ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការឆ្លើយតប​ការរញ្ជួយ​ដី​និង​ការពង្រីក​អង្គការ​អូតង់​ជា​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​ប្រទេស​តួកគី


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រវីដៃ​ពេល​លោក​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស Incirlik ក្បែរ​ទីក្រុង Adana ប្រទេសតួកគី កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken គ្រវីដៃ​ពេល​លោក​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ពអាកាស Incirlik ក្បែរ​ទីក្រុង Adana ប្រទេសតួកគី កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ​រដ្ឋបាល​របស់​លោក Biden គាំទ្រ​ការលក់​យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទ F-16 ទៅឱ្យ​ប្រទេស​តួកគី ហើយ​បាន​សម្តែង​នូវ​ទំនុកចិត្ត​ថា​ ប្រទេស​ស៊ុយអែតនិង​ហ្វាំងឡង់នឹង​អាចក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ខណៈលោក​កំពុងបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានីអង់ការ៉ានៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សាជាមួយមេដឹកនាំរបស់​ប្រទេស​នេះ​។

សភា​សហរដ្ឋ​អាមេរិក​ត្រូវអនុម័ត​យល់​ព្រម​លើការលក់​យន្តហោះ​ចម្បាំងប្រភេទ​ F-16 ដែល​មាន​តម្លៃ២០​ពាន់​លាន​ដុល្លារអាមេរិក​ទៅ​ឱ្យ​តួកគីដែលបាន​ស្នើ​សុំ​ទិញយន្តហោះ​ប្រភេទ​នេះ​ពី​សហរដ្ឋអាមេរិកចំនួន៤០គ្រឿង​ និង​គ្រឿង​សម្រាប់​ធ្វើ​ទំនើបកម្ម​យន្តហោះ​ជិត​៨០​គ្រឿង​ផ្សេង​ទៀត។

លោក Blinken បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​តួកគី​លោក Mevlut Cavusoglu ថា​ លោកមិន​អាចផ្តល់​ពេលវេលាជាក់ស្តែង​ណា​មួយ​ស្តីពី​ការជូន​ដំណឹង​ផ្លូវការ​ជុំវិញ​រឿង​នេះ​ទៅ​ឱ្យសភា​អាមេរិកនោះ​ឡើយ ក៏ប៉ុន្តែ​លោក​ថា លោក​បាន​ទាក់ទង​យ៉ាង​សកម្ម​ចំពោះ​ការគាំទ្រ​របស់​រដ្ឋបាល​លោក Biden ចំពោះ​កិច្ច​ព្រមព្រៀង​ទិញ​យន្តហោះ​នេះ។ លោក Blinken ក៏​មាន​គម្រោង​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan នៅ​ថ្ងៃ​ចន្ទ​នេះផង​ដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​តួកគី​និង​ហុងគ្រី​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ដែរ​នោះ ​នៅមិន​ទាន់យល់ព្រម​ឱ្យ​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិករបស់អង្គការ​អូតង់​នៅ​ឡើងដែល​ជាដំណើរការ​មួយដែល​តម្រូវ​ឱ្យ​មានការ​យល់​ព្រម​ជា​ឯកច្ឆ័ន​ពី​គ្រប់​ប្រទេស​សមាជិកទាំង​អស់​របស់​អង្គការ​នេះ។

លោក Blinken បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​ការចូលរួម​របស់​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​ក្នុង​អង្គការ​អូតង់​ឱ្យ​បាន​ឆាប់រហ័ស។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយ​កាលពី​សប្តាហ៍​មុន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​តួកគី​ថា​ «ពេលវេលា​មក​ដល់​ហើយ​សម្រាប់​តួកគីដើម្បីផ្តល់​ការ​យល់ព្រម​ដល់​ប្រទេស​ទាំង២​នេះ​ ​ជា​សមាជិក​ថ្មី​របស់​អង្គការ​អូតង់​។

ពួក​មន្ត្រី​តួកគី​បាន​និយាយ​ថា ​តួកគី​អាចពិនិត្យ​វាយតម្លៃ​ទៅ​លើ​ការ​ស្នើសុំ​របស់​ប្រទេស​ទាំង​២​ដាច់​ដោយ​ឡែក​ពីគ្នា​ ដើម្បី​ចូល​ជា​សមាជិក​របស់អង្គការ​អូតង់ហើយ​អាច​ផ្តល់​ការ​យល់ព្រម​ដល់​ប្រទេស​ហ្វាំងឡង់​ជា​មុន​សិន។

មួយ​ថ្ងៃ​បន្ទាប់ពី​ការប្រកាស​សន្យាផ្តល់​ប្រាក់​១រយលាន​ដុល្លារ​ ក្នុង​ជំនួយ​បន្ថែមរបស់​សហរដ្ឋ​អាមេរិក​ដល់​តួកគី​និង​ស៊ីរី​ បន្ទាប់ពី​ការរញ្ជួយដី​កាលពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង៤ម៉ឺន៤ពាន់​នាក់​មក លោក Blinken បាន​សន្យា​គាំទ្រ​តួកគី​ជា​បន្ត​ទៀត៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG