ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋវិទូ​ភ័យខ្លាច​ថា ធនាគារ​កណ្ដាល​គ្មាន​ឥទ្ធិពល​ដើម្បី​បញ្ឈប់​វិបត្តិសេដ្ឋកិច្ច​​​


រូបភាពឯកសារ៖ អតិថិជន​កាន់​ថង់​ប្លាស្ទិក​នៅ​ក្នុង​ West End ទីក្រុង​ឡុងដ៍​ចក្រភពអង់គ្លេស​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៨។

សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១១ ក្រោយ​ពី​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ឥឡូវ​នេះ សេដ្ឋកិច្ច​ហាក់​ដូចជា​កំពុង​តែ​ឆ្ពោះ​ទៅ​រក​វិបត្តិ​ទៀត​ហើយ។

កាល​ពី​មុន រដ្ឋាភិបាល​នានា​អាច​ពឹងផ្អែក​លើ​ធនាគារ​កណ្ដាល​របស់​ខ្លួន​ឲ្យ​ជួយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​បាន​តាមរយៈ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។ ពេល​នេះ អ្នក​វិភាគ​ព្រមាន​ថា ធនាគារ​កណ្ដាល​ទាំង​នោះ​ប្រហែល​ជា​មិន​អាច​ជួយ​បាន​ច្រើន​ទេ។

សេដ្ឋវិទូ​មាន​មន្ទិល​សង្ស័យ​ថា គោលនយោបាយ​រូបិយបណ្ណ​ប្រហែល​ជា​មិន​អាច​ជួយ​បាន​ច្រើន​ទេ​ក្នុង​ការ​បញ្ឈប់​ដំណើរ​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​នោះ។ ដោយសារ​តែ​អត្រា​ការប្រាក់​កម្ចី​រយៈពេល​ខ្លី​មាន​កម្រិត​ទាប​រួច​ស្រេច​ទៅ​ហើយ ធនាគារ​កណ្ដាល​មិនមាន​ឥទ្ធិពល​ដូច​កាល​ពី​មុន​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រឡប់​មក​ល្អ​ដូចដើម​វិញ​ទេ។ ដោយសារ​តែ​មាន​បញ្ហា​សេដ្ឋកិច្ច​នានា ​ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន និង​ការ​ដក​សមាជិកភាព​របស់​ចក្រភព​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ទំនង​ជា​មិន​អាច​ទៅ​រួច​នោះ ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​នានា​កំពុង​តែ​ដាំ​ក្បាល​ចុះ។ ​

អតិថិជន​ឥឡូវនេះ​គឺ​ជា​កម្លាំង​ចលករ​សំខាន់​ដែល​អាច​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​សកលលោក។ នេះ​បើ​យោង​តាម​ធនាគារ JPMorgan Chase ដែល​ជា​ធនាគារ​អាមេរិក​មួយ។ ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លក់​រាយ​នៅ​ទូទាំង​សកលលោក​កើនឡើង​៤,៨%​កាល​ពី​ត្រីមាស​មុន។ កំណើន​ការ​ចាយវាយ​បន្ដិចបន្ដួច​របស់​អតិថិជន​នេះ​គឺ​ដោយសារ​តែ​ទីផ្សារ​ពលកម្ម​តូច​ចង្អៀត ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ទំនង​ជា​នឹង​កាត់​បន្ថយ​ការ​ជួល​បុគ្គលិក​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការណ៍​នេះ​នឹង​នាំ​ឲ្យ​អតិថិជន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន។

សេដ្ឋកិច្ច​ទីផ្សារ​ដែល​ពឹងផ្អែក​លើ​ការ​នាំចេញ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត។ ប្រទេស​បារាំង ដែល​នាំ​ចេញ​តិច​ជាង​ប្រទេស អាល្លឺម៉ង់ នៅ​តែ​មាន​សក្ដានុពល​ ដោយសារ​សកម្មភាព​ផលិត​នៅ​តាម​រោងចក្រ​នៅ​តែ​ដំណើរការ​ល្អ។ ក៏​ប៉ុន្តែ​ការ​ជួល​បុគ្គលិក​បាន​ធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស អាល្លឺម៉ង់ ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​សំខាន់​របស់​សហភាព​អឺរ៉ុប ហើយ​សកម្មភាព​ផលិត​នៅ​តាម​រោងចក្រ​នៅ​អឺរ៉ុប​ទាំង​មូល​កំពុង​តែ​ថយចុះ​ក្នុង​រយៈពេល​៧​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​សីហា​នេះ។

ការ​ផលិត​ធ្លាក់ចុះ​ក្នុង​ល្បឿន​មួយ​លឿន​បំផុតកាល​ពី​ខែ​មុន ក្នុង​រយៈពេល​៧​ឆ្នាំ​មក​នេះ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ដែល​ជ្រក់ជ្រេញ​ដោយសារ​ការ​ចង់​ដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​។ នៅ​ក្នុង​សហភាព​អឺរ៉ុប​ សន្ទស្សន៍​រោងចក្រ​នៃ​វិទ្យាស្ថាន​សម្រាប់​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​កំពុង​តែ​ចាប់​ផ្ដើម​កាត់បន្ថយ​បុគ្គលិក ដោយសារ​តែ​ក្ដីរំពឹង​ថា នឹង​មាន​វិបត្តិសេដ្ឋកិច្ច។

លោក Andrew Wishart សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន Capital Economics បាន​ថ្លែង​ថា៖ «ការ​ងើប​សេដ្ឋកិច្ច​ឡើង​វិញ​មិន​ទំនង​ជា​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​តែ​ការ​ផលិត​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក»។

សញ្ញា​នៃ​វិបត្តិ​សេដ្ឋកិច្ច​កំពុង​តែ​លេចឡើង។ នៅ​ក្នុង​សហរដ្ឋអាមេរិក អត្រា​ការប្រាក់​បណ្ណ​ប្រាក់​រដ្ឋាភិបាល​បាន​«ក្រឡាប់​ចាក់» មាន​ន័យ​ថា បណ្ណ​ប្រាក់​កម្ចី​រយៈពេល​ខ្លី​ផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​ជាង​បណ្ណ​ប្រាក់​កម្ចី​រយៈពេល​វែង​ទៅ​ទៀត។

ជា​ទូទៅ ស្ថានភាព​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សញ្ញា​ព្រមាន។ នៅ​សហភាព​អឺរ៉ុប សេដ្ឋកិច្ច​ប្រទេស ​អាល្លឺម៉ង់ កំពុង​តែ​ធ្លាក់​ចុះ ហើយ​ត្រូវ​ជំពាក់​បំណុល​អ៊ីតាលី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​កំពុង​តែ​ថយចុះ​កាល​ពី​ត្រីមាស​មុន​ ដោយ​ធ្លាក់​ចុះ​០,២% ខណៈ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​នេះ។

នៅ​ក្នុង​អាមេរិក​ឡាទីន សេដ្ឋកិច្ច​ដ៏​ធំ​របស់​ម៉ិកស៊ិក ប្រេស៊ីល និង​អាហ្សង់ទីន​បន្ដ​ធ្លាក់​ចុះ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មិន​គ្រាន់​តែ​ទន្ទឹង​រង់ចាំ​មើល​វិធានការ​មួយ​ចំនួន​របស់​ធនាគារ​កណ្ដាល​ប៉ុណ្ណោះ​ទេ។ លោក​ធ្លាប់​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Tweeter ជាង​៣០​ដង​មក​ហើយ​ក្នុង​រយៈពេល​បួន​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ទាមទារ​ឲ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ច្រើន​បំផុត​ ដែល​ធនាគារ​បង់​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​ខ្ចី​ប្រាក់។ មាន​ការ​រំពឹង​កាន់​តែ​ខ្ពស់​ថា ធនាគារ​កណ្ដាល​របស់​អឺរ៉ុប​នឹង​សម្រួល​ដល់​គោលនយោបាយ​រូបិយបណ្ណ​ក្នុង​ពេល​ឆាប់ៗ​នេះ។

មន្ត្រី​ធនាគារ​កណ្ដាល​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ខាង​មុខ​នេះ ដើម្បី​សម្រេច​ទៅ​លើ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៀត​ចំពោះ​អត្រា​ការប្រាក់។ លោក Eric Rosengren ប្រធាន​ធនាគារ​កណ្ដាល​ក្នុង​ទីក្រុង Boston រដ្ឋ​ Massachusetts បាន​ចេញ​មុខ​និយាយ​រួច​ទៅ​ហើយ​ថា ការ​កាត់​បន្ថយ​អត្រា​ការប្រាក់​បន្ថែម​ទៀត​នឹង​ក្លាយ​ជា​កំហុស​មួយ។ ក៏​ប៉ុន្តែ​មាន​សញ្ញា​រួច​ទៅ​ហើយ​ថា អត្រា​ការប្រាក់​លើ​ប្រាក់​កម្ចី​នឹង​ត្រូវ​កាត់​បន្ថយ។

លោក Rosengren បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Washington Post ថា សេដ្ឋកិច្ច​របស់​អាមេរិក​នៅ​តែ​ខ្លាំង​ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​មាន​កំណើន​តម្រូវការ​ទៀត​ផង។ លោក​ចង់​ឲ្យ​មាន​ការ​ពន្យារ​ពេល​កាត់​បន្ថយ​អត្រាការប្រាក់​រហូត​ទាល់​តែ​មាន​សញ្ញា​កាន់​តែ​ច្បាស់​អំពី​វិបត្តិ​សេដ្ឋកិច្ច ដោយ​លោក​ភ័យ​ខ្លាច​ថា អន្តរាគមន៍​លឿន​ពេក​ណា​មួយ​របស់​ធនាគារ​កណ្ដាល​ក្នុង​ពេល​ឥឡូវ​នេះ​នឹង​ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​អត្រាការ​ប្រាក់​មាន​ឥទ្ធិពល​បន្ដិចបន្ដួច​ប៉ុណ្ណោះ​នៅ​ពេល​ក្រោយ ប្រសិន​បើ​វិបត្តិ​សេដ្ឋកិច្ច​ពិត​ជា​កើត​មាន​ឡើង​មែន​នោះ។

លោក Rosengren បាន​ថ្លែង​ប្រាប់​កាសែត Washington Post កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣ ខែកញ្ញា​ ថា៖ «យើង​មិន​ចង់​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ណា​មួយ​នៅ​ពេល​ដែល​យើង​មិន​ទាន់​ត្រូវការ​វា​នោះ​ទេ មួយ​ផ្នែក​គឺ​ដោយសារ​តែ​យើង​នឹង​គ្មាន​យុទ្ធសាស្ត្រ​នោះ​ទៀត​នៅ​ពេល​ដែល​យើង​ត្រូវការ​វា​ពិតប្រាកដ ហើយ​មួយ​ផ្នែក​ទៀត​គឺ​ដោយសារ​តែ​មាន​ផល​ប៉ះពាល់​ពី​ការ​ទម្លាក់​អត្រាការប្រាក់​ទាប​ខ្លាំង។ ការណ៍​នេះ​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​កាន់​តែ​ប្រថុយប្រថាន»។

ប៉ុន្តែ​មន្ត្រី​ធនាគារ​កណ្ដាល​និង​សេដ្ឋវិទូមួយ​ចំនួន​បារម្ភ​ថា ការ​ប្រើ​គោលនយោបាយ​រូបិយបណ្ណ​ជា​ឧបករណ៍​តែ​មួយ​មុខ​នឹង​មិន​គ្រប់គ្រាន់​នោះ​ទេ​ក្នុង​កាលៈទេសៈ​នេះ ដោយសារ​តែ​ធនាគារ​កណ្ដាល​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ច្រើន​ដើម្បី​ទាញ​ពិភពលោក​ចេញ​ពី​វិបត្តិហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​២០០៨​នោះ។

ដោយ​ថ្លែង​កាល​ពី​សប្ដាហ៍​មុន​នៅ​វេទិកា​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​កណ្ដាល​នៅ​ឯ​ទីក្រុង Jackson Hole រដ្ឋ Wyoming លោក Mark Carney ប្រធាន​ធនាគារ​កណ្ដាល​របស់​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយបណ្ណ និង​ការ​កាត់​បន្ថយ​អត្រា​ការប្រាក់​ទំនង​ជា​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​នោះ​ទេ។ ​

នៅ​ក្នុង​សហភាព​អឺរ៉ុប​និង​ជប៉ុន អត្រា​ការប្រាក់បាន​ធ្លាក់​ចុះ​ដល់​អវិជ្ជមាន​រួច​ទៅ​ហើយ។ ដោយសារ​តែ​អត្រាការប្រាក់​ចុះ​ទាប​នៅ​គ្រប់កន្លែង មាន​ការ​ភ័យ​ខ្លាច​ថា នឹង​មិន​មាន​ការ​កាត់​បន្ថយ​អត្រាការ​ប្រាក់​បន្ត​ទៀត​នោះ​ទេ។ ដូច្នេះ​តើ​រដ្ឋាភិបាល​នីមួយៗ​អាច​សំឡឹង​មើល​ការ​កាត់​បន្ថយ​ការ​យក​ពន្ធ ដើម្បី​បង្កើន​តម្រូវការ​និង​ការ​កម្ចី​នានា ដើម្បី​យក​ទៅ​ចំណាយ​លើ​គំនិត​ផ្ដួចផ្ដើម​នានា ដូចជា​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ​ឬ​ទេ?​

ក៏​មាន​ការ​ព្រួយបារម្ភ​ទៅ​ចំណុច​នេះ​ផង​ដែរ។ ប្រទេស​ជាច្រើន​បាន​ជាប់​ជំពាក់​បំណុល​សាធារណៈ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ ដោយ​ចំណាយ​ប្រាក់​រាប់​លាន​លាន​ដុល្លារ​ទៅ​លើ​បណ្ណ​ប្រាក់​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច។ ការ​បង្កើន​ប្រាក់​កម្ចី​គឺ​ជា​ការ​ប្រថុយប្រថាន​ណាស់ ប្រសិន​បើ​ផលិតផល​ក្នុង​ស្រុក​សរុប​មិន​កើន​ឡើង​ទេ​នោះ។ រូបិយបណ្ណ​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​តម្លៃ។ ប្រាក់​បំណុល​នឹង​ចាប់​ផ្ដើម​ទាមទារ​អត្រាការប្រាក់​ខ្ពស់​ជាង​មុន។ នៅ​ទីបំផុត​ប្រាក់​សំណង​នឹង​ធ្លាក់​ចុះ។

កាល​ពី​ដើម​ឆ្នាំ​នេះ លោក Mohamed El-Erian ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​បាន​ថ្លែង​ថា៖ «សាក​គិត​មើល​ពី​រថយន្ត​មួយ​គ្រឿង​ដែល​បើក​លើ​ផ្លូវ​រលាក់ ហើយ​គ្មាន​កង់​សាគួរ។ យើង​ពិត​ជា​មិន​ចង់​ឲ្យរថយន្ត​បែក​កង់​ដូច​មុន​ទៀត​ទេ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG