ប្រទេសហុងគ្រី កំពុងស្ថិតនៅក្នុងបញ្ជីនៃការព្រួយបារម្ភកាន់តែខ្លាំងរបស់សហភាពអឺរ៉ុប ដែលរួមមានការធ្វើច្បាប់ដ៏ចម្រូងចម្រាសស្ដីអំពីមនុស្សស្រឡាញ់ភេទដូចគ្នា និងការលួចទិន្នន័យរបស់អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយប្រឆាំងជាច្រើននាក់។
ប្រទេសប៉ូឡូញ បានច្រានចោលនូវសេចក្ដីសម្រេចរបស់តុលាការកំពូលសហភាពអឺរ៉ុប ដោយអះអាងថា រដ្ឋធម្មនុញ្ញរបស់ខ្លួនមានអាទិភាពលើទៅច្បាប់នានារបស់សហភាពអឺរ៉ុបដែលខ្លួនបានចូលរួមកាលពីឆ្នាំ ២០០៤ បើទោះបីជាពេលនេះ ប៉ូឡូញហាក់ដូចជាបានដកថយវិញចំពោះការអះអាងបែបនេះក្តី។
ចំណែកនៅភាគខាងជើងហើយពាក់ព័ន្ធនឹងរឿងនយោបាយវិញ រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសដាណឺម៉ាក ក៏កំពុងកើតមានកម្ដៅខាងផ្លូវច្បាប់ទៅលើសេចក្ដីសម្រេចថ្មីៗរបស់ខ្លួនក្នុងការបញ្ជូនជនអន្តោប្រវេសន៍ស៊ីរីរាប់រយនាក់ទៅទីក្រុងដាម៉ាសវិញ។ ការធ្វើដូច្នេះ ត្រូវបានអ្នករិះគន់និយាយថា ប្រទេសនេះ កំពុងរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន ហើយអាចបង្កើតបានជាទម្លាប់ដ៏គ្រោះថ្នាក់មួយសម្រាប់ការបណ្ដេញចេញផ្សេងៗទៀតនាពេលអនាគត។
ស្របពេលជាមួយនឹងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សហភាពអឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញទៅលើការគំរាមកំហែងដែលកើតស្រាប់ នៅខណៈពេលដែលគោលការណ៍គ្រឹះប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សរបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលកើតមាននៅក្នុងប្លុកនេះ។ បញ្ហាប្រឈមទាំងនោះ ត្រូវបានអ្នកឃ្លាំមើលមួយចំនួននិយាយថា ប្លុកដែលមានប្រទេសសមាជិកចំនួន ២៧ នេះ មិនបានត្រៀមខ្លួនជាមុននោះទេ។
ប្រធានាធិបតីបារាំង លោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) កាលពីពេលថ្មីៗនេះ បាននិយាយសំដៅដល់ប្រទេសហុងគ្រី និងប៉ូឡូញ ក្នុងចំណោមប្រទេសផ្សេងទៀត ដោយលោកព្រមានថា ពួកគេកំពុងប្រឆាំងនឹងការអភិរក្សបែបសេរីនិយម ដែលការនេះធ្វើឲ្យខូចនូវតម្លៃរបស់សហភាពអឺរ៉ុប និងតម្លៃស្នូលនៃប្រជាធិបតេយ្យសេរីនិយមរបស់បស្ចឹមលោករាប់សតវត្សរ៍មកហើយ។
លោក Sebastien Maillard នាយកវិទ្យាស្ថាន Jacques Delors មានមូលដ្ឋាននៅទីក្រុងប៉ារីសបានថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យ គឺជារឿងសំខាន់បំផុតនៅសហភាពអឺរ៉ុបតាំងពីដើមរៀងមក»។
លោក ម៉ាក្រុង បានថ្លែងថា៖ «បញ្ហាដែលរដ្ឋជាសមាជិកកំពុងប្រឈមនេះ វាជាការគំរាមកំហែងដ៏ធំមួយ ពីព្រោះសហភាពអឺរ៉ុបបង្កើតឡើងដោយច្បាប់។ ប្លុកនេះគ្មានកងទ័ពទេ ហើយអំណាចតែមួយគត់របស់សហភាពអឺរ៉ុបនោះ គឺអំណាចផ្លូវច្បាប់»។
នៅពេលចម្ងល់ជាច្រើនកំពុងកើតមានថា តើប្លុកនេះមានសមត្ថភាពដោះស្រាយបញ្ហាទាំងនេះបានដោយខ្លួនឯង ឬយ៉ាងណានោះ ពេលនេះសហភាពអឺរ៉ុប កំពុងសម្រួចនូវកិច្ចការពាររបស់ខ្លួន។ ទស្សនាវដ្ដី The Atlantic បានចេញផ្សាយកាលពីឆ្នាំមុនដោយដាក់ចំណងជើងថា «សហភាពអឺរ៉ុបកំពុងសម្លឹងមើល នៅពេលដែលប្រទេសហុងគ្រីកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ» ដោយបានបន្ទរតាមការវិភាគវាយតម្លៃនានា។
អ្នកឃ្លាំមើលមួយចំនួនមើលឃើញថា មេដឹកនាំអឺរ៉ុប កំពុងនិយាយរិះគន់សមាជិកមួយចំនួនដែលប្រឆាំង។ ការរិះគន់នាពេលនេះ មិនសូវធ្លាប់កើតឡើងកាលពីពេលមុនទេ។ គណៈកម្មការអឺរ៉ុប ដែលជាផ្នែកអនុវត្តច្បាប់របស់សហភាពអឺរ៉ុប កំពុងពិចារណលើការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុថ្មី ទៅលើអ្នកល្មើសច្បាប់ចម្បងៗមួយចំនួន។
មិនទាន់គ្រប់គ្រាន់
យ៉ាងណាក៏ដោយ សម្រាប់មនុស្សជាច្រើន ការរិះគន់ទាំងនោះ មិនទាន់គ្រប់គ្រាន់នោះទេ។
លោក Mark Rutte នាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ បានថ្លែងកាលពីខែមិថុនាថា៖ «សម្រាប់ខ្ញុំ សហភាពអឺរ៉ុបមិនមានកន្លែងទំនេរសម្រាប់ទទួលយកប្រទេសហុងគ្រីទៀតទេ»។ ចំណែកលោក Jean Asselborn រដ្ឋមន្ត្រីការបរទេសលុចសំបួ និងជារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបដែរនោះ បានស្នើឲ្យមានការធ្វើប្រជាមតិមួយលើសមាជិកភាពរបស់សហភាពអឺរ៉ុប។
ការស្តីបន្ទោសបន្ទាប់ គឺជាពេលដែលសំដៅទៅលើប្រទេសប៉ូឡូញ ដែលសហភាពអឺរ៉ុបបានដាក់សម្ពាធឲ្យអនុវត្តតាមការសម្រេចរបស់តុលាការកំពូលសហភាពអឺរ៉ុប។ តុលាការនេះ បានវិនិច្ឆ័យក្តីប្រឆាំងទៅនឹងប្រព័ន្ធដាក់ពិន័យចៅក្រមរបស់ខ្លួនដោយបញ្ជាក់អះអាងថា ប៉ូឡូញបានធ្វើឲ្យខូចឯករាជ្យភាពនៃប្រព័ន្ធតុលាការ ឬត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ ដែលវិធានការនេះ អាចនឹងត្រូវបានប្រើប្រាស់ខ្លាំងឡើងទៅលើអ្នករំលោភបំពានច្បាប់ផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍ដដែល។
ប្រទេសប៉ូឡូញ កាលពីដំបូងបានតបតយ៉ាងខ្លាំងទៅលើសេចក្ដីសម្រេចនេះ។ លោក Zbigniew Ziobro រដ្ឋមន្ត្រីយុត្តិធម៌ប៉ូឡូញ បានព្រមាននៅក្នុងកិច្ចសម្ភាសន៍មួយថា ប្រទេសរបស់លោក មិនគួរស្ថិតនៅក្នុងសហភាពអឺរ៉ុបទៀតទេ ទោះក្នុងតម្លៃណាក៏ដោយ ដោយលោកបានចោទប្រកាន់ក្រុមប្រទេសនេះថា បានមួលបង្កាច់បង្ខូចប្រទេសរបស់លោក។ ប៉ុន្តែ កាលពីដើមខែសីហា គឺប៉ុន្មានម៉ោងបន្ទាប់មក លោក Jaroslaw Kaczynski ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី នឹងទម្លាក់ចោលនូវប្រព័ន្ធដាក់វិន័យដែលខ្លួនកំពុងមាន។
កាលពីខែមុន សហភាពអឺរ៉ុបដែលមានស្នាក់ការនៅទីក្រុងប៊្រុចសែល ក៏បានចាប់ផ្ដើមនីតិវិធីតាមផ្លូវច្បាប់ប្រឆាំងនឹងប្រទេសប៉ូឡូញ និងហុងគ្រី ផងដែរ ដោយសារតែប្រទេសទាំងពីរនេះ បានដាក់វិធានការនានាដែលសហភាពអឺរ៉ុបមើលឃើញថា ជាការរំលោភលើសិទ្ធិរបស់មនុស្សស្រឡាញ់ភេទដូចគ្នា។ គោលដៅសំខាន់មួយនៃច្បាប់ថ្មី ហុងគ្រី គឺហាមក្មេងៗមិនទាន់គ្រប់អាយុដឹងពីបញ្ហាមនុស្សស្រឡាញភេទដូចគ្នា។ នៅជំហានដំបូង ប្រទេសហុងគ្រី បានចាប់ផ្ដើមរឹតត្បិតលើសៀវភៅកុមារដែលសរសេរលើកកម្ពស់ខ្លឹមសារស្ដីពីមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា និងមនុស្សកែភេទ។
ទីក្រុងប៊្រុចសែល ក៏ជាជើងឯកចំពោះបញ្ហាជាច្រើនផ្សេងទៀតដែរ។ កាលពីខែមិថុនា មេដឹកនាំអឺរ៉ុបចំនួន ១៧ រូបបានចុះហត្ថលេខាលើលិខិតចំហមួយអំពាវនាវឲ្យប្លុកនេះ ប្រយុទ្ធប្រឆាំងនឹងការរើសអើងលើអ្នកស្រឡាញភេទដូចគ្នា។
លោក Maillard ដែលជាអ្នកវិភាគ បានថ្លែងដូច្នេះថា៖ «ខ្ញុំមិនដែលឃើញលិខិតដែលប្រមុខដឹកនាំរដ្ឋ ឬរដ្ឋាភិបាល ធ្លាប់ធ្វើបែបនេះទេ ពីមុនមក។ ក្រុមមេដឹកនាំទាំងនេះ មិនចូលចិត្តធ្វើដូច្នេះទេ តែពេលនេះពួកគេបានធ្វើ»។
គណៈកម្មការអឺរ៉ុប ក៏កំពុងស៊ើបអង្កេតការចោទប្រកាន់អំពីកម្មវិធីលួចទិន្ន័យអនឡាញរបស់ប្រទេសអ៊ីស្រាអែល ទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់សហភាពអឺរ៉ុបផងដែរ។ មានតែប្រទេសហុងគ្រី តែមួយគត់ដែលជារដ្ឋសមាជិកហើយត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងការស៊ើបអង្កេតដ៏ទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយ ដោយគេសង្ស័យថា ហុងគ្រី គឺជាអ្នកដែលប្រើប្រាស់កម្មវិធីកុំព្យូទ័រមួយឈ្មោះថា Pegasus។
លោក Scott Marcus គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ច Bruegel មានមូលដ្ឋាននៅទីក្រុងប៊្រុចសែល។ លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំរំពឹងថា អ្វីៗនឹងកើតមានឡើងនៅទីនេះ ប៉ុន្តែខ្ញុំមិនប្រាកដថា ក្នុងកម្រិតណានោះទេ។ ចំពោះប្រទេសហុងគ្រី រឿងនេះប្រហែលជាត្រូវគេដាក់បញ្ចូលទៅលើបន្ដឹងជាច្រើនផ្សេងទៀត។ ដូច្នេះ ខ្ញុំមិនគិតថា វាអាចធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពដែលកើតមាននោះច្រើនទេ»។
ការដាក់ពិន័យផ្នែកហិរញ្ញវត្ថុ
គណៈកម្មការអឺរ៉ុប បានចេញផ្សាយរបាយការណ៍ស្ដីពីនីតិរដ្ឋមួយសម្រាប់ខែកក្កដា ដែលរបាយការណ៍នោះ គឺជាឯកសារស្ដីអំពីការវាយតម្លៃរបស់រដ្ឋសមាជិកប្រចាំឆ្នាំ ដែលផ្សព្វផ្សាយកាលពីឆ្នាំមុន។ របាយការណ៍នោះ បានរៀបរាប់អំពីក្ដីកង្វល់ជាច្រើនអំពីប្រទេសប៉ូឡូញ និងហុងគ្រី នៅលើទិដ្ឋភាពជាច្រើនដូចជា សេរីភាពសារព័ត៌មាន ឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងអំពើពុករលួយ។ របាយការណ៍នោះសរសេររិះគន់លើរដ្ឋផ្សេងទៀត រួមមានរដ្ឋសមាជិកមកពីភាគខាងលិច ដូចជា អូទ្រីស និងអ៊ីតាលី បើទោះបីជាការរិះគន់នេះមានទំហំស្រាលជាងក្តី។
រឿងដាច់ដោយឡែកមួយទៀត មេធាវីការពារសិទ្ធិមនុស្សកំពុងគំរាមថា ពួកគេនឹងចាត់វិធានការផ្លូវច្បាប់ទៅលើរដ្ឋាភិបាលប្រទេសដាណឺម៉ាកដែលដឹកនាំដោយក្រុមឆ្វេងនិយម ចំពោះកិច្ចប្រឹងប្រឹងរបស់រដ្ឋាភិបាលក្នុងការព្យាយាមបញ្ជូនជនជាតិស៊ីរីស្វែងរកសិទ្ធិជ្រកកោន ត្រឡប់ទៅទីក្រុងដាម៉ាសវិញ ដោយដាណឺម៉ាកអះអាងថា ទីនោះមានសុវត្ថិភាពហើយ ប៉ុន្តែការអះអាងបែបនេះត្រូវបានអង្គការការពារសិទ្ធិមនុស្សច្រានចោល ដូចជាអង្គការលើកលែងទោសអន្តរជាតិ Amnesty International ជាដើម។
គណៈកម្មការអឺរ៉ុបត្រូវគេរំពឹងថា នឹងប្រើអំណាចហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការដាក់លក្ខខណ្ឌលើជំនួយសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅប្រទេសជាច្រើន។ ប៉ុន្តែមនុស្សមួយចំនួនជឿថា វិធានការបែបនេះមិនទាន់គ្រប់គ្រាន់ទេ។ ស្របពេលជាមួយគ្នានេះ លោកស្រី Vera Jourova អនុប្រធានគណៈកម្មការអឺរ៉ុប ហាក់ដូចជាមិនយល់ព្រមលើការដាក់លក្ខខណ្ឌដើម្បីទទួលបានអ្វីមួយ ជាថ្នូរនឹងការបញ្ចេញថវិការាប់ពាន់លានដុល្លារ ទៅក្នុងមូលនិធិស្ដារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩នោះទេ។
លោកស្រីថ្លែងប្រាប់កាសែតបារាំង Le Monde ដូច្នេះថា៖ «ខ្ញុំមិនគិតថា ថវិកានេះគួរត្រូវបានប្រើប្រាស់ដើម្បីជាការបង្ខិតបង្ខំនោះទេ»។
បទវិចារណកថាដាច់ដោយឡែកមួយទៀតរបស់កាសែត Le Monde សរសេរថា សហភាពអឺរ៉ុបគួរតែបញ្ចប់នូវភាពខ្វះគតិបណ្ឌិតបែបនេះទៅ (អគតិ)។ បទវិចារណកថានោះ គាំទ្រដល់វិធានការដែលមានភ្ជាប់លក្ខខណ្ឌ ប៉ុន្តែជំរុញឲ្យមានវិធានការខ្លាំងក្លាប្រឆាំងនឹងការរំលោភបំពានច្បាប់ រួមមានទាំងទណ្ឌកម្មប្រឆាំងនឹងបុគ្គលដែលមានបានដោយអំពើខុសច្បាប់ពីថវិការបស់សហភាពអឺរ៉ុប។
អ្នកវិភាគនិយាយថា ជម្រើសដ៏តឹងរ៉ឹងមួយទំនងជាមិនអាចកើតមានទេ បើទោះជាវាមានលទ្ធភាពអាចកើតមានក្ដី។ គ្មានយន្តការណាសម្រាប់បណ្ដេញសមាជិកដែលមិនគោរពវិន័យនោះទេ ហើយកិច្ចប្រឹងប្រែងព្យួរសិទ្ធិបោះឆ្នោតរបស់សមាជិកនោះ អាចនឹងជួបការលំបាក។ លើសពីនេះទៀត បន្ទាប់ពីការចាកចេញរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប មិនមានបំណងធ្វើឲ្យអន់ថយដល់ឋានៈភាពរបស់ខ្លួនទៀតទេ។ ការដាក់ទណ្ឌកម្មទៅលើប្រជាជាជនទាំងមូលនៃប្រទេសណាមួយ ជាជាងអនុវត្តចំពោះតែរដ្ឋាភិបាលណាមួយនោះ ក៏រឹតតែមិនយុត្តិធម៌ទៅទៀត។
អ្នកវិភាគគឺលោក Maillard បានថ្លែងសំដៅទៅលើនាយករដ្ឋមន្ត្រីហុងគ្រីថា៖ «លោក Viktor Orban នឹងមិនស្ថិតក្នុងតំណែងរហូតទេ។ ដូច្នេះ ខ្ញុំមិនគិតថា ការគំរាមកំហែងបែបនេះ អាចជួយអ្វីបានទេ។ យើងត្រូវតែមានសាមគ្គីភាពចំពោះភាពចម្រុះ និងភាពខុសគ្នារបស់យើង»៕
ប្រែសម្រួលដោយលោក នៀម ឆេង