ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ការពារ​បរិស្ថាន​ព្រួយ​បារម្ភ​អំពី​ការ​សាង​សង់​នៅ​តំបន់​ដី​សើម

  • Sebastian Mhofu

សណ្ឋាគារ​ Meikles Hotel នៅ​កណ្តាល​ទីក្រុង​ Harare ប្រទេស​ស៊ីមបាវ៉េ។

អ្នក​ការពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ​ប្រឆាំង​​ទៅ​នឹង​ការ​សាង​សង់​ហាង​ទំនិញ​ធំៗ​និង​លំនៅដ្ឋាន​នៅ​តំបន់​ដី​សើម​ ដែល​ពួកគេ​យល់​ថា នឹងធ្វើឲ្យប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​ក្នុង​​​ទីក្រុង។

Monavale Vlei ជា​កន្លែង​មួយ​ដែល​យើង​អាច​ទៅ​ដល់​ដោយ​ត្រូវ​បើកបរ​១០​នាទី​ទៅ​ភាគ​និរតី​នៃ​ទី​ប្រជុំ​ជន​របស់​ទីក្រុង​ហារ៉ារ៉េ។ វាជា​តំបន់​ដី​សើម​មួយ​ដែល​នៅ​សេសសល់​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស៊ីមបាវ៉េ។ ដី​នៅ​កន្លែង​នេះ​មួយ​ភាគ​ធំ​គ្រប​ដណ្តប់​ដោយ​ស្មៅ​បៃតង​ និង​ដើម​ឈើ​មួយ​ចំនួន​ មិន​ដូចជា​ដីកន្លែង​ផ្សេងទៀត​នៃ​ទីក្រុង​នេះ​ទេ។

ក្រុមមន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ មាន​ប្រភេទ​សត្វ​ស្លាប​ជាង​២៥០​ប្រភេទ​នៅ​ទីនេះ​ ដែល​មាន​មួយ​ចំនួន​ហើរ​មក​ពី​កន្លែង​ផ្សេងៗ​នៃ​ពិភព​លោក។ ការ​សង់​ផ្ទះ​ ឬ​ហាង​ទំនើបៗ​ បាន​គ្រប​ដណ្តប់​លើ​តំបន់​វាល​ភក់​ផ្សេង​ទៀត។ ចំនួន​ប្រជាជន​នៅ​ទីក្រុង​នេះ​បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ ហើយ​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជាង​ពីរ​លាន​នាក់។ មួយ​ភាគ​ធំ​នៃ​ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​ការ​ធ្វើ​ចំណាក​ស្រុក​ពី​តំបន់​ជនបទ​មក​កាន់​ទី​ក្រុង។

ហាង​ទំនើប​ធំ​មួយ​ទៀត​ ដែល​អាច​ជា​ហាង​ធំ​ជាង​គេ​នៅបណ្តាប្រទេស​ក្នុងទ្វីប​អាហ្រ្វិក​ភាគខាង​ត្បូង​ ត្រូវ​បាន​កំណត់​នឹង​សាង​សង់​នៅ​លើ​ដី​សើម​នៃតំបន់​ជាយ​ក្រុង​ Borrowdale​ ភាគ​ខាង​កើត​នៃ​ទីក្រុង​ហារ៉ារ៉េ។ លោក Jimmy Muropa មន្រ្តី​ផ្នែក​អភិរក្ស​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​អភិវឌ្ឍ​នេះ៖

«យើង​មិន​មែន​ប្រឆាំង​នឹង​ទម្រង់​នៃ​ការ​អភិវឌ្ឍ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ដែល​យើងកំពុង​តវ៉ា​គឺ​ថា ហាង​ធំៗ​ឬ​ផ្ទះ​ទាំង​អស់​នោះ​ គួរតែ​សង់​នៅ​លើ​ដី​ទួល​ខ្ពស់​ជាង​នេះ។ ពួក​យើង​គាំទ្រ​ការអភិវឌ្ឍ ប៉ុន្តែ​វា​ត្រូវ​អាស្រ័យ​តាម​ហេតុផល​ដែល​ត្រឹមត្រូវ។ ហើយ​នេះ​ជា​មូល​ហេតុ​យ៉ាង​សាមញ្ញ»។

អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា​ តំបន់​ដី​សើម​ជា​កន្លែង​សម្អាត​និង​ផ្ទុក​ទឹក​ដែល​បញ្ចេញ​ទៅ​ក្នុង​បឹង​ និង​ទន្លេ​ជា​បន្ត​បន្ទាប់។ អង្គការ​ Harare Residents Trust ​និយាយ​ថា ​អត្រា​កម្រិត​ថ្លៃ​ទឹក​ បាន​កើន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​ការ​បំផ្លាញ​តំបន់​ដី​សើម។

លោក​ Precious Shumba ដែល​ជា​ប្រធាន​នៃ​អង្គការ​នេះបាន​មាន​ប្រសាសន៍​ថា៖ «ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ​មាន​លក្ខណៈ​ទន់​ខ្សោយ​ខ្លាំង​នៅ​ឡើយ។ ភ្នាក់ងារ​គ្រប់​គ្រង​បរិស្ថាន​មិន​ធ្វើ​តាមនីតិវិធី​ដែល​បាន​ចែង​នោះ​ទេ​ នៅ​ពេល​យល់​ព្រម​ឲ្យ​គេ​សាង​សង់។ មាន​ការ​ពុក​រលួយ​ច្រើន​ណាស់​ ហើយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ស្ថានភាព​តែ​មួយ​គត់​ដែល​អាច​បន្ធូរ​បន្ថយ​បាន​ដែល​ភ្នាក់ងារ​ EMA​ (ភ្នាក់ងារ​គ្រប់​គ្រង​បរិស្ថាន​) និង​ក្រុម​ប្រឹក្សាអាច​ធ្វើ​បាន​គឺ​ត្រូវ​ធ្វើ​ការ​ពិន័យ​ចំពោះ​ការបំពាន​ទាំង​នេះ។ ប៉ុន្តែ​ ពួកគេ​នឹង​មិន​ឈប់​ទេ​ ដែល​មានន័យ​ថា តំបន់​ដី​សើម​នឹង​បន្ត​បាត់​ទៅៗ»។

ភ្នាក់ងារ​គ្រប់គ្រង​បរិស្ថាន​គឺជា​ក្រុម​ប្រឹក្សា​របស់​រដ្ឋាភិបាល​មួយ​ដែល​ត្រូវ​កំណត់​ធានា​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​បរិស្ថាន​ប្រកប​ដោយ​ចីរភាព​ នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។ លោក​ Steady Kangata ​អ្នកនាំ​ពាក្យ​របស់​ភ្នាក់ងារ​បរិស្ថាន​ បាន​និយាយ​ថា​ ស្ថាប័ន​របស់​លោក​កំពុងតែ​ព្យាយាម​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​សារសំខាន់​នៃ​ការ​មិន​សាងសង់​នៅ​លើ​តំបន់​ដី​សើម។ លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​ទីក្រុង​ហារ៉ារ៉េ ​មាន​ភាព​ធូរ​រលុង​ចំពោះ​ច្បាប់​ដែល​ត្រូវ​អនុវត្ត​នៅ​តំបន់​ដី​សើម។

«ច្បាប់​របស់​ស៊ីមបាវ៉េគឺ​មាន​លក្ខណៈ​ពេញ​លេញ​ណាស់​ពាក់​ព័ន្ធ​នឹង​តំបន់​ដី​សើម។ យើង​គឺជា​ផ្នែក​មួយ​នៃ​អនុ​សញ្ញា​ Ramsar (Ramsar Convention) ដែល​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​តំបន់​ដីសើម​ឲ្យ​បាន​ត្រឹមត្រូវ។ យើង​ថែមទាំង​បាន​ធ្វើ​ឲ្យ​បទបញ្ញត្ត​នៃ​អនុសញ្ញា​ Ramsar ​មាន​លក្ខណៈ​សមស្រប​ទៅ​នឹង​បទបញ្ញត្ត​ក្នុង​ស្រុក​ទៀត​ផង។ តំបន់​ដី​សើម​គឺជា​តំបន់​ការពារ។ ប៉ុន្តែ តំបន់​ដី​សើម​នៅ​ក្នុង​ទីក្រុងបាន​រង​សម្ពាធ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ»។

លោក​ Dorothy Wakeling ​អ្នក​អភិរក្ស​តំបន់​ដីសើម​និយាយ​ថា ​តំបន់​ដី​សើម​គឺជា​ធនធាន​ដ៏​មាន​តម្លៃ​ ដែល​មិន​អាច​ឲ្យ​វិនាស​បាន​ឡើយ។ លោក​បាន​លើក​ឡើង​ថា៖

«តំបន់​ដីសើម​ទាំងនេះ​គឹជា​ប្រភព​ទឹក​តែមួយ​គត់​របស់​យើង។ ប្រសិនបើ​យើង​លុប​ដីសើម​របស់​ទីក្រុង​ហារ៉ារ៉េ​ នោះ​គឺ​យើង​កំពុង​តែ​កាត់​ផ្តាច់​ប្រភព​ទឹក​របស់​ខ្លួន​យើង​ហើយ។ បើ​បែប​នេះ​ តើ​យើង​នឹង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​បំពេញព្រែកអូរ​ និង​ទន្លេ​ដែល​ហូរ​ទៅ​កាន់​ទំនប់​នៅ​ក្រោមៗ​បាន? ដូច្នេះ​តំបន់​ដីសើម​គួរតែ​រក្សាទុក​កុំ​ប៉ះពាល់»។

ប៉ុន្តែ​ ដោយ​សារ​តម្រូវការ​ដី​សម្រាប់​សង់​លំនៅដ្ឋាន​ និង​ហាង​ទំនើប​ធំៗ​មាន​ការ​កើនឡើង​នោះ​ ពាក្យ​ទទូច​អំពាវនាវ​របស់​លោក​ Wakeling ​ហាក់​ដូចជា​គ្មាន​អ្នកណា​ស្តាប់​ឮ​ឡើយ៕

ប្រែ​សម្រួល​ដោយ សើ​ សាយ្យាណា

XS
SM
MD
LG