ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​អូបាម៉ា​នៅ​ឆ្នាំ​នេះ ប្រឈម​នឹង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ក្នុងពេល​​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិកាលពី​ឆ្នាំ ២០១៤។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ក្នុងពេល​​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិកាលពី​ឆ្នាំ ២០១៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិ នៅ​យប់​ថ្ងៃ​អង្គារ​នេះ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​លោក​ប្រឈមមុខ​នឹង​សភា​ថ្មី​មួយ ដែល​មាន​សមាជិក​ភាគច្រើន​មកពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង​ជំទាស់​នឹង​ការអំពាវនាវ​របស់​លោក​ឲ្យ​មាន​ការ​យក​ពន្ធដារ​ច្រើន​ជាងមុន​ពី​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ធនធាន​ច្រើន​ជាងគេ។

លោក​អូបាម៉ា បាន​ចាប់ផ្តើម​ឆ្នាំទី៧​របស់​លោក​ជា​អ្នកដឹកនាំ​សហរដ្ឋអាមេរិក​ហើយ​លោកថ្លែង​សុន្ទរកថា​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិ​មុន​ពេល​លោក​ថ្លែង​សុន្ទរកថា​នេះ​ម្តង​ទៀត​ជា​លើក​ចុងក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី នៅ​ឆ្នាំក្រោយ។ ការស្ទង់មតិ​សាធារណៈ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​អូបាម៉ា មាន​ប្រជាប្រិយភាព​ច្រើន​ជាង​មុន​នៅ​ពេល​ដែល​សេដ្ឋកិច្ច​នៅតែ​បន្ត​រីកលូតលាស់​តទៅ​ទៀត។

ទោះ​ណា​ជា​មិន​ទាំងអស់​ក៏ដោយ ក៏ប៉ុន្តែ អ្នកបោះឆ្នោត​ជាច្រើន​នាក់ បាន​គាំទ្រ​ដល់​ការ​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា បាន​ធ្វើឲ្យ​មាន​ទំនាក់ទំនង​ជា​ប្រក្រតី​ឡើង​វិញ​កាលពី​ពេល​ថ្មីៗ​នេះ ជាមួយ​ប្រទេស​គុយបា និង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អនុញ្ញាតិ​ឲ្យ​ពួក​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ រស់នៅ​និង​ធ្វើការ​នៅក្នុង​សហរដ្ឋ​អាមេរិក។

យ៉ាង​ណា​មិញ នេះ​គឺជា​លើក​ដំបូង​បង្អស់​ក្នុង​អណត្តិ​ជា​ប្រធានា​ធិបតី ដែល​ប្រធានា​ធិបតី​ដែល​មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ ប្រឈម​មុខ​នឹង​រដ្ឋ​សភា​ដែល​មាន​សមាជិក​សភា​មក​ពី​គណ​បក្ស​សាធារណ​រដ្ឋ​គ្រប់គ្រង​ទាំង​សភា និង​ព្រឹទ្ធសភា ក្រោយ​ពេល​ដែល​គណ​បក្ស​សាធារណ​រដ្ឋ​បាន​ឈ្នះ​ឆ្នោត​ពាក់​កណ្តាល​អណត្តិ​កាល​ពី​ខែ​វិច្ឆិកា។ សមាជិក​សភា​នៃ​គណបក្ស​សាធារណ​រដ្ឋ​ជា​ច្រើន កំពុង​តែ​ព្យាយាម​ច្រាន​ចោល​គោល​នយោបាយ​របស់​លោក អូបាម៉ា ទាក់ទង​នឹង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​គុយបា និង​គោល​នយោបាយ​អន្តោ​ប្រវេសន៍ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សុខាភិបាល​រយៈពេល​៥ឆ្នាំ​របស់​លោក អូបាម៉ា។

លោក អូបាម៉ា នឹង​ស្នើ​ឲ្យ​បង្កើន​ថ្លៃ​ពន្ធដា​លើ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​លក់​ទ្រព្យ​សម្បត្តិ ដូចជា​ភាគ​ហ៊ុន កិច្ច​សន្យា និង​អចលន​ទ្រព្យ ដើម្បី​បញ្ចប់​ការ​បែក​ចែក​ថ្លៃ​បង់​ពន្ធដា​សម្រាប់​អ្នក​ដែល​នឹង​ទទួល​ទ្រព្យ​សម្បត្តិ ដែល​អាច​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​ដើម្បី​កំណត់​តម្លៃ​បង់​ពន្ធដា​សម្រាប់​ក្រុម​ហ៊ុន​ហរិញ្ញវត្ថុ​ធំៗ​របស់​អាមេរិក។ លោក​ប្រធានា​ធិបតី​ចង់​ប្រើ​ប្រាស់​ប្រាក់​ចំណូល​ពី​ពន្ធដា ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៣២០ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ឲ្យ​ការ​បែង​ចែក​ថ្លៃបង់​ពន្ធដា​មាន​តុល្យភាព សម្រាប់​ប្រជា​ពលរដ្ឋ​អាមេរិក​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ដើម្បី​ឲ្យ​និស្សិត​មហាវិទ្យាល័យ​ចូល​រៀន​ដោយ​មិន​បង់​ថ្លៃ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខណៈ​ដែល​លោក អូបាម៉ា បាន​ប្រកាស​សំណើ​របស់​លោក ពួក​សាធារណ​រដ្ឋ​បាន​វាយ​ប្រហារ​មក​លើ​សំណើ​ទាំង​នោះ ដោយ​និយាយ​ថា សំណើ​ទាំង​នោះ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន។ សមាជិក​សភា​ពី​គណបក្ស​សាធារណរដ្ឋ អះអាង​ថា ការបង់​ពន្ធ​ថ្លៃ អាច​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក ដែល​ជា​សេដ្ឋកិច្ច​នាំ​មុខ​ក្នុង​ពិភព​លោក។

រដ្ឋ​សភា​ទំនង​ជា​មិន​ទទួល​យក​គម្រោង​ពន្ធដា​របស់​លោក អូបាម៉ា ប៉ុន្តែ​តាម​រយៈ​សំណើ​នេះ លោក អូបាម៉ា អាច​នឹង​បង្កើត​ជា​ការតស៊ូ​មតិ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក មុន​ការ​ឈាន​មក​ដល់​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី ដើម្បី​ជ្រើសរើស​អ្នក​ដែល​នឹង​ឡើង​កាន់​តំណែង​ជំនួស​លោក។

សម្រាប់​ខ្លួន​លោក​វិញ លោក​អូបាម៉ា​បាន​ប្តេជ្ញា​ថា នឹង​ជំទាស់​គោលនយោបាយ​អាទិភាព​មួយ​ចំនួន​របស់​គណបក្ស​សាធារណរដ្ឋ រួមមាន ការអនុម័ត​បំពង់​បង្ហូរ​ប្រេង​ដ៏​ចម្រូងចម្រាស​ពី​ប្រទេស​កាណាដា​ទៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក និង​ការផ្លាស់ប្តូរ​ដើម្បី​ច្បាប់​កំណែទម្រង់​ថែទាំ​សុខភាព​មាន​ភាពទន់ខ្សោយ និង​បន្ថយ​ការរឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ Wall Street។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​អាមេរិកាំង​ដែល​ចំណាយ​ពេល​ទស្សនា​ការថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិ​តាម​ទូរទស្សន៍ មាន​ចំនួន​តិច​ជាង​មុន មិន​ថា​អ្នកណា​ជា​ប្រធានាធិបតី​នោះ​ទេ។ ទោះបី​ជា​យ៉ាងនេះ​ក៏ដោយ ក៏​មាន​មនុស្ស​ជាង​៣០លាន​នាក់ អាច​នឹង​មើល​ទូរទស្សន៍​នៅ​យប់​ថ្ងៃអង្គារ​នេះ ដែល​អាច​ជា​ចំនួន​អ្នកទស្សនា​ច្រើន​បំផុត សម្រាប់​លោកអូបាម៉ា មុន​ការថ្លែង​សុន្ទរកថា ជា​លើក​ចុងក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី​ នៅ​ឆ្នាំ​ក្រោយ។

ការស្ទង់​មតិ​សាធារណៈ​ដែល​ធ្វើឡើង​រួមគ្នា​ដោយ​កាសែត Washington Post និង​បណ្តាញ​ទូរទស្សន៍ ABC News បង្ហាញ​ថា លោកអូបាម៉ា បាន​ទទួល​ការគាំទ្រ​៥០​ភាគ​រយ ដែល​បាន​កើន​ចំនួន ៩​ភាគរយ ចាប់តាំង​ពី​ខែធ្នូ៕

XS
SM
MD
LG