ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​ផ្តល់​ការ​យល់ដឹង​ដល់​និសិ្សត​ខ្មែរ​ចង់​សិក្សា​នៅ​សហរដ្ឋ​អាមេរិក


សិស្ស​​វិទ្យាល័យ​កំពុង​សាកសួរ​ព័ត៌មាន​ពី​មហាវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ ក្នុងអំឡុងពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ Great Duke ភ្នំពេញ ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។​ (ទុំ ម្លិះ/VOA) ​ ​
សិស្ស​​វិទ្យាល័យ​កំពុង​សាកសួរ​ព័ត៌មាន​ពី​មហាវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ ក្នុងអំឡុងពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ Great Duke ភ្នំពេញ ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។​ (ទុំ ម្លិះ/VOA) ​ ​

នេះ​ជា​ពិព័រណ៍​អប់រំ​លើក​ទី០៩ ដែល​​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ដោយមាន​អ្នក​ចូលរួម​ជា​មធ្យម ១០០០​នាក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ នៅ​ក្នុង​ពិព័រណ៍​អប់រំ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ​ មាន​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​ និង​ឯកជន​ ចំនួន​៣០​នៅ​សហរដ្ឋអាមេរិក​ចូលរួម។

ពិព័រណ៍​ស្តីពីការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ២០១៩​ ​ត្រូវបាន​រៀប​ចំឡើង​ដោយ​ស្ថាន​ទូត​អាមេរិកាំង​ប្រចាំ​កម្ពុជា​និង​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អប់រំ​សហរដ្ឋ​អាមេរិក​ (Education USA)​នៅ​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​បើក​ឱកាស​ដល់​សិស្សានុ​សិស្ស​កម្ពុជាស្វែង​យល់​បន្ថែម​ពី​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក។​

លោក​ Michael Newbill​ ភារធារី​ស្តី​ទី​ប្រចាំ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​បាន​លើកឡើង​ថា​ ពិព័រណ៍​ការ​អប់រំ​នេះ​ត្រូវ​បាន​ពង្រីក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ដោយ​សារ​ចំនួន​សិស្ស​ និង​និស្សិត​ពី​កម្ពុជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ ​ក៏​ដូចជា​កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា។​

លោក​ Newbill ​បាន​និយាយ​ថា៖​

«ហេតុ​ផល​ដែល​យើង​បន្ត​ពង្រីក​ពិព័រណ៍​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដោយ​យើង​អាច​ឃើញ​តាមរយៈ​ចំនួន​សាលា​ចូលរួម​ក្នុង​ពិព័រណ៍​ គឺ​ដោយសារ​តែ​បន្ទាប់​ពី​មាន​កំណើន​សេដ្ឋកិច្ច​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ​ជនវ័យ​ក្មេង​មួយ​ចំនួន​នៅ​កម្ពុជា​កំពុង​តែ​សម្លឹង​រក​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស»។​

លោក​ Michael Newbill​ ភារធារី​ស្តី​ទី​ប្រចាំ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ មុន​នឹង​ពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ Great Duke រាជធានីភ្នំពេញ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។​ (ទុំ ម្លិះ/VOA)
លោក​ Michael Newbill​ ភារធារី​ស្តី​ទី​ប្រចាំ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ មុន​នឹង​ពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ Great Duke រាជធានីភ្នំពេញ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។​ (ទុំ ម្លិះ/VOA)

លោក​បាន​បន្ត​ថា៖​

«ហើយ​ដោយសារ​តែ​កំណែ​ទម្រង់​ដោយ​ក្រសួង​អបរំ​ វិស័យ​អប់រំ​នៅ​កម្ពុជា​បាន​រីក​ចម្រើន​ខ្លាំង​ ហើយ​មាន​មហាវិទ្យាល័យ​ ឬ​វិទ្យាល័យ​ ដែល​ផ្តល់​ឲ្យ​សិស្ស​នូវ​កម្រិត​ស្តង់ដារ​ ដែល​អាច​ឲ្យ​ពួកគេ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​សិក្សា​នៅ​បរទេស»។​

ពាក់ព័ន្ធ​នឹង​គុណភាព​ផ្នែក​ធនធាន​មនុស្ស​លោក​ Newbill​ បាន​លើក​ឡើង​ថា​ ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែរ​ កម្ពុជា​ក៏​កំពុង​ជំរុញ​លើក​កម្ពស់​ជំនាញ​ផ្នែក​អាជីព​ការងារ​ផ្សេងៗ​ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ការងារ​ ដែល​កំពុង​តែ​វិវត្ត​ទៅ​មុខ។​

​នេះ​ជា​ពិព័រណ៍​អប់រំ​លើក​ទី០៩ ដែលលើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ដោយមាន​អ្នក​ចូលរួម​ជា​មធ្យម ១០០០​នាក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ នៅ​ក្នុង​ពិព័រណ៍​អប់រំ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ​ មាន​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​ និង​ឯកជន​ ចំនួន​៣០​នៅ​សហរដ្ឋអាមេរិក​ចូលរួម។ ​

យោង​ទៅ​តាម​ស្ថានទូត​សហរដ្ឋអាមេរិក​ ចំនួន​និស្សិត​ពី​កម្ពុជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កើន​ប្រមាណ​ពីរ​ដង​ ពី​ ៣៣៣​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០១២ ទៅ​ ៦៥៩​នាក់​ នៅ​ក្នុង​ឆ្នាំ​ ២០១៨។​

លោក​ សុង សុខសាន្ត​ តំណាង​ក្រសួង​អប់រំ ដែលចូលរួម​នៅ​ក្នុង​ពិពរណ៍​អប់រំ​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​លើកឡើង​ថា​ពិព័រណ៍​នេះ​ជា​កត្តា​ល្អ​មួយ​ ដែល​ផ្តល់​ឱកាស​ដល់​សិស្ស​និង​និស្សិត​នៅ​កម្ពុជាក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី​លក្ខន្តិកៈ​ផ្សេងៗ​ដើម្បីទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​

អនុប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សា​រូប​នេះ​បាន​បន្ត​ថា​ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​អាច​យក​ចំណេះ​ដឹង​របស់​ពួកគេ​មក​ជួយ​អភិវឌ្ឍ​សង្គមផង​ដែរ។​

លោក​ សុខសាន្ត​បាន​និយាយ​ថា៖​

«អញ្ចឹង​បើ​គាត់​មាន​ឱកាស​បាន​ទៅ​ក្រៅ​ប្រទេស​ ហើយ​គាត់​យក​ចំណេះដឹង​របស់​គាត់​មក​ពី​ក្រៅ​ប្រទេស​យើង​មក​ជួយ​យើង ទាំង​អ្នក​ពី​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ខ្ញុំ​គិត​ថា​ យើង​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​របស់​យើង​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត»។​

លោក សុង សុខសាន្ត​ អនុប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និងកីឡា​ ផ្តល់បទសម្ភាសន៍ដល់​ VOA ក្នុងពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ Great Duke រាជធានីភ្នំពេញ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។ ​(ទុំ ម្លិះ/VOA) ​
លោក សុង សុខសាន្ត​ អនុប្រធាន​នាយកដ្ឋាន​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន​និងកីឡា​ ផ្តល់បទសម្ភាសន៍ដល់​ VOA ក្នុងពិព័រណ៌អប់រំ​ប្រចាំឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ Great Duke រាជធានីភ្នំពេញ ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩។ ​(ទុំ ម្លិះ/VOA) ​

ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​ លោក​ សុង​ សុខសាន្ត ​អនុប្រធាន​នាយកដ្ឋាន​ឧត្តមសិក្សា​បាន​លើកឡើង​ថា នា​ពេល​បច្ចុប្បន្ន​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កំពុង​លើកកម្ពស់​គុណភាព​គ្រូ​បង្រៀន​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុជា។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​

«អញ្ចឹង​យើង​គិត​ថា​ប្រសិន​បើ​យើង​បណ្តុះ​គ្រូ​មាន​គុណភាព​ អញ្ចឹង​គ្រូ​ដែល​ចេញ​ទៅ​ហ្នឹង​ គឺ​គាត់​មាន​គុណភាព។​ សិស្ស​ដែល​ទទួល​បាន​ពី​ការ​បណ្តុះ​បណ្តាល​នឹង​ល្អ​ប្រសើរ​ជាង​មុន»។​

ចំពោះ​ការ​អប់រំ​នៅ​តាម​តំបន់​ជនបទ ​ឬ​តំបន់​ជួប​ការ​លំបាក​ លោក​សុខសាន្ត បាន​និយាយថា ​ក្រសួង​ក៏​កំពុង​សិក្សា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ជូន​គ្រូ​បង្រៀន​បន្ថែម​ តាមរយៈ​ការ​ផ្តល់​ជាប្រាក់​ជំនួយ​ ដែល​ហៅ​ថា​ «ប្រាក់​តំបន់»​ផង​ដែរ។​

ស្រប​ពេល​ដែលសេដ្ឋកិច្ច​កម្ពុជា​កំពុង​វិវត្ត​ទៅ​មុខ​តម្រូវការ​ទីផ្សារការងារ​ទាមទារ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​លើ​វិស័យ​អប់រំ​ ដែល​ពី​មុន​មក​ធ្លាប់​ប្រឈម​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព៕

XS
SM
MD
LG