ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបលោកJean-François Cautain បានរិះគន់អំពើនិទណ្ឌភាពនៅប្រទេសកម្ពុជានិងភាពលំអៀងក្នុងប្រពន្ធ័យុត្តិធម៌ស្របពេលដែលប្រទេសកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោកJean-François Cautain បានថ្លែងដូច្នេះកាលពីថ្ងៃពុធទី១០ធ្នូ នៅក្នុងសន្និសិទកាសែតមួយក្នុងទីក្រុងភ្នំពេញ។
មន្ត្រីជាន់ខ្ពស់សហគមន៍អឺរ៉ុបដដែលបានលើកករណីពីរមកធ្វើការប្រៀបធៀបគ្នា។នោះគឺឃាតករដែលបាញ់សម្លាប់កម្មករ និងបាតុករក្នុងការតវ៉ាក្រោយពីការបោះឆ្នោតកាលពីដើមឆ្នាំ២០១៤មិនត្រូវបានវែកមុខ ប៉ុន្តែបែរជាអាជ្ញាធរចាប់ក្រុមអ្នកតវ៉ាដោយសារបញ្ហាដីធ្លីយកមកកាត់ទោសយ៉ាងឆាប់រហ័សដោយគ្រាន់តែចោទពួកគេថាបានបិទផ្លូវសាធារណៈ។
លោកJean-François Cautain លើកឡើងថាយុត្តិធម៌ក្នុងករណីពីរនេះមានភាពផ្ទុយគ្នាស្រឡះ។
«មនុស្សមួយចំនួនត្រូវបាននាំខ្លួនឡើងតុលាការនិងត្រូវបានផ្តន្ទាទោស។ដោយឡែកករណីស៊ើបអង្កេតនៃសំណុំរឿងនៃប្រជាពលរដ្ឋត្រូវបានបាញ់និងសម្លាប់ក្នុងការធ្វើបាតុកម្មកាលពីខែមករា យុត្តិធម៌យឺតណាស់។ ខ្ញុំគិតថាមានភាពបញ្ច្រាសគ្នាយ៉ាងច្បាស់»។
មានសកម្មជនដីធ្លីសរុបជាងដប់នាក់ត្រូវបានចាប់ខ្លួននិងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំនិងពិន័យជាប្រាក់ពីរលានរៀល ឬស្មើនឹងប្រមាណ៥០០ដុល្លារអាមេរិកក្នុងម្នាក់ៗកាលពីខែមុន។ប្រជាពលរដ្ឋជាប់ចោទទាំងនេះគឺជាអ្នកតវ៉ាយ៉ាងស្វិតស្វាញប្រឆាំងនឹងការរំលោភលើដីកម្មសិទ្ធិរបស់ពួកគេនិងដើម្បីឲ្យមានការដោះស្រាយការរស់នៅរបស់ពួកគេឲ្យបានសមរម្យ។
ភាគច្រើននៃប្រជាពលរដ្ឋទាំងនោះមកពីសហគមន៍បឹងកក់ដ៏ល្បីល្បាញ មកពីសហគមន៍បុរីកីឡានិងថ្មគោល។ការចាប់ខ្លួនធ្វើឡើងក្រោយពីពួកគេធ្វើការតវ៉ាដោយប៉ុនប៉ងបិទមហាវិថីព្រះមុន្នីវង្សនិងក្រោយពីពួកគេធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសកម្មជនដីធ្លីនៅបឹងកក់។
លោកJean-François Cautain បានលើកពីកង្វល់របស់សហគមន៍អឺរ៉ុបទៅកាន់រដ្ឋាភិបាលខ្មែរចំពោះការចាប់ខ្លួនទាំងនេះផងដែរ។
«ខ្ញុំគិតដូចដែលលោកស ខេង ត្រូវស្រង់សម្តីដោយប្រពន្ធ័ផ្សព្វផ្សាយអញ្ចឹងថាការផ្តន្ទាទោសប្រជាពលរដ្ឋដែលបានបិទផ្លូវធ្ងន់ធ្ងរពេក។»
លោកធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកក៏បានលើកករណីបាញ់សម្លាប់បាតុករកាលពីដើមឆ្នាំនិងការដាក់ទោសសកម្មជនដីធ្លីចុងក្រោយនេះដែរ។
លោកធន់ សារ៉ាយ ចាត់ទុកថានេះគឺជាអំពើនិទណ្ឌភាពនិងជាអំពើអយុត្តិធម៌សង្គមមួយដែលបានរាលដាល។លោកបានផ្តល់ឧទាហរណ៍មួយចំនួនដែលយុត្តិធម៌មិនមានភាពស្មើគ្នា។
«ឥឡូវចាប់តែអ្នកធ្វើបាតុកម្ម ប៉ុន្តែអ្នកបាញ់សម្លាប់គេអត់បានរក។នេះជាបញ្ហាអយុត្តិធម៌ ភាពមិនស្មើគ្នានៅចំពោះមុខច្បាប់។ខ្ញុំសង្កេតឃើញមិនមែនមានតែប៉ុណ្ណឹងទេ។ដូចជាអ្នកមានអំណាចធំដូចជាលោកខាំ ភឿន អតីតចៅហ្វាយខេត្តរតនគីរីគ្រាន់តែបានកាត់ទោសប៉ុន្តែចាប់មនុស្សមិនបាន។ដូចជាករណីនៅខេត្តស្វាយរៀងជាដើម។ប្រជារាស្ដ្រក្រីក្រ គ្មានអំណាចប្តឹងដើម្បីការពារដីធ្លីគ្មានអ្នកណាដោះស្រាយទេ។ប៉ុន្តែបើក្រុមហ៊ុនទៅឈូសឆាយដាំដោយបំពាន(លើដីប្រជាជន)ហើយគ្នា (ប្រជាជន)គ្រាន់តែកាច់កៅស៊ូបន្តិចដល់ក្រុមហ៊ុនប្តឹងគាត់វិញគាត់ជាប់គុក។យើងសង្កេតឃើញមានច្រើននៅគ្រប់កន្លែង»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីលើកឡើងថាគេមិនអាចយកករណីនិមួយៗមកបកស្រាយនោះទេ។ ហើយលោកបន្ថែមថាសំណុំរឿងឃាតកម្មលើបាតុករកាលពីដើមឆ្នាំនៅតែបន្តនៅឡើយ។
«ករណីនោះមិនទាន់បិទទេ។ហើយករណីឃាត់ខ្លួនអ្នកធ្វើបាតុកម្ម ឬ សកម្មភាពដទៃទៀតដែលមិនត្រូវបានអនុញ្ញាតដោយច្បាប់ជាករណីដាច់ដោយឡែក។អង្គហេតុនិងអង្គច្បាប់នៅក្នុងសាច់រឿងពីរនេះខុសគ្នា»។
បន្ថែមពីនោះលោកផៃ ស៊ីផាន អះអាងថារដ្ឋាភិបាលនៅបន្តពង្រឹងប្រពន្ធ័យុត្តិធម៌បន្ថែមទៀតនៅឡើយ៕