ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចោទប្រកាន់​លោក Trump បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​នយោបាយ​សហរដ្ឋ​អាមេរិក


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​និង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក Donald Trump ប្រតិកម្ម​ក្រោយ​ពី​លោក​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Aberdeen នៅ​ស្កត់លែន ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​និង​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក Donald Trump ប្រតិកម្ម​ក្រោយ​ពី​លោក​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Aberdeen នៅ​ស្កត់លែន ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣។

ពិតមែន​តែ​នយោបាយ​ជា​ការ​ប្រកួតប្រជែង​មួយ​ដែល​មាន​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ មាន​រួម​ទាំងប្រទេស​ប្រជាធិបតេយ្យ​ខ្លះ ដែល​នៅ​ទី​ទាំង​នោះ​ពួក​មេដឹកនាំ​បដិបក្ខ ប្រើ​អានុភាព​អំណាចដើម្បី​បន្ថយ​ឥទ្ធិពល​អ្នក​កាន់​តំណែង​មុន​ពួក​គេ​ក៏ដោយ ក៏​ការណ៍​នេះមិន​មែ​នជា​ករណី​ក្នុង​ប្រទេស​អាមេរិក​ទេ។

នៅពេល​លោក​ជា​ប្រធានាធិបតី ពួក​អ្នក​រិះគន់​លោក Trump បាន​ចោទប្រកាន់​លោកថា​ ទោរទន់ទៅ​រក​របប​ផ្តាច់ការនិយម​ហើយ​ប្រឹងប្រែង​ប្រើ​តំណែងនយោបាយ​របស់​លោកដើម្បី​កាន់​តំណែង​ជា​បន្ត​ក្រោយ​លោក​បាន​ចាញ់​ឆ្នោត។

នៅ​ក្នុងរបៀប​ដោះស្រាយខាង​នយោបាយ​របស់​លោក​ដែល​គេ​ធ្លាប់​បាន​ស្គាល់ លោក​ Trump ឥឡូវនេះ​កំពុង​ចោទ​អំពី​ការ​រំលោភបំពានដោយ​ប្រើ​តំណែង​ ដោយ​បាន​ចោទ​ប្រកាន់រដ្ឋបាលរបស់​លោក Joe Bidenខាង​គណបក្ស​ប្រជាធិបតេយ្យ​ ថា​បាន​ប្រើប្រាស់ការិយាល័យ​ FBI និងក្រសួង​យុត្តិធម៌​ក្នុង«ការធ្វើ​សង្គ្រាម​ខាង​ផ្លូវច្បាប់»។

លោក Trump ដូច​ចុង​ចោទ​ឯ​ទៀតៗ ដែល​ត្រូវ​បាន​សន្មតថា គ្មាន​ទោសពៃរ៍​ទេនៅ​ពេល​រង់ចាំ​លទ្ធផល​នៃ​ការ​កាត់​ក្តីនោះ បាន​អះអាង​ថា​ មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ប្រឆាំង​នឹង​លោកតាំង​ពី​ការបោះឆ្នោតដំបូង​ក្នុង​រដ្ឋ Iowa ក្នុងឆ្នាំ២០១៦។ នៅ​ពេល​នោះលោក​បាន​បន្ទោស​បេក្ខជន​ប្រជែង​នឹង​លោក​គឺ​លោក Ted Cruz ហើយ​បាន​ទាមទារ​ដោយ​គ្មាន​ជោគជ័យ​«ឱ្យ​មាន​ការបោះឆ្នោត​ជា​ថ្មី​ឬ​ឱ្យទុក​លទ្ធផល​របស់​លោក Cruz ជា​មោឃៈ»។

សូម្បី​តែនៅ​ពេល​លោក​បាន​ឈ្នះ​ការបោះឆ្នោត​ទូទៅ​នៅចុង​ឆ្នាំ២០១៦ក៏​ដោយ​ ក៏លោក Trump បានអះអាង​ថា​មាន​ការបន្លំ​សន្លឹក​ឆ្នោតដែរ។ លោក​បាន​ឈ្នះ​ក្នុងការបោះឆ្នោត​នៃ​គណៈ​អ្នកបោះឆ្នោតផ្អែក​លើសន្លឹក​ឆ្នោត​ភាគច្រើន​ក្នុង​រដ្ឋ​នីមួយៗ តែលោកបាន​ចាញ់​លោកស្រី Hillary Clinton ខាងគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ចំនួន​សន្លឹកឆ្នោត​ទូទៅ។

លោក Trump បាននិយាយដោយ​គ្មាន​ភ័ស្តុតាងថា៖ «បន្ថែម​លើ​ជ័យជំនះភ្លូកទឹកភ្លូកដីក្នុង​ការបោះឆ្នោត​ដោយ​គណៈ​អ្នក​បោះឆ្នោត ខ្ញុំ​ឈ្នះ​សន្លឹកឆ្នោត​ទូទៅ​ដែរ ប្រសិនបើ​គេដក​មនុស្សរាប់លាននាក់​ដែល​បោះឆ្នោត​ដោយ​ខុស​ច្បាប់»។

ក្នុង​ការ​កាន់​តំណែង​៤ឆ្នាំ លោក Trumpត្រូវ​បាន​រដ្ឋសភា​ចោទប្រកាន់​ដកហូត​តំណែង​ពីរ​ដង តែ​មិន​ត្រូវ​បានព្រឹទ្ធសភាផ្តន្ទា​ទោស​ទេ។ លោក​Trump បាន​និយាយ​ជា​ច្រើន​ដង​ថា លោក​ជាទីដៅ​នៃ​ការ​រករឿង​ហើយ​ថា​លោកមិនដែល​បាន​ធ្វើអ្វី​ខុស​ទេ។ មាន«ការហៅ​ទូរសព្ទ​ល្អ​ប្រសើរ»ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ដែល​ក្នុង​នោះលោក​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​បរទេសរូបនេះ​ស៊ើបអង្កេត​លោក​ Biden ជាថ្នូរ​ជាមួយ​ការផ្តល់ជំនួយ​យោធា​របស់​អាមេរិកទៅឱ្យ​អ៊ុយក្រែន។ រឿងនេះ​បាន​នាំឱ្យមានការ​ចោទប្រកាន់​លោក​ជា​លើក​ទីមួយ។

បន្ទាប់មកក៏មានថ្ងៃ​ដែលធ្វើឱ្យ​សហរដ្ឋអាមេរិក​អាម៉ាស់មុខនៅ​វិមាន​សភា នៅពេល​ដែល​ក្រុមអ្នក​គាំទ្រ​លោក​ Trump​ បាន​លុក​លុយ​ចូលក្នុងអគារជា​និមិត្តរូប​នៃលទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ​នៅក្រោយ​ប្រធានាធិបតី​របស់ពួក​គេញុះញង់ពួកគេ​ឱ្យ«ប្រយុទ្ធដោយ​ខ្លាំង​ក្លា»ឬ បើមិនដូច្នោះទេ «លោក​អ្នក​នឹងលែង​មាន​ប្រទេស​មួយ​ទៀតហើយ។ ដូច្នេះ ចូរ​នាំគ្នា​ដើរ​តាម​ដងរុក្ខវិថី Pennsylvania»។

លោក Trump ​បានវិលមកកាន់​សេតវិមាន​វិញ​នៅ​ពេលហ្វូងមនុស្សនាំ​គ្នា​ធ្វើដំណើរ​ទៅ​កាន់​វិមានសភា។ បន្ទាប់មកលោក​បាន​សរសេរ​សារ Twitter ​ថា​អនុប្រធានាធិបតី​របស់​លោកគឺលោក Mike Pence ដែលឥឡូវនេះ​ជាអ្នក​ប្រជែងនឹងលោក​ក្នុង​ការបោះឆ្នោត​បឋម​ខាង​គណបក្ស​សាធារណរដ្ឋ​នោះ «គ្មាន​សេចក្តី​ក្លាហាន»ក្នុង​ការ​ធ្វើ​ឱ្យ​អាក់ខាន​ពិធីរាប់​សន្លឹក​ឆ្នោត​សម្រាប់​ប្រកាស​លោក Biden ​ថា​ជា​អ្នក​មានជ័យ​ជំនះនៅ​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០។

ការណ៍​នេះនាំ​ឱ្យមានការ​ចោទប្រកាន់​លោក Trump ជាលើកទីពីរ​នៅ​ទី​បញ្ចប់​នៃ​តំណែង​ប្រធានាធិបតី​របស់​លោក។

ឃ្លាមួយ​នៃការប្រជុំ rallies នយោបាយ​របស់លោក​គឺថា៖​ «យើងនឹងមិន​ចុះចាញ់​ដាច់ខាត យើងនឹងមិន​បោះបង់ចោល​ដាច់ខាតហើយ​យើងនឹងមិន​សុខចិត្តចាញ់​ដាច់ខាត»។​

នៅពេលកាន់​តំណែងជាប្រធានាធិបតី លោក Trump ជួនកាលបាន​ដក​ថយ​ពី​សំណើ ការ​ណាត់ជួប​និងវោហារសាស្ត្រ​ប្លែក​ខុស​ពី​គេ​ខ្លាំង​ពេក ដោយសារ​មានសម្ពាធ​ខ្លាំងពី​សមាជិកគណ​រដ្ឋមន្ត្រី សហការី​សំខាន់ៗ​និង​សមាជិកគ្រួសារ​លោក។ តែយ៉ាងណា​ក៏​ដោយ ក៏​លោក​ Trump ហាក់​ដូចជាតែងតែ​ស្តាយ ដោយ​លោកបាន​និយាយ​ប្រាប់​ពួកមេធាវី​និង​ទីប្រឹក្សា​របស់លោកថា​លោកបានទុកចិត្តសភាវគតិ​របស់​លោក​ជាង​ការ​និយាយ​ណែនាំ​ដោយពួក​អ្នក​ជំនាញ។ ​ជាធម្មតាការណ៍នេះ​បាននាំឱ្យ​លោកមាន​ហានិភ័យ​ធំជាងមុន។

នៅទីបញ្ចប់​លោកTrump មិនត្រូវ​គ្នាជាមួយ​មនុស្ស​សឹង​តែទាំងអស់​ដែលជា​អ្នក​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក។ មនុស្ស​ខ្លះ​ក្នុងបណ្តាពួក​មន្ត្រី​ដែល​លោក​បាន​ផាត់ចេញ​បាន​វិលមក​វិញ។​ មន្ត្រី​ជាន់ខ្ពស់​នៅ​សេតវិមាន​មួយចំនួន បានសង្កេតឃើញ​ថា​លោក Trump ហាក់​ដូចជា​គ្មានមិត្តភ័ក្តិ​ពិតប្រាកដ​ទេ។ ទំនាក់ទំនងទាំងអស់មាន​លក្ខណៈ​ជំនួញនិង​ការស្មោះស្ម័គ្រ​ជា​មួយ​ចៅហ្វាយនាយ ដែល​ជា​ចរិតរបស់​លោក។ លោក​មិនដែល​ធ្វើការ​ឱ្យ​នរណា​ទេ លើក​លែងតែឱ្យ​ឪពុក​លោក។

ពួក​អ្នកសង្កេតការ​ខាងច្បាប់​ជឿជាក់​ថា​លោក Trump នឹង​តទល់ជាមួយនឹង​ការចោទ​ប្រកាន់​សហព័ន្ធ​ទាំងនេះ រហូត​ដល់ទីបញ្ចប់ ហើយ​ថា​លោក​មិនទំនង​ជា​នឹងទទួល​កំហុស ជា​ថ្នូរ​នឹង​ការសម្រាល​ទោស​ទេ ដែល​មានន័យថា​ជា​ការ​សារភាពមាន​កំហុស ដែល​មិនមែន​ជា​ចរិត​របស់​លោក Trump ទេ។

ក្នុង​ពេលតែប៉ុន្មានម៉ោងក្រោយ​ការប្រកាស​អំពី​ការចោទប្រកាន់​លោក​ លោក​ Trump បានបញ្ជូន​លិខិត​អង្គាស​ប្រាក់ដោយ​សុំ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​លោក«ធ្វើ​វិភាគទានដោយ​ឈរ​ដោយ​សន្តិវិធី​ជា​មួយខ្ញុំនៅថ្ងៃ​នេះ​ហើយ​បង្ហាញ​ថា​លោកអ្នក​នឹង​មិន​ធ្វើឱ្យ​ប្រទេស​យើង​ចុះញ៉ម​ដាច់ខាត​ដល់​ក្រុមនិយមឆ្វេង​ជ្រុល‍»។ នៅចុងលិខិតនេះ​មាន​សំណើ​សុំ​វិភាគទានពី២៤ដុលា្លរដល់២៥០ដុល្លារ​ផង។

ពួក​អ្នកសង្កេតការណ៍​ខាងនយោបាយមិន​រំពឹង​ថា​ការចោទប្រកាន់​នេះនឹង​ធ្វើ​ឱ្យមាន​ការ​ខូចខាត​ច្រើន​ដល់​លោក​ Trump ជា​មួយ​ក្រុម​អ្នកគាំទ្រ​ស្នូល​របស់​លោក​ដែលមានចំនួន​មួយ​ភាគ​បីនៃក្រុមអ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ។ តែជា​សរុបនៅ​មុន​មានដំណឹង​អំពី​ការចោទ​ប្រកាន់ថ្មីៗ​ទាំងនេះ ជនជាតិអាមេរិកាំង​៦នាក់​ក្នុង​បណ្តា​១០នាក់បាន​និយាយប្រាប់ពួក​អ្នកស្ទង់មតិ​ថា​លោក Trump មិនគួរ​ជា​ប្រធានាធិបតី​ទៀត​ទេ។

ការ​រំពឹងទុក​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ថា ​នៅពេល​ដែលមាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ប្រហែលជាង១០នាក់ទៀត ប្រកួត​ប្រជែងដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​បឋម​នៅរដ្ឋ​ Iowa និង​រដ្ឋ New Hampshire​នោះ លោក​អតីត​ប្រធានាធិបតី Trump នឹងនៅ​តែ​ជា​អ្នក​នាំមុខ​គេ ហើយ​ទំនងជា​នឹង​ទទួល​ការតែងតាំង​របស់​គណបក្ស​សាធារណរដ្ឋ ជា​លើក​ទី​បី​ជាប់ៗ​គ្នា ទោះជា​លើកនេះ​លោកកំពុង​តតាំង​នឹងការចោទប្រកាន់​ពី​បទព្រហ្មទណ្ឌ​ធ្ងន់ធ្ងរអំពី​ការ​រំលោភ​លើ​ច្បាប់​ចារកម្ម ការធ្វើ​សេចក្តី​ថ្លែងការណ៍​ក្លែងក្លាយ​និង​ការ​រារាំង​ដំណើរការ​របស់​តុលាការ​ក៏​ដោយ។

មាន​តែ​ម្តងគត់ កាលពី​ឆ្នាំ១៩២០ ដែល​គណបក្សនយោបាយ​មួយ​បាន​តែងតាំង​ជនល្មើសបទ​ព្រហ្មទណ្ឌម្នាក់។​ នោះ​គឺ​លោក Eugene V. Debs ដែល​កន្លងមក​បានឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ដោយ​គ្មានជោគ​ជ័យ​បួនដង ហើយ​ជាអ្នកដែល​គេ​ស្គាល់ច្រើន​នៅ​សម័យ​នោះ។

លោក Debs មានទោស​ក្នុង​បទរំលោភ​លើ​ច្បាប់​ចារកម្ម​និង​បំបះបំបោរ តែ​គណបក្ស​សង្គមនិយម​បាន​ជ្រើសតាំង​លោក​ម្តង​ទៀតនៅ​ឆ្នាំ១៩២០។ អាជ្ញាធរ​បានអនុញ្ញាតឱ្យលោកចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ប្រចាំ​សប្តាហ៍ពីពន្ធនាគារសហព័ន្ធនៅទីក្រុង Atlanta។ លោក​បានទទួល​ការគាំទ្រ​ជាង​បីភាគរយ​ក្នុង​ការបោះឆ្នោត​ទូទៅ។ លោកនៅតែ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ម្នាក់ក្រោយពី​លោក​ប្រធានាធិបតី Warren Harding បាន​លើកលែង​ទោស​ឱ្យ​លោក​មួយ​ឆ្នាំបន្ទាប់​មក។

ប្រសិន​បើលោក Trump ចាញ់ឆ្នោត​ជា​លើក​ទី​ពីរនៅ​ឆ្នាំ២០២៤ តើ​លោក Biden (ដែលគេរំពឹងថា​នឹងក្លាយខ្លួនជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ ជាថ្មីម្តងទៀតនោះ) នឹង​ពិចារណា​លើកលែង​ទោស​ឱ្យ​គូប្រជែង​របស់​លោក​ឬ​ទេ ប្រសិន​បើ​លោក Trump ត្រូវ​តុលាការ​រកឃើញថា​មានទោសពីបទ​ចោទប្រកាន់​មួយ​ឬច្រើនជាង​នេះនោះ?

ពលរដ្ឋ​អាមេរិកាំង​ជាច្រើន មិនបាន​អត់ឱនទោសឱ្យ​លោក Gerald Ford ដាច់ខាត​ដោយសារ​លោក​បាន​លើកលែងទោស​ឱ្យលោក Richard Nixon អ្នក​សាធារណរដ្ឋដូចគ្នាដែល​បានចុះចេញពី​តំណែងជាជាង​ប្រឈម​នឹងការចោទប្រកាន់អំពីរឿង​អាស្រូវ Watergate។ ហើយលោក Ford ​បាន​ខាតបង់​ដោយចាញ់​លោក Jimmy Carter ខាងគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ១៩៧៦។

លោក Biden តែងតែ​និយាយ​អំពីការ​ផ្សះផ្សានិងការបន្ថយ​ការបែកបាក់គ្នា​ខាង​នយោបាយ​តាំង​ពី​សង្គ្រាមស៊ីវិល​មក។ ក្នុងនាម​ជា​អ្នកកាន់គ្រិស្តសាសនានិកាយ​កាតូលិក​មុតមាំ​ម្នាក់ ដែល​មានពូជ​អំបូរ​អៀរឡង់ លោក Biden បានធ្វើឱ្យ​ធូរស្បើយ​ខាង​ផ្លូវចិត្ត ក្នុង​បន្ទូលរបស់សម្តេចប៉ាប​ទាំងឡាយ ដែលអំពាវនាវ​ឱ្យមានការ​លើកលែង​ទោស និង​តាមបទនិពន្ធ​របស់កវី​កំណាព្យ​ម្នាក់​ដែលលោកចូលចិត្ត គឺ​លោក Seamus Heaney​ ដែល​មាន​តម្រុយ​មួយ​ថា៖

«ប្រវត្តិសាស្ត្រ​និយាយ​ថា​ កុំសង្ឃឹម
នៅ​ក្បែរ​ផ្នូរ​សព
ក៏ប៉ុន្តែ​យូរៗម្តង
រលក​យុត្តិធម៌អាច​កើន​ខ្ពស់
ហើយសេចក្តី​សង្ឃឹម​និងប្រវត្តិសាស្ត្រ​កើតឡើងចួន​គ្នា
នាំឱ្យមានសេចក្តី​សង្ឃឹម​លើការ​ផ្លាស់ប្តូរធំមួយ
ដែលប្រាស់ចាកសែន​ឆ្ងាយពី​ការសងសឹក។
ចូរ​សង្ឃឹម​ថាច្រាំងសមុទ្រមូយ​ដែលនៅ​សែនឆ្ងាយ
អាច​ឆ្ពោះទៅ​ដល់ពីទីនេះ។
ចូរ​ជឿលើ​អព្ភូតហេតុ។
និង​ជឿលើ​ការ​ព្យាបាល​និង​ការផ្សះផ្សាគ្នា‍»៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG