រដ្ឋាភិបាលកម្ពុជាកំពុងតែពន្លឿនទៅមុខនូវសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលអ្នកជំនាញបារម្ភថាអាចត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិបន្ថែមទៀត ខណៈការបង្រ្កាបលើក្រុមជំទាស់ក្នុងប្រទេសកំពុងបន្តកើតឡើង។
សេចក្តីព្រាងច្បាប់នេះជាច្បាប់ទី ៣ ដែលរដ្ឋាភិបាលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគ្រប់គ្រងសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិតបន្ថែមទៀត។
បើយោងតាមសេចក្តីព្រាងច្បាប់ចុងក្រោយដែលវីអូអេទទួលបាន សេចក្តីព្រាងនេះមាន ៥៥មាត្រា ហើយបញ្ចូលមាត្រាដែលមានភាពចម្រូងចម្រាសមួយចំនួនដែលដាក់ទោសទណ្ឌជាប់ពន្ធនាគារផងដែរ រួមការបរិហារកេរ្តិ៍ ការប្រើប្រាស់ពាក្យសម្តីប្រមាថ ការចែករំលែកព័ត៌មានមិនពិត និងការចែករំលែករូបភាពអាសអាភាសជាដើម។
មាត្រា ៤៣ ចែងថា ការអះអាងបំផ្លើសឬទម្លាក់កំហុស ដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិស័ព្ទនៃបុគ្គលឬស្ថាប័នតាមបច្ចេកវិទ្យា ត្រូវពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។ ក្នុងករណីការប្រព្រឹត្តអំពើនេះបង្កឱ្យកើតមានព្យសនកម្មធ្ងន់ធ្ងរដល់ជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ។ ចំណែកមាត្រា ៤៤ ពាក់ព័ន្ធនឹងបទជេរប្រមាថចែងថា ការប្រើគ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយឬគ្រប់ពាក្យទ្រគោះតាមបច្ចេកវិទ្យាព័ត៌មាន ត្រូវពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។ ក្នុងករណីការប្រព្រឹត្តអំពើនេះបង្កឱ្យកើតមានព្យសនកម្មធ្ងន់ធ្ងរដល់ជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ។
មាត្រា ៤៩ ចែងថាការផ្សព្វផ្សាយឬការចែកចាយព័ត៌មានមិនពិត តាមបច្ចេកវិទ្យាព័ត៌មានដែលមានចេតនាបណ្តាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ប្រពៃណីជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៥០លាន ទៅ ១០០លានរៀល។ សេចក្តីព្រាងច្បាប់នេះក៏ចែងអំពីការសមគំនិតនៅក្នុងការចូលរួមទៅក្នុងក្រុមប្រមូលផ្តុំឬទៅក្នុងសន្ទិដ្ឋិភាព ឬការឃុបឃិតគ្នាជាសម្ងាត់ ដែលជាបទចោទមួយទៅលើមេដឹកនាំគណបក្សជំទាស់ លោក កឹម សុខា។
ចំណែកមាត្រា ៤០ ចែងថា ការផ្សព្វផ្សាយពាណិជ្ជកម្មនូវផលិតផលឬសេវាកម្ម ដោយមានការបង្ហាញរូបភាពអាសអាភាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០លាន ទៅ ២០លានរៀល។
ប្រសិនបើអនុម័ត ច្បាប់នេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរប្រមូល និងកត់ត្រាចរាចរណ៍ទិន្នន័យភ្លាមៗ នៅពេលមនុស្សត្រូវបានស៊ើបអង្កេតពីបទឧក្រិដ្ឋណាមួយ។
អ្នកជំនាញផ្នែកសិទ្ធិឌីជីថល និងអ្នកជំនាញផ្នែកច្បាប់ដែលបានពិនិត្យសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ និយាយថា សេចក្តីព្រាងច្បាប់នេះមានការចែងដោយប្រើពាក្យស្រពេចស្រពិល ការដាក់ទោសទណ្ឌទៅលើការប្រើប្រាស់ពាក្យសម្តីយ៉ាងទូលំទូលាយ និងកង្វះការការពារសម្រាប់ប្រជាពលរដ្ឋ ដែលទាំងនេះវាមិនគោរពតាមស្តង់ដារអន្តរជាតិ។ អ្នកជំនាញបន្ថែមថា វាអាចផ្តល់ឱ្យរដ្ឋាភិបាលប្រើប្រាស់ច្បាប់នេះជាឧបករណ៍បន្ថែមក្នុងការដាក់ទោសអ្នកជំទាស់ សមាជិកក្រុមជំទាស់ ស្រ្តី និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
អ្នកស្រី Kian Vesteinsson អ្នកវិភាគជាន់ខ្ពស់ផ្នែកស្រាវជ្រាវសម្រាប់បច្ចេកវិទ្យានៃអង្គការ Freedom House ថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះនឹងផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចបន្ថែមទៀត ដើម្បីតាមដាននិងចាប់អ្នកដែលបញ្ចេញមតិជំទាស់។
អ្នកស្រីប្រាប់វីអូអេថា៖ «ការចែងមិនច្បាស់ជុំវិញការបរិហារកេរ្តិ៍ ការប្រមាថ និងព័ត៌មានមិនពិតនឹងបង្កើតជាលក្ខខណ្ឌដែលនាំឱ្យមានការបំពាន ហើយយើងដឹងថាអាជ្ញាធរកម្ពុជាបានបង្កើតនូវការចែងអំពីបទឧក្រិដ្ឋស្រពេចស្រពិលស្រដៀងគ្នានៅក្នុងបរិបទផ្សេងទៀត»។
លោក Daron Tan អ្នកប្រឹក្សាផ្នែកច្បាប់អន្តរជាតិនៃគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) និយាយថា ការចែងអំពីការបរិហារកេរ្តិ៍ និងការចែករំលែកព័ត៌មានមិនពិត មិនអនុលោមតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជាជាប្រទេសហត្ថលេខី ហើយគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានលើកឡើងយ៉ាងច្បាស់ហើយថា ការដាក់ទោសទណ្ឌពន្ធនាគារមិនត្រឹមត្រូវឡើយសម្រាប់ការបរិហារកេរ្តិ៍។
លោកថ្លែងថា៖ «វាជាជំហានមួយដែលស្ថិតក្នុងទិសដៅខុសតែម្តង។ យើងបារម្ភជាខ្លាំងថា នេះនឹងក្លាយជាច្បាប់បន្ថែមទៀតដែលរដ្ឋាភិបាលអាចប្រើប្រាស់ប្រឆាំងនឹងអ្នករិះគន់»។
លោក ជា ពៅ ស្នងការរងនគរបាលជាតិ និងជាអតីតប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលទទួលច្បាប់នេះ ថ្លែងថា សេចក្តីព្រាងច្បាប់នេះមិនរឹតត្បិតសិទ្ធិពលរដ្ឋឡើយ ហើយនិយាយថា ក្រុមហ៊ុនអាមេរិកដែលចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នេះ ហើយមិនបានលើកឡើងអំពីការព្រួយបារម្ភណាមួយឡើយ។
លោកប្រាប់វីអូអេថា៖ «បើសិនយើងនិយាយដោយមានភស្តុតាង មានអ្នកណាគេថាអី។ តែបើយើងអត់ភស្តុតាង យើងបរិហារកេរ្តិ៍ អាហ្នឹងច្បាប់មានទាំងព្រហ្មទណ្ឌមកហ្នឹង។ និយាយសាមញ្ញយើងអត់រឹតត្បិតទេ យើងតម្រង់ឱ្យគាត់ចូលជួរ។ គេអត់ហៅថារឹតត្បិតទេអាហ្នឹង»។
ក្រុមហ៊ុន Google Meta និង Amazon ដែលរដ្ឋាភិបាលបាននិយាយថាចូលរួមក្នុងការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ មិនបានឆ្លើយតបនឹងសំណួររបស់វីអូអេឡើយ។
អ្នកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ ថ្លែងថាសេចក្តីព្រាងច្បាប់នេះអាចនាំទៅដល់ការរំលោភសិទ្ធិបន្ថែមទៀតប្រឆាំងនឹងស្រ្តីក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្ថែមថា៖ «ការចែងមិនច្បាស់អំពីរូបភាពអាសអាភាសនឹងបង្កជាក្តីបារម្ភធ្ងន់ធ្ងរលើស្រ្តី ដោយសាររដ្ឋាភិបាលសម្រេចថាសកម្មភាពអនឡាញរបស់ពួកគេអាចបង្កជាការរំជើបរំជួលផ្លូវភេទ»។
លោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅថា NGO Forum ប្រាប់វីអូអេថា មិនមានការពិភាក្សាលើមាត្រាមួយៗក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដែលធ្វើឡើងកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ ដោយក្រសួងមហាផ្ទៃឡើយ។ លោកជំរុញឱ្យមានការពិគ្រោះយោបល់ទូលំទូលាយបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «អត់មានតួអង្គផ្សេងទៀត ដូចជាតំណាងអង្គការសង្គមស៊ីវិលអាចមានឱកាសធ្វើការវិភាគច្បាប់ហ្នឹង ហើយធ្វើការបង្ហាញធាតុចូលរបស់ខ្លួនដែរ។ អ៊ីចឹងបើសិនជាអាច រាជរដ្ឋាភិបាលគួរតែមានកាលវេលាច្បាស់លាស់ បង្ហាញពីកាលវេលាច្បាស់លាស់ ហើយទុកពេលឱ្យសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន លោកប្រមូលធាតុចូល»។
រដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងអនុម័តច្បាប់នេះនាចុងឆ្នាំនេះ។
ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសតាមបច្ចេកវិទ្យាព័ត៌មាន រដ្ឋាភិបាលកម្ពុជាក៏កំពុងតែពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ និងការការពារទិន្នន័យឯកជន។ អ្នកជំនាញបានរិះគន់សេចក្តីព្រាងទាំងនេះនឹងផ្តល់អំណាចទូលំទូលាយដល់នគរបាលក្នុងការរឹបអូសប្រព័ន្ធកំព្យូទ័រ និងធ្វើឱ្យទិន្នន័យរបស់ប្រជាជនងាយរងគ្រោះដោយសារការលួច ឬការតាមដាន។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តអនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ» ខណៈមានការព្រួយបារម្ភអំពីការផ្តល់សិទ្ធិអំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិត។ ប្រសិនបើដំណើរការពេញលេញ ច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់កម្ពុជានឹងបញ្ជូនចរាចរណ៍អ៊ីនធឺណិតទាំងអស់តាមច្រកតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ប៉ុន្តែរដ្ឋាភិបាលបានពន្យារពេលអនុវត្ត ដោយមិនកំណត់ ខណៈមានការលើកឡើងថារដ្ឋាភិបាលត្រូវចំណាយថវិកាច្រើនសម្រាប់ការបង្កើតច្រកទ្វារនេះ៕
វេទិកាបញ្ចេញមតិ