មេដឹកនាំសហភាពអ៊ឺរ៉ុបលោក Donald Tusk បានអំពាវនាវទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ឲ្យរក្សាទំនាក់ទំនងជាមួយប្រទេសនានានៅសងខាងមហាសមុទ្រអាត្លង់ទិកដែលមានជាយូរមកហើយ ដែលនាពេលថ្មីៗនេះបានកើនឡើងភាពតានតឹងកាន់តែខ្លាំង ចាប់តាំងពីលោក Trump ប្រកាសយកពន្ធពាណិជ្ជកម្មលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមមក។
លោក Tusk បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហែលស៊ិនគី ប្រទេសហ្វាំងឡង់កាលពីថ្ងៃពុធថា «ជាជាងមានភាពប្រថុយប្រថាននៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលលោក Trump ហាក់ដូចជាចង់បង្កើតឡើងនោះ យើងគួរតែខិតខំស្វែងរកកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោក Trump នៅតែបន្តមិនអើពើទៅនឹងការតវ៉ាប្រឆាំងពីខាងក្រៅប្រទេស និងនៅក្នុងគណបក្សសាធារណៈរបស់លោក ដោយលោកបានបង្ហោះសារថា «យើងមិនអាចបិទភ្នែកនិងបណ្តោយឲ្យពាណិជ្ជកម្មអយុត្តិធម៌កើតឡើងមកលើប្រទេសរបស់យើងបានទេ»។
លោក Trump នៅតែបន្តសម្រេចយកពន្ធទៅលើផលិតផលនាំចូលទាំងនេះថាជាការចាំបាច់ដើម្បីការពារសន្តិសុខសហរដ្ឋអាមេរិក ប៉ុន្តែលោកស្រី Cecilia Malmstrom គណៈកម្មការពាណិជ្ជកម្មសហភាពអ៊ឺរ៉ុបនិយាយថាការអះអាងដូច្នេះរបស់លោក Trump គ្រាន់តែជាលេសមួយប៉ុណ្ណោះ។ លោកស្រីបានថ្លែងថា «យើងសង្ស័យថាការសម្រេចដូច្នេះរបស់សហរដ្ឋអាមេរិកគឺមិនមែនដោយសារហេតុផលការពារសន្តិសុខជាតិទេ ប៉ុន្តែដោយសារតែការពារសេដ្ឋកិច្ចរបស់ខ្លួនទៅវិញទេ»៕