ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឯកទេស៖ កម្ពុជា​សល់​ពេល​តិចតួច​សម្រាប់​រៀបចំ​ដំណើរការ​បោះឆ្នោត​ដោយ​ឯករាជ្យ


បាតុករ​​កាន់បដា​ដែល​សរសេរ​ថា «ទាមទារ​ឲ្យ​​កែទម្រង់​​ប្រព័ន្ធ​បោះឆ្នោត»។​
បាតុករ​​កាន់បដា​ដែល​សរសេរ​ថា «ទាមទារ​ឲ្យ​​កែទម្រង់​​ប្រព័ន្ធ​បោះឆ្នោត»។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពេល​វេលា​កំពុង​តែ​ខើចខ្លី​មែនទែន​សម្រាប់​កម្ពុជា​ក្នុង​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​មួយ​និង​រៀបចំ​ការបោះឆ្នោត​ដើម្បី​ស្តារ​ទំនុក​ចិត្ត​អ្នក​បោះឆ្នោត​ក្នុង​ខណៈពេលដែល​គណបក្ស​នយោបាយ​នៅ​មិន​ទាន់​យល់​ស្រប​គ្នា​លើ​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​មួយ​ដើម្បី​ជំនួស​បញ្ជី​បច្ចុប្បន្ន​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ។​

លោក​ឱក សេរីសុភ័ក្រអ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​បាន​បញ្ជាក់​នៅ ក្នុង​កម្មវិធី​ហេឡូវីអូអេប្រចាំ​ខែ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​នៅ​មានការ​ខ្វែង​គំនិត​គ្នា​នៅឡើយ​ទាក់​ទង​នឹង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដោយ​មាន​អ្នកខ្លះលើក​ឡើង​ពី​ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ទាំង​ស្រុង​និង​អ្នកខ្លះ​ទៀត​គ្រាន់​តែ​ចង់​ធ្វើ​បច្ចុប្បន្នភាពលើ​បញ្ជី​ដែលមាន​ស្រាប់។​

លោក​បន្ថែមថា៖​

«រឿង​នេះ​ធំ​ណាស់​បើ​សិន​ជា​បញ្ជី​ឈ្មោះ​មិន​ត្រឹមត្រូវ​មិន​សុក្រិត​ទេការបោះឆ្នោត​ក៏​មិន​អាច​ទទួល​ការទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​បាន»។​

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ដើមឆ្នាំ​២០១៧​និងការ​បោះឆ្នោត​ជាតិ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច​ក្នុង​ពេល​កន្លង​មក។​

ក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខាកំពុង​តែ​ខិតខំ​រៀបចំ​សេចក្តី​ព្រាងច្បាប់​បោះឆ្នោត​ថ្មី​មួយ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​បាន​នាំ​ឱ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​ដែល​ជា​រយៈ​ពេល​យូរ​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឱ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​អនុម័ត​និង​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​ថ្មី​មួយ​ឱ្យ​បាន​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ដើម្បី​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ខាងមុខ។​

លោក​ ឱក សេរីសុភ័ក្រ​ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច។
លោក​ ឱក សេរីសុភ័ក្រ​ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ច។

លោក​សុភ័ក្រ​ក៏​បាន​គាំទ្រ​ឱ្យ​មាន​ការដាក់​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​បញ្ជី​ហើយ​នៅ​តាមប្រព័ន្ធ​អ៊ីនធឺណិត​របស់​គ.ជ.ប​ដើម្បី​បង្កការ​ងាយ​ស្រួល​សម្រាប់​អ្នក​បោះឆ្នោត​អាច​ត្រួតពិនិត្យ​និង​កែសម្រួល​ដោយ​មិន​រង់ចាំ​ដល់​ថ្ងៃ​បោះឆ្នោត​ទើប​ដឹង​ថា​មាន​បញ្ហា​កើត​មានឡើង។

សេចក្តី​ព្រាងច្បាប់​ថ្មី​ដែល​ក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ព្រម​ព្រៀង​ក៏​កំណត់​ថា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិន​ត្រូវ​មាន​សញ្ជាតិ​បរទេស​ក្រៅ​ពី​ខ្មែរ​ទេ។ ប៉ុន្តែ​លោក​ឱក សេរីសុភ័ក្រ​បញ្ជាក់ថា​លោក​មិន​យល់ស្រប​ចំពោះការ​កំណត់​ដូច្នេះទេ៖

«ព្រោះ​អ្នក​ដែល​មាន​សញ្ជាតិ​មួយ​ធ្វើ​បញ្ហា​ខុស​ឆ្គង​មួយ​គំនរ​លើ​ប្រជាពលរដ្ឋ​របស់​យើង​ លើ​ប្រទេស​របស់​យើង​ យ៉ាង​ម៉េច​ក៏យើង​មិន​និយាយផងនៅ​ក្នុង​រឿង​ហ្នឹង? អ្នក​ដែល​មាន​សញ្ជាតិ​ពី​ហើយ​សុខចិត្ត​លះបង់​ស្ថានការណ៍​ល្អនៅ​ទីនោះ ការងារ​ល្អ​នៅ​ទីនោះ​ហើយ​មក​បម្រើ​ជាតិ​នៅ​ក្នុង​រឿង​នេះ...គាត់​បាន​លះបង់​ជាច្រើន​ដើម្បី​មក​ជួយ​ស្រុក​ទេស​ដូច្នេះ​ហើយ​យើង​គួរ​តែ​ទទួល​ស្គាល់​នៅ​ក្នុង​រឿង​នេះ»។​

ក្នុង​ពេល​កន្លង​មក​ក្រុម​អ្នក​តាម​ដាន​ការបោះឆ្នោត​បាន​ស្នើ​ឱ្យ​មាន​ចែង​ក្នុង​ច្បាប់​ដោយ​កំណត់​ថា​សមាជិក​គ.ជ.ប​ត្រូវ​តែ​នៅ​ដាច់​ឯករាជ្យ​ចេញ​ពី​គណបក្ស​ដែល​បានចាត់​តាំង​ខ្លួន​ឱ្យ​មក​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​បោះឆ្នោត​ជាតិ។

ប៉ុន្តែ​លោក​សុភ័ក្រ​បាន​សង្កត់​ធ្ងន់​លើ​យន្ត​ការ​ដែល​មាន​សម្រាប់​សមាជិក​គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ធ្វើ​ការ​តើ​មាន​តម្លាភាព​កម្រិតណា​ក្នុង​ការ​កំណត់​ថា​តើ​ពួកគេ​ធ្វើ​ការ​ដោយ​អព្យាក្រិត​ឬ​ទេ។

លោក​ពន្យល់​ថា​ពេល​បំពេញ​ការងារ​ជាមួយ​គ្នា​ហើយត្រង់​បេះ​ដូង ខួរក្បាល​ និង​សតិសម្បជញ្ញៈ​របស់​សមាជិក​ណាម្នាក់​នៅជាមួយ​ គណបក្ស​ណា​គឺ​ពិបាក​ក្នុង​ការហាម​ឃាត់ប៉ុន្តែ​កិច្ច​ការ​ជា​សាធារណៈ​បម្រើប្រជាពលរដ្ឋ​ដែល​ពួកគាត់​មាន​កាត្វកិច្ច​ត្រូវ​ធ្វើ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​នីតិវិធី​ក្រិត​ក្រម​ច្បាប់​បង្ខំ​ឱ្យ​គាត់ធ្វើ​ឱ្យ​មាន​តម្លាភាព​ដែល​សង្គម​ស៊ីវិល​អាច​ចូល​ទៅ​មើល​បាន​ ដែល​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អាច​ឆែក​បាន​ អាច​ចូល​ទៅ​មើលបាន​ អាច​យក​ព័ត៌មាន​បាន​ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​យក​ព័ត៌មាន​ពីហ្នឹង​បាន​នោះ​គឺ​ជា​កត្តាគន្លឹះ​ក្នុង​ការ​វាយ​តម្លៃ​ស្នាដៃ​របស់​អ្នក​ទាំង​នោះ។

លោក​បានបន្ថែម​ថា៖​

«ការណ៍​ដែល​ធ្វើ​ឱ្យ​មាន​តម្លាភាព​ដែល​ជាគោលការណ៍​ចម្បងមួយ​របស់​អភិបាល​កិច្ច​ល្អត្រង់​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រឹម​ត្រូវ»។​

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​នាពេលបច្ចុប្បន្ន​ទទួល​ការស្តី​បន្ទោស​ថា​លម្អៀង​ទៅរក​គណបក្ស​កាន់​អំណាចក្នុង​ការ​បោះឆ្នោត​កន្លង​មក​ដែល​ធ្វើ​ឱ្យ​មាន​ការ​មិន​សុខចិត្ត​ទទួល​យក​លទ្ធផល​ឆ្នោត៕

XS
SM
MD
LG