រដ្ឋាភិបាលកម្ពុជា កាលព្រឹកថ្ងៃព្រហស្បតិ៍ បានប្រកាសបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលមានរយៈពេល៦ខែ ហើយគ្រោងនឹងនាំខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង៥ពាន់នាក់ទូទាំងប្រទេស ដាក់ក្នុងមណ្ឌលកែប្រែបន្សាបគ្រឿងញៀន។
កាលពីពាក់កណ្ដាលខែធ្នូនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញផែនការប្រឆាំងគ្រឿងញៀនលើកទីមួយ ដែលមានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ហើយ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការនេះ។
លោក ហ៊ុន សែន បានកំណត់គោលការណ៍រួមសម្រាប់ស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តការបង្ក្រាបគ្រឿងញៀន ការអប់រំពីផលប៉ះពាល់ដោយគ្រឿងញៀន និងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
លោកជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតឹងរ៉ឹងទាំងក្នុងប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមនិងវិធានការព្យាបាលសម្រាប់ជនរងគ្រោះដែលជាអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។
ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូធឺធេ (Rodrigo Duterte) ដែលល្បីខាងប្រើកណ្ដាប់ដៃដែកក្នុងការបង្ក្រាបគ្រឿងញៀនមកធ្វើទស្សនកិច្ចនៅកម្ពុជា។
រដ្ឋាភិបាលរបស់លោក Rodrigo Duterteដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា បានធ្វើឲ្យមនុស្សច្រើនជាង៦០០០នាក់ស្លាប់នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះថា យុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនទូទាំងប្រទេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោកបន្តថា អាជ្ញាធរគ្រោងនឹងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង៥ពាន់នាក់ ទៅបន្សាបនៅមណ្ឌលកែប្រែ។
ទោះបីជាមានការតាំងចិត្តក្នុងការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះយ៉ាងណាក៏ដោយ លោក កែ គឹមយ៉ាន បន្ថែមថា យុទ្ធនាការនេះ នឹងប្រឈមបញ្ហាខ្វះមណ្ឌលកែប្រែ និងពន្ធនាគារសម្រាប់ដាក់ពួកគេ។
លោកបានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហាទាំងនេះឲ្យទាន់ពេលវេលា។
«ឥលូវនេះ ការចាប់ចងវាអត់មានកន្លែងដាក់ទៀតទេទាំងនៅក្នុងគុកទាំងនៅក្នុងមណ្ឌលព្យាបាល។ ឥលូវកំពុងបារម្ភថាប្រតិបត្តិការនេះតើយកទៅដាក់ឯណា? នេះជាបញ្ហាមួយដែលចោទនៅក្នុងពហុវិស័យ ព្រោះយើងត្រូវដោះស្រាយ វិស័យអប់រំ វិស័យច្បាប់ និងការស្ដារនីតិសម្បទាដើម្បីបំបាត់ទីផ្សារគ្រឿងញៀន។ ដូច្នេះការឆ្លើយតបនេះ មិនមែនថាថ្នាក់ដឹកនាំមិនធ្វើទេ ប៉ុន្តែការឆ្លើយតបនេះវាមិនមកជាពហុវិស័យ។ អញ្ចឹងហើយ វាមានបញ្ហាលើលទ្ធផលប្រតិបត្តិការ»។
លោក កែ គឹមយ៉ាន បន្ថែមថា ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញលើការអនុវត្តច្បាប់ផ្ដន្ទាទោសមន្ត្រីដែលឃុបឃិតក្នុងការជួញដូរគ្រឿងញៀនកន្លងមក។ ឮ
លោកបន្ថែមថាជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនដែលធ្វើឲ្យមន្ត្រីមានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនស្លាប់ ឬមានរបួស គួរតែទទួលទោសដែលមានកម្រិតធ្ងន់ជាងករណីគ្រឿងញៀនធម្មតា។
«បើមន្ត្រីរបស់យើងមានឋានៈកាន់តែខ្ពស់ ទោសកាន់តែធ្ងន់។ ក្នុងពេលប្រតិបត្តិការ គឺទោសថាត្រូវទ្វេដង មិនមែនបន្ថយទោសទេ។ នាយទាហាន ឬមន្ត្រីជាន់ខ្ពស់ផ្សេងទៀតឆ្លៀតជួញដូរគ្រឿងញៀនក្នុងពេលប្រតិបត្តិការ គឺមានទម្ងន់ទ្វេទោសដូចគ្នា។ ករណីទី២ ករណីរាជអាវុធហត្ថថ្មីៗនេះ ដែលប្រតិបត្តិការទៅ ពួកជួញដូរបាញ់ស្លាប់ តែកាត់ទោសទៅដាក់គុកតែ ៤ ទៅ ៥ឆ្នាំទេ។ អញ្ចឹងករណីនេះ ខ្ញុំមើលដល់ប៉ះពាល់ដល់ជីវិតមន្ត្រីអាវុធហត្ថស្លាប់ អញ្ចឹងហើយអ្នកទោសគ្រឿងញៀនគួរតែត្រូវដាក់ទម្ងន់ទោសព្រោះបាញ់មកលើសមត្ថកិច្ច។ តែករណីមួយទៀត គ្រាន់តែឈ្លោះជាមួយសង្សារ បាញ់ងាប់ ដាក់គុកមួយជីវិត»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់ VOA ថា យុទ្ធនាការនេះ នឹងមានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាប។
លោកបន្ថែមថា ការបង្ក្រាបដែលមានប្រសិទ្ធភាពបំផុត គឺត្រូវផ្ដោតលើអ្នកជួញដូរគ្រឿងញៀនធំៗ ដែលលោកថាជាឫសគល់នៃការកើនឡើងនៃការចរាចរ និងប្រើប្រាស់គ្រឿងញៀន។
«ទន្ទឹមហ្នឹងយុទ្ធនាការហ្នឹង ត្រូវបើកយុទ្ធនាការធ្វើការទប់ស្កាត់អ្នកដែលនាំគ្រឿងញៀនចូលធំៗ អ្នកដែលផលិត អ្នកដែលចែកចាយធំៗ។ ត្រូវតែបើកយុទ្ធនាការមុនគេ ទោះបីជាអ្នកហ្នឹងគាត់ជាឋានន្តរសក្ដិ ឬបុណ្យសក្ដិប៉ុណ្ណាក៏ដោយ ដាច់ខាតត្រូវតែធ្វើ ពីព្រោះបើសិនជាយើងបើកយុទ្ធនាការតែទៅលើអ្នកតូចតាច អ្នកប្រើប្រាស់ អត់សូវមានប្រសិទ្ធភាពប៉ុន្មានទេ»។
ក្នុងឆ្នាំ២០១៦នេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនបានជាង៤ពាន់ករណី ក្នុងនោះបទល្មើសប្រើប្រាស់គ្រឿងញៀនមានជាង១ពាន់ករណី។
ជនសង្ស័យសរុបជិត១០,០០០នាក់ ក្នុងនោះអ្នកប្រើប្រាស់គ្រឿងញៀនចំនួនជិត ៤,០០០នាក់ ត្រូវបានចាប់ខ្លួន ហើយគ្រឿងញៀនចំនួនជាង១៧៥គីឡូក្រាមត្រូវបានរឹបអូស។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តួលេខអ្នកប្រើប្រាស់គ្រឿងញៀនក្នុងពេលបច្ចុប្បន្ន មានចំនួនជាង១៨,០០០នាក់៕