ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំនៃប្រទេសអេរីត្រេ និងមេដឹកនាំនៃប្រទេសអេត្យូពីជួបគ្នាជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ


រដ្ឋមន្រ្តីការបរទេសប្រទេសអេរីត្រេ Osman Sale ជួបជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសអេត្យូពី Abiy Ahmed ជាលើកដំបូង។
រដ្ឋមន្រ្តីការបរទេសប្រទេសអេរីត្រេ Osman Sale ជួបជាមួយរដ្ឋមន្រ្តីការបរទេសប្រទេសអេត្យូពី Abiy Ahmed ជាលើកដំបូង។

មេដឹកនាំនៃប្រទេសអេរីត្រេ និងមេដឹកនាំនៃប្រទេសអេត្យូពីបានជួបគ្នានៅឯប្រលានយន្តហោះអន្តរជាតិអាស្មារ៉ា ប្រទេសអេរីត្រេ នៅថ្ងៃអាទិត្យនេះ ដែលនេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំងពីរដែលមានជម្លោះចាក់ឫសចាក់គល់ជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។

ជំនួបរវាងប្រធានាធិបតីអេរីត្រេលោក Isaias Afwerki និងនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពធូរស្រាលឡើង។

ជំនួបកំពូលរវាងមេដឹកនាំទាំងពីរដែលធ្វើឡើងនៅក្នុងរដ្ឋធានីអាស្មារ៉ា ប្រទេសអេរីត្រនេះ គឺជាជំនួបលើកដំបូងបង្អស់រវាងមេដឹកនាំនៃប្រទេសអេរីត្រេ និងមេដឹកនាំនៃប្រទេសអេត្យូពីតាំងពីឆ្នាំ ២០០០ មក ដែលនៅពេលនោះ លោក Isaias Afwerki និងអតីតនាយករដ្ឋមន្ត្រីអេត្យូពីលោក Meles Zenawi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងអាល់ហ្សេ នៅក្នុងប្រទេសអាល់ហ្សេរី ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមបង្ហូរឈាមរយៈពេល ២ ឆ្នាំ រវាងប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាមក ប្រទេសអេត្យូពីបានបដិសេធមិនអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលតម្រូវឲ្យគូសបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនេះ ក្នុងរយៈពេល ២ ឆ្នាំ ក្រោយមក និងបានបន្តកាន់កាប់ទឹកដីដែលតុលាការអន្តរជាតិបានសម្រេចផ្ដល់ជូនប្រទេសអេរីត្រេ។

ករណីនេះបានជំរុញឲ្យមានសង្គ្រាមត្រជាក់រវាងប្រទេសដែលនៅទ្វីបអាហ្វ្រិកខាងកើតទាំងពីរនេះ ដែលសង្គ្រាមនោះបានអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំ ដែលភាគីដែលរងគ្រោះខ្លាំងជាងគេគឺប្រទេសអេរីត្រេ៕

XS
SM
MD
LG