ថ្ងៃអង្គារនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីឆ្នាំមមែ។ ជាមួយគ្នានេះដែរមានប្រជាពលរដ្ឋជាច្រើនបានចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីនេះដែរ។
បើទោះជានៅតាមដងផ្លូវនានា ក្នុងក្រុងភ្នំពេញមានភាពស្ងប់ស្ងាត់ខុសពីធម្មតា តែនៅតាមទីផ្សារមួយចំនួននៅក្នុងក្រុងភ្នំពេញនាពេលព្រឹកថ្ងៃអង្គារនេះដែលជាថ្ងៃចូលឆ្នាំថ្មីទី១ ពោរពេញដោយមនុស្សម្នាជាច្រើនដែលមកទិញផ្កាភ្ញី ផ្លែឈើ បាយសី និងគ្រឿងតុបតែងផ្ទះជាដើម សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម រាគ្យសៈទេវី។
លោកចៅ សុគន្ធ ដែលរស់នៅភ្នំពេញ ក៏មានការ មមាញឹកក្នុងការទិញគ្រឿងតុបតែងផ្ទះនិងផ្លែឈើដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មីនេះនៅផ្សារកណ្តាល។ លោក បានថ្លែងថាការរៀបចំទទួលទេវតាឆ្នាំថ្មីនេះជារឿងសំខាន់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះបន្ទាប់ពីការធ្វើចង្ហាន់ទៅវត្ត។ សម្រាប់លោក ចៅ សុគន្ធលោកត្រូវតែបំពេញការងារមួយនេះជាមុនសិន មុននឹងធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានផ្សេងៗដើម្បីកម្សាន្ត។
«នេះគឺជាប្រពៃណីរបស់ជនជាតិខ្មែររបស់យើង ហើយថ្ងៃនេះគឺយើងត្រូវតែប្រារព្ធកិច្ចជាដាច់ខាតឲ្យតែខ្មែរត្រូវតែគោរព។ និយាយរួមទៅគឺវាគ្រប់ផ្នែកទទួលទេវតាឆ្នាំថ្មី ផ្លាស់ឆ្នាំចាស់ចូលឆ្នាំថ្មី និងសូមឲ្យមានសេចក្តីសុខសេចក្តីចម្រើន»។
ដូចគ្នានេះដែរ លោកស្រីហេង សុផល អ្នករស់នៅទីក្រុងភ្នំពេញក៏បានត្រៀមរៀបចំបាយសីនិងផ្កាភ្ញីជាដើម។ លោកស្រីបានឲ្យដឹងថាការរៀបចំនេះគឺបានធ្វើតៗគ្នាតាំងពីដូនតាមកម្ល៉េះដើម្បីឲ្យទេវតាឆ្នាំថ្មីប្រទានពរនិង មានសេចក្តីសុខនៅក្នុងក្រុមគ្រួសារ។
«រៀបចំ កូនចេក ផ្លែចេក ហើយ ផ្លែឈើផ្សេងៗមានប៉មអី មានផ្កា។ វាគ្រាន់តែជាជាទំនៀមទម្លាប់មួយដែលគេនាំគ្នាធ្វើតៗគ្នា ហើយយើងក៏ធ្វើដែរទៅ វាដើម្បីសុំឲ្យមានសេចក្តីសុខ»។
យោងតាមសៀវភៅមហាសង្ក្រាន្តខ្មែរដែលរៀបរៀងឡើងដោយលោកអ៊ឹម បុរិន្ទ ទេវតាឆ្នាំថ្មីដែលមានឈ្មោះថា រាគ្យសៈទេវីបានមកដល់ផែនដីនៅម៉ោង២រសៀលថ្ងៃអង្គារនេះដែលជាថ្ងៃទី១របស់ ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេលបីថ្ងៃនេះ។ តាមទម្លាប់ ប្រជាជន កម្ពុជាតែងតែរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីដែលមាន ផ្លែឈើ បាយសី ផ្កាភ្ញី ភេសជ្ជៈនិង ធូបទាន ជាដើមនៅតាមគេហដ្ឋានរៀងៗខ្លួន។
ជាមួយគ្នានេះដែរ នៅក្នុងរមណីយដ្ឋានវត្តភ្នំក៏មានការរៀបចំដង្វាយនិងទូងស្គរជ័យទទួលទេវតាឆ្នាំថ្មីផងដែរនារសៀលថ្ងៃនេះ។
លោក អ៊ឹម បុរិន្ទ អ្នកនិពន្ធ និងជាអគ្គលេខាធិការងនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិបានប្រាប់វីអូអេខេមរភាសាថាការរៀបចំរណ្តាប់ទទួលទេវតាបែបនេះគឺមានប្រវត្តិជាយូលង់ណាស់មកហើយ។ ហើយក៏មានកត់តា្រនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសផងដែរ។
«យើងមានឃើញនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស ហើយនឹងតាមការរៀបចំនៅក្នុងព្រះរាជវាំងផងដែរ។ គ្រឿងសក្ការៈហ្នឹងមាន ការតាំងរានទេវតាមួយហើយដាក់គ្រឿងបូជាទេវតាមានបាយសីផងដែរ មានបាយសី៩ថ្នាក់ បាយសី៧ថ្នាក់បាយសី៥ថ្នាក់ និងបាយសី៣ថ្នាក់ និងបាយសីបាឆាម មួយគូៗ»។
នៅក្នុងថ្ងៃចូលឆ្នាំទី១នេះ គេក៏សង្កេតឃើញថាវត្តអារ៉ាមនានានៅក្នុងក្រុងភ្នំពេញក៏មានភាពអ៊ូអរផងដែរ ដោយប្រជាពលរដ្ឋជាច្រើនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ផងខ្លួន។ ជាមួយគ្នានោះដែរ ក៏មានការស្រង់ព្រះនិងពូនភ្នំខ្យាច់ទៀតផង៕