ពលរដ្ឋអាមេរិកាំងប្រមាណជាង៣៥លាននាក់នៅទូទាំងប្រទេសបានបោះឆ្នោតរួចហើយក្នុងការជ្រើសរើសសមាជិកសភានៅមុនថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិចូលមកដល់នៅថ្ងៃអង្គារទី៨ ខែវិច្ឆិកាស្អែកនេះ ស្របពេលដែលគណបក្សសាធារណរដ្ឋរំពឹងទុកថា ខ្លួននឹងឈ្នះការបោះឆ្នោតនេះពីគណបក្សប្រជាធិបតេយ្យ ហើយគ្រប់គ្រងសំឡេងភាគច្រើននៅរដ្ឋសភានិងព្រឹទ្ធសភាអាមេរិកនៅក្នុងរយៈពេល២ឆ្នាំនៃអាណត្តិប្រធានាធិបតីអាមេរិក៤ឆ្នាំរបស់លោក Joe Biden ដែលកំពុងកាន់កាប់សេតវិមាននោះ។
និន្នាការនៃការបោះឆ្នោតមុនពេលកំណត់នេះកំពុងបន្តកើតឡើង ហើយការិយាល័យនៃគម្រោងបោះឆ្នោតសហរដ្ឋអាមេរិកប្រាប់ឱ្យដឹងថា ចំនួនសរុបនៃអ្នកចេញទៅបោះឆ្នោតមុនពេលកំណត់មានការកើនឡើងខ្ពស់ជាងកាលពីពេលបោះឆ្នោតសភាអាមេរិកក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៨ដែលជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីរបស់លោក Barack Obama និងលោក Donald Trump។
ច្បាប់បោះឆ្នោតមានការកែប្រែមួយចំនួននៅក្នុងរដ្ឋជាច្រើនមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ដែលនៅពេលនោះលោក Biden បានឈ្នះលោក Trump ដើម្បីសម្រួលដល់វិធីនៃការបោះឆ្នោតមុនកំណត់ដែលអ្នកបោះឆ្នោតជាច្រើនមានការបារម្ភក្នុងការចេញទៅបោះឆ្នោតនៅចំពេលមានជំងឺរាតត្បាតកូវីដ១៩កើនឡើងខ្លាំងនៅពេលនោះ។
ឥឡូវនេះ អ្នកបោះឆ្នោតជាច្រើនហាក់ដូចជាស៊ាំទៅនឹងការបោះឆ្នោតមុនថ្ងៃកំណត់ ជាពិសេសអ្នកដែលគាំទ្រខាងគណបក្សប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះដែរ លោក Trump ដែលបានបង្ហើបជាញឹកញាប់ថា លោកនឹងប្រកាសពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០២៤ខាងមុខនេះ ហើយសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយម្តងហើយម្តងទៀតថា ការបោះឆ្នោតមុនពេលកំណត់នោះ អាចធ្វើឱ្យមានការលួចបន្លំសន្លឹកឆ្នោតកើតឡើង ដែលជាការអះអាងមួយដែលគ្មានភ័ស្តុតាងបញ្ជាក់។
អាសន:សមាជិករដ្ឋសភាទាំង៤៣៥នាក់របស់សហរដ្ឋអាមេរិកនិងអាសនៈព្រឹទ្ធសភាចំនូន៣៥ក្នុងចំណោមអាសនៈទាំង១០០ក៏នឹងត្រូវធ្វើការប្រកួតប្រជែងគ្នាផងដែរនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ។ គណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងសភាទាំង២ក្នុងចំនួនសំឡេងលើសតិចតួចចាប់តាំងពីឆ្នាំ២០២១មក ដែលបានធ្វើឱ្យលោកBiden មានប្រៀបក្នុងការបង្កើតច្បាប់សំខាន់ៗរបស់លោកលើការប្រឆាំងរបស់សមាជិកសភានៃគណបក្សសាធារណរដ្ឋ៕
វ៉ាស៊ីនតោន —