សេដ្ឋកិច្ចប្រទេសហ្វីលីពីនទំនងជានឹងកើនឡើងលឿនជាងសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងឆ្នាំនេះ ដោយសារតែហ្វីលីពីនមានទំនាក់ទំនងការទូតខ្លាំងក្លាជាងមុនជាមួយនឹងប្រទេសចិន និងប្រទេសជប៉ុន ហើយហ្វីលីពីនបានបង្កើនការចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មកន្លែងទំនាក់ទំនងតាមទូរស័ព្ទ។
បើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល តម្លៃសរុបនៃទំនិញ និងសេវាកម្មនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងចំនួន ៦,៧ ភាគរយ នៅក្នុងឆ្នាំ ២០១៦។ តម្លៃសរុបនៃទំនិញ និងសេវាកម្មនៅត្រីមាសទីបី ឆ្នាំ ២០១៦ ចំនួន ៧,១ ភាគរយ របស់ប្រទេសហ្វីលីពីន បានកើនផុតតួលេខប្រហាក់ប្រហែលគ្នានេះដែរនៅក្នុងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី។
អង្គការ IMF បានធ្វើការប៉ាន់ប្រមាណថា សេដ្ឋកិច្ចហ្វីលីពីននឹងមានតម្លៃ ៣១១ ពាន់លានដុល្លារអាមេរិក។
លោក Ernesto Abella អ្នកនាំពាក្យរបស់លោកប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ការសម្រេចបានជោគជ័យនៅក្នុងទំនាក់ទំនងជាមួយបរទេស គឺជាមូលហេតុដែលបណ្ដាលឲ្យមានកំណើនសេដ្ឋកិច្ចនេះ។
ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោក Rodrigo Duterte បានបង្កើតទំនាក់ទំនងថ្មីជាមួយនឹងប្រទេសចិន និងបង្កើនទំនាក់ទំនងបន្ថែមទៀតជាមួយនឹងប្រទេសជប៉ុន ដែលជាប្រទេសវិនិយោគដ៏ខ្លាំងក្លាមួយ៕