ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ​សម រង្ស៊ី ​ថា​ នឹង​ចូល​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ ​និង​ស្នើ​ដក​បម្រាម​​​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា


រូបឯកសារ៖ លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សភា​អឺរ៉ុប​ក្នុង​ប្រទេស​ប៊ែលហ្សិក​ កាល​ពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP Photo/Virginia Mayo)
រូបឯកសារ៖ លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សភា​អឺរ៉ុប​ក្នុង​ប្រទេស​ប៊ែលហ្សិក​ កាល​ពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP Photo/Virginia Mayo)

លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​អះ​អាង​ថា​ លោក​នឹង​ធ្វើ​ដំណើរ​មក​ចូល​រួម​សវនាការ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ការពារ​ភាព​ស្អាត​ស្អំ​របស់​លោក។​

លោក​ សម រង្ស៊ី ​ដែល​ប្រឈម​នឹង​ក្តីក្តាំ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហោះ​សារ​បែប​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​អង្គារ។​

លោក ​សម រង្ស៊ី ​បាន​ឲ្យ​ដឹង​ថា លោក​«នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​សវនាការ​តុលាការទី​ក្រុង​ភ្នំពេញ ​ស្រប​តាម​ដីកា​នានា​របស់​តុលាការ​នេះ​ ដូចជា​ដីកា​ចុង​ក្រោយ​បង្អស់​ភ្ជាប់​មក​ជា​មួយ​នេះ» ​ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​មាន​ភាព​ក្លាហាន ​លើក​បម្រាម​ចំនួន​៣​ដែល​ហាម​ឃាត់​រូបលោក។ ​ទីមួយ ​គឺ​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​ដឹក​លោក​ទៅ​កាន់​អាកាសយានដ្ឋាន​ណាមួយ ​នៅ​ប្រទេស​កម្ពុជា។​ ទីពីរ​បម្រាម​ដែល​លោក ​ហ៊ុន សែន ​បាន​ស្នើ​រដ្ឋាភិបាល​ប្រទេស​ថៃ​ហាម​ឃាត់រូប​លោក​មិនឲ្យធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា​តាម​ផ្លូវ​គោក ​ដោយ​ឆ្លង​កាត់​ដែន​ដី​ប្រទេស​ថៃ។ ​ទីបី ​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​មក​ទទួល​ស្វាគមន៍រូប​លោក​ តាម​ការ​ស្ម័គ្រចិត្ត ​នៅពេល​មាតុភូមិ​និវត្តន៍។​

លោក​ សម រង្ស៊ី ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ខ្ញុំ​សង្ឃឹម​ថា​ លោក ​ហ៊ុន សែន​ នឹង​មិន​បង្ហាញ​ពី​ភាព​កំសាក​របស់​គាត់​ទៀត​ទេ​ ដោយ​ហ៊ាន​លើក​បម្រាម​ទាំង៣​ខាង​លើ​នេះ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្ញុំវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ដោយ​សន្តិវិធី ​តាម​ដីកា​កោះ​របស់​តុលាការ​ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ខ្មែរ ​យ៉ាង​ច្រើន​លើស​លប់»។​

លោក ​សម រង្ស៊ី ​បន្ថែម​ថា៖ ​«បើ​លោក​ ហ៊ុន សែន ​មិន​ហ៊ាន​លើក​បម្រាម​ទាំង៣​នេះ​ទេ​គឺ​គាត់​បង្ហាញ​ថា​ គាត់​ខ្លាច​បំផុត​ចំពោះ​វត្តមាន​របស់​ខ្ញុំ ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ ហើយ​គាត់​ជា​មនុស្ស​កំសាក​ដ៏អន់​បំផុត​ ដែលជា​ហេតុ​ធ្វើឲ្យ​គេ​មើល​ងាយគាត់​គ្រប់​គ្នា។ ​ម៉្យាង​វិញ​ទៀត​ គេ​ក៏នឹង​សើច​ចំអក​ឲ្យគាត់​ថែម​ទៀត ​ពីព្រោះ​គាត់​បាន​បញ្ជា​ឲ្យ​តុលាការ​អាយ៉ង​របស់​គាត់​ចេញ​ដីកា​ចាប់​រូប​ខ្ញុំ​យក​ទៅ​កាត់​ទោស​(ទោស​ដែល​ពួក​គាត់​បាន​ប្រឌិត)​ តែ​នៅ​ពេល​ខ្ញុំត្រៀម​ចូល​មក​ប្រទេស​កម្ពុជា​ឲ្យពួក​គាត់​ចាប់​ខ្ញុំ ​ ស្រាប់តែ​គាត់​បែរ​មក​ហាម​ឃាត់​ខ្ញុំ ​ហើយ​បង្ក​ឧប​សគ្គ ​មិន​ឲ្យខ្ញុំធ្វើ​ដំណើរ​មក​ប្រទេស​កំណើត​របស់​ខ្ញុំ​វិញ»។​

ជាមួយ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​លោក សម រង្ស៊ី ​បាន​ភ្ជាប់​ដីកាមួយ ​ដែល​កោះ​ហៅ​រូប​លោក ​និង​សហការី​របស់​លោក​ផ្សេង​ទៀត​ ដូច​ជា​លោក​ អេង ឆៃអ៊ាង ​លោក ឡុង រី ​អ្នកស្រី ​មូរ សុខហួរ ​លោក អ៊ូ ច័ន្ទឫទ្ធិ ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ​នា​ថ្ងៃទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២។​

មេ​ធាវី​ការ​ពារក្តី​ឱ្យលោក​ សម រង្ស៊ី​ គឺ​លោក ​សំ សុគង់​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថា ​តុលាការ​កោះ​ហៅ​លោក​ សម រង្ស៊ី ​ពាក់ព័ន្ធ​ជាមួយ​សំណុំ​រឿង​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នកស្រី​ មូរ សុខហួរ ​អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​កាលពី​ឆ្នាំ២០២០​ ហើយ​អ្នក​ជាប់​ក្នុង​រឿង​ក្តីក្តាំ​នេះ​មាន​ជាង​៣០​នាក់ ​ខណៈ​អ្នក​ខ្លះ​នៅ​ក្រៅស្រុក​ និង​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ។​

បើ​តាម​មេធាវី​ លោក​ សម​ រង្ស៊ី​ ​មាន​សិទ្ធិ​នៅក្នុង​ការ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ ទោះ​ជា​លោក​នៅ​ក្រៅ​ប្រទេស​ ហើយ​តុលាការ​ត្រូវ​តែ​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​ឱ្យរូប​លោក​បាន​ចូល​ខ្លួន​មក​ក្នុង​តុលាការ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា ​បើ​ទាក់​ទង​នឹង​ការ​អនុវត្ត​ច្បាប់​ ទាំង​ច្បាប់​ជាតិ ​ក៏ដូច​ជា​ច្បាប់​អន្តរ​ជាតិ ​គឺ​ជន​ជាប់​ចោទ​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​មាន​វត្ត​មាន​នៅ​ពេល​មាន​សវនាការ។​ ហើយ​បើ​ករណី​ថា​ តុលាការ​គាត់​អនុវត្ត​ច្បាប់ ​ហើយ​គាត់​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ ទោះ​ជា​គាត់​នៅ​ក្រៅ​ប្រទេស​ក៏ដោយ​ ​គួរ​តែ​សម្រួល​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​អាច​មក​អនុវត្ត​សិទ្ធិ​របស់​គាត់​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ដែល​ចុះ​ហត្ថលេខា​លើ​សិទ្ធិពល​រដ្ឋ ​និង​សិទ្ធិ​នយោបាយ»។​

អ្នក​នាំ​ពាក្យគណបក្ស​ប្រ​ជាជន​កម្ពុជា​ លោក​ សុខ ឥសាន ​អះអាង​ថា​ តុលាការ​ និង​រដ្ឋាភិបាល​ជារឿង​ពីរ​ផ្សេង​គ្នា។ ​លោក​បញ្ជាក់​ថា​ បើលោក ​សម រង្ស៊ី ​«ចិត្តសឿង» ​ចូល​មក​កម្ពុជា​មក ​ព្រោះ​រដ្ឋាភិបាល​មិន​បានរារាំង​អ្វី​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ឥឡូវ​២០២២​ហើយ​ ខ្ញុំ​មិន​ឮ​ថា​ រាជ​រដ្ឋាភិបាល​លោក​មាន​ប្រសាសន៍​ថា​ ហាម​ឃាត់​មិន​ឱ្យ​ទណ្ឌិត​នេះ​ចូល​ទេ​ ឬ​មួយ​ហាម​ក្រុម​ហ៊ុន​យន្តហោះ​ណា​មិន​ឱ្យ​ចូល​ទេ»។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ប្លង់ សុផល​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​មីនា ​ឆ្នាំ​មុន​ លោក ​សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ ពី​បទ​ឧបឃាត។ ​លោក​ សម រង្ស៊ី ​ក៏​កំពុងរង​បណ្តឹង​ជា​ច្រើន​ករណី​ផ្សេង​ទៀត​ រួមទាំងសំណុំ​រឿង​ប្រមាថ​ព្រះ​មហាក្សត្រ​ជាដើម៕

XS
SM
MD
LG