ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​បរិស្ថាន​ស្នើ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ​


ក្រុម​យុវជនបរិស្ថាន​ប្រមាណ​២០​នាក់​ ​បាន​ធ្វើ​ពិធី​ដង្ហែ​​«សព​ព្រៃឈើ» តាម​ដងផ្លូវ​​ទៅ​កាន់​ក្រសួង​បរិស្ថាន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែ​​កញ្ញា ឆ្នាំ ២០២២ ដោយ​ស្នើ​បញ្ឈប់​​ការ​រឹត​ត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ។ (Courtesy of Ma Chettra via Facebook)
ក្រុម​យុវជនបរិស្ថាន​ប្រមាណ​២០​នាក់​ ​បាន​ធ្វើ​ពិធី​ដង្ហែ​​«សព​ព្រៃឈើ» តាម​ដងផ្លូវ​​ទៅ​កាន់​ក្រសួង​បរិស្ថាន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែ​​កញ្ញា ឆ្នាំ ២០២២ ដោយ​ស្នើ​បញ្ឈប់​​ការ​រឹត​ត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ។ (Courtesy of Ma Chettra via Facebook)

ក្រុម​យុវជន​បរិស្ថាន​ប្រមាណ​២០​នាក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដើរ​ជា​ក្បួន​តាម​វិថី​នៅ​រាជ​ធានី​ភ្នំពេញ​ ដោយ​ស្នើ​បញ្ឈប់ការ​រឹត​ត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ​ ខណៈ​ពួក​គេ​អះអាង​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នៅ​បន្ត​កើត​មាន​ឡើង។​

ក្រុម​យុវជន​បាន​ធ្វើ​ពិធី​ដង្ហែ«សព​ព្រៃឈើ» ​ដោយ​បាន​យក​ញត្ដិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន។​ ក្រុម​អ្ន​ក​ស្រឡាញ់​បរិស្ថាន​បាន​ស្លៀក​ពាក់​ខោ​អាវ​ពណ៌​ស​ និង​មាន​មឈូស ដែល​តំណាង​ឱ្យ​ការ​កាន់​ទុក្ខ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​ការពារ​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ពេល​ដង្ហែ​នោះ​ ក្រុមយុវជនក៏​បាន​ស្រែក​ជា​សារ​ថា​«សូមឲ្យ​យើង​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​ដើម្បី​ការពារ​ព្រៃឈើ»​ «ការពារ​ព្រៃឈើ​មិន​មែន​ជា​បទ​ល្មើស​ទេ» ​និង​«សូម​ចាប់​អ្នក​កាប់ ​កុំ​ចាប់​អ្នក​ការពារ»។​

នៅ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​ជូន​លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ពួកគេ​បាន​លើក​ឡើង​ថា​ សហគមន៍​មូលដ្ឋាន​ យុវជន ​និង​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​ក្រសួង​រារាំង​មិន​ឲ្យរៀបចំ​សកម្មភាព​ល្បាត​ព្រៃ​របស់​សហគមន៍​ កម្មវិធី​ទស្សន​កិច្ច​របស់​យុវជន ​និង​ការ​ប្រារព្ធ​ពិធី​បំបួស​ព្រៃឈើ​ជាដើម។​ ពួកគេ​ចាត់​ទុក​ថា​ នេះ​ជា​សកម្មភាព​រឹតត្បិត ​និង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ​ត្រង់​មាត្រា​២៩​ដែល​ចែង​ថា​ ​ប្រជា​ពល​រដ្ឋ ​ព្រះ​សង្ឃ ​សិស្សានុសិស្ស ​មន្ត្រី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ករណី​កិច្ច​ចូលរួម​ការពារ ​អភិរក្ស ​និង​ស្ដារ​ធនធាន​ធម្មជាតិ​ឡើង​វិញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។​

ក្រុម​យុវជនបរិស្ថាន​ប្រមាណ​២០​នាក់​ ​បាន​ធ្វើ​ពិធី​ដង្ហែ«សព​ព្រៃឈើ» តាម​ដងផ្លូវទៅ​កាន់​ក្រសួង​បរិស្ថាន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែកញ្ញា ឆ្នាំ ២០២២ ដោយ​ស្នើ​បញ្ឈប់ការ​រឹត​ត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ។ (Courtesy of Ma Chettra via Facebook)
ក្រុម​យុវជនបរិស្ថាន​ប្រមាណ​២០​នាក់​ ​បាន​ធ្វើ​ពិធី​ដង្ហែ«សព​ព្រៃឈើ» តាម​ដងផ្លូវទៅ​កាន់​ក្រសួង​បរិស្ថាន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែកញ្ញា ឆ្នាំ ២០២២ ដោយ​ស្នើ​បញ្ឈប់ការ​រឹត​ត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃឈើ។ (Courtesy of Ma Chettra via Facebook)

បើ​តាម​ញត្តិ​របស់​ក្រុម​យុវជន ​មាន​ការ​បន្ត​រក​ឃើញ​ការ​បាត់​បង់ ​និង​ការ​លួច​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់ ​និង​ព្រៃ​ព្រះ​រកា​ជាដើម។ ​ពួកគេ​ក៏​ជំរុញ​ឲ្យ​បើ​ចំហ​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឈើ ​និង​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​អាជីវ​កម្ម​ឈើ ​និង​ផ្សព្វផ្សាយ​ពី​បច្ចុប្បន្ន​ភាព​ធនធាន​ធម្ម​ជាតិ ​ព្រៃឈើ​ទៅ​កាន់​សាធារណ​ជន​ឲ្យ​បាន​ទូលំ​ទូលាយ។​

លោក ​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​រាល់​សហគមន៍ ​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បា​នចុះ​បញ្ជី​ស្រប​ច្បាប់ ​និង​មាន​កិច្ច​ព្រម​ព្រៀង​ត្រឹម​ត្រូវ ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​និង​ទទួល​ស្វាគមន៍​ដោយ​ក្រសួង​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ព្រៃឈើ​ សត្វព្រៃ។​ លោក​ចាត់​ទុក​ក្រុម​យុវជន​ដែល​ដើរ​តាម​វិថី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ជា​«សកម្មជន​នយោបាយ»​ ហើយ​«ស្ថិត​ក្រោម​ការ​បញ្ជា​ដោយ​ជន​បរទេស»។​

លោក​បញ្ជាក់​ថា៖ ​«ពួក​គេ​គ្រាន់​តែ​ជា​ជន​ឱកាស​និយម​ យក​ការ​សម្តែង​ជា​ការ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ដើម្បី​ផល​ប្រយោជន៍​បក្ខ​ពួកខ្លួន​ប៉ុណ្ណោះ»៕​

XS
SM
MD
LG