មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ស្ពានសំខាន់មួយខ្សែដែលភ្ជាប់ប្រទេសរុស្ស៊ីទៅតំបន់ Crimea បានរងការខូចខាតក្នុងស្ថានភាព «បន្ទាន់» ដែលធ្វើឱ្យបង្អាក់ដល់ចរាចរណ៍នៅចំពេលមានការរាយការណ៍ថាមានការផ្ទុះកើតឡើង។
ស្ពាននេះភ្ជាប់តំបន់ Krasnodar នៃប្រទេសរុស្ស៊ីទៅតំបន់ Crimea ដែលជាឧបទ្វីបរបស់អ៊ុយក្រែនដែលត្រូវរុស្ស៊ីភ្ជាប់យកនៅឆ្នាំ ២០១៤ នៅក្នុងវិធានការមួយដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់។ ស្ពាននេះដើរតួជាតំណភ្ជាប់ដ៏សំខាន់ដើម្បីផ្គត់ផ្គង់ទាហានរុស្ស៊ីនៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបានបញ្ជាក់តាម Telegram ថា មានការខូចខាតលើផ្នែកខាងផ្លូវរថយន្តនៃស្ពាននៅជិតតំបន់ Crimea។ ក្រសួងនេះមិនបានពន្យល់អំពីមូលហេតុនៃការខូចខាតនេះទេ។
មន្ត្រីរុស្ស៊ីបាននិយាយថា មនុស្ស ២ នាក់ត្រូវបានសម្លាប់ហើយកូនស្រីរបស់អ្នកទាំងពីរនេះបានរងរបួសនៅលើស្ពាននេះនៅថ្ងៃចន្ទនេះ។
ស្ពាននេះធ្លាប់រងការខូចខាតកាលពីមុនរួចមកហើយនៅក្នុងការផ្ទុះកាលពីខែតុលាឆ្នាំមុន ដែលនៅពេលនោះរុស្ស៊ីបានចោទអ៊ុយក្រែនថាជាអ្នកធ្វើ។
រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបញ្ឈប់ការចូលរួមនៅក្នុងកិច្ចព្រមព្រៀងដែលមានរយៈពេលជិតមួយឆ្នាំដែលសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនចំនួនបីនៅសមុទ្រខ្មៅ។
អង្គការសហប្រជាជាតិ និងតួកគីបានសម្របសម្រួលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅចំពេលមានវិបត្តិស្បៀងអាហារជាសាកល ដោយស្វែងរកការសម្រួលដល់ការនាំចេញដែលត្រូវបានរារាំងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
មុនពេលកិច្ចព្រមព្រៀងផុតកំណត់នៅថ្ងៃចន្ទនេះ រុស្ស៊ីបាននិយាយថា ខ្លួនមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ទេ នៅក្រោមគំនិតផ្តួចផ្តើមនេះ។
មន្ត្រីការពារជាតិអ៊ុយក្រែនមួយរូបបាននិយាយនៅថ្ងៃចន្ទនេះថា យោធាអ៊ុយក្រែនបានដណ្ដើមកាន់កាប់ឡើងវិញពីកងទ័ពរុស្ស៊ីនូវទឹកដីទំហំ ១៨ គីឡូម៉ែត្រការ៉េក្នុងអំឡុងសប្ដាហ៍មុន និងទឹកដីទំហំ ២១០ គីឡូម៉ែត្រការ៉េតាំងពីពេលធ្វើយុទ្ធនាការវាយបកទៅវិញកាលពីខែមុនមក។
ការដណ្ដើមបានមកវិញនេះរួមមានទាំងទឹកដីទំហំ ៧ គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ។ កងទ័ពរុស្ស៊ីបានត្រួតត្រាលើទីក្រុង Bakhmut តាំងពីខែឧសភាមក។
នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ្នកស្រី Hanna Maliar បាននិយាយថា យុទ្ធជនអ៊ុយក្រែនបានដណ្ដើមកាន់កាប់មកវិញនូវទឹកដីទំហំ ១១ គីឡូម៉ែត្រការ៉េ នៅពេលដែលពួកគេបានរុលទៅមុខសំដៅទៅទីក្រុង Berdyansk និងទីក្រុង Melitopol។
អ្នកស្រី Maliar ក៏បានបញ្ជាក់ផងដែរថា កងទ័ពរុស្ស៊ីបានរុលទៅមុខសំដៅទៅទីក្រុង Kupiansk នៅក្នុងតំបន់ Kharkiv នៅភាគខាងកើតប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។