មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្លែងនៅថ្ងៃសុក្រនេះថា ក្នុងដំណើរការឃោសនា និងបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ខាងមុខ គ.ជ.ប ជំរុញឱ្យអ្នកសារព័ត៌មានរាយការណ៍ករណីមានការរឹតត្បិតទៅមន្ត្រីរៀបចំការបោះឆ្នោត ដើម្បីសម្រួលដល់ការចុះយកព័ត៌មានរបស់អ្នកសារព័ត៌មានឱ្យបានប្រសើរជាងមុន។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានរៀបចំវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣។
ក្នុងវេទិកានោះក៏មានកិច្ចពិភាក្សាស្តីអំពីក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមរបស់អ្នកកាសែតក្នុងដំណើរការបោះឆ្នោត ដោយមានអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានប្រជាពលរដ្ឋបានលើកឡើងអំពីបទពិសោធន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ពួកគេ។
អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការរើសអើងពីសំណាក់មន្រ្តីអាជ្ញាធរ ហើយមួយចំនួនបានលើកឡើងថា អាជ្ញាធរបានហាមឃាត់ពួកគេមិនឱ្យថតរូប មិនឱ្យថតវីដេអូ និងហាមមិនឱ្យធ្វើបទសម្ភាសន៍ពលរដ្ឋក្នុងបរិវេណមណ្ឌល និងការិយាល័យបោះឆ្នោត ហើយករណីខ្លះមានការសួរនាំអំពីការសម្ភាសប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតជាដើម។
នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត លើកឡើងថា ក្នុងអំឡុងការចុះឈ្មោះ ការឃោសនា និងការបោះឆ្នោត ជារឿយៗលោកតែងសង្កេតឃើញថា ការអនុវត្តនៅតាមទីតាំងការិយាល័យបោះឆ្នោត មានស្តង់ដាខុសៗគ្នា ហើយអ្នកសារព័ត៌មានជាញឹកញាប់រងនូវការឃ្លាំមើល ការសួរនាំ ការថតរូបកាត និងថតរូបអ្នកសារព័ត៌មានពីសំណាក់អាជ្ញាធរ ព្រមទាំងករណីរឹតត្បិតផ្សេងៗទៀត។
លោកបន្ថែមថា សកម្មភាពទាំងនេះជាទម្រង់នៃការបំភិតបំភ័យ និងធ្វើឱ្យប៉ះពាល់ដល់ការធ្វើការងារប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
លោកនិយាយថា៖ «វាប៉ះដល់អារម្មណ៍គាត់ គឺជាទម្រង់ស្រដៀងគ្នានឹងករណីមុន គឺដូចជាការគំរាមកំហែង»។
លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត គឺខុមហ្វ្រែលថ្លែងថា ដើម្បីឱ្យការបោះឆ្នោតមួយប្រព្រឹត្តទៅមានភាពប្រសើរសម្រាប់ការផ្សាយ អ្នកសារព័ត៌មានគួរត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងការិយាល័យ ដោយមិនចាំបាច់មានការស្នើសុំ។ លោកថា សម្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋ ក៏គួរតែត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងការិយាល័យបោះឆ្នោត ដូចនឹងអ្នកសារព័ត៌មានអាជីពដែរ។
កម្ពុជាតែងតែរៀបចំការបោះឆ្នោតថ្នាក់ជាតិដើម្បីជ្រើសរើសតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅរៀងរាល់៥ឆ្នាំម្តង។ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិសម្រាប់អាណត្តិទី៧។
អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)លោក ម៉ុក ដារ៉ា លើកឡើងថា នៅពេលដែល គ.ជ.ប. ចេញបណ្ណសម្រាប់អ្នកសារព័ត៌មានអាជីព គឺមានន័យថាអ្នកសារព័ត៌មានមានសិទ្ធិក្នុងការចូលយកព័ត៌មានក្នុងការិយាល័យបោះឆ្នោត ដោយមិនមានការហាមឃាត់ឡើយ។ លោកថា ករណីនៃការចូលយកព័ត៌មានក្នុងការិយាល័យបោះឆ្នោត គឺត្រូវជូនដំណឹងទៅកាន់ប្រធានការិយាល័យ និងត្រូវអនុវត្តតាមក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលការបោះឆ្នោតទាក់ទិនការរឹតត្បិតមួយចំនួននោះ លោក ម៉ុក ដារ៉ា បញ្ជាក់ថា លោកនឹងនាំយកបញ្ហានេះទៅក្រុមការងាររបស់ គ.ជ.ប.ដើម្បីពិភាក្សា និងណែនាំក្រុមការងារបន្ថែម។
លោកថ្លែងថា៖ «ក្នុងករណីបើមានដូច្នេះមែន យើងខ្ញុំក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងយកគោលគំនិតនេះនៅការបោះឆ្នោតនាឆ្នាំ២០២៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាការបង្ហាត់បង្រៀនដល់ក្រុមទាំងឡាយនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់យើងគ្រប់លំដាប់ហ្នឹង ដើម្បីឱ្យលោកបានជ្រាប បានយល់ដឹងឱ្យច្បាស់ អំពីអ្វីដែលជានីតិវិធី អ្វីដែលជាក្រមសីលធម៌បានកំណត់»។
បើតាមមន្ត្រីជាន់ខ្ពស់គ.ជ.ប.រូបនេះ ក្នុងករណីដែលមានការហាមឃាត់ការចូលយកព័ត៌មាន លោកជំរុញឱ្យអ្នកសារព័ត៌មានទាក់ទងដោយផ្ទាល់ទៅអ្នកនាំពាក្យ និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្ថែមថា៖ «បើសិនជាមានករណីណាមួយដែលមិនប្រក្រតីខុសទៅនឹងបែបបទ និងនីតិវិធី ឬក៏ក្រមសីលធម៌នេះ គឺអ្នកសារព័ត៌មានទាំងអស់ លោកអាចនឹងទំនាក់ទំនងមក គ.ជ.ប. ហើយជាពិសេសគឺទំនាក់ទំនងជាមួយអ្នកនាំពាក្យ គឺឯកឧត្តម ហង្ស ពុទ្ធា តែម្តង គឺលោកអាចធ្វើអន្តរាគមន៍ភ្លាមៗបាន ទាន់ពេលវេលា។ បើមិនដូច្នេះទេ ក៏អាចទំនាក់ទំនងទៅអគ្គលេខាធិការរៀបចំការបោះឆ្នោត ដែលមានឯកឧត្តម ទេព នីថា ដែលលោកជាអ្នកប្រតិបត្តិផ្ទាល់ទៅលើការងារទាំងអស់នេះ»។
ក្នុងចំណុចទី៥នៃក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដែលចេញដោយ គ.ជ.ប. អ្នកសារព័ត៌មានអាចថត និងយកព័ត៌មានអំពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងថតយករូបភាពក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតត្រូវជម្រាបជូនដំណឹងទៅក្រុមចុះឈ្មោះបោះឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត និងគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតជាមុន។ នេះបើតាមក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត៕