អ្នករំលោភសិទ្ធិមនុស្ស នឹងប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរចូលទឹកដីអឺរ៉ុប ក្រោមច្បាប់ថ្មីមួយដែលអនុម័តដោយសហភាពអឺរ៉ុប។
ច្បាប់ ដែលគេហៅថាជាច្បាប់ Magnitsky នេះ មានឈ្មោះជាផ្លូវការថា វិធីដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបលើផ្នែកសិទ្ធិមនុស្ស (EU Human Rights Global Sanctions Regime)។ ច្បាប់នេះ នឹងសំដៅលើអ្នកដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ការធ្វើទារុណកម្ម ឃាតកម្មនយោបាយ និងការឃុំខ្លួនដោយបំពាន។
សហភាពអឺរ៉ុបនឹងអនុម័តច្បាប់នេះជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ដែលត្រូវនឹងទិវាសិទ្ធិមនុស្សពិភពលោក។
លោក Bill Browder អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនគ្រប់គ្រងមូលធន Hermitage (Hermitage Capital Management) ដែលបានធ្វើយុទ្ធនាការឲ្យមានការអនុវត្តច្បាប់ស្រដៀងគ្នានេះ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក បាននិយាយថា វាជាជំហានដ៏ធំមួយ នៅពេលដែលសហភាពអឺរ៉ុបអនុម័តច្បាប់នេះ។
លោក Browder បានប្រាប់ VOA ថា៖ «យើងមានប្រទេស ២៧ [ជាសមាជិកសហភាពអឺរ៉ុប] ហើយប្រទេសមួយចំនួនក្នុងចំណោមនោះ ជាប្រទេសដែលមេដឹកនាំផ្ដាច់ការ និងមេដឹកនាំលួចជាតិ ចូលចិត្តមកទស្សនា»។
លោក Browder បានបន្ថែមថា៖ «ប្រសិនបើច្បាប់ Magnitsky របស់សហភាពអឺរ៉ុបនេះត្រូវបានអនុវត្ត និងអនុវត្តបានទូលំទូលាយ នោះខ្ញុំគិតថា វានឹងមានឥទ្ធិពលខ្លាំងទៅលើឥរិយាបទរបស់អ្នករំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោក»៕