ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា​ថ្លែង​ការពារ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ចិន


លោក​ សុខ សុភ័ក្រ្ត​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «លទ្ធផលបញ្ចប់​នៃ​កិច្ចចរចាបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​ ចិន FTA​» ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ​២០២០។​ (អូន ឆេងប៉រ/វីអូអេ)

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្លែង​ការពារ​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា ​ ហើយ​កម្ពុជា​មិន​ខាត​បង់​ទៅ​ប្រទេស​ចិន​នោះ​ទេ ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ខុស​គ្នា​ដែល​ការ​នាំចូល​របស់​ចិន​មក​កម្ពុជា​មាន​ទឹក​ប្រាក់​៧ដង​ច្រើន​ជាង​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេសចិន។​

កាល​ពី​ឆ្នាំ​២០១៩​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​ប្រមាណ​១ពាន់​លាន​ដុល្លារ​ ហើយ​ចិន​នាំ​ចូល​មក​កម្ពុជា​វិញ​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អាមេរិក ​ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​កម្រិត​១០​ពាន់​លាន​ដុល្លារ ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ។​

កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន​ទើប​នឹង​ត្រូវ​បាន​បិទ​បញ្ចប់​សព្វ​គ្រប់​នូវ​ដំណាក់​ការ​ចរចា​តាក់​តែង​ដែល​ចំណាយ​ពេល​៦​ខែ ​ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ ​នា​ខែ​សីហា​ខាង​មុខ​នេះ។ ​នេះ​បើ​តាម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក​សុខ សុភ័ក្រ្ត ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ ​ជា​ឱកាស​កម្រ​មួយ​ ហើយ​និង​មាន​ប្រយោជន៍​ខ្លាំង ដែល​នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​កើន​ឡើង ​ ​ហើយ​ប្រជាជន​កម្ពុជា​នឹង​មាន​ការងារ​ធ្វើ។ ​ លោក​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ប្រយោជន៍​ដល់​កម្ពុជា​បន្ថែម​អ្វី​ដែល​ចិន​បាន​ផ្តល់​ដល់​អាស៊ាន​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ព្រមព្រៀង​អាស៊ាន​ចិន​ដែល​មាន​ស្រាប់។​

«យើង​អត់​ទៅ​សុំ​អ្វី​ដែល​ចិន​បាន​ឲ្យ​ទៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ចិន​ហ្នឹង​រួច​ទៅ​ហើយ​ទេ ព្រោះ​អាហ្នឹង​របស់​យើង​បាន​ទៅ​ហើយ។​ អ៊ីចឹង​យើង​ត្រូវ​ចរចា​បន្ថែម​ពី​លើ​មុខ​ទំនិញ​ដែល​យើង​អាច​នាំ​ចេញ​បាន»។​

លោក​ សុខ សុភ័ក្ត្រ​ បាន​ថ្លែង​បន្ថែម​ថា៖​ «ព្រោះ​អា​នេះ​ជា​ឱកាស​កម្រ​មាន​ណាស់។ ​ កិច្ច​ព្រម​ព្រៀង​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ប្រវត្តិ​សាស្រ្ត​ទី​មួយ​ ដែល​កម្ពុជា​បាន​ធ្វើ​ទ្វេ​ភាគី ​ មិន​មែន​ជា​កិច្ច​ព្រម​ព្រៀង​ធម្មតា​ទេ​ គេ​ហៅ​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​ហើយ​ដែល​មាន​លក្ខណៈ​គ្រប់ជ្រុង​ជ្រោយ​ហើយ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន​ណាស់»។​

រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​រូប​នេះ​បាន​ថ្លែង​បន្ត​ថា៖​ «ផ្អែក​ទៅ​លើ​ហ្នឹង ​យើង​មើល​ទៅ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​[មាន​ទំហំ​ប្រជាជន]​ធំ​បំផុត​ ក្នុង​ពិភពលោក​ទាំង​មូល ​ទោះបី​ជា​មាន​នយោបាយ ​និន្នាការ​នយោបាយ​ខុស​គ្នា​ពី​ចិនក៏​ដោយ​ តែ​តែង​តែ​ធ្វើ​សហ​ប្រតិបត្តិការ​ ហើយ​និង​លួង​លោម​ដើម្បី​ឱ្យ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ព្រម​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី»។​

បើ​តាម​ការ​បង្ហាញ​ជា​បឋម​របស់​លោក​សុខ សុភ័ក្ត្រ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌មាន​រាប់​សិប​នាក់ ​កម្ពុជា​អាច​នាំ​ចេញ​ផលិត​ផល​ប្រមាណ​៣៤០​មុខ​ទំនិញ​លើស​ពី​ផលិត​ផល​ចិន​និង​អាស៊ាន​ធ្លាប់​ឯកភាព​គ្នា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​យើង​ផ្តល់​ទៅ​ចិន​ តែ​ចំនួន​៩០​ភាគ​រយ​នៃ​មុខ​ទំនិញ​ដែល​យើង​ផ្តល់​ទៅ​ចិន។​តែ​ចិន​បាន​ឲ្យ​មក​យើង​វិញ​ ប្រហែល​ជា​៩៨​ភាគ​រយ​ ដែល​ខ្ញុំ​និយាយ​ថាលើស​៣០០​ជាង​មុខ។ ​ហ្នឹង ជា​ចំណុច​សំខាន់​គន្លឹះ​មែន​ទែន»។​

ការចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ ដែល​ជា​កិច្ចព្រម​ព្រៀង​ទ្វេភាគី​ដំបូង​របស់​កម្ពុជា​ជាមួយ​រដ្ឋ​បរទេស​នេះ​បាន​ចំណាយ​ពេល​៦​ខែ​ពី​ខែ​មករា​មក​បិទ​បញ្ចប់​នៅ​ខែ​កក្កដា​ឆ្នាំ​២០២០​នេះ។​

ទំនិញ​ដែល​ចុះ​ពន្ធ​ទៅ​ដល់​សូន្យ​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​ចុះ​ហត្ថលេខា ​មាន​ដូច​ជា​ម្រេច ​ ម្ទេស​ក្រៀម ​ ផ្លែឈើ ​ បន្លែ ត្រី​សាច់​ ស្លឹក​ខ្ទឹម ​គុជ​ខ្យង ​សត្វ​រស់ ​ផលិត​ផល​ធ្វើ​ពី​ត្រី​សាច់ ​ រុក្ខ​ជាតិ​ ជា​គ្រាប់​ធញ្ញជាតិ​ កែ​ច្នៃ ​ គ្រឿង​កំប៉ុង​ជាដើម។ លោក​បញ្ជាក់​ថា​ កម្ពុជា​អាច​ផលិត​របស់​ទាំង​នេះ​បាន ​តាម​រយៈ​សិប្បកម្ម​កែ​ច្នៃ​និង​សហគ្រាស​ធុនតូច​និង​មធ្យម។​

ប្រទេស​ទាំង​ពីរ​ត្រូវ​ការ​រយៈ​ពេល​មួយ​ដើម្បី​កាត់​បន្ថយ​ពន្ធគយ​ដល់​សូន្យ ​ក្នុង​រយៈ​ពេល​ពី​៥​ទៅ​២០​ឆ្នាំ។​នេះបើ​តាម​លោក​សុខ សុភ័ក្រ្ត ​ដែល​បាន​បន្ថែម​ថា​ចិន​បាន​កំណត់​កូតា​នៃ​ការ​នាំ​ចេញ​អង្ករ​ គឺ​ថា​ ប្រសិន​បើ​កម្ពុជា​នាំ​ចេញ​អង្ករ​លើស​ពី​៤០​ម៉ឺន​តោន​ នោះ​នឹង​ជាប់​ពន្ធ​មួយ​ចំនួន។​ចំណែក​ការ​នាំ​ចេញ​កៅស៊ូ​ ក៏​ដូច​គ្នា​ដែរ​បើ​លើស​ពីកូតា​កំណត់​នឹង​ជាប់​ពន្ធ។​

លោក​បន្ត​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ប៉ះពាល់​សហគ្រាស​ធុន​តូច​និង​មធ្យម​(SME)​នោះ​ទេ ​ ហើយ​ពាណិជ្ជ​កម្ម​សេរី​នេះ​ក៏​មិន​ប៉ះពាល់​ចំណូល​ពន្ធ​របស់​កម្ពុជា​ដែរ។​

លោក​សុខ សុភ័ក្រ្ត​បាន​ថ្លែង​បន្ត​ថា​បន្ទាប់​ពី​ចុះ​ហត្ថលេខា​រដ្ឋាភិបាល​នឹង​បញ្ជូន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​ទៅ​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ​និង​សម្រេច​ហើយ​នឹង​មាន​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ច្បាប់​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​នេះ​ត្រឹម​ខែ​មករា​ឆ្នាំ​២០២១។​

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​ការ​ដក​ដោយ​ផ្នែក​នៃ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ ក្នុង​ការ​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ​ឆ្នាំ​២០២០ ​ខាង​មុខ ​ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ នឹង​នាំ​ឲ្យ​កម្ពុជា​ខាត​បង់ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ហើយ​កម្មករ​រាប់ម៉ឺន​នាក់​ប្រឈម​នឹង​ការ​បាត់បង់​ការងារ។​

ការ​ឈាន​ទៅ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​នេះ ​ធ្វើ​ឡើង​ដោយសារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

ទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​និង​ការ​ចាប់​ផ្តើម​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ចិន​នេះ​លោក សុខ សុភ័ក្រ្ត​ ថ្លែង​ថា៖​ «ឥឡូវ​សួរ​ថា​ ស្រប​ពេល​គ្នា​ហ្នឹង ​មហា​មិត្ត​ចិន​ជួយ​យើង​ដើម្បី​ស្រង់​EBA​ឬ​ក៏​អត់ ​ ​អា​នេះ​ទុក​កាត់​សេចក្តី​ខ្លួន​ឯង​ទៅ!»​

ការ​នាំចេញ​សំខាន់​របស់​កម្ពុជា​ ទៅ​ទីផ្សារ​អឺរ៉ុប​គឺ​ផលិត​ផល​វាយនភ័ណ្ឌ​ពី​វិស័យ​កាត់ដេរ។ ​ មន្ត្រី​នានា​មិន​បាន​បញ្ជាក់​ទេ​ ថា ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ផលិត​សម្លៀក​បំពាក់​ដែរ​នោះ​នឹង​ជួយ​កុម្ម៉ង់​ទិញ​ប៉ះប៉ូវ​ទំហំ​ដែល​ធ្លាក់​ចុះ​ពី​ទីផ្សារ​អឺរ៉ុប​ឬ​យ៉ាង​ណា​នោះ​ទេ។​

លោក​បណ្ឌិត​ យ៉ង សាំងកុមារ​ អ្នក​ជំនាញ​ខាង​កសិកម្ម​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ មាន​ប្រសាសន៍​ថា​ ​កម្ពុជា​ត្រូវ​មើល​សក្តានុពល​នៃ​ផលិត​ផល​អ្វី​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​នេះ ​ហើយ​ផលិត​ផល​ទាំង​នោះ​មាន​ច្រើន ​ដូច​ជា​អង្ករ​ ស្វាយ​ចន្ទី ​និង​ដំឡូង​មី​ជា​ដើម។​

ប៉ុន្តែ​អ្នក​នយោបាយ​ដែល​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​កសិកម្ម​រូប​នេះ ​បាន​ចោទ​សួរ​ថា​ ​តើ​ប្រទេស​ចិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ដោយ​សេរី ​មិន​យក​ពន្ធគយ​ ឬ​កំណត់​ជា​កូតា​សម្រាប់​ប្រទេស​កម្ពុជា។​

«ឥឡូវ​ខ្ញុំ​សួរ​សំណួរ​សំខាន់​មួយ​ថាតើ​ចិន​ហ៊ាន​បើក​ឲ្យ​ខ្មែរ​នាំ​ចេញ​អង្ករ​ដោយ​សេរី​អត់​ទៅ​ចិន?​ក្នុង​ពាណិជ្ជ​កម្ម​សេរី​មាន​ចែង​អំពី​អាហ្នឹង​អត់?​ឬ​ក៏​នៅ​កំណត់​កូតា​ដដែល? តើ​ខ្មែរ​អាច​នាំ​ស្វាយ​ចន្ទី​ទៅ​ចិន​ដោយ​សេរី​បាន​អត់? ​ ខ្មែរ​អាច​នាំ​ម្រេច​ជា​សេរី​ទៅ​ចិន​បាន​អត់?​ របស់​ណា​ដែល​ខ្មែរ​មាន ​ដែល​ខ្មែរ​សំបូរ​ ហើយ​ចិន​អត់។ ​ការ​ចរចា​ពាណិជ្ជ​កម្ម​សេរី វា​មិន​មែន​ជា​ឱសថ​ទិព្វ​អី ដែល​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ខ្មែរ​ទេ។​វា​អាច​ជា​ថ្នាំ​ពុល​ដែរ។​វា​អាច​ជា​ឱសថ​ផង ជា​ថ្នាំ​ពុល​ផង។​តែ​សំខាន់​លើ​យើង​ទេ ​ថា​ យើង​ខ្លួន​យើង​មាន​ស្អី ​ដែល​យើង​គិត​ថា​ទាមទារ​ឲ្យ​យើង​នាំ​ចូល​ស្រុក​គេ​ដោយ​សេរី។ ​អាហ្នឹង​មាន​នៅ​ឬ​គ្រាន់​តែ​ជា​ផែន​ការ​ទេ?»​

បើ​តាម​លោក​ យ៉ង សាំង​កុមារ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​កសិកម្ម​តូច​តាច​ អាច​ទទួល​បាន​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ថ្មី​ថ្មោង​នេះ ​ រដ្ឋាភិបាល​ត្រូវ​ណែនាំ​បណ្តុះ​បណ្តាល ​និង​ចង់​បណ្តាញ​ពួក​គេ ​ដើម្បី​ធានា​ថា​ ផលិត​ផល​របស់​ពួកគេ​តិច​តួច​ត្រូវ​បាន​ប្រមូល​ ហើយ​យក​ទៅ​លក់​ទៅ​ក្រៅ​ប្រទេស​បាន​ តាម​ស្តង់​ដារ​ដែល​ត្រូវការ។​

លោក​បណ្ឌិត​ Jayant Menon ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ ​Yusof Ishak ​បាន​លើក​ឡើង​ថា​ បរិស្ថាន​បើក​ចំហ​នៃ​សេដ្ឋកិច្ច​កម្ពុជា ​ដែល​មាន​រនាំង​ពន្ធ​គយ​ទាប ​បាន​បើក​សេរី​សម្រាប់​ទំនិញ​ចិន​រួច​មក​ហើយ ​ម៉្លោះ​ហើយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​ចិន​នេះ​នឹង​បើក​ទ្វារ​កាន់​តែ​ធំ​សម្រាប់​ទំនិញ​កម្ពុជា​អាច​ចូល​ទៅ​កាន់​ទីផ្សារ​ចិន។​ លោក​ថ្លែង​ថា៖ «វា​ក៏​អាច​ជួយ​ពង្រឹង​ពូន​ជ្រុំ​ទំនាក់​ទំនង​ការទូត​និង​នយោបាយ​ទ្វេ​ភាគី​ផង​ដែរ»។​

សេដ្ឋវិទូ​រូប​នេះ​បាន​បន្ថែម​ប្រាប់​VOA​តាម​សារ​អេឡិច​ត្រូនិក​ថា៖​

«យ៉ាងណា​ក្ដី​ ខ្លឹមសារ​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ណា​ក៏​ដោយ​ គួរ​តែ​ត្រូវ​បាន​សិក្សា​ដោយ​ប្រុង​ប្រយ័ត្ន ​ព្រោះ​វា​ក៏​អាច​បម្រើ​មុខ​ងារណា​មួយ​ដែល​មិនមាន​ទាក់ទង​នឹង​សេដ្ឋកិច្ច។ កម្ពុជា​គួរ​សម្លឹង​បន្ត​ធ្វើ​ពិពិធកម្ម​(បង្កើន​ចំនួន​ជម្រើស)​នូវ​លំហូរ​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ​របស់​ខ្លួន​ ដើម្បី​ធានា​ថា​ សេដ្ឋកិច្ច​ប្រទេស​មិន​ពឹង​ពាក់​ជ្រុល​លើ​ដៃគូ​ពាណិជ្ជ​កម្ម​តែ​មួយ​ឬ​តែ​មួយ​ចំនួន​តូច​នោះ​ទេ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG