ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារមន្ទីរ​រូបភាព​ថ្មី​មួយ​នៅ​ខេត្ត​បាត់ដំបង​ផ្តោត​លើ​ការ​កសាង​សន្តិភាព​ ​និង​ការ​ផ្សះផ្សា​ផ្លូវចិត្ត


អ្នក​ចូល​រួម​ទស្សនា​កំពុង​តែ​អងេ្កត​មើល​រូបថត​ ​និង​រឿងរ៉ាវពិត​របស់​អ្នក​តស៊ូ​មតិដើម្បី​សន្តិភាព​នៅ​កម្ពុជា​ថ្ងៃអង្គារ​ ទី២៣ ខែតុលា ​ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)

សារមន្ទីរ​ដំបូងគេ​ដែល​និយាយ​អំពី​សន្តិភាព​ ​និងការ​ផ្សះ​ផ្សា​បាន​បើក​ទ្វារ​ជា​ផ្លូវការ​ដល់​សាធារណ​ជន ​ដែលចាប់​អារម្មណ៍​ក្នុង​ការ​សិក្សាលើ​ភាព​វិជ្ជមាន​នៃ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ដែលកម្ពុជាបាន​ឆ្លង​កាត់។

សារមន្ទីរ​រូបភាព​ថ្មី​ស្រឡាង​មួយ​ ​បាន​បើក​ទ្វារ​ដំណើរ​ការ​នៅ​ចុង​ខែ​តុលា​កន្លង​ទៅ​ ​សម្រាប់​ឱ្យ​ប្រជាជន​កម្ពុជា​ទាំង​ឡាយ​ ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​សិក្សា​ស្វែង​យល់​អំពី​បទ​ពិសោធន៍ នៃ​សង្គ្រាម​ ​ជម្លោះ​ស៊ីវិល​ ​និង​ការ​ផ្សះ​ផ្សា​ជាតិ​នៅ​កម្ពុជា។

សារ​មន្ទីរ​សន្តិភាព​កម្ពុជា ​ឬ​ Cambodia Peace Gallery​ ​ដែល​ត្រូវ​បាន​សម្ពោធ​បើក​ឱ្យ​ដំណើរ​ការ​នៅ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់ដំបង​ បាន​ផ្តល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​សង្គ្រាម​នូវ​ទីតាំង​សុវត្ថិភាព​មួយ​ក្នុង​ការ​រំឭក​នូវ​រឿង​រ៉ាវ ​ដែល​ពួកគេ​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​កំឡុង​ពេល​សង្គ្រាម​នៅ​កម្ពុជា​ ​និង​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ស្វែង​រក​សុខ​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ។

គម្រោង​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ ​និង​ដំណើរ​ការ​តាម​រយៈការ​គ្រប់​គ្រង​ដោយ​មជ្ឈមណ្ឌល​ដែល​សិក្សា​អំពី​ជម្លោះ​ និង​សន្តិភាព​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​ដែល​តាំង​ទី​ស្នាក់ការ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប។​ ​សារ​មន្ទីរ​នេះ​ ​នឹង​ផ្តល់​នូវ​ឱកាស​សម្រាប់​អ្នក​ដែល​អញ្ជើញ​មក​ទស្សនា​ទាំង​ឡាយ​នូវ​ឱកាស​សិក្សា​ស្វែង​យល់​អំពី​យុទ្ធ​សាស្ត្រ​ជោគជ័យ​នៃ​ការ​ស្តារ​សន្តិភាព​ឡើង​វិញសម្រាប់​ដោះស្រាយ​ជម្លោះ​នានា​ ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​បណ្ឌិត​ ​សុត ផ្លាយង៉ាម​ ​ដែល​មាន​វ័យ​៥៥​ឆ្នាំ​ ​និង​ជា​សកម្មជនសន្តិភាព​មួយ​រូប​ ​ហើយ​ក៏​ជា​ស្ថាបនិក​នៃ​សារមន្ទីរ​មួយ​នេះ​ផង​ដែរ បាន​មាន​ប្រសាសន៍​ថា ​គម្រោង​មួយ​នេះ​បាន​ប្រើប្រាស់​នូវ​រូបភាព​ឯកសារ​ និង​ទម្រង់​បែប​សិល្បៈ​ដទៃ​ទៀត​ ដើម្បី​ជា​ជំនួយ​សម្រាប់​អ្នក​ដែល​មក​ទស្សនា​អាច​វាយ​តម្លៃ​នូវ​ជម្លោះ​ទាំង​នោះ​តាម​រយៈ​ទស្សន​វិស័យ​ផ្សេងៗ​គ្នា។

«ទម្រង់​សិល្បៈ​ដែល​ពួក​យើង​ប្រើប្រាស់​ ​គឺ​ជា​អ្វីៗ​ដែល​តំណាង​ឲ្យ​ប្រវត្តិ​សាស្ត្រ​ ​និង​ភាព​វិជ្ជមាន។​ ពួក​យើង​មាន​នូវ​សារមន្ទីរ​ជា​ច្រើន​ដែល​បង្ហាញ​អំពី​ប្រវត្តិ​ទុក្ខ​វេទនា​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រជាជន​កម្ពុជា។​ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​យើង​ចង់​នាំ​មក​នូវ​ទម្រង់​សិល្បៈ​មួយ​ដែល​មាន​បុគ្គលិក​លក្ខណៈ​វិជ្ជមាន​សម្រាប់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​កម្ពុជា​ជំនាន់​ក្រោយ»។

លោក​បណ្ឌិត​ ​សុត ផ្លាយង៉ាម​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ​គឺ​ជា​សកម្មជន​សន្តិភាព​ និង​ជា​ស្ថាបនិក​នៃ​សារមន្ទីរ​សន្តិភាព​កម្ពុជា​មួយរូប។
លោក​បណ្ឌិត​ ​សុត ផ្លាយង៉ាម​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ​គឺ​ជា​សកម្មជន​សន្តិភាព​ និង​ជា​ស្ថាបនិក​នៃ​សារមន្ទីរ​សន្តិភាព​កម្ពុជា​មួយរូប។

លោក​ ​សុត ផ្លាយង៉ាម​ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម​ ​ពេល​លោក​ស្ថិត​ក្នុង​ភាព​ជា​យុវជន​ ​មាន​ជំនឿ​ថា ​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ​ដើម្បី​ផ្សះ​នូវ​របួស​ដែល​ប្រជាជន​កម្ពុជា​ជារួម​ធ្លាប់​បាន​រង​គ្រោះ។ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ជម្លោះ​ប្រេះឆា​រាប់​ទសវត្សរ៍​នៅ​កំឡុង​សតវត្សរ៍​ទី​២០​ ​ដែល​រួមមាន​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ ​និង​ទសវត្សរ៍​ទី៦០​ ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​នៅ​តាម​តំបន់​ជនបទ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ​និង​ដើម​ទស្សវត្ស​រ៍ឆ្នាំ​១៩៧០​ ​និង​សង្គ្រាម​ស៊ីវិល​ដ៏​អន្តរាយ​កំឡុង​ចន្លោះ​ឆ្នាំ​ ​១៩៧០​ ​និង​១៩៧៥​ផង​ដែរ។

របប​កុម្មុយនិស្ត​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម​ដែលបាន​ឡើង​កាន់​កាប់​ប្រទេស​កម្ពុជា​ ​ក្នុង​កំឡុង​ខែ​មេសា​ឆ្នាំ​១៩៧៥​ ​ដល់​ដើមឆ្នាំ​ ​១៩៧៩​ ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​បាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ ១លាន​ ៧សែន​នាក់​បាត់​បង់ជីវិត។​ ទោះ​បី​ជា​ពួក​គេ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​នៅ​ឆ្នាំ​១៩៧៩​ក៏​ដោយ​ ​ក៏​សមាជិក​នៃ​របប​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់​បាន​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ទៀត។

សារមន្ទីរ​សន្តិភាព​កម្ពុជា ឬ​ ​(Cambodia Peace Gallery)​ បច្ចុប្បន្ន​មាន​ផ្ទាំង​សាល​រូបភាព​ដែល​បែង​ចែក​ជាបី​អគារ។​ ​អគារ​ទី១​ ​មាន​បង្ហាញ​នូវការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ​និង​ដំណើរ​ការ​ចរចារ​ស្វែង​រក​សន្តិភាព​នៅ​កំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។​ ​អគារ​ទី​២​ គឺ​ផ្តោត​ទៅ​លើ​រយៈពេល​នៃ​ការ​ងើប​ឡើង​វិញ​ និង​ការ​ស្ថាបនា​ឡើងវិញ​ក៏​ដូច​ជា​ការ​ខិត​ខំប្រឹង​ប្រែង​ដោះ​មីន​ជាដើម។​ ​ហើយ​អគារ​ចុងក្រោយ​ ​បង្ហាញ​ពី​រូប​គំនូរ​របស់​មនុស្ស​ដែល​បាន​រស់​នៅ​អំឡុង​ពេល​សង្គ្រាម​ អ្នក​ដែល​បាន​រស់​រាន​មាន​ជីវិត​ ​និង​អ្នក​ដែល​រស់​នៅ​ដើម្បី​ជួយ​ជំរុញ​ការ​ផ្សះផ្សា​ឡើង​វិញ។

សម្រាប់​លោក​បណ្ឌិត​ ​សុត​ ​ផ្លាយង៉ាម ​ការ​បង្កើត​នូវ​ផ្ទាំង​រូបភាព​នៃ​សន្តិភាព​ទាំង​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ជំពូក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិតផ្ទាល់​ខ្លួន​របស់​លោក​ ​ក៏​ដូចជា​ដំណើរ​ជីវិត​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ផងដែរ។

​លោក​បន្ថែម​ថា៖​

«ខ្ញុំ​ពុំ​មាន​ការ​សោក​ស្តាយ​ខ្លាំង​ពេក​នោះ​ទេ​ ពី​ព្រោះ​ខ្ញុំ​ប្រើ​ប្រាស់​អតីតកាល​របស់​ខ្ញុំ​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​បង្កើត​អ្វី​ផ្សេង​ជំនួស​វិញ។​ នៅ​ពេល​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​នោះនៅ​ពេល​ដែល​ខ្ញុំ​ចាស់​ទៅ យ៉ាង​ហោច​ណាស់​ខ្ញុំ​សប្បាយ​ចិត្ត​ ​នឹង​អ្វី​ដែល​ខ្ញុំ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ»។

ភាវ​ ភី​ ​អាយុ​ ​២០ឆ្នាំ​ (ឆ្វេង) និង​ចាន់​ ​គឹម​ហ្ស៊ាង​ អាយុ​ ២២​ឆ្នាំ​ (កណ្តាល) ជា​និស្សិត​អក្សរ​សាស្ត្រ​ខ្មែរ​ និង​ជ័យ​ សុផាន់​ អាយុ ២១​ឆ្នាំ​ (ស្តាំ) ជា​និស្សិត​ផ្នែក​គ្រប់​គ្រង​ទូទៅ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហនុរាជ​ រាជធានី​ភ្នំពេញ​ យល់​ថា​ ប្រជាជន​កម្ពុជា​វ័យ​ក្មេង​គប្បី​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដើម្បី​ចៀស​វាង​ការកើត​ឡើង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ។​ (រិទ្ធី ឧត្តម/VOA)
ភាវ​ ភី​ ​អាយុ​ ​២០ឆ្នាំ​ (ឆ្វេង) និង​ចាន់​ ​គឹម​ហ្ស៊ាង​ អាយុ​ ២២​ឆ្នាំ​ (កណ្តាល) ជា​និស្សិត​អក្សរ​សាស្ត្រ​ខ្មែរ​ និង​ជ័យ​ សុផាន់​ អាយុ ២១​ឆ្នាំ​ (ស្តាំ) ជា​និស្សិត​ផ្នែក​គ្រប់​គ្រង​ទូទៅ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហនុរាជ​ រាជធានី​ភ្នំពេញ​ យល់​ថា​ ប្រជាជន​កម្ពុជា​វ័យ​ក្មេង​គប្បី​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដើម្បី​ចៀស​វាង​ការកើត​ឡើង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ។​ (រិទ្ធី ឧត្តម/VOA)

សារមន្ទីរ​នេះ​មិន​យក​កម្រៃ​ដល់​ការ​ចូល​ក្នុង​បរិវេណ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​ចូល​ទស្សនា​អាច​ផ្តល់​ជំនួយ​វិភាគ​ទាន​ដែល​មាន​តម្លៃ​ ​ចំនួន​២,៥០​ដុល្លារ​សម្រាប់​ប្រជាជន​កម្ពុជា​ ​និង១០​ដុល្លារ​សម្រាប់​ភ្ញៀវទេសចរ​បរទេស។​ ថវិកា​នេះ​នឹង​ត្រូវ​បានប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​សួន​សម្រាប់​ការ​រំសាយ​អារម្មណ៍​អ្នក​ចូល​ទស្សនា​ ​និងកម្មវិធី​អប់រំ​ផ្សេងៗ​ជា​ច្រើន​ផ្សេង​ទៀត​នៅថ្ងៃ​អនាគត។

លោកស្រី​ ​Angela​ Corcoran​ ​ដែល​បច្ចុប្បន្ន​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ ​ស្ថិត​នៅ​ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ​នូវ​អគារ​សារមន្ទីរ​ថ្មី​នេះកាល​ពី​ថ្ងៃ​ទី​២៣​ ​ខែ​តុលា។

លោកស្រី​មាន​ប្រសាសន៍​ថា​ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​នូវ​ជំនួយ​ហិរញ្ញ​វត្ថុ​សម្រាប់​សារ​មន្ទីរ​សន្តិភាព​នេះ​ ពី​ព្រោះ​អូស្ត្រាលី​មាន​ជំនឿ​ទៅ​លើ​បេសកកម្ម​របស់​ស្ថាប័ន​មួយ​នេះ។

«ពួក​យើង​ធ្លាប់​បាន​គិត​ថា​ ​ការ​បន្ត​ការ​សន្ទនា​គ្នា​ និង​ការ​មាន​នូវ​ទីតាំង​ដែល​មនុស្ស​អាច​សន្ទនា​គ្នា​អំពី​សន្តិភាព​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ដែល​មនុស្ស​អាច​និយាយ​អំពី​រឿង​ពិបាកៗ​ តាម​របៀប​ដែល​មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​បែប​នេះ​ ​និង​តាម​របៀប​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ប៉ុន្តែ​ក៏​ត្រូវ​ឲ្យ​មាន​ការ​គោរព​គ្នា​ផង​ដែរ»។​ ​នេះបើតាម​អ្នក​ស្រី​បាន​មាន​ប្រសាសន៍។

លោក​ ​ជ័យ សុផាន់​ ​ជា​និស្សិត​សកល​វិទ្យាល័យ​វ័យ​២១​ឆ្នាំ​មួយ​រូប​ ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ដែរ​នោះ​ បាន​និយាយ​ថា​ ​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​ភាព​មហន្តរាយ​នៃ​សង្គ្រាម​ ប៉ុន្តែ​ក៏​ត្រូវ​សិក្សា​ស្វែង​យល់​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ត្រូវ​បាន​អនុវត្តន៍​ដើម្បី​សម្រុះ​សម្រួល​ភាព​ខុស​គ្នា​ទាំង​ឡាយ​ពី​អតីត​កាល។

«ក្នុង​នាម​ជា​ជនជាតិ​កម្ពុជា​វ័យ​ក្មេង​ម្នាក់​ ​ខ្ញុំ​ចង់​ឃើញ​ប្រទេស​របស់​ខ្ញុំ​រីក​លូត​លាស់​ ​មាន​សន្តិភាព និង​ការពារ​មិន​ឲ្យ​មាន​ការ​វិល​ត្រឡប់​នូវ​ព្រឹត្តិការណ៍​ដែល​ធ្លាប់​កើត​មាន​ឡើង​ចំពោះ​ពួក​យើង​ពី​អតីត​កាល​ កុំ​ឲ្យ​កើត​មាន​ឡើង​ម្តង​ទៀត»។

តាម​រយៈ​សារមន្ទីរ​សន្តិភាព​កម្ពុជា ឬ Cambodia Peace Gallery លោក​ សុត ផ្លាយង៉ាម​ ​សង្ឃឹម​ថា​ ប្រជាជន​កម្ពុជា​អាច​សម្លឹង​និង​អង្កេត​មើល​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ​ក្នុង​រូបភាព​វិជ្ជមាន​ជាង​មុន​ ដែល​មាន​សក្តានុពល​នាំ​ឲ្យ​មាន​ការ​សះ​ស្បើយ​ផ្លូវ​ចិត្ត​ ​និង​ការ​កសាង​សាមគ្គីភាព​ក្នុង​សង្គមខ្មែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG