ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​និង​ភូមា​ធ្វើពិសោធ​លើ​ជន​សង្ស័យ​មាន​ជំងឺ​អេបូឡា


បុគ្គលិក​​សុខាភិបាល​នៅអាហ្វ្រិក​កណ្តាល​រៀបចំ​​ដឹកសព​ជនរងគ្រោះ​ដោយជំងឺ Ebola
បុគ្គលិក​​សុខាភិបាល​នៅអាហ្វ្រិក​កណ្តាល​រៀបចំ​​ដឹកសព​ជនរងគ្រោះ​ដោយជំងឺ Ebola

អាជ្ញាធរ​វៀតណាម​និង​ភូមា​កំពុង​ធ្វើ​វិភាគ​លើ​អ្នក​ជំងឺ​បី​នាក់​ដែល​គេ​សង្ស័យ​ថា​មាន​ឆ្លង​ជំងឺ​អេបូឡា​ហើយ​បាន​ចូល​ក្នុង​ប្រទេស​ទាំងពីរ។

VOA ផ្នែក​ភាសា​វៀតណាម​ឱ្យ​ដឹង​ថា​មាន​បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ពីរនាក់បាន​មក​ដល់​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃអង្គារ។ ពួកគេ​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​ក្រុង​ហាណូយ​ចំនួន​មួយ​យប់​ប៉ុន្តែ​បន្ទាប់​មក​មន្ទីរពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ចាក​ចេញ​ទៅ​វិញ​ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការតាមដាន​របស់​ក្រុម​សុខាភិបាល​សហគមន៍។ ក្រុម​គ្រូពេទ្យ​បាន​បញ្ចូន​សំណាក​ឈាម​របស់​ជន​ទាំង​ពីរ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​បន្ត​ទៀត។

រីឯ​នៅ​ប្រទេស​ភូមា​វិញ​អាជ្ញាធរ​បាន​ឃាត់​អ្នកជំងឺ​ម្នាក់​ដែល​សង្ស័យ​ថា​មាន​ជំងឺ​អេបូឡា​ដែរ។ បុរស​នោះ​អាយុ​២២​ឆ្នាំ​ជា​ជនជាតិ​ភូមា​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​ជាមួយ​នឹង​គ្នីគ្នា​បួននាក់​ផ្សេង​ទៀត​កាលពី​ថ្ងៃអង្គារ។ នេះ​បើតាមការ​បញ្ជាក់​របស់​វីអូអេ​ផ្នែក​ភាសា​ភូមា។ អ្នក​ជំងឺ​នោះ​កំពុង​ត្រូវ​រក្សា​ទុក​ក្នុង​កន្លែង​ដោយឡែក​ពី​គេ​ក្នុង​ពេល​រង់ចាំ​លទ្ធផល​ពិនិត្យ។

ក្រុម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា​រោគសញ្ញា​ដែល​អាច​សង្ស័យ​ថា​មាន​ជំងឺ​អេបូឡា​គឺ​គ្រុនក្តៅ ឈឺក្បាល ក្អួត​ចង្អោរ រាគ​ និង​ធ្លាក់​ឈាម​តាម​បាត។ មេរោគ​ជំងឺ​នេះ​ឆ្លង​តាម​ការ​ប៉ះពាល់​វត្ថុ​រាវ​ក្នុង​ខ្លួន​អ្នក​ជំងឺ ដូច​ជា​ឈាម​និង​ទឹកមូត្រ​ប៉ុន្តែ​មិន​ឆ្លង​តាម​ខ្យល់​ដូច​ជា​ជំងឺ​ផ្តាសាយ​ទេ៕​

XS
SM
MD
LG