ប្រទេសអេហ្ស៊ីបចាប់ផ្តើមការបោះឆ្នោតនៅថ្ងៃចន្ទនេះដែលជាការបោះឆ្នោតមួយមានការសន្មត់ថានឹងផ្តល់ជ័យជម្នះដល់លោកប្រធានាធិបតី អាប់ដែល ហ្វាតា អេល ស៊ីស៊ី (Abdel Fattah el-Sissi) កាន់កាប់មុខតំណែងរយៈពេល៤ឆ្នាំទៀត។
លោក ស៊ីស៊ី មានគូប្រជែងតែមួយគត់គឺលោក ម៊ូសា ម៊ូស្តាហ្វា ម៊ូសា (Moussa Mustafa Moussa) ដែលបានគាំទ្រលោក ស៊ីស៊ី មុនពេលចូលរួមក្នុងការប្រជែងបោះឆ្នោត។
មានបេក្ខជនផ្សេងទៀតត្រូវបានចាប់ខ្លួនឬរងការដាក់សម្ពាធឲ្យដកខ្លួន ហើយគណបក្សប្រឆាំងវិញបានសុំធ្វើពហិកាមិនចូលរួមក្នុងការបោះឆ្នោត។ ការបោះឆ្នោតនេះនឹងបញ្ចប់ក្នុងរយៈពេលបីថ្ងៃ ហើយលទ្ធផលបោះឆ្នោតត្រូវគេរំពឹងថានឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី២ខែមេសា។
ក្តីរំពឹងដែលថាលោក ស៊ីស៊ីនឹងឈ្នះការបោះឆ្នោតនោះ មានការផ្តោតការយកចិត្តទុកដាក់ទៅលើចំនួនពលរដ្ឋដែលត្រូវចេញទៅបោះឆ្នោត។
លោក ស៊ីស៊ី បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៣ ដោយការធ្វើរដ្ឋប្រហារ បណ្តេញលោក ប្រធានាធិបតី មហាម៊េត ម៉ស៊ី (Mohamed Morsi) ចេញពីអំណាច ហើយលោកបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៤ ដោយទទួលបាន សំឡេងឆ្នោតចំនួន៩៧ ភាគរយ ក្នុងការបោះឆ្នោតដែលពន្យារពេលមួយថ្ងៃ ហើយមានពលរដ្ឋតិចជាង៥០ភាគរយចេញទៅបោះឆ្នោតនោះ៕