ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ចាស់​នៅ​កម្ពុជា​ប្រឈម​បញ្ហា​ច្រើន​ ខណៈ​ខ្វះ​ការ​គាំទ្រ​ផ្នែក​សង្គម​កិច្ច


លោក ឆេ សាលួត វ័យ៧២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ឆេ សាលួត វ័យ៧២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)

មនុស្ស​ចាស់​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​ទាំង​សុខភាព​ និង​ហិរញ្ញ​វត្ថុ​ ខណៈ​ការ​គាំទ្រ​ផ្នែក​សង្គម​នៅ​មាន​កម្រិត​ទាប។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ផ្នែក​សង្គមកិច្ច។

ថ្លែង​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​គម្រោង​ពិគ្រោះ​យោបល់ ​ការ​កសាង​សមត្ថភាព​ដៃគូ​ និង​ការ​រៀបចំ​ផែនការ​ នៅ​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០២២ លោក ទុំ វីរ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ ​និយាយ​ថា ​មនុស្ស​ចាស់​នៅ​កម្ពុជា​កាន់​តែមាន​ចំនួន​កើន​ឡើង ​ហើយ​បញ្ហា​ប្រឈម​ក៏​មាន​កាន់តែ​ច្រើន​ផង​ដែរ​ ស្រប​ពេល​ខ្វះ​ការ​គាំទ្រ​ផ្នែក​សង្គម។​

«ស្ថិត​នៅ​ក្នុង​វ័យ​ចំណាស់ គាត់​មិនទាន់​មាន​ជា​ការ​ថែទាំ​សុខភាព​ជាសកល​ដើម្បី​ជួយ​ទៅ​ដល់​ពួកគាត់។ ​ ហើយ​បើ​យើង​ក្រឡេក​មើល​បញ្ហា​ប្រឈម​សំខាន់​មួយ​ទៀត​ គឺ​រឿង​ប្រាក់​ចំណូល​របស់​គាត់។ ​នៅ​ពេល​ដែល​ឈាន​ទៅ​ដល់​វ័យ​ចំណាស់​ ឱកាស​រក​ចំណូល​ក៏​ទាប ហើយ​ចំណូល​ដែល​មាន​ហ្នឹង​ក៏​ចុះ​ខ្សោយ។​ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ប្រព័ន្ធ​គាំពារ​ជួយ​ទៅ​ដល់​មនុស្ស​ចាស់​ហ្នឹង​វិញ ​វា​ដូច​អត់​ទាន់​មាន»។​

លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ ទុំ វីរ៉ា ​បន្ថែម​ថា ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​វ័យ​ចំណាស់ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខ​សង្គម ​និង​ការ​គាំទ្រ​គ្រួសារ​ និង​សង្គម​ដែល​មាន​ស្រាប់។ បន្ថែម​លើ​នោះ ​ វា​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​ចំណាយ​ក្នុង​វិស័យ​សុខាភិបាល​ កំណើន​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​ ការ​ធ្វើ​ចំណាក​ស្រុក ប្រសិន​បើ​កម្ពុជា​មិន​រៀបចំ​ប្រព័ន្ធ ​និង​យន្តការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​សម្រាប់​អនាគត។​ លោក​លើក​ឡើង​ថា៖​

«គាត់​នឹង​ត្រូវ​ជា​បន្ទុក​មួយ​...​ចំណាយ​របស់​កូន​ចៅ ​ របស់​ប្រទេស​ជាតិ​យើង ​ទៅ​លើ​ទាំង​វិស័យ​សុខាភិបាល​ ឬ​អី​ហ្នឹង។​ មិន​យក​ចិត្ត​ទុក​ដាក់​លើ​គាត់ ​គឺ​យើង​បាន​បង្កក​នូវ​ធនធាន​ដែល​គាត់​អាច​នៅ​មាន​ផលិត​ភាព។​ យើង​ទុក​គាត់​ចោល​ គឺ​គាត់​អាច​ទៅ​ជា​បន្ទុក​សង្គម​វិញ។ ហើយ​រឿង​មួយ​ទៀត​បើ​យើង​និយាយ​ពី​ផ្លូវ​សីលធម៌​ ឬ​ក៏​ការ​ចូលរួម​មនុស្ស​ចាស់​គាត់​បាន​បង្កើត​នូវ​សង្គម​ឱ្យ​ពួក​យើង​ក្នុង​ពេល​បច្ចុប្បន្ន។​ អាហ្នឹង​វា​ជា​សីលធម៌ ។វា​ជា​កាតព្វ​កិច្ច​របស់​យើង​ក្នុង​ការ​តប​ស្នង​ពួកគាត់។ ហើយ​ពួក​គាត់​ជាទូទៅ​ គាត់​មាន​បទ​ពិសោធន៍​ច្រើន​ដែល​យើង​មិន​គួរ​នឹង​បោះ​ បង់​បំភ្លេច​គាត់»។​

បើ​តាម​លោក ​ទុំ វីរ៉ា ​រដ្ឋាភិបាល​គួរ​បង្កើត​ច្បាប់​ដើម្បី​ការពារ​មនុស្ស​វ័យ​ចំណាស់ ​និង​ផ្តល់​ការ​គាំទ្រ​ជា​ថវិកា​ប្រចាំ​ខែ ​ផ្តល់​ការងារ​សម្រាប់​មនុស្ស​ចាស់​ដែល​អាច​ធ្វើ​ការ​ងារ​បាន ​និង​ផ្តល់​ការ​គាំពារ​ផ្នែក​សុខភាព​ ដើម្បី​ឱ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា​ដែល​នឹង​មាន​កំណើន​ជា​បន្ត​បន្ទាប់​នោះ​ មាន​ស្ថាន​ភាព​ល្អ​ប្រសើរ។​

ក្នុង​របាយ​ការណ៍​ជំរឿន​ឆ្នាំ​២០១៩ ​កម្ពុជា​មាន​ប្រជាជន​វ័យ​ចំណាស់​ចំនួន​១,៣៨​លាន​នាក់​ ឬ​ប្រហែល​៨,៩%​ នៃ​ចំនួន​ប្រជាជន​សរុប។ ​ ចំនួន​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​អាច​កើន​ឡើង​ដល់​១៣%​នៅ​ឆ្នាំ​២០៣០ ​ ​ដល់​១៦%​នៅ​ឆ្នាំ​២០៤០ ​និង​រហូត​ដល់​២៣%នៅ​ឆ្នាំ​២០៥០។​

លោក ​ឆេ សាលួត ​វ័យ​៧២​ឆ្នាំ ​ជា​កសិករ​រស់​នៅ​ក្នុង​ភូមិ​អន្លង់​ថ្ងាន់​ ឃុំ​បត់ត្រង់ ​ស្រុក​មង្គល​បុរី ​ខេត្ត​បន្ទាយ​មានជ័យ ​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​នេះប្រាប់ ​VOA​ ថា ​ មនុស្ស​ចាស់​ដូចជា​លោក​ ជា​ទូទៅ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត ​ផ្លូវកាយ​ និង​មិន​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន។ ​លោក​ថា ​ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ជា​ជំនួយ​ប្រចាំ​ខែ​ដល់​មនុស្ស​វ័យ​ចំណាស់ ​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ។​

លោក​និយាយ​ថា៖​ «ចង់​បាន​ជា​ថវិកា​ឧបត្ថម្ភ ​ទោះ​បី​តិច​ច្រើន​អី​ក៏​បាន​ជំនួយ​ពី​រដ្ឋាភិបាល​យើង​ណា៎។​ ឧបមា​ថា​ ដូច​ថា​មាន​ប្រាក់​ផ្តល់​ឱ្យ​គាត់​មួយ​ខែ​ ទោះ​បី​តិច​ច្រើន ​បី​ម៉ឺន ​បួន​ម៉ឺន​រៀល​ក៏​គាត់​ត្រេកអរ​សប្បាយ​ចិត្ត​ដែរ»។​

ការ​សិក្សា​ស្តីពី​ប្រាក់​ចំណូល​របស់​មនុស្ស​ចាស់ ​និង​ការ​គាំពារ​សង្គម​នៅ​កម្ពុជា​អំឡុង​ និង​ក្រោយ​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ឆ្នាំ​២០២១ ​បង្ហាញ​ថា ​ ប្រភព​ប្រាក់​ចំណូល​ចម្បង​របស់​មនុស្ស​ចាស់​គឺ​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​គ្រួសារ​ ខណៈ​ប្រព័ន្ធ​គាំពារ​ និង​ជំនួយ​សង្គម​មិន​ទាន់​បាន​គ្រប​ដណ្តប់​ដល់​មនុស្ស​ចាស់​ទូទៅ​នៅ​ឡើយ។​

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីគម្រោងពិគ្រោះយោបល់ ការកសាងសមត្ថភាពដៃគូ និងការរៀបចំផែនការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា​លោក ​តូច ចាន់នី ​លើក​ឡើង​ថា ​ បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​រៀបចំ​កម្មវិធី​គោល​នយោបាយ​ជាតិ​មនុស្ស​វ័យ​ចាស់ ​យន្តការ​គណៈ​កម្មការ​មនុស្ស​ចាស់​តាម​បណ្តា​រាជធានី​ខេត្ត ​ការ​បង្កើត​សមាគម​មនុស្ស​ចាស់​តាម​ឃុំ​សង្កាត់ ​និង​កម្មវិធី​ជំនួយ​សង្គម​មួយ​ចំនួន​ជាដើម។​ លោក​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​កំពុង​ស្វែងរក​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ការ​គាំទ្រ​ដល់​មនុស្ស​មាន​វ័យ​ចំណាស់ ​ បន្ថែម​ពី​លើ​គោល​ការណ៍​ដែល​រដ្ឋាភិបាល​មាន​ស្រាប់​ផង​ដែរ។​

«វា​មាន​ជួយ​ខ្លះ​ ​ប៉ុន្តែ​បើ​ឱ្យ​គ្រប់​វា​មិន​គ្រប់​ទេ!​ ហើយ​កម្មវិធី​ជំនួយ​មនុស្ស​ធម៌​ផ្សេងៗ​ទៀត​ក៏​បាន​ជួយ​គាត់​ដែរ។​ ក៏​ប៉ុន្តែ​តម្រូវការ​គាត់​ គាត់​ចង់​បាន​ប្រាក់។​ ខ្ញុំ​យល់។​ ខ្ញុំ​ក៏​ចង់​ជូន​គាត់​ដែរ។​ ប៉ុន្តែ​លទ្ធ​ភាព​របស់​យើង។​ អ៊ីចឹង​ទេ​វិធី​សាស្រ្ត​ដែល​ល្អ​ដែល​ក្រសួង​កំពុង​គិត​ គឺ​ប្រមូល​ផ្តុំ​គ្នា​ជួយ។ អ្នក​ណា​មាន​ប៉ុនណា​ជួយ​ប៉ុណ្ណឹង​ ដោះស្រាយ​តាម​វិធី​ដែល​យើង​អាច​ធ្វើ​បាន»។​

បើតាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សង្គម​កិច្ច​ កាលពី​ឆ្នាំ​២០១៩​ ​មនុស្ស​ចាស់​មាន​ទំនោរ​ និង​ការ​វិវត្ត​នៃ​ជំងឺ​ និង​ពិការភាព​ខ្ពស់។ ​ មនុស្ស​ដែល​មាន​វ័យ​កាន់​តែច្រើន​ មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​នឹង​ជំងឺ​ឆ្លង​ ជំងឺ​មិន​ឆ្លង ​ចំណេះ​ដឹង​នៃ​ការ​ថែទាំ​សុខភាព ​និង​ការ​មិន​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សេវា​នានា៕​

XS
SM
MD
LG