ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថា​ កិច្ចប្រជុំ​កំពូល​ចិន​និង​សហភាព​អឺរ៉ុប​​គឺ​​ដើម្បី​សម្រេច​បាន​​ភាព​​ស្មើ​គ្នា


រូបឯកសារ៖ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen បន្លឺកណ្ដឹងដើម្បីបង្ហាញពីការចាប់ផ្តើមនៃកិច្ចប្រជុំគណៈកម្មាធិការនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen បន្លឺកណ្ដឹងដើម្បីបង្ហាញពីការចាប់ផ្តើមនៃកិច្ចប្រជុំគណៈកម្មាធិការនៅទីស្នាក់ការកណ្តាលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នក​ស្រី​ Ursula von der Leyen​ និយាយកាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ គោល​បំណងដ៏​សំខាន់​នៃកិច្ចប្រជុំកំពូល​របស់​សហភាព​អឺរ៉ុបជាមួយ​ប្រទេស​ចិនក្នុង​រដ្ឋធានី​ប៉េកាំង​នៅ​ខែ​ក្រោយ​នេះ គឺ​ដើម្បី​សម្រេច​បាននូវ​ភាព​ស្មើគ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្មពាក់ព័ន្ធ​នឹង​ការ​ធ្វើអន្តរាគមន៍​ទី​ផ្សារ។ នេះ​បើ​តាមសេច​ក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​។

អ្នក​ស្រី​ Von der Leyen ​បាន​លើក​ឡើង​ដោយ​ទាញ​ឧទាហរណ៍​មួយមក​បញ្ជាក់​ថា​ ការ​បញ្ចេញ​សមត្ថភាព​ហួសហេតុ​របស់​ចិន លើ​វិស័យ​បច្ចេកវិជ្ជា មាន​កំណត់​ថានឹង​ធ្លាក់​កាន់តែអាក្រក់​ជាង​មុនជាមួយ​នឹង​ការ​នាំចេញ​របស់​ខ្លួន​ ​ខណៈ​ដែល​សេដ្ឋកិច្ចរបស់​ចិនកំពុង​មានការ​ធ្លាក់​ចុះ ដែលការណ៍​នេះ​ធ្វើ​ឱ្យ​ទី​ផ្សារ​អឺរ៉ុប​មាន​ភាព​ច្របូក​ច្របល់​ខ្លាំង​ ​ដែល​តំបន់​អឺរ៉ុប​មិន​អាច​ទទួល​យក​បាន។​

អ្នកស្រី​និយាយ​ថា​ ទំហំ​ពាណិជ្ជកម្មដែលលើស​ចំនួន​កំណត់​របស់​ចិន​ជាមួយ​សហភាព​អឺរ៉ុប​ មានកម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រកាល​ពី​ឆ្នាំ​ទៅ​ គឺប្រមាណ​ក្រោម៤០០​ពាន់លាន​អឺរ៉ូ​បន្តិច ឬ​ប្រមាណ​ ៤៣៦,៩៦​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​ស្រី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ប្រទេស​ចិន​ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ថា៖

«​យើង​មិនទទួល​យក​អន្តរាគមន៍​ទី​ផ្សារ​ពី​ខាងក្នុង ហើយ​ក៏​មិន​ទទួល​យក​ពីក្រៅ​ដែរ»។​ ​អ្នក​ស្រី​កត់​សម្គាល់​ថា​ ដូច្នេះ​ហើយ​ បាន​ជា​សហភាព​អឺរ៉ុប​ ​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ លើ​ការ​នាំ​ចូល​រថយន្ត​ប្រើ​អគ្គិសនី​របស់​ចិន​ ដោយ អ្នកស្រី​បន្ថែម​ថា៖ «អឺរ៉ុប​បើក​ចំហ​ការ​ប្រកួត​ប្រជែង ​ប៉ុន្តែ​មិនមែន​ដើម្បី​ខ្លួន​ធ្លាក់​ចុះ​ទេ​»​។

អ្នក​ស្រី Von der Leyen ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ បើ​ទោះ​បី​ជា​សហភាព​អឺរ៉ុបការពារផល​ប្រយោជន៍​របស់​ខ្លួន​ក៏​ដោយ​ ក៏​ខ្លួន​នឹងប្រឹង​ប្រែងដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​ប្រទេស​ចិន តាម​រយៈ​ការ​សន្ទនា​គ្នា​ ឧទាហរណ៍ក្នុង​ជំនួបកំពូល​របស់​ខ្លួន​ជា​មួយ​ចិន ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៧​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ខាង​មុខ​នេះ​ ​ដែល​ព្រឹត្តិការណ៍​នេះ​នឹង​កើត​មាន​ឡើងក្រោយកិច្ចប្រជុំរវាង​ប្រធានា​ធិបតី​អាមេរិក​លោក​ Joe Biden​ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​សប្តាហ៍​នេះ៕

XS
SM
MD
LG