ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សរសេរ​សំបុត្រ​ឲ្យ​លោក​អូបាម៉ា ៨នាក់​ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ស្តាប់​ការថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក


​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។
​លោក​ប្រធានា​ធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។

បញ្ជី​ឈ្មោះ​ភ្ញៀវ​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​របស់​លោក​អំពី​ស្ថាន​ការណ៍​ប្រទេស​ជាតិ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បង្ហាញ​រឿង​មួយ គឺ​ថា​លោក​ប្រធានា​ធិបតី​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជា​ពលរដ្ឋ​ដែល​សរសេរ​សំបុត្រ​មក​ឲ្យ​លោក។

ភ្ញៀវ​៨នាក់​ក្នុង​ចំណោម​ភ្ញៀវ​២៣នាក់ គឺជា​អ្នក​ដែល​បាន​សរសេរ​សំបុត្រ​មក​ឲ្យ​លោក​ប្រធានា​ធិបតី ដោយ​រៀបរាប់​អំពី​ខ្សែ​ជីវិត​របស់​គេ ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍។ អ្នក​ទាំង​៨នាក់​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អង្គុយ​អម​លោក​ស្រី Michelle Obama ដើម្បី​ស្តាប់​លោក​ប្រធានា​ធិបតី អូបាម៉ា ​ថ្លែង​សុន្ទរកថា​ស្តី​អំពី​ស្ថានការណ៍​ប្រទេស​ជាតិ​ម្តង​ទៀត​មុន​ពេល​ការថ្លែង​លើក​ចុង​ក្រោយ​ក្នុង​នាម​លោក​ជា​ប្រធានាធិបតី។

អ្នក​សរសេរ​សំបុត្រ​ទាំង​នោះ​បាន​ចែក​រំលែក​ការ​យល់​ឃើញ​របស់​គេ​អំពី​ភាពប្រសើរ​ឡើង​នៃ​ជីវភាព​រស់​នៅ​របស់​គេ ក្នុង​អំឡុង​ដែល​សេដ្ឋកិច្ច​អាមេរិក​បាន​ងើប​ឡើង​វិញ ឬ​អំពី​ផល​ប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន តាម​រយៈ​គោល​នយោបាយ​អន្តោ​ប្រវេសន៍ និង​គោល​នយោបាយ​ខាង​សុខាភិបាល​របស់​លោក អូបាម៉ា។

នាង Ana Zamora ជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​ឪពុក​ម្តាយ​របស់​នាង។ ក្រោយ​ពេល​ដែល​លោក​ប្រធានា​ធិបតី អូបាម៉ា បាន​ចាប់​ផ្តើម​គោល​នយោបាយ​ដើម្បី​អនុញ្ញាតិ​ឲ្យ​យុវជន​ដែល​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទទួល​បាន​សិទ្ធិ​រស់​នៅ​សហរដ្ឋ​អាមេរិក​មក នាង​បាន​សរសេរ​សំបុត្រ​មក​លោក​ប្រធានា​ធិបតី ថា​នាង​ជិត​បញ្ចប់​ថ្នាក់​សិក្សា​នៅ​មហា​វិទ្យាល័យ​ហើយ។ អ្នក​សរសេរ​សំបុត្រ​ម្នាក់​ទៀត​គឺ​លោក Victor Fugate បាន​និយាយ​ថា លោក​អាច​ប្រើ​ប្រាស់​សេវាកម្ម​សុខភាព​របស់​រដ្ឋ​បាន នៅ​ពេល​ដែល​លោក​បាន​បាត់​បង់​ការ​ងារ។

ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ប្រធានា​ធិបតី​អាមេរិក​បាន​អញ្ជើញ​ភ្ញៀវ ដែល​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​នៃ​គោល​នយោបាយ​របស់​ខ្លួន ហើយ​បាន​ណែនាំ​ខ្លួន​អ្នក​ទាំង​នោះ​ក្នុង​ពេល​ធ្វើ​សេចក្តី​ថ្លែង​ការ​របស់​ខ្លួន​អំពី​ស្ថាន​ភាព​ប្រទេស​ជាតិ។

ភ្ញៀវ​ដែល​ចូល​រួម​នៅ​យប់​ថ្ងៃ​អង្គារ​នេះ រួម​មាន លោក Alan Gross ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ប្រទេស​គុយបា​អស់​រយៈពេល​៥ឆ្នាំ រហូត​ដល់​ពេល​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​គុយបា មាន​ភាព​ប្រក្រតី​ឡើង​វិញ​កាល​ពី​ខែ​ធ្នូ​មុន​នេះ និង​លោក Larry Merlo ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ឱសថ​ស្ថាន​របស់​ CVS ដែល​បាន​បញ្ឈប់​ការលក់​ថ្នាក់​ជក់​នៅ CVS និង​លោក Scott Kelly អវកាសចរ​ដែល​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​ដំបូង​បង្អស់ ដែល​បាន​រស់​នៅ និង​ធ្វើ​ការ​នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG