ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

EU​និង​កម្ពុជា​​ពិភាក្សា​​​​ពី​​ពន្ធ​អនុគ្រោះ​ EBA


រូបឯកសារ៖ លោកស្រី ​សេស៊ីលៀ ម៉ាលស្ត្រុម ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ ក្រោយ​ពី​អាមេរិក​ប្រកាស​យក​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង ប៊្រុចសែល កាល​ពី​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ២០១៨។ (AP/Virginia Mayo)

តំណាង​សហភាព​អឺរ៉ុប​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃ​ច័ន្ទពី​លទ្ធភាព​ដកឋានៈ​អនុគ្រោះ​ពន្ធ​ បើសិន​ជា​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មិន​ល្អ​ប្រសើរ​ឡើងវិញទេ។​

លោកស្រី ​សេស៊ីលៀ ម៉ាលស្ត្រុម (Cecilia Malstrom) ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​តាម​សារ​ធ្វីតថឺ (Twitter) ពី​ជំនួប​ជាមួយ​នឹង​លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ ប៊្រុចសែល​ ប្រទេស ​ប៊ែលហ្ស៊ិក​ ថា​៖

«យើង​បាន​ពិភាក្សា​ពី​កិច្ច​ព្រមព្រៀង​EBA ​និង​លទ្ធភាព​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ។ ដោយ​បាន​បញ្ជាក់​ពី​ការព្រួយ​បារម្ភ​របស់​យើង​ពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ។ សហភាពអឺរ៉ុប​នៅ​បន្ត​ច្រក​ចរចា​បើក​ចំហ​ដដែល‍»។​

រីឯ​លោក ​ប្រាក់ សុខុន ក៏បាន​បញ្ជាក់​តាម​ទំព័រហ្វេសប៊ុក​របស់​លោក​ដែរ​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី សេស៊ីលីលៀ ម៉ាលស្រ្តុម ស្នងការ​ពាណិជ្ជកម្ម​សហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំលើកទី២២ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប នៅទីក្រុង ប៊្រុចសែល ដែរ​។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ទេ។​

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរ​ការ​ពិនិត្យ​មើល​លទ្ធភាព​ដក​ឋានៈ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»(EBA) ​តាំងពីខែ​តុលា​មក​ដោយ​សារតែការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ក្រោយពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង បង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គមស៊ីវិល​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខែកក្កដា​ ឆ្នាំ​២០១៨។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​ជាងគេ​បំផុត​របស់​កម្ពុជា​ហើយ ការអនុគ្រោះពន្ធ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈ​ពេល​៣ឆ្នាំ​ដោយ​សារ​តែ​បរិមាណ​នាំ​ចូល​មាន​ការកើនឡើង​ច្រើន ដែលការណ៍​នេះធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បង់​ពន្ធ​ចំនួន​៥០​លានដុល្លារ​ក្នុង​មួយឆ្នាំៗ៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG