ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចក្រភព​អង់គ្លេស​ជជែក​ដេញ​ដោល​អំពី​ការ​អនុម័ត​ច្បាប់ Magnitsky ដើម្បី​ដាក់​ទោស អ្នក​រំលោភ​សិទ្ធិ​មនុស្ស

  • Henry Ridgwell

ស្រ្តី​ម្នាក់​កាន់​រូប​លោក​មេធាវី Sergei Magnitsky ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។

អ្នក​តំណាង​រាស្រ្ត​របស់​អង់គ្លេស​កំពុង​ជជែក​ដេញ​ដោល​គ្នា ​លើ​ច្បាប់​ដែល​​​ស្រដៀង​នឹង​ច្បាប់ Magnitsky របស់​សហរដ្ឋ​អាមេរិក​ ដែល​អនុញ្ញាត​ឲ្យ​តុលាការ​ដាក់​បម្រាម​មិន​ឲ្យ​ផ្ដល់​ទិដ្ឋាការ និង​ការ​ចាយ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​រុស្ស៊ី​រូប​ណា ដែល​ត្រូវ​​គេ​ចោទ​ប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ស្លាប់​របស់​លោក​មេធាវី​ Sergei Magnitsky កាលពី​ឆ្នាំ២០០៩។ ចាប់​តាំង​ពី​ពេល​នោះ​មក ច្បាប់​របស់​អាមេរិក ​ក៏​បាន​រួម​បញ្ចូល​ជន​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។ ការ​ដាក់​​សម្ពាធ​​​កំពុង​តែ​កើន​ឡើង​លើ​បណ្ដា​ប្រទេស​នៅ​ក្នុង​សហគមន៍​​អឺរ៉ុប​ ឲ្យ​ធ្វើ​​​តាម​​​​​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស។

លោក​មេធាវី Sergei Magnitsky បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​មូស្គូ​មួយ​ ក្នុង​ឆ្នាំ២០០៩ បន្ទាប់​ពី​លោកបាន​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ ដោយ​គ្មានការ​ជំនុំជម្រះ។ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ទុច្ចរិត ប៉ុន្តែ​ អ្នក​គាំទ្រ​របស់​លោក​និយាយ​ថា លោក​ត្រូវបាន​ប្រទេស​រុស្ស៊ី​តាម​ប្រមាញ់​ បន្ទាប់​ពី​លោក ​Sergei Magnitsky ​បាន​រកឃើញ​បទ​ល្មើសឆបោកដែល​មាន​ទឹក​ប្រាក់​ចំនួន២៣០​លាន​ដុល្លារ​ ដោយមន្ត្រីជាន់​ខ្ពស់ជាច្រើន​ ដោយ​ប្រើ​សាខា​ក្រុមហ៊ុន​នៅ​ក្រោម​មូលនិធិ​វិនិយោគ Hermitage Capital។

ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​បាន​សន្និដ្ឋាន​ថា លោក​ Sergei Magnitsky ​ត្រូវ​បាន​ឆ្មាំ​យាម​ពន្ធនាគារ​ ៨នាក់​ធ្វើ​ទារុណកម្ម​នៅ​ថ្ងៃ​ដែល​លោក​ស្លាប់។ មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​នោះ​ទេ។


លោក Bill Browder អគ្គនាយក​របស់​ក្រុមហ៊ុន Hermitage Capital បាន​តស៊ូ​មតិ​រហូត​ទទួល​បាន​ជោគជ័យ ​ដើម្បី​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់ Magnitsky ក្នុង​ច្បាប់​អាមេរិក ដោយ​ច្បាប់​នេះ​កំណត់​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក និង​ការ​ស្លាប់​របស់​លោក​មេធាវី Sergei Magnitsky។ ឥឡូវ​នេះ​ លោក Browder កំពុង​តស៊ូ​មតិ​ដើម្បី ​ឲ្យ​មាន​ច្បាប់ស្រដៀងគ្នានេះដែរ​ ​អនុម័ត​នៅ​ចក្រភព​អង់គ្លេស។ លោក​បាន​ប្រាប់​ VOA ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​បញ្ហា​នេះ។

«កត្តា​ចង្អុល​បង្ហាញ​ទាំង​អស់​គឺ​ថា យើង​មាន​ក្រុម​ដ៏​ខ្លាំង​មួយ​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ជាច្រើន​ក្នុង​ចំណោម​គណបក្ស​ធំៗ​ទាំង​អស់»។​

លោក Browder និយាយ​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅក្នុងប្រទេស​អ៊ុយក្រែន និង​ប្រទេសស៊ីរី​ កំពុង​តែ​ជំរុញ​ឲ្យ​លោក​ប្រឹងប្រែង​កាន់​តែ​ខ្លាំងថែម​ទៀត។

លោក Browder ថ្លែងថា៖​ «សកម្មភាព​របស់​រុស្ស៊ី​ក្នុង​រយៈពេល​២ឆ្នាំកាន់តែ​រីក​រាលដាល​ដែល​វា​អាច​បញ្ចុះបញ្ចូល​សាខា​ប្រតិបត្តិ​ផ្សេងៗដែល​យល់​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ ត្រូវ​តែអនុវត្ត​»។​

ការ​ស្នើ​ច្បាប់ Magnitsky ​របស់​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​គេ​ជជែក​ដេញ​ដោល​ ខណៈ​ដែល​មាន​វិសោធនកម្មច្បាប់​មួយឲ្យទៅ​ជា​ច្បាប់​មួយ​កាន់តែទូលាយ ដែលគេហៅថាច្បាប់ព្រហ្មទណ្ឌហិរញ្ញវត្ថុ។ លោក Andrew Foxall ជា​ប្រធាន​កម្មវិធី​រុស្ស៊ីរបស់ក្រុម​អ្នក​វិភាគ​មួយ​ដែល​មាន​ឈ្មោះ​ថា Henry Jackson Society។

លោក Foxall និយាយថា៖ «អ្វី​ដែល​ប្រទេស​អង់គ្លេសព្យាយាម​ធ្វើ​គឺ​ពង្រីក​វិសាលភាព​នៃ​ច្បាប់​ពាក់ព័ន្ធ​នឹង​លោក Magnitsky ឲ្យចូល​ក្នុង​បរិបទ​សាកល​មួយ​»។

លោក Browder​ និយាយ​ថា អ្នក​ណា​ក៏​អាចស្នើ​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​ក្រោម​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នេះ ធ្វើ​ឲ្យ​ច្បាប់​នេះ​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច​មួយ។

«ភាគី​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល អាច​នឹង​ត្រូវ​ទៅ​តុលាការ​ជាមួយ​នឹង​មេធាវីស្ម័គ្រចិត្ត ហើយ​អាច​ទៅ​ស៊ើប​រកជន​ទុច្ចរិត​ណា​មួយ​ និង​ទទួលការ​ចាត់តាំង​ពី​តុលាការ ដោយ​ឯករាជ្យ​ភាពទាំង​ស្រុង​ពីរដ្ឋាភិបាល។ ​

ក្រុង​ឡុងដ៍ ជា​ផ្ទះ​ដែល​ពេញ​និយមទី​២​របស់​អ្នក​មាន​អំណាច​ជាច្រើន ​មក​ពី​ប្រទេសរុស្ស៊ី និង​អតីត​រដ្ឋ​សូវៀត ដែលមួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​ពុករលួយ។

លោក Andrew Foxall និយាយ​ថា៖ «ទីភ្នាក់ងារ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ជាតិ ​ឬ The National Crime Agency​ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ ​ទ្រព្យ​សម្បត្តិ លើស​ពី ១០០ ពាន់​លាន​ផោន ឬ ១២៣​ ពាន់​លាន​ដុល្លារ ​នៃ​ប្រាក់​ពុក​រលួយ ​ឆ្លងកាត់ចក្រភព​អង់គ្លេស»។

តំណាង​រាស្រ្ត​នឹង​បោះឆ្នោត​លើ​វិសោធនកម្ម​នៅ​ក្នុង​សប្ដាហ៍​ខាង​មុខ។ អ្នក​គាំទ្រច្បាប់​នេះ​សង្ឃឹម​ថា ការ​អនុម័តច្បាប់​នេះ​នឹង​អាច​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​ឲ្យ​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG