រដ្ឋចំនួន៨នៅក្នុងសហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតបឋមក្នុងគណបក្សនយោបាយកាលពីថ្ងៃអង្គារ ដែលក្នុងរដ្ឋក៏មានរដ្ឋ កាលីហ្វ័រញ៉ា ដែលជារដ្ឋនៅប៉ែកខាងលិចនិងសម្បូរមនុស្សរស់នៅច្រើនបំផុតនៅទីនោះ។
ការបោះឆ្នោតបានធ្វើឡើងអស់រយៈពេល៥ខែនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភាអាមេរិកនៅទូទាំងប្រទេស ដែលនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ នៅពេលដែលការគ្រប់គ្រងនយោបាយទៅលើសភាកំពុងតែប្រឈមខ្លាំង។ ការបោះឆ្នោតនោះនឹងត្រូវជ្រើសរើសមន្ត្រីមកបំពេញអាសនៈទាំង៤៣៥នៅក្នុងរដ្ឋសភានិងអាសនៈមួយភាគបីនៃអាសនៈទាំង១០០នៅក្នុងព្រឹទ្ធសភា។
សមាជិកគណបក្សសាធារណរដ្ឋឥឡូវនេះគ្រប់គ្រងលើសភាទាំងពីរជាន់ថ្នាក់របស់អាមេរិក ប៉ុន្តែសមាជិកគណបក្សប្រជាធិបតេយ្យគិតថា ពួកគេអាចនឹងទទួលបានជ័យជម្នះគ្រប់គ្រងលើសភាមួយជាន់ថ្នាក់ ឬសភាទាំងពីរជាន់ថ្នាក់តែម្តង។
នៅទូទាំងអាមេរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនឈរជាបេក្ខជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ឬនៅខែវិច្ឆិកាខាងមុខនេះទេ។ ប៉ុន្តែស្នាដៃការងាររបស់លោករយៈពេល១៦ខែកន្លងមកនេះប៉ះពាល់ខ្លាំងដល់រដ្ឋ កាលីហ្វ័រញ៉ា ដែលជារដ្ឋដ៏សេរីបំផុតមួយនៅក្នុងប្រទេស ដែលប្រឆាំងនឹងលោក ត្រាំ៕