រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ(Cybersecurity Law) ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានពិភាក្សានៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីសប្តាហ៍មុន។ អ្នកជំនាញធ្លាប់បានវិភាគថាសេចក្តីព្រាងច្បាប់នេះប៉ះពាល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិឯកជនភាព និងបារម្ភអំពីការចែងមិនច្បាស់មួយចំនួនដែលនឹងប៉ះពាល់ដល់អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ។
បើតាមសេចក្តីព្រាងច្បាប់ចុងក្រោយដែលវីអូអេទទួលបាន ច្បាប់នេះកំណត់អំពីវិធាន និងយន្តការគ្រប់គ្រងហានិភ័យសន្តិសុខសាយប័រ ដើម្បីការពារលំហសាយប័រនៅកម្ពុជា ក្នុងគោលបំណងកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់និងបុគ្គលពាក់ព័ន្ធ ដែលមានទាំងវិស័យសាធារណៈនិងឯកជន។
ដើម្បីគ្រប់គ្រង និងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ គណៈកម្មាធិការសន្តិសុខឌីជីថលនឹងត្រូវបង្កើតឡើង។
បើតាមមាត្រា១៤នៃសេចក្តីព្រាងច្បាប់នេះ អង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗក្នុងវិស័យឯកជន ដែលត្រូវអនុវត្តតាមច្បាប់នេះ សំដៅដល់បុគ្គលដែលផ្តល់សេវាពាក់ព័ន្ធនឹងវិស័យថាមពល ដឹកជញ្ជូន ធនាគារនិងហិរញ្ញវត្ថុ សុខាភិបាល ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធនធានធម្មជាតិ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យផ្សេងទៀតដែលកំណត់ដោយបទប្បញ្ញត្តិដោយឡែក។ អង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗត្រូវវាយតម្លៃហានិភ័យសន្តិសុខសាយប័រយ៉ាងតិច១ឆ្នាំម្តង ហើយអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗមិនអាចជួលអ្នកវាយតម្លៃហានិភ័យសន្តិសុខសាយប័រដដែលលើសពី៣ឆ្នាំជាប់គ្នាបានទេ។ អង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗត្រូវផ្តល់របាយការណ៍វាយតម្លៃហានិភ័យសន្តិសុខសាយប័រ និងរបាយការណ៍សវនកម្មសន្តិសុខសាយប័រទៅ អង្គភាពសន្តិសុខសាយប័រក្នុងរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានរបាយការណ៍វាយតម្លៃហានិភ័យសន្តិសុខសាយប័រ និងរបាយការណ៍សវនកម្មសន្តិសុខសាយប័រ។
មាត្រា៤៤ចែងថាត្រូវផាកពិន័យជាប្រាក់ចំនួន២០០លានរៀលឬ៥ម៉ឺនដុល្លារអាមេរិកចំពោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗដែលមិនបានផ្ដល់បាយការណ៍វាយតម្លៃហានិភ័យសន្តិសុខសាយប័រ ឬរបាយការណ៍សវនកម្មសន្តិសុខសាយប័រជូនអង្គភាពសន្តិសុខសាយប័រ។
សេចក្តីព្រាងច្បាប់នេះក៏អនុញ្ញាតឱ្យមានការផាកពិន័យចំពោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗដែលមិនបានធ្វើការកែតម្រូវប្រព័ន្ធគ្រប់គ្រងសន្តិសុខសាយប័ររបស់ខ្លួន តាមការណែនាំរបស់អង្គភាពសន្តិសុខសាយប័រ និងការដែលមិនបានជូនដំណឹងអំពីឧប្បត្តិហេតុសន្តិសុខសាយប័រទៅអង្គភាពសន្តិសុខសាយប័រ។
បើតាមការវិភាគរបស់អ្នកជំនាញនានា ការចែងមិនច្បាស់នេះនឹងផ្តល់«ឆន្ទានុសិទិ្ធទូលាយ»ដល់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ទៅលើវិស័យខុសៗគ្នា។ ការវិភាគផ្សេងៗដោយអ្នកជំនាញជាតិនិងអន្តរជាតិលើសេចក្តីព្រាងច្បាប់នេះដែលវីអូអេទទួលបានបង្ហាញថារដ្ឋាភិបាលអាចយកពាក្យ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ រួមបញ្ចូលកុំព្យូទ័រ ឬប្រព័ន្ធកុំព្យូទ័ររបស់អង្គការសង្គមស៊ីវិល ដែលប្រើប្រាស់សម្រាប់ការងារតស៊ូមតិ។ លើសពីនេះទៅទៀត រដ្ឋាភិបាលក៏អាចបកស្រាយពាក្យ «ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ»ថារួមបញ្ចូលទាំងគេហទំព័រអនឡាញតូចតាច និងអ្នកសរសេរប្លុក ដោយសារតែក្រុមទាំងនេះផ្តល់សេវាពាក់ព័ន្ធនឹងឌីជីថល និងសេវាពាក់ព័ន្ធនឹងសារព័ត៌មាន។
បើតាមការវិភាគ ប្រសិនបើច្បាប់នេះត្រូវអនុវត្ត វាអាចបណ្ដាលឱ្យភាគីពាក់ព័ន្ធដែលជាអង្គការសង្គមស៊ីវិលត្រូវឆ្លងកាត់នីតិវិធីរដ្ឋបាល ឬរដ្ឋាភិបាលអាចស្នើសុំចូលមើលព័ត៌មានរបស់អង្គការ ដោយមិនចាំបាច់មានមូលហេតុពង្រឹងសន្តិសុខសាយប័ររបស់រដ្ឋាភិបាលអ្វីនោះទេ។ សេចក្តីព្រាងច្បាប់នេះផ្តល់សិទ្ធិអំណាចទូលំទូលាយដល់គណៈកម្មាធិការសន្តិសុខឌីជីថល និងមន្រ្តីអធិការកិច្ចសន្តិសុខសាយប័រដែលអាចជាការព្រួយបារម្ភរួមមួយក្នុងការរំលោភសិទ្ធិអំណាចឬការអនុវត្តដែលមានលក្ខណៈរើសអើងចំពោះក្រុមគោលដៅណាមួយ។ នេះបើតាមការវិភាគលើសេចក្តីព្រាងច្បាប់នេះពីអ្នកជំនាញ។
អនុសាសន៍មួយចំនួនត្រូវបានដាក់ទៅរដ្ឋាភិបាល ក្នុងនោះ ត្រូវធានាថាច្បាប់នេះមិនមានវិសាលភាពទូលំទូលាយពេកទេ ហើយគណៈកម្មាធិការសន្តិសុខឌីជីថលដែលជានិយ័តករ ត្រូវជាស្ថាប័នឯករាជ្យពីរដ្ឋាភិបាល។
បើតាមសេចក្តីព្រាងច្បាប់នេះ បុគ្គលណាដែលមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់មន្រ្តីអធិការកិច្ចសន្តិសុខសាយប័រ អាចប្តឹងទៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បុគ្គលនោះអាចប្តឹងទៅយន្តការផ្សេងទៀតរបស់រដ្ឋាភិបាល ឬតុលាការ។
លោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បដិសេធមិនអត្ថាធិប្បាយ ដោយបង្វែរឱ្យសួរអ្នកនាំពាក្យម្នាក់ទៀតលោក លីវ សុផាណារិទ្ធិ វិញ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក លីវ សុផាណារិទ្ធិ បញ្ជាក់ថាមិនមានមាត្រាណាមួយក្នុងសេចក្តីព្រាងច្បាប់ស្តីសន្តិសុខសាយប័រ លើកឡើងប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ឬអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឡើយ។
អ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហួន ផន ប្រាប់វីអូអេថា សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ឬ Cybersecurity law នេះ រដ្ឋាភិបាលគួរតែបញ្ចូលភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនីតិវិធីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់។
លោកថ្លែងថា៖ «ទាក់ទងជាមួយនឹងសេចក្តីព្រាងច្បាប់ហ្នឹងប្រសិនបើវាបានបញ្ចូនភាគីពាក់ព័ន្ធទាំងអស់ស្ថិតនៅក្នុងដំណើរការនីតិវិធី Consultation [ពិគ្រោះយោបល់] ទៅលើសេចក្តីព្រាងច្បាប់ហ្នឹង ខ្ញុំគិតថាវាមានសារៈប្រយោជន៍ ដោយសារភាគីទាំងអស់ជាពិសេសអង្គការសង្គមស៊ីវិល ស្ថាប័នសារព័ត៌មានដែលធ្វើការពាក់ព័ន្ធជាមួយនឹងកិច្ចការងារហ្នឹង គាត់បានយល់ដឹងហើយយកធាតុចូលមួយចំនួនដើម្បីធ្វើឱ្យច្បាប់ហ្នឹងវាមានលក្ខណៈល្អប្រសើរ ហើយនិងបម្រើប្រយោជន៍សាធារណៈ»។
កាលពីខែសីហា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានលើកឡើងថាសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រកំណត់អំពីគោលការណ៍ វិធាន និងយន្តការគ្រប់គ្រង និងថែរក្សាសន្តិសុខសាយប័រនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការតំបន់និងសកលលោក។
ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ រដ្ឋាភិបាលកម្ពុជាក៏កំពុងតែពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសតាមបច្ចេកវិទ្យាព័ត៌មាន និងការការពារទិន្នន័យឯកជន។ អ្នកជំនាញបានរិះគន់សេចក្តីព្រាងច្បាប់ទាំងនេះថាមិនទាន់ស្របតាមស្តង់ដារអន្តរជាតិនៅឡើយទេ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តអនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ» ខណៈមានការព្រួយបារម្ភអំពីការផ្តល់សិទ្ធិអំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិត។ ប្រសិនបើដំណើរការពេញលេញ ច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់កម្ពុជានឹងបញ្ជូនចរាចរណ៍អ៊ីនធឺណិតទាំងអស់តាមច្រកតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ប៉ុន្តែរដ្ឋាភិបាលបានពន្យារពេលអនុវត្ត ដោយមិនកំណត់ ខណៈមានការលើកឡើងថារដ្ឋាភិបាលត្រូវចំណាយថវិកាច្រើនសម្រាប់ការបង្កើតច្រកទ្វារនេះ៕
វេទិកាបញ្ចេញមតិ