម្ពុជា​មិន​អាច​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម។

កញ្ញា​ ​អ៊ាង ច័ន្ទបូរមី​ ​បញ្ជាក់​ប្រាប់​ VOA ​ថា៖

​«ទី១​ ​ប្រទេស​យើង​នៅ​ក្នុង​អាស៊ាន។​ ​ទី២​ ​ខ្ញុំ​ឃើញ​ថា ​សព្វ​ថ្ងៃ​ហ្នឹង​សង្គម​យើង​ភាគ​ច្រើន​គឺ​មាន​អ្នក​មាន​ក៏​ច្រើន​ ​មាន​អ្នក​មាន​អំណាច​ក៏​ច្រើន​ ​ហើយ​គេ​មាន​ ​Business​ ​(ជំនួញ)​ ​ច្រើន​នៅ​ក្នុង​ប្រទេស​យើង។​ ​អញ្ចឹង​ប្រសិន​បើ​មាន​សង្គ្រាម​ ​Business​ ​នឹង​ត្រូវ​បញ្ឈប់​ ​ត្រូវ​ខកខាន​អី​ ​ហើយ​ការ​រៀន​សូត្រ​របស់​កូនចៅ​គេ​អី ក៏​ត្រូវ​បាន​ឈប់​ដែរ អញ្ចឹង​ប្រហែល​គេ​មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទេ»។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូប​នេះ​ បន្ថែម​ថា​ ​មេដឹកនាំ​ដែល​មាន​គុណសម្បត្តិ​អាច​ទាក់ទាញសន្លឹក​ឆ្នោត​ពី​កញ្ញា​បាន លុះ​ត្រា​តែ​ជា​មេដឹកនាំ​ដែល​មិន​ប្រកាន់​បក្ស​ពួក និង​ជា​មេដឹកនាំ​ដែល​គិត​គូរ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។

ចំណែក​ ​លោក​ ​ឃុន វិបុល​ ​ជាង​ចម្លាក់​ក្បាច់​រស់នៅ​សង្កាត់​ទន្លេ​បាសាក់​ ​ក៏​ចង់​ឃើញ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ ប្រកប​ដោយ​ភាព​សុក្រឹតភាព ​និង​យុត្តិធម៌​ ​ខណៈ​ដែល​លោក​មិន​បារម្ភ​ថា​ ​ការ​បោះឆ្នោត​ខាង​មុខ​អាច​នឹង​មាន​ហិង្សា​ ​ឬ​សង្គ្រាម​ណាមួយ​កើត​ឡើង​ដូច​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។

ជាង​ចម្លាក់​វ័យ​៤៥ឆ្នាំ​រូប​នេះ​ មាន​ប្រសាសន៍​ថា៖​

«រឿង​វា​មិន​អាច​កើតឡើង​ទេ។ អ្នក​ជាប់​ក៏​ដូច​អ្នកណា​អញ្ចឹង។ វា​អត់​កើត​ឡើង​ទេ មិនមែន​ដូច​អា​ជំនាន់​៦០​ជាង ៧០ជាង​ ​អា​ហ្នឹង​ថា​មិន​ត្រូវ​ខ្លះ។ ធម្មតា​ទេ​អ្នក​ឃោសនា​បោះ​ឆ្នោត ចង់​បាន​សំឡេង​ឆ្នោត​ចេះ​តែ​ថា​ទៅ ប៉ុន្តែ​មិន​អាច​ធ្វើ​កើត​ទេ»។

កាលពី​សប្ដាហ៍​កន្លង​ទៅ លោក​ស្រី​ Katina Adams ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បន្ទាន់ ​ដើម្បី​ធានា​សេរីភាព​នៃ​លំហ​នយោបាយ​ដែល​គ្មាន​ការ​គំរាម​កំហែង​ ​ឬ​ការ​បំភិតបំភ័យ។

លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់។

រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​គ្រោង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ជាង​៥ម៉ឺន​នាក់​សម្រាប់​ការពារ​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា។ ​ចំណែក​កម្លាំង​ជិត​២ម៉ឺន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​ការពារ​ដំណើរការ​នៃ​ការ​ឃោសនា​បោះឆ្នោត ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា៕

XS
SM
MD
LG