ប្រជាពលរដ្ឋអេហ្ស៊ីបជាច្រើននាក់បានធ្វើដំណើរទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ដែលជាថ្ងៃដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានរយៈពេលបីថ្ងៃ។ នៅក្នុងការបោះឆ្នោតនេះមានបេក្ខជនឈរឈ្មោះចំនួនបួនរូប ដោយរួមទាំងលោកប្រធានាធិបតី Abdel Fattah el Sissi ផងដែរ។
លោក Sissi ដែលបានកាន់តំណែងកំពូលចាប់តាំងពីបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៤ នោះ ត្រូវបានគេរំពឹងយ៉ាងខ្លាំងថានឹងឈ្នះ។ ការបោះឆ្នោតនេះត្រូវបានធ្វើឡើង ខណៈដែលអេហ្ស៊ីបប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងសម្ពាធពីខាងក្រៅ គឺសង្គ្រាមនៅតំបន់ហ្កាហ្សា។
បរិយាកាសរីករាយបានកើតមានឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នករស់នៅក្នុងតំបន់ Zamalek ដែលជាតំបន់អ្នកមានរស់នៅក្នុងទីក្រុងគែរ បានមើលមនុស្សតម្រង់ជួរដើម្បីបោះឆ្នោតនៅខាងក្រៅការិយាល័យបោះឆ្នោត។ អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយមួយចំនួនបានឈរនៅខាងក្រៅដើម្បីចាំមើលអ្វីដែលកំពុងកើតឡើង។
លោកនាយករដ្ឋមន្ត្រី Mostafa Madbouly បានបោះឆ្នោតនៅក្នុងទីក្រុងរដ្ឋបាលថ្មីរបស់ប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃអាទិត្យ។ រដ្ឋាភិបាលបានសាងសង់ទីក្រុងរដ្ឋបាលថ្មីនេះ នៅខាងក្រៅទីក្រុងគែរ ហើយកំពុងព្យាយាមរើក្រសួងនិងស្ថាប័នរបស់ខ្លួនទៅទីនោះ។
លោក Madbouly បានប្រាប់អ្នកសារព័ត៌មានថាលោករីករាយដែលបានបោះឆ្នោតនៅក្នុងទីក្រុងដែលទើបសាងសង់ថ្មីនេះ ដែលវាគ្រាន់តែជា «ក្តីស្រមៃនៅលើផែនទី» តែប៉ុណ្ណោះដែលមិនយូរឆ្នាំកន្លងទៅនេះប៉ុន្មានទេ។
លោក Madbouly ថ្លែងថា មនុស្សរាប់រយនាក់ដែលឈរនៅខាងក្រៅការិយាល័យបោះឆ្នោតក្នុងទីក្រុងថ្មី បានប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ។ លោកថ្លែងបន្ថែមថា៖ «យើងទាំងអស់គ្នាកំពុងប្រឹងប្រែងដើម្បីកសាងអនាគតដ៏ល្អសម្រាប់កូន និងចៅរបស់យើង»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អេហ្ស៊ីបបានបង្ហាញពីលោកប្រធានាធិបតី Abdel Fattah el Sissi បោះឆ្នោតនៅឯការិយាល័យបោះឆ្នោតមួយកន្លែង នៅជិតវិមានប្រធានាធិបតី កាលពីព្រឹកថ្ងៃអាទិត្យ។ លោក Sissi បានកាន់តំណែងជាប្រធានាធិបតីពីរអាណត្តិចាប់តាំងពីលោកបានជាប់ឆ្នោតជាលើកដំបូង នៅក្នុងឆ្នាំ ២០១៤។ វិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានអនុម័តនៅឆ្នាំ ២០១៩ អនុញ្ញាតឱ្យលោកឈរឈ្មោះសម្រាប់អាណត្តិទីបី។
លោក Khattar Abou Diab ដែលបង្រៀនវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យប៉ារីសបានប្រាប់ VOA ថា បេក្ខជនបីនាក់ដែលឈរឈ្មោះប្រកួតប្រជែងនឹងលោកប្រធានាធិបតី Sissi គឺខ្សោយ។
លោក Diab និយាយថា គ្មានបេក្ខជនណាម្នាក់ក្នុងចំណោមបេក្ខជនដែលកំពុងឈរឈ្មោះប្រកួតប្រជែងនឹងលោកប្រធានាធិបតី ជាបេក្ខជនខ្លាំងនោះទេ ដូច្នេះការបោះឆ្នោតនេះគឺដូចជាការធ្វើប្រជាមតិលើប្រជាប្រិយភាពរបស់ប្រធានាធិបតី ហើយបើគិតពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិក្នុងពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងហាក់ដូចជាគាំទ្រលោក Sissi ឱ្យកាន់តំណែងជាប្រធានាធិបតីបន្តទៀត។
លោក Diab និយាយទៀតថា ស្ថិរភាពនៅប្រទេសអេហ្ស៊ីបនៅតែមានសារៈសំខាន់សម្រាប់អនាគតនៃតំបន់ (មជ្ឈិមបូព៌ា) ហើយលោកថ្លែងបន្ថែមថា គ្មាននរណាម្នាក់ចង់ឃើញការរំខានណាមួយកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីបនាពេលនេះទេ។
លោក Said Sadek ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជប៉ុននៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីបបានប្រាប់ VOA ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសកំពុងធ្វើឱ្យបារម្ភដល់អ្នកបោះឆ្នោតភាគច្រើននៅពេលនេះ ហើយទំនងជានឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេ។
លោក Paul Sullivan អ្នកវិភាគអំពីតំបន់មជ្ឈិមបូព៌ានៃក្រុមប្រឹក្សាតាល្លង់ទិក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា ខណៈពេលដែលវាហាក់ដូចជា «ទំនងថា លោកប្រធានាធិបតី Sissi នឹងឈ្នះការបោះឆ្នោតនោះ ប្រទេសនេះស្ថិតក្នុងគ្រាដ៏លំបាកផ្នែកសេដ្ឋកិច្ច (ហើយ) ត្រូវបានរងសំពាធផ្នែកយុទ្ធសាស្ត្រ ដោយសារសង្រ្គាមនៅតំបន់ហ្កាហ្សា និងអស្ថិរភាពនៃតំបន់ផ្សេងៗទៀតនៅជុំវិញប្រទេសអេហ្ស៊ីបនៅក្នុងតំបន់ដ៏លំបាករបស់ខ្លួន»។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់