ប្រធានាធិបតីតួកគីលោក Racep Tayyip Erdogan បាននិយាយថាអ្នកដែលស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំមុននៅក្នុងប្រទេសតួកគីគឺជា «ជនក្បត់» ដែលត្រូវតែកាត់ក្បាលចោល។
លោក Erdogan បាននិយាយដូច្នេះពេលដែលប្រទេសតួកគីប្រារព្ធខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចនេះដោយបង្ហាញឲ្យឃើញពីការរំឭកទៅដល់ទុក្ករបុគ្គល នៅលើស្ពាន Bosporus ក្នុងទីក្រុង Istanbul ដើម្បីរំឭកដល់អ្នកមនុស្សប្រហែល ២៥០ នាក់ ដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាប្រឆាំងនឹងការធ្វើរដ្ឋប្រហារនេះ។ ស្ពាននេះដែលកាលពីថ្ងៃសៅរ៍ម្សិលមិញ បានដូរឈ្មោះទៅជាស្ពានរបស់ទុក្ករៈបុគ្គល គឺជាទិដ្ឋភាពនៃការប្រឈមមុខដាក់គ្នារវាងជនស៊ីវិលនិងរថក្រោះយោធា។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ លោក Erdogan បាននិយាយថា ជនល្មើសដែលធ្វើរដ្ឋប្រហារនេះ គួរតែត្រូវបានសម្លាប់ ឬដាក់ឃុំឃាំងនៅក្នុងពន្ធនាគារមួយដូចទៅនឹងពន្ធនាគារ Guantanamo Bay របស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា ប្រសិនបើរដ្ឋសភាតួកគីអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យមានការកាត់ទោសប្រហារជីវិតចំពោះអ្នកញុះញង់បង្កចលាចល លោកនឹងចុះហត្ថលេខាលើច្បាប់នោះភ្លាម។
មេដឹកនាំគណបក្សប្រឆាំងលោក Kemal Kilicdaroglu ក៏បានចេញនូវសេចក្ដីប្រកាសមួយកាលពីថ្ងៃសៅរ៍ម្សិលមិញដែរ ដោយលោកបានរំឭកអំពីការផ្លាស់ប្ដូរនៅក្នុងប្រទេសតួកគីចាប់តាំងពីរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំមុនបានកើតឡើងមក ដែលនោះគឺការបោះឆ្នោតប្រជាមតិកាលពីខែមេសាកន្លងទៅនេះ ដោយប្ដូរប្រព័ន្ធដឹកនាំប្រទេសតួកគីទៅជាប្រព័ន្ធដឹកនាំអាស្រ័យប្រធានាធិបតី។
បន្ថែមពីនេះទៀត រដ្ឋាភិបាលតួកគីបានប្រារព្ធខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចនេះ ដោយការបញ្ឈប់ការងារមន្ត្រីរដ្ឋការចំនួនជិត ៧.៤០០នាក់បន្ថែមទៀត៕