ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រោងចក្រ​ផ្អាក​ការងារ​កម្មករ​ ​ដោយសារ​គ្មាន​ការ​បញ្ជា​ទិញ​​


កម្មករ​​​រោងចក្រ​​​​​​កំពុង​​​ទិញ​​​អាហារ​​​​​​ពេល​​​ថ្ងៃ​​​​​​ត្រង់​​​នៅ​​​​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​​​​​២ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​​​ រាជធានី​​​ភ្នំពេញ កាល​​​ពី​​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៥។ (ផន បុប្ឆា/VOA)

ថ្នាក់​ដឹក​នាំ​រោង​ចក្រ​បាន​ប្រាប់​កម្មករ​ថា​ ការ​ផ្អាក​នេះ​មិនមែន​​ដោយ​សារ​​មាន​ការ​បង្ហោះ​រូបភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បង្ហាញ​ពី​ការ​ដួល​សន្លប់​របស់​កម្មករ​នោះ​ទេ។​

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​រោងចក្រ​១៥​ដែល​បាន​ផ្អាក​ការងារ​កម្មករ ដោយ​សារ​តែ​មិន​មាន​ការ​បញ្ជា​ទិញ​នៅ​ពេល​ដែល​មេ​ដឹក​នាំ​សហជីព​និយាយ​ថា​ ពួកគេ​នឹង​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យខ្ពស់​ជាង​មុន។​

វិស័យ​ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​គឺ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​យ៉ាង​ហោច​ណាស់​៦០០.០០០​នាក់។​ ប៉ុន្តែ​វិស័យ​នេះ​បាន​ជួប​ប្រទះ​នឹង​ភាព​ចលាចល​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​មាន​កម្មករ​ជា​ច្រើន​បានទាម​ទារ​ឲ្យមាន​ការ​ដំឡើងប្រាក់​ឈ្នួល​ដើម្បី​រក្សា​លំនឹង​ជីវភាព​ទប់ទល់​ជាមួយ​នឹង​ចំណាយ​ការ​កើន​ឡើង។​ ការ​ចរចា​ប្រាក់​ឈ្នួល​ជា​បន្តបន្ទាប់​ទៀត​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​នេះ។​

ម្ចាស់​រោង​ចក្រ​បាន​និយាយ​ថា ​ភាព​ចលាចល​ និង​ការ​ចំណាយ​ខ្ពស់​ជាង​មុន​នឹង​ធ្វើឲ្យ​អតិថិជន​ធំៗ​គឺ​ក្រុមហ៊ុន​បញ្ជាទិញ​ទៅ​បញ្ជា​ទិញ​ពី​រោងចក្រ​នៅ​ប្រទេស​ផ្សេង។​ ​លោក​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ បាន​និយាយ​ថា ជា​រៀង​រាល់​ឆ្នាំ​រោង​ចក្រ​មួយ​ចំនួន​ផ្អាក​ការងារ​កម្មករ​ «ប៉ុន្តែ​មិន​ទាន់មាន​ច្រើន​ទេ»។ ​លោក​ខេន លូ​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​ក្នុង​ការ​បញ្ជា​ទិញ​គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ផ្អាក​នេះ។​

លោក​បាន​និយាយ​ថា៖​ «យើងព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ។​ សហជីព​មិន​ជឿ​យើង​ទេ»។​

ទន្ទឹម​នឹង​នោះ​ មេ​ដឹក​នាំ​សហជីព​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ពួក​គេ​គ្រោង​នឹង​ចរចាទាមទារប្រាក់​ឈ្នួល​អប្បបរមា​ដែល​ខ្ពស់​ជាង​កាល​ពី​មុន។ ​យោង​តាមលទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទៅ​លើ​ការចាយ​វាយ​ក្នុង​ការ​រស់​ សហជីព​ជំរុញ​ឱ្យ​ប្រាក់​ខែ​អប្បបរមាឡើង​ពី​១២៨​ដុល្លារ​ទៅ​១៧៧​ដុល្លារ​ថ្មីៗ​នេះ។ ​ ​ ប៉ុន្តែ​ឥឡូវ​នេះ​ពួក​គនឹងជំរុញឲ្យ​ប្រាក់ខែ​នេះ​ឡើងដល់​២០៧​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​ស្រី​ ឈាង ​ធីតា ​តំណាង​កម្មករ​នៅ​រោង​ចក្រ​តៃគី​ ដែល​ផលិត​សម្លៀក​បំពាក់​សម្រាប់​ហាង​ Armani ​និយាយ​ថា​ កម្មករ​ប្រហែល​៥០០​ធ្វើ​ការ​ក្នុងរោងចក្រ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ផ្អាក​ការងារ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។

គាត់​និយាយថា៖​ «នេះ​គឺ​ជា​ឆ្នាំ​ដំបូង​ដែល​រោងចក្រផ្អាក​ការងារ​កម្មករ»។​

គាត់​បាន​និយាយ​ថា​ ថ្នាក់​ដឹក​នាំ​រោង​ចក្រ​បាន​ប្រាប់​កម្មករ​ថា​ ការ​ផ្អាក​នេះ​មិនមែនដោយ​សារមាន​ការ​បង្ហោះ​រូបភាព​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​បង្ហាញ​ពី​ការ​ដួល​សន្លប់​របស់​កម្មករ​នោះ​ទេ។​

​លោក ​មឿន តុលា​ ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​និយាយ​ថា​ មានរោងចក្រ​ច្រើន​ដែល​ផ្អាក​ការងារ​កម្មករ ​ជា​ពិសេស​សម្រាប់​ខែ​សីហា ​ដែល​គួរតែ​ជា​រដូវ​ដែល​ការ​បញ្ជា​ទិញ​កើន​ឡើង។​

លោក​បាន​និយាយ​ថា​ កន្លង​មក​ការ​ព្យួរការងារ​របស់​កម្មករ​ ឬ​បិទ​រោងចក្រ​កើត​មាន​ដោយសារ​ការ​គ្រប់គ្រង​មិន​ល្អ មិនមែន​មក​ពី​ការ​បញ្ជា​ទិញ​តិចទេ។ ​លោក​បានបន្ថែម​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ​ការ​ផ្អាក​ការងារ​កម្មករ​ពេល​បច្ចុប្បន្នអាច​ជា​យុទ្ធ​សា​ស្រ្ត​របស់​រោងចក្រ​ដើម្បី​ទប់ទល់​នឹង​ការ​ទាមទារបង្កើន​ប្រាក់​ឈ្នួល​អប្បបរមា។ ​លោក​បាន​អំពាវនាវ​ឲ្យអ្នក​បញ្ជា​ទិញ«បង្ហាញ​ប្រាប់កម្មករថា ​ពួក​គេ​ចង់​ឲ្យរោង​ចក្រផ្តល់​ខែ​សមរម្យ​ដល់​កម្មករ»។​

អ្នកស្រី​ វ៉ា គន្ធា ជា​បុគ្គលិក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ហើយ​ដែល​បាន​ប្រមូល​តួលេខរោងចក្រ​ដែល​ផ្អាក​ការងារ​កម្មករ​ បាន​និយាយ​ថា​ អ្នកស្រី​បាន​មើល​ឃើញ​ថា​ មានរោង​ចក្រ​ច្រើន​ឡើង​បាន​ផ្អាក​ការងារ​កម្មករសប្តាហ៍​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រីបាននិយាយ​ជាមួយ​រោងចក្រ​ប្រហែល​តែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃចំនួន​រោងចក្រ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​អ្នកស្រី​គិត​ថា ចំនួន​រោងចក្រ​ផ្អាក​ការងារ​កម្មករអាច​មាន​ច្រើន​ជាង​ចំនួន​ដែល​អ្នកស្រី​បាន​ដឹង។​

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​និយាយ​ថា ​កម្មករ​នៅ​តែ​ត្រូវ​ការ​ការ​ដំឡើង​ប្រាក់​ខែ​ បើទោះ​ជា​មាន​ការ​ផ្អាក​នេះ​ក៏ដោយ។

«យើង​មិន​អាច​នៅ​ស្ងៀម​បាន»៕​

XS
SM
MD
LG