ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​នៅ​​រដ្ឋ Florida ទទូច​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​មុន​កំណត់​ ដោយ​សារ​អាច​មាន​​ព្យុះ​ចំ​ថ្ងៃ​បោះឆ្នោត


ពលរដ្ឋ​ឈរ​តម្រង់​ជួរ​រង់ចាំ​បោះឆ្នោត​មុន​កំណត់នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ទីក្រុង Columbus រដ្ឋ Ohio ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ពលរដ្ឋ​ឈរ​តម្រង់​ជួរ​រង់ចាំ​បោះឆ្នោត​មុន​កំណត់នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​ទីក្រុង Columbus រដ្ឋ Ohio ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រី​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​ខ្លះ​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក​ បាន​ទទូច​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​សារ​នៅ​ទី​នោះ​អាច​មាន​អាកាសធាតុ​មិន​ល្អ​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ចំ​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​គឺ​ថ្ងៃ​អង្គារ​ទី​៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

អ្នក​បោះឆ្នោត​ទាំង​ឡាយ​ណា​ដែល​ចង់ចៀស​ផុត​ពី​ការ​រំខាន​ខាង​អាកាសធាតុ​គួរ​បោះឆ្នោត​ឱ្យ​ហើយ​ត្រឹម​ម៉ោង​៧ល្ងាច​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​មុនថ្ងៃ​កំណត់ នេះ​បើ​តាម​មន្ត្រី​បោះឆ្នោត​នៅ​ក្នុង​ស្រុក Palm Beach។ នៅ​ក្នុង​សង្កាត់​ខ្លះ ការ​បោះឆ្នោត​មុន​កំណត់​បាន​បញ្ចប់​រួច​ទៅ​ហើយ។

មន្ត្រី​បោះឆ្នោត​បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ពលរដ្ឋ​ជាង​ ៤ លាន ៥ សែននាក់ បាន​បោះឆ្នោត​រួច​ហើយ តាម​រយៈ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍ និង​ការ​បោះឆ្នោតមុន​កំណត់​ដោយ​ផ្ទាល់នៅ​តាម​ការិយាល័យ​បោះឆ្នោត។

មជ្ឈមណ្ឌល​ជាតិ​តាមដាន​ខ្យល់ព្យុះ​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ចរន្ត​ខ្យល់​មួយ​អាច​វិវត្ត​ទៅ​ជា​ខ្យល់​ព្យុះ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ឆ្នេរ​ខាង​កើត​នៅ​ក្នុង​រដ្ឋ Florida និង​កោះ​បាហាម៉ា (Bahamas) និង​ផ្នែក​ផ្សេង​ទៀត​នៃ​ភូមិភាគ​អាគ្នេយ៍​របស់​សហរដ្ឋ​អាមេរិក។

អ្នក​ព្យាករណ៍​អាកាសធាតុ​ថា ​គេ​មិន​ទាន់​អាច​ដឹង​ថា​ខ្យល់​ព្យុះ​នោះ​ខ្លាំង​កម្រិត​ណា​និង​ប៉ះពាល់​កន្លែង​ណា​ឱ្យ​ចំ​ទេ ប៉ុន្តែ​ថា​ពលរដ្ឋ​នៅ​តំបន់​ដែល​អាច​រង​ផល​ប៉ះពាល់​អាច​ជួប​គ្រោះ​ទឹកជំនន់​ពី​សមុទ្រ​ ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ការ​បាក់ដី។

អភិបាល​រដ្ឋ Florida លោក Ron DeSantis បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គេ​ត្រូវ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​លទ្ធភាព​នៃ​ខ្យល់​ព្យុះ​នេះ ប៉ុន្តែ​លោកមិន​បាន​ណែនាំ​អំពី​វិធានការ​អ្វី​ទាក់ទង​នឹង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃទី​៨ ខែ វិច្ឆិកា​នេះ​ទេ៕

XS
SM
MD
LG