ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​វាយ​តម្លៃ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​នៅ​ក្នុង​ការពិភាក្សា​អំពី​បំណុល​ជាតិ​


ប្រធាន​រដ្ឋសភា​John Boehner​​ ជាមួយ​សភាតំណាង​រាស្រ្ត​ផ្សេង​ទៀត​​ នៅក្នុង​វិមាន​​រដ្ឋសភា​​ក្នុង​​រដ្ឋ​ធានី​​ វ៉ាស៊ីនតោន​ ថ្ងៃទី​​១​ ខែ​សីហា​​ ឆ្នាំ​២០១១។
ប្រធាន​រដ្ឋសភា​John Boehner​​ ជាមួយ​សភាតំណាង​រាស្រ្ត​ផ្សេង​ទៀត​​ នៅក្នុង​វិមាន​​រដ្ឋសភា​​ក្នុង​​រដ្ឋ​ធានី​​ វ៉ាស៊ីនតោន​ ថ្ងៃទី​​១​ ខែ​សីហា​​ ឆ្នាំ​២០១១។

នៅ​ក្នុង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ខំ​ងើប​ឡើង​វិញ ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ជូរ​ចត់​ស្តី​ពី​ការ​បង្កើន​កម្រិត​ប្រាក់​បំណុល​ជាតិ។​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ បាន​ចុះ​ហត្ថលេខា​ឲ្យ​ទៅ​ជា​ច្បាប់​នូវ​វិធានការ​សម្រប​សម្រួល​គ្នា​ កាល​ពី​ថ្ងៃ​អង្គារ​ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ សម្រាប់​ឆ្លើយ​តប​និង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ ឲ្យ​មាន​ការ​កាត់​បន្ថយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល។​ ភាគី​ទាំងពីរ​កំពុង​ដក​ដង្ហើម​ធូរ​ស្រាល​ជាង​មុន​ បន្ទាប់​ពី​បាន​បញ្ចៀស​នូវ​ការ​ខក​ខាន​មិន​អាច​សង​ប្រាក់​បំណុល​រួច​ហើយ។​ ប៉ុន្តែ​ ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ដ៏​ខ្លាំង​ក្លា​មួយ​ទៀត​ស្តី​ពី​ទំហំ​របស់​រដ្ឋាភិបាល​កណ្តាល​ នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​តែ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ប៉ុណ្ណោះ។

ការ​ពិភាក្សា​ខាង​នយោបាយ​ស្តី​ពី​ការ​កម្រិត​ប្រាក់​បំណុល​ជាតិ​ បាន​ធ្វើ​ឲ្យ​រដ្ឋធានី​វ៉ាស៊ីនតោន​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​ ហើយ​នៅ​ពេល​ដែល​ភាព​អាប់​អួរ​បាន​បាត់​ទៅ​វិញ​ អ្នក​វិភាគ​នយោបាយ​ភាគ​ច្រើន​បាន​យល់​ស្រប​ថា​ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ចាប់​ផ្តើម​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ បាន​ផ្លាស់​ប្តូរ​ចំណុច​សំខាន់​បំផុត​ខាង​នយោបាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

ក្រុម​អ្នក​សាធារណរដ្ឋ​ជឿ​ថា​ ពួក​គេ​កំពុង​មាន​ទំនោរ​កើន​ឡើង​បន្ទាប់​ពី​បាន​ទាម​ទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​យ៉ាង​គំហុក​ ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​បង្កើន​កម្រិត​បំណុល​អតិបរមា។​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ភាគ​ច្រើន​បាន​ធ្លាក់​ទឹក​ចិត្ត​ ដោយ​មាន​អារម្មណ៍​ថា​ពួក​គេ​បាន​លះបង់​ច្រើន​ពេក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ និង​អាក់​អន់​ចិត្ត​ ដោយ​សារ​លោក​ប្រធានាធិបតី​មិន​បាន​ប្រយុទ្ធ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ក្នុង​ពេល​ចរចា។

ការ​ពិភាក្សា​អំពី​បំណុល​ត្រូវ​បាន​តាម​មើល​យ៉ាង​ដិត​ដល់​ពី​សំណាក់​សាធារណជន​អាមេរិកាំង​ និង​មនុស្ស​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភព​លោក។​ អ្វី​ដែល​ពួកគេ​បាន​មើល​ឃើញ​គឺ​ជា​ការ​បង្ហាញ​ពី​ភាព​គ្មាន​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ការ​អនុវត្តិ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​អាមេរិក។

លោក​ រ៉ូដស៍​ ឃុក​ (Rhodes​ Cook)​ ជា​អ្នក​វិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការ​យក​ព័ត៌មាន​អំពី​ការ​ពិភាក្សា​លើ​គោល​នយោបាយ។

«ខ្ញុំ​គិត​ថា​ វា​ជា​ភាព​អាម៉ាស់​ទាក់​ទង​ទៅ​នឹង​កិត្តិយស​របស់​យើង​នៅ​លើ​ពិភពលោក។​ ប៉ុន្តែ​នេះ​ជា​វិធី​សាស្ត្រ​ដែល​រដ្ឋាភិបាល​របស់​យើង​កំពុង​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​ក្នុង​ពេល​១៥​ឆ្នាំ ឬ​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​គឺ​ជា​ឥរិយាបថ​ភ្នាល់​គ្នា​មួយ​ដែល​មាន​ហនិភ័យ​ខ្ពស់​រវាង​គណបក្ស​ទាំង​ពីរ​ ដែល​ពេល​ខ្លះ​មាន​ភាព​ប្រសើរ​ឡើង​ឬ​ពេល​ខ្លះ​អាច​ធ្ងន់​ធ្ងរ​ជាង​មុន​ និង​ភាព​មិន​អាច​ត្រូវ​រ៉ូវ​គ្នា​បាន​រវាង​សមាជិក​របស់​គណបក្ស​ទាំង​ពីរ​ ដូច​ដែល​ធ្លាប់​មាន​នៅ​ក្នុង​អតីតកាល»។

ម្យ៉ាង​វិញ​ទៀត​ លោក​ ម៉ីកឃី​ អ៊ែដវើដស៍​ (Mickey​ Edwards)​ អតីត​សមាជិក​រដ្ឋសភា​របស់​គណបក្ស​សាធារណរដ្ឋ​ នៃ​រដ្ឋ​អូក្លាហូម៉ា​ (Oklahoma)​ មាន​ប្រសាសន៍​ថា​ បញ្ហា​ដ៏​លំបាក​ទាំង​នេះ​មិន​ងាយ​ស្រួល​ដោះ​ស្រាយ​ដោយ​រដ្ឋសភា​ ដែលតំណាង​សេចក្តី​ប្រាថ្នា​របស់​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​និង​ស្មុគ​ស្មាញ​នេះ​ បាន​ទេ។

«យើង​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ពលរដ្ឋ​ចំនួន​៣០០​លាន​នាក់​ ដែល​មាន​ភាព​ចម្រុះ​គ្នា​ ហើយ​នោះ​គឺ​ជា​របៀប​ដែល​សេចក្តី​សម្រេច​ចិត្ត​សំខាន់​និង​ចម្បងៗ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈ​ការ​តស៊ូ​មតិ​គ្នា។​ នៅ​ទី​បញ្ចប់​ របៀប​នេះ​មាន​ដំណើរការ។​ វា​មិន​កើត​មាន​ឡើង​ភ្លាមៗ​ទេ​ ប៉ុន្តែ​វា​កើត​ឡើង​ក្នុង​ពេល​ណា​មួយ​ និង​មុន​ពេល​ដែល​ការ​ខក​ខាន​មិន​បាន​សង​បំណុល​ណា​មួយ​បាន​កើត​ឡើង»។

ក្រុម​សាធារណរដ្ឋ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ក្លាហាន​ជាង​មុន​ បន្ទាប់​ពី​ការ​បោះឆ្នោត​រដ្ឋសភា​កាល​ពី​ឆ្នាំ​មុន​ ដែល​ពួក​គេ​បាន​ទទួល​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​និង​ទទួល​បាន​អសនៈ​ច្រើន​ជាង​មុន​នៅ​ក្នុង​ព្រឹទ្ធ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​វិធានការ​សម្រប​សម្រួល​បំណុល​ ឲ្យ​ទៅ​ជា​ច្បាប់​រួច​ហើយ​ លោក​ប្រធានាធិបតី ​អូបាម៉ា​ បាន​ផ្តោត​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​បញ្ហា​បង្កើត​ការងារ​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​រីក​លូត​លាស់​ ដែល​កិច្ចការ​ទាំង​ពីរ​នេះ​នឹង​ស្ថិត​នៅ​លើ​ចំណុច​កំពូល​នៃការ​ព្រួយ​បារម្ភ​របស់​ក្រុម​អ្នក​បោះឆ្នោត​ ដែល​កំពុង​ក្រឡេក​មើល​ទៅ​រក​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

ការ​តស៊ូ​តទល់​គ្នា​បន្ទាប់​ស្តី​ពី​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នឹង​កើត​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ នៅ​ពេល​ក្រុម​ពិសេស​របស់​រដ្ឋសភា​ទ្វេ​ភាគី​នឹង​ផ្តល់​អនុសាសន៍​បន្ថែម​ទៅ​លើ​ការ​កាត់​បន្ថយ​ឱនភាព​ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ការ​ប្រយុទ្ធ​គ្នា​ប្រកាន់​គណបក្ស​រៀងៗ​ខ្លួន​ ជា​ថ្មីម្តង​ទៀត។​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​កំពុង​ទទូច​ជា​ស្រេច​ហើយ​ថា​ ការ​បង្កើន​ពន្ធ​គួរ​តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​របស់​ក្រុម​នោះ​ ហើយ​នេះ​ជា​ទស្សនៈ​ដែល​ក្រុម​អ្នក​សាធារណរដ្ឋ​ថ្លែង​ថា​ ពួក​គេ​នឹង​ជំទាស់​យ៉ាង​ខ្លាំង​ក្លា៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG