ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ក្រុម​ប្រឹក្សា​អណត្តិ​ទីពីរ​ត្រូវ​ធ្វើការបើ​មិន​ចង់​ចាញ់​ឆ្នោត


អង្គ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
អង្គ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អណត្តិ​ទីពីរ​របស់​ក្រុម​ប្រឹក្សា​ធានី ​ខេត្ត​ក្រុង​ ស្រុក​ខណ្ឌដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​ក្នុង​ពេល​ដ៏​ឆាប់ខាង​មុខគឺជា​ពេល​វេលា​ត្រូវ​បំពេញ​ការងារ​ពិត​ប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​បើ​មិន​ដូច្នេះ​ទេ​ អ្នកបោះឆ្នោត​នឹង​មាន​ការខកចិត្ត​ហើយ​ផ្លាស់ប្តូរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ។​

លោកឱក សេរីសុភ័ក្រ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាល​កិច្ចបាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ច័ន្ទថា ​ក្រុមប្រឹក្សា​នឹង​ជួយ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​បម្រើ​តាម​សេចក្តី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន។

លោក​បាន​បន្ថែម​ថា៖​

«ក្រុម​ប្រឹក្សា​នេះ​បង្កើត​ឡើង​ដើម្បី​ឱ្យ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ ទទួល​សំឡេង​ពី​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រាប់​មក​ក្រុម​ប្រឹក្សា​ដូច​ជា​សភាខេត្ត​ឬ​សភា​ស្រុក​អញ្ចឹង​ដែលមាន​តួរនាទី​ពិនិត្យ​មើល​អភិបាល​ខេត្ត​អភិបាល​ស្រុក​ទាំង​អស់​ហ្នឹង​ថា​តើ​នៅ​ពេលដែលលោក​បំពេញ​កិច្ចការតំណាង​រាជ​រដ្ឋាភិបាល​នៅ​ថ្នាក់​ខេត្ត​នៅ ថ្នាក់​ស្រុក​ហ្នឹង​តើ​ពេញ​ចិត្ត​ប្រជាពលរដ្ឋ​ទេ»។​

ការបោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​នេះ​បាន​ធ្វើ​ឡើង​កាលពី ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​ឧសភា​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៥​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាសនៈចំនួន​៣៩៣​នៅ​ថ្នាក់​ខេត្ត​និង​២.៩៣១​នៅថ្នាក់​ក្រុង​ស្រុកខណ្ឌ។

ក្នុង​មួយ​អណត្តិ​កន្លង​មក​មាន​ការ​លើក​ឡើង​ពី​ការខ្វះអំណាច​ក្នុង​ការ​អនុវត្ត​ការងារ​ដោយ​សារ​សមាជិក​ក្រុម​ប្រឹក្សា​ខ្លះ​បែរ​ជា​ខ្លាច​អំណាច​ចៅហ្វាយ​ខេត្ត​និង​ចៅ​ហ្វាយ​ស្រុក​ជាដើម។​

ប៉ុន្តែ​លោក ឱក សេរីសុភ័ក្រ​បញ្ជាក់​ថា​អណត្តិទីមួយ​គឺ​ជា«​អណត្តិ​រៀបចំ» ហើយ​ពេល​វេលា​បានកន្លងផុតទៅ​ហើយ​ដោយ​នៅពេល​នោះនៅ​កន្លែង​ខ្លះ​ស្ទើរ​តែ​មិន​មាន​អគា​សម្រាប់​ក្រុម​ប្រឹក្សា​ធ្វើការ​ផង។ ​

លោក​បាន​បញ្ជាក់ថា​ឆ្លង​តាម​វេទិការ​សាធារណៈ​ប្រជាពលរដ្ឋ​អាច​លើក​ឡើង​ពី​តម្រូវ​ការ​របស់​ពួកគេ​និង​ចោទ​សួរ​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​អំពីការផ្តល់​សេវាកម្ម​យឺតយ៉ាវផ្សេងៗ​ដូច​ជា​ការ​សាង់​សង់​ផ្លូវ សាលារៀន​ និង​ ការជីក​អណ្តូង​ជាដើម។

លោក​សុភ័ក្រ​បាន​បន្ថែម​ថា៖​

«ដូច្នេះ​គណៈ​អភិបាល​ខេត្ត​ គណៈ​អភិបាល​ស្រុក​មិន​អា​ច​ព្រងើយ​កន្តើយ​ទៀតទេ​នៅ​ពេល​ដែល​សំឡេង​ប្រជាពលរដ្ឋ​គាត់​លើក​ឡើង​អញ្ចឹង ព្រោះ​បើ​ព្រងើយ​កន្តើយ​អណត្តិ​ក្រោយ​ចាញ់​ឆ្នោត​ហើយ»។

លោក​សម្តែង​សុទិដ្ឋិនិយម​ថា​នៅ​ពេល​ដែល​កត្តា​ធន​ធាន​មនុស្ស​កាន់​តែ​រីកដុះ​ដាល​ ហិរញ្ញវត្ថុ​កាន់​តែ​ប្រមូល​បាន​នោះ នឹង​អាច​ធ្វើ​ឱ្យ​ដំណើរ​ការ​ពង្រឹង​ការគ្រប់​គ្រងអំណាច​នៅ ថ្នាក់​ក្រោម​ជាតិ​មាន​ដំណើរ​ការ​ទៅ​មុខ​បាន​ដោយ​សារ​តែ​បច្ចុប្បន្ន​កត្តា​ឆន្ទៈ​នយោបាយ​ឃើញ​ថា​មាន​ពី​ថ្នាក់​ជាតិ​រួច​ហើយ។

លោក​មើល​ឃើញ​ថា​តួ​នាទី​របស់​ក្រុម​ប្រឹក្សា​ស្រុក​ធំ​ណាស់ព្រោះ​ក្រុម​ប្រឹក្សា​ឃុំ​ត្រូវ​ការ​ការគាំទ្រ​ពី​ក្រុម​ប្រឹក្សា​ស្រុក​ព្រោះ​មាន​គម្រោង​ធំ​ដែល​ត្រូវ​ការ​ការជួយ​ពី​កម្រិត​ថ្នាក់​ស្រុក​ដូច​ជា​សាលារៀន​ និង​មន្ទីរ​ពេទ្យជាដើម។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ការបោះឆ្នោត​ក្រុម​ប្រឹក្សានៅ​ថ្ងៃ​អង្គារ​ទី​២៧ខែ​ឧសភា​នេះ ដែល​នឹង​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​យ៉ាង​ច្រើន​ដោយ​សារ​តែ​ខ្លួន​មាន​អង្គបោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​លើស​លប់​ហើយ​គណបក្ស​សង្គ្រោះជាតិ​នឹង​ជាប់​លំដាប់​ទីពីរ៕
XS
SM
MD
LG