ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កើត​សេចក្តី​ព្រាង ​«ក្រម​សីលធម៌​អ្នក​សិល្បៈ» ដើម្បី​ការពារ​ដល់​សិល្បៈ​វប្បធម៌​ខ្មែរ


សិក្ខា​សាលា​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​«ក្រម​សីលធម៌​​នៃ​​អ្នក​​សិល្បៈ» ក្នុង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​​ទី​២៧ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
សិក្ខា​សាលា​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​«ក្រម​សីលធម៌​​នៃ​​អ្នក​​សិល្បៈ» ក្នុង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​​ទី​២៧ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

អ្នក​សិល្បៈ​កម្ពុជា​ទាំង​ក្នុង​អាជីព​និង​មហាជន​ណា​ដែល​ប្រព្រឹត្តផ្ទុយ​នឹង​ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ​ ឬ​ធ្វើ​សកម្មភាព​ណា​មួយដែល​ប៉ះពាល់​ដល់​សិល្បៈ​ វប្បធម៌ជាតិ​នឹង​ត្រូវ​ទទួល​រង​ពិន័យ​ ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង​នៃ​កំហុស​ឆ្គង​ដែល​បាន​ប្រព្រឹត្ត។

ការ​បង្កើត​សេចក្តី​ព្រាង ​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ» ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អាច​ជួយ​លើក​កម្ពស់​ការ​ការពារ​សិល្បៈ​ វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ​ ព្រម​ទាំង​ទប់ស្កាត់​ផល​ប៉ះ​ពាល់​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​ចំពោះ​សិល្បៈ​ប្រពៃណី​ជាតិ។ សេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ» នេះ​ កំណត់​ថា​ អ្នក​សិល្បៈ​កម្ពុជា​ទាំង​ក្នុង​អាជីព​ និង​មហាជន​ណា​ដែលធ្វើ​សកម្មភាព​ណា​មួយដែល​ប៉ះពាល់​ដល់​សិល្បៈ​ វប្បធម៌ជាតិ​នឹង​ត្រូវ​ទទួល​រង​ពិន័យ។​

អ្នក​សិល្បៈ​កម្ពុជា​ទាំង​ក្នុង​អាជីព​និង​មហាជន​ណា​ដែល​ប្រព្រឹត្តផ្ទុយ​នឹង​ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ​ ឬ​ធ្វើ​សកម្មភាព​ណា​មួយដែល​ប៉ះពាល់​ដល់​សិល្បៈ​ វប្បធម៌ជាតិ​នឹង​ត្រូវ​ទទួល​រង​ពិន័យ​ ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង​នៃ​កំហុស​ឆ្គង​ដែល​បាន​ប្រព្រឹត្ត។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង«ក្រម​សីលធម៌​នៃ​អ្នកសិល្បៈ» ដែល​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​នៅក្នុង​សិក្ខាសាលា​មួយ​ រៀបចំ​ដោយក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ នា​ព្រឹក​ថ្ងៃ​អង្គារ​ទី២៧ ខែ​កញ្ញា​នេះ។

សេចក្តី​ព្រាង «ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ» ដែល​មាន១២​ប្រការ​នេះ​ កំណត់​ថាការ​ពិន័យ​នោះ​មាន​ជា​អាទ៍​ ការ​ណែនាំ​ ឬ​ស្តី​បន្ទោស​ដោយ​ផ្ទាល់​មាត់​ និង​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​វិស័យ​សិល្បៈ​វប្បធម៌​ក្នុង​រយៈពេល​ណា​មួយ។​ ហើយ​កម្រិត​ពិន័យ​នោះ​ទៀត​សោត​គឺ​ជា​ការ​សម្រេច​របស់​ក្រសួង​វប្បធម៌​ ឬ​ក្រុម​ប្រឹក្សា​ពិន័យ ស្រប​តាម​កំហុសឆ្គង​នៃ​អ្នក​សិល្បៈ​ដែល​បាន​ប្រព្រឹត្ត​នោះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាង«ក្រមសីលធម៌នៃអ្នកសិល្បៈ» ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព៍ត៌មាន​ នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​សេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ» លោក​ស្រី​ ភឿង​ សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លើក​ឡើង​ថា ក្រម​សីលធម៌​អ្នក​សិល្បៈ​នេះ​គឺ​ជាត្រី​វិស័យ​បង្ហាញ​ផ្លូវ​ និង​លើក​តម្លៃ​សិល្បៈ​ករ ​សិល្បៈការនីខ្មែរ។ លោកស្រី​ បន្ថែម​ថា​ «ក្រមសីលធម៌​នៃ​អ្នក​សិល្បៈ» ត្រូវ​បាន​ធ្វើឡើង​ដើម្បីលើក​កម្ពស់​ការ​ថែរក្សា​ ការពារ​សិល្បៈ​ វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ​ ព្រម​ទាំង​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដែលមាន​លក្ខណៈ​អវិជ្ជមាន​ចំពោះ​សិល្បៈ​ប្រពៃណី​ជាតិ។

លោក​ស្រី​ ភឿង​ សកុណា បាន​ថ្លែង​ថា៖

«ជា​និច្ចកាល​ យើង​តែង​ថ្លឹង​ថ្លែង​បំផុត​រវាង​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ​ជាមួយ​ក្រប​ខណ្ឌ​សីលធម៌។ វា​លំបាក ព្រោះ​វា​អត់​មាន​បន្ទាត់​មួយ​ ឬ​ជញ្ជាំង​មួយ​ទេ ដូច្នេះ​យើង​ត្រូវ​មើល​ការ​ប៉ះពាល់​ប៉ុណ្ណា។ យើង​មិន​ចង់​ត្រួត​ពិនិត្យ​គ្រប់​កន្លែង​ សូម្បី​តែ​ចម្រៀង​មួយ​បទ​ក៏​ក្រសួង​ពិនិត្យ​ដែរ​ទេ។ យើង​តែង​ណែនាំ​អ្នក​និពន្ធ​ក្តី​ សិល្បៈករ​ក្តី​ ត្រូវ​ត្រួត​ពិនិត្យ​ខ្លួន​ឯង​សិន​ ថា​គួរ​ឬ​មិន​គួរ តើ​អ្វី​ដែល​ចេញ​ផ្សាយ​ហ្នឹង​ បាន​ប្រយោជន៍​ដល់​សង្គម​ទេ»។

​លោក​ស្រី​ ភឿង​ សកុណា បន្ត​ទៀត​ថា​ បើ​សិន​ជា​អ្នក​សិល្បៈ​ស្វែង​យល់​និង​ឲ្យ​តម្លៃ​វប្បធម៌​ជាតិ​ខ្លួន​ នោះ​សិល្បៈករ​ សិល្បៈ​ការិនី​ក៏​ទទួល​បាន​ការ​គោរព​និង​ឲ្យ​តម្លៃ​ពី​សារធារណជន​ដែរ។ លោកស្រី​ពន្យល់​ទៀត​ថា​ រដ្ឋាភិបាល​ចង់​ប្រើប្រាស់​វិធាន​ការណ៍​អប់រំ​ដល់​សិល្បៈករ​ និង​ផលិតករ​ជា​ជាង​ការ​ពិន័យ។

«នៅ​ពេល​យើង​ យល់​តម្លៃ​ជាតិ​កាន់​តែ​ច្រើន ម្នាក់ៗ​ដូចជា​គ្មាន​ហេតុ​ផល​ក្នុង​ការ​បន្ថោក​តម្លៃ​របស់​ជាតិ​ទេ​ ព្រោះ​បន្ថោក​តម្លៃ​របស់ជាតិ គឺ​បន្ថោក​តម្លៃ​ខ្លួនឯង​។ អ្នក​សរសេរ​ហ្នឹង​ក៏​ចាប់ផ្តើម​ទាប​ខ្លួន​ឯង តាម​រយៈ​ការ​រិះគន់​ អ្នក​ច្រៀងក៏​ទាប​ដែរ។ ដូច្នេះ​ មុន​នឹង​យក​អី​មួយ​ កុំ​ឲ្យ​យក​បញ្ហា​មាន​បាន​ជា​ធំ​ពេក ព្រោះ​សិល្បៈ​មិន​មែន​តែ​រឿង​មាន​បាន​ទេ វា​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ហ្នឹង​ដែរ។ តាម​ពិត​វិធាន​ដែល​យើង​ចង់​ធ្វើ​មាន​ បើ​យើង​ចង់​ឲ្យ​ប៉ះ​ដៃ​យកដៃ​ ប៉ះ​ជើង​យក​ជើង​ ស្ថាប័ន​រដ្ឋ​សឹង​តែ​ធ្វើ​បាន តែ​យើង​មិន​ចង់​ទេ»។

សេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នកសិល្បៈ»នេះ ក៏​ទទូច​ឲ្យ​អ្នក​សិល្បៈ​ទាំងអស់​ប្រកាន់​ខ្ជាប់​គោលការណ៍​ សីលធម៌​ ទាំង​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍ ​កាយ​វិការ​ និងការ​ស្លៀកពាក់​ ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​និង​លើក​កម្ពស់​សីល​ធម៌​សង្គម​ផង​ដែរ។

លោក ​ដួង សុខគា​គឺ​ជា​សិល្បករ​មួយ​រូប​ ដែល​បាន​ចូលរួម​ក្នុងសិក្ខា​សាលា​នេះ។ លោក​គាំ​ទ្រ​ ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើតសេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ»។ ក៏​ប៉ុន្តែ​លោក សុខគា បាន​លើក​ឡើងថា​ អ្វី​ដែល​រឹត​តែសំខាន់​នោះ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សិល្បៈករ សិល្បៈការនី​ទាំង​អស់​ចូលរួម​អនុវត្ត​ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ​នេះ។

លោក​ សុខគា​ បាន​ថ្លែង​ថា៖

«វា​ជា​កញ្ចក់​ឆ្លុះ​មួយ​ ជា​ច្បាប់​មួយ​ ជា​បន្ទាត់​មួយ​ ជា​ផ្លូវ​មួយ​ដែល​យើង​ត្រូវ​ដើរ។​ អាច​មាន​អ្នក​ខ្លះ​អត់​សប្បាយ​ចិត្ត​ នៅ​ពេល​បង្កើតសេចក្តី​ព្រាង​ច្បាប់ក្រម​សីលធម៌អ្នក​សិល្បៈ​ហ្នឹង​ ប៉ុន្តែ​បើ​មើលឲ្យ​ច្បាស់គ្រូ​កាច​អាច​សិស្ស​ហ្នឹង​ល្អ​ក៏​មាន​ដែរ។ អ្វី​ដែល​ជា​ច្បាប់​ត្រូវ​តែ​មាន​ ហើយ​កញ្ចក់​ឆ្លុះ​ត្រូ​វមាន​ ព្រោះ​យើង​ខ្លួនឯង​មើលខ្លួន​ឯងអត់ឃើញ​ទេ។ យើង​ត្រូវ​មាន​ហ្វ្រាំង​ទប់។ អញ្ចឹង​យើង​សិល្បៈករ ទោះ​បី​យើង​លេង​ និយាយ​ស្តី​ ស្លៀកពាក់​សិចស៊ី​ យើង​ធ្វើ​អី​របៀប​សិល្បៈ​ ប៉ុន្តែ​ក្នុង​កម្រិត​មួយ»។

យ៉ាង​ណា​ក៏ដោយ​ លោក​ ឆាយ ប៉ូរា​ ជា​ផលិតករ​ភាព​យន្ត​មួយ​រូប លើក​ឡើង​ថា​ សេចក្តី​ព្រាង​ក្រមសីលធម៌​នៃ​អ្នក​សិល្បៈ​នេះ​ នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើ​ន​ទៀត​ ដែល​ក្រសួង​វប្បធម៌​ និង​ភាគី​ពាក់ព័ន្ធ​គួរកំណត់​ឲ្យ​មាន​ភាព​ជាក់លាក់ និង​ច្បាស់​លាស់​ជាង​នេះ​។​ លោក​ថា​ កន្លង​មក​រដ្ឋាភិបាល​ ហាក់​មិន​មានស្តង់ដា​រួម​ ឬយន្តការ​ជាក់លាក់​ ក្នុង​ការ​ហាម​ប្រាម​ដល់​អ្នក​សម្តែង​ ឬ​ផលិតករ​នោះ​ទេ។ លោក​យល់​ថា​ នៅ​មាន​ភាព​ចម្រូង​ចម្រាស់​គ្នា​ច្រើនរវាង​ភាពច្នៃ​ប្រឌិត​របស់​ផលិតករ​ និង​សកម្មភាព​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​នោះ។

កន្លង​មក​ ក្រសួងវប្បធម៌​ធ្លាប់​ព្រមាន​ដល់អ្នក​សិល្បៈ​ខ្មែរ​មួយ​ចំនួន​ ដែល​រង​ការ​រិះ​គន់​ពី​សាធារណជន​ ថា​ស្លៀក​ពាក់​មិន​សម​រម្យ​និង​ប្រាស​ចាក​ខ្លាំង​ពី​ទំនៀម​ទម្លាប់​ខ្មែរ ក៏​ប៉ុន្តែ​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្វី​នោះ​ទេ។

សេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ» ដែលកំពុង​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ក្រសួង​វប្បធម៌នេះ​គឺ​ជា​ក្រម​ថ្មី​មួយ​ទៀត​ បន្ថែម​ពី​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សិល្បៈ​ ដែល​មាន​ស្រាប់។ សេចក្តី​ព្រាង​«ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ»នេះ​ ធ្វើឡើង​ដោយសារ​តែ​កន្លង​មក​មាន​ភាព​អសកម្ម​មួយ​ចំនួន​ទៅ​លើ​អ្នកសិល្បៈ​ខ្មែរ​ដែល​បង្ក​ឲ្យ​មានកា​រិះ​គន់​ពី​សំណាក់​មហាជន​ជា​បន្ត​បន្ទាប់។ ក៏​ប៉ុន្តែ​ មិន​ទាន់​មាន​ការ​កំណត់ពី​កាល​បរិច្ឆេទ​ថា​សេចក្តី​ព្រាង​នេះ​ នឹង​ក្លាយ​ជា​ក្រម​សីលធម៌​នៃអ្នកសិល្បៈ​ជា​ផ្លូវការ​និងចូល​ជា​ធរមាន​នៅ​ពេល​ណានោះ​ទេ៕

XS
SM
MD
LG