ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ឧបសគ្គ​ដល់​សហគមន៍​អភិរក្ស​ព្រៃ​ឈើ


ដើម​ស្រល់​ដែល​ឆេះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៥។ ​(រូបថត៖ នូវ​ ពៅ​លក្ខិណា​/VOA)
ដើម​ស្រល់​ដែល​ឆេះ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៥។ ​(រូបថត៖ នូវ​ ពៅ​លក្ខិណា​/VOA)

សហភាព​អឺរ៉ុប​នៅថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែ​ប្រួល​អាកាស​ធាតុ​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាត់​បន្ថយ​នូវ​បែប​បទការិយាធិបតេយ្យ​ក្នុង​ការ​បង្កើត​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​នៅ​តាម​សហគមន៍ ​ដែល​ជាយន្តការ​ដ៏​មាន​ប្រយោជន៍​មួយក្នុង​ការ​ការពារ​ព្រៃ​ឈើសហគមន៍។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ស្តីពី​«យុទ្ធនាការ​ការទូត​សហ​ភាព​អឺរ៉ុប​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ»​ លោក​ ហ្សង់ហ្វ្រង់ស័រ​ កូតាំង​ (Jean-François Cautain)​ ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ចងក្រង​ជា​សហគមន៍​ថែរក្សា​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​ជា​ចលករ​មួយ​ ដែល​អាច​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ការការពារ​ព្រៃ​សហគមន៍​ ដែល​នៅ​សេស​សល់​លើ​ផ្ទៃ​ដី​ប្រមាណ​ជា​២លាន​ហិកតា។​

លោក​មានប្រសាសន៍​ថា៖​ «ជាមួយ​នឹង​ចំណុច​នេះ​ផង​ដែរ​ អ្វី​ដែល​ចាំបាច់​ជាង​គេ​គឺ​រាជ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ជួយ​សម្រប​សម្រួល​នៅ​ក្នុង​នីតិ​វិធីនៃ​ការ​បង្កើត​ជា​សមាគម ​ឬ​មួយ​ក៏​សហគមន៍​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​នីមួយៗ​ក៏​ដូច​ជា​ផ្តល់​នូវការ​អនុញ្ញាត​នៅ​ក្នុង​ការ​បង្កើត​សហគមន៍​បែប​នោះ​ ដើម្បី​ជា​ការ​ជួយ​ការពារ​ធនធាន​ព្រៃ​ឈើ»។​

នៅ​មុន​ពេល​ដែល​លោក​ឯក​អគ្គរដ្ឋ​ទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាត់​បន្ថយ​ភាព​ស្មុគស្មាញនៃ​ការ​បង្កើត​សហគមន៍​ព្រៃ​ឈើ​នៅ​តាម​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ​លោក​អះអាង​ថា ​កម្ពុជា​កំពុង​ប្រឈមរួច​ទៅ​ហើយ​នូវ​ភាព​ហួត​ហែង​ក្នុង​រដូវ​វស្សា​ ដែល​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​កម្ពុជា​ នៅ​គ្រា​ដែល​ពួក​គេ​បន្តពឹង​ផ្អែក​ជា​ចម្បង​លើ​វិស័យ​កសិកម្ម។

«ដូច​ដែល​យើង​ឃើញ​ស្រាប់​ហើយ​ទាក់​ទង​ជាមួយ​នឹង​អាកាស​ធាតុ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​របស់​យើង​កន្លង​មក​នេះ​ គឺអត់​មាន​ភ្លៀង​ទេ​ ក្តៅ​មែនទែន​ ​យើង​សង្ឃឹម​ថា​ គួរ​តែ​មាន​ភ្លៀង​ពីរ​បី​សប្តាហ៍​មុន​ជា​ដើម​នោះ។​ ការ​រាំង​ស្ងួត​ពន្យារ​យូរ​អង្វែង​បែប​នេះ​ គឺ​ជៀស​មិន​ផុត​ទេ​ពី​ការ​ផ្តល់​នូវ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ធ្វើ​ស្រែ​ចម្ការរបស់​ប្រជាជន​កម្ពុជា»។​

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ បាន​ប្រាប់​វីអូអេ​ថា​ សហគមន៍​ព្រៃ​ឈើ​ចំនួន​៤៥៧​សហគមន៍​ត្រូវ​បាន​បង្កើត​រួចស្រេច​ទៅ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​នោះ ​គឺ​មិន​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ ដោយ​លោក​បញ្ជាក់​ថា​ មាន​តែ​មួយ​ភាគបី​ប៉ុណ្ណោះ​នៃ​សហគមន៍​ទាំងអស់​នោះ​ត្រូវ​បាន​ទទួល​ជា​ផ្លូវការ។​

«យើង​ឃើញ​សហគមន៍​ទាំង​អស់​ហ្នឹង​បង្កើត​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ស្មុគស្មាញ​គឺ​ការ​ពន្យារ​ពេល​ក្នុង​ការ​ចុះ​បញ្ជី​សហគមន៍​ ហើយ​នឹង​ការ​ទទួល​ស្គាល់​សហគមន៍​ ដើម្បី​ឲ្យ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ចូល​រួម​ថែ​រក្សា​ការពារ​ហើយ​ប្រើ​ប្រាស់​ធនធាន​របស់​គាត់។​ អញ្ចឹង​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​គឺ​ឲ្យ​ពន្លឿន​ក្នុង​ការ​ទទួល​ស្គាល់​ ហើយ​ចុះ​បញ្ជី​សហគមន៍​ ដែល​គាត់​មិន​ទាន់​បាន​ចុះនោះ ឲ្យបានលឿន​ហើយ​ទីពីរ​ផ្តល់​ថិវកា​គ្រប់​គ្រាន់​ដល់​សហគមន៍​ទាំង​អស់​ហ្នឹង​ដើម្បី​ឲ្យ​គាត់​អាច​យក​ទៅ​ប្រើ​ប្រាស់ក្នុង​ការ​អនុវត្ត​ទាក់ទង​កម្មវិធី​សហគមន៍​គាត់​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូល​រួម​ថែ​រក្សាគ្រប់​គ្រង​ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់​គាត់»។​

វីអូអេ​ពុំ​អាច​ទាក់​ទង​លោក​ ឆេង គឹមស៊ុន​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃ​ឈើ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ តែ​គ្មាន​អ្នក​ទទួល។​ វីអូអេ​ក៏​ពុំអាច​សុំ​ការ​អធិប្បាយ​បាន​ដែរ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ គឺ​លោក​ឡោ​ រស្មី ​ដោយ​ជំនួយ​ការ​របស់​លោក​ប្រាប់​វីអូអេ​ថា​ លោក​ជាប់​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម។​

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ដោយ​សាកល​វិទ្យាល័យ ​Maryland ​នៃ​រដ្ឋ Maryland​ របស់​សហ​រដ្ឋ​អាមេរិក​កាល​ពីខែ​មករា​ឆ្នាំ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្កាយ​វិទ្យាសាស្ត្រ​ថា​ ​ព្រៃ​ឈើ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រមាណ​៧,១​ភាគ​រយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ឆ្នាំ​២០១២។​

របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ​ភាគ​ច្រើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​រីក​រាល​ដាល​លើ​អង្កត់​ទ្រូង​នៃ​ផ្ទៃ​ប្រទេស​ទាំង​មូល​ ចាប់​តាំង​ពី​ខេត្ត​ព្រះ​វិហារ​ភាគ​ខាង​ជើង ​ខេត្ត​កំពង់ធំ​ ខេត្ត​កំពង់​ចាម​ និង​ចូល​ដល់​ខេត្ត​ក្រចេះ​ភាគ​ខាង​កើត។​ ហើយ​ភស្តុតាង​មួយ​ថ្មី​ទៀត​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​គឺ​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​លិច​ជាប់​ព្រំ​ដែន​កម្ពុជា-ថៃ​ ព្រម​ទាំង​លាត​សន្ធឹង​ដល់​ខេត្ត​ស្ទឹង​ត្រែង ​និង​ខេត្ត​រតនគីរី​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា៕

XS
SM
MD
LG