ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​ប្រកាស​«តស៊ូ​មតិ»​បើ​ គ.ជ.ប មិន​ចុះ​ឈ្មោះ​បក្ស​ក្រោយ​ដាក់​ឯកសារ​បន្ថែម​នៅ​ថ្ងៃសៅរ៍


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ភ្លើង​ទៀន នៅ​ល្ងាច​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ប្រមូល​ផ្តុំ​ដើម្បី​តស៊ូ​មតិ ប្រសិន​បើ​គណបក្ស​ជំទាស់​មួយ​នេះ​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ក្រោយ​ដាក់​ឯកសារ​ពាក់ព័ន្ធ​បន្ថែម​នៅ​ថ្ងៃសៅរ៍ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ នា​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា ឆ្នាំ​ ២០២៣។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស ក្រោយ​មាន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក​និង​ថ្នាក់​ដឹកនាំ​គណបក្ស​រាជធានី​ខេត្ត​ទូទាំង​ប្រទេស។

សេចក្តី​ប្រកាស​បញ្ជាក់​នេះ​ឱ្យ​ដឹង​ថា ​គណបក្ស​នឹង​បំពេញ​បន្ថែម​ឯកសារ​ពាក់​ព័ន្ធ ដែល​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ទាមទារ ដើម្បី​អាច​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោតជាតិ​នីតិកាល​ទី ៧​ នៅ​ គ.ជ.ប នៅ​ថ្ងៃ​ទី​ ១៣ ខែ​ឧសភា វេលា​ម៉ោង​ ៣​រសៀល។

គណបក្ស​ក៏​បញ្ជាក់​ទៀត​ថា៖ «នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ សមាជិក សមាជិក សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស ដើម្បី​តស៊ូ​មតិ​ដោយ​សន្តិវិធី​ក្នុង​ករណី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​គ.ជ.ប បដិសេធ​មិន​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ ឆ្នាំ​ ២០២៣»។

បញ្ហា​ដែល​កំពុង​កើត​មាន​លើ​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ គឺ​ដោយ​សារ​ គ.ជ.ប ​ទាម​ទារ​ឱ្យ​គណបក្ស​ដាក់​លិខិត​ដើម ​ឬ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​បញ្ជាក់​នីត្យានុកូលកម្ម​ ដោយ​រដ្ឋបាល​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ចំនួន​មួយ​ច្បាប់។ ​នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​ឱ្យ​បំពេញ​លក្ខខណ្ឌ​ដែល​ខ្វះ​ខាត ដែល​ផ្ញើទៅ​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី ៩ ​ខែ​ឧសភា។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​គណបក្ស​ភ្លើង​ទៀន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​មិន​មាន​ឧបសគ្គ​អ្វី ប៉ុន្តែ​ទើប​តែ​ពេល​នេះ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​តម្រូវ​ឲ្យ​គណបក្ស​មួយ​នេះ​ប្រគល់​ឯកសារ​មួយ​ចំនួន​ទៀត។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន លោក គីមសួរ ​ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​គណបក្ស​នឹង​បន្ត​យក​លិខិត​ដែល​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា​ គណបក្សភ្លើង​ទៀន​ពិត​ជា​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​ចេញ​កាល​ពីថ្ងៃ​ទី​ ៥ ខែ​ឧសភា ទៅ​ដាក់​នៅ​ស្ថាប័ន​ គ.ជ.ប ម្តង​ទៀត និង​រង់ចាំ​ការ​សម្រេច​របស់​ស្ថាប័ន​នេះ​បន្ថែម​ទៀត៕

XS
SM
MD
LG