មិនដល់២ខែផង លោកដូណាល់ ត្រាំ នឹងស្បថចូលកាន់ដំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកហើយលោកនៅតែមិនព្រមនិយាយពីផែនការរបស់លោកអំពីអាវុធនុយក្លែអ៊ែរបស់កូរ៉េខាងជើងដែលមនុស្សជាច្រើនជឿជាក់ថា ជាការគំរាមកំហែងខាងសន្តិសុខដ៏សំខាន់បំផុតនៅពេលបច្ចុប្បន្ននេះដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ។
ខណៈដែលគោលនយោបាយរបស់លោកមិនទាន់ច្បាស់លាស់អំពីកូរ៉េខាងជើង កំពុងធ្វើឲ្យកូរ៉េខាងត្បូងមានការភ័យខ្លាច គោលនយោបាយការបរទេសថ្មីដែលបានស្នើឡើងក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកកំពុងធ្វើឲ្យស្ថានភាពកាន់តែអស់សង្ឃឹមអំពីសម្ព័ន្ធភាពខាងយោធាហើយនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងសេអ៊ូល។
ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះមានដូចជាការបែងចែករំលែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដើម្បីរក្សាកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ការដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីលជឿនលឿនរបស់សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូងហើយនឹងសំណងនៃការត្រួតត្រាកិច្ចប្រតិបត្តិការពេលសង្គ្រាមរបស់កូរ៉េខាងត្បូងដែលស្ថិតនៅក្រោមទីបញ្ជាការសហរដ្ឋអាមេរិកក្នុងកូរ៉េខាងត្បូងចាប់តាំងពីសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣។
ថ្វីបើមានភាពមិនប្រាកដប្រជាជុំវិញបញ្ហាសម្ព័ន្ធភាពរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីន តោននិងរដ្ឋាភិបាលក្រុងសេអ៊ូលបន្ទាប់ពីជ័យជំនះរបស់លោកត្រាំនៅក្នុងការបោះឆ្នោតប្រ ធានាធិបតីក៏ដោយ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធភាពដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមួយផ្នែកធំនៅតែដដែលហើយគេរំពឹងថានឹងមានភាពរលូនសម្រាប់ការខំប្រឹងប្រែងទ្វេភាគីដើម្បីទប់ទល់ការគំរាមកំហែងដែលកំពុងកើនឡើងដោយកូរ៉េខាងជើង។
លោក Thomas Hubbard អតីតឯកអគ្គរដ្ឋទូតសហរដ្ឋប្រចាំនៅប្រទេសកូរ៉េខាងត្បូងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៤ បានមានប្រសាសន៍ថា «សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋកូរ៉េមានភាពរឹងមាំខ្លាំងណាស់ហើយមិនទ្រត់ទ្រោមទេ។ ផលប្រយោជន៍រួមរបស់យើងនឹងឈ្នះមិនថាតើនរណាជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេ»៕